|
សិក្ខាសាលាអំពី "ការប្រើប្រាស់ពាក្យថ្មីក្នុងព្រះសហគមន៍កាតូលិក"
Posted: 11th June 2008
ព្រះសហគមន៍កាតូលិកប្រទេសកម្ពុជាបានកកើតឡើងជាង៤៥០ឆ្នាំមកហើយ។ ដោយសារការវិវត្តន៍ពីសម័យកាលមួយទៅសម័យកាលមួយទៀត ពាក្យពេជន៍ជាច្រើនដែលបានប្រើប្រាស់ក្នុងព្រះសហគមន៍ក៏ត្រូវបានផ្លាស់ប្តូរ ដើម្បីឲ្យមានអត្ថន័យគ្រប់គ្រាន់ និងមានការងាយយល់ និងងាយស្តាប់ស្របតាមកាលៈទេសៈនាពេលបច្ចុប្បន្ននេះដែរ។ នាពេលថ្មីៗនេះ មណ្ឌលវប្បធម៌ព្រះសហគមន៍កាតូលិក ហៅកាត់ថា ស៊ី៤ដង(CCCC) បានរៀបចំសិក្ខាលាមួយដែលទាក់ទងនឹងការប្រើប្រាស់ពាក្យថ្មីក្នុងព្រះសហគមន៍កាតូលិក។ សិក្ខាសាលានេះ ធ្វើឡើងក្នុងមួយឆ្នាំម្តង មានទិសដៅជួយដល់បូជាចារ្យ ដូនជីនិងគ្រីស្តបរិស័ទយល់ពីពាក្យដែលមាននៅក្នុងគ្រីស្តសាសនាដើម្បីអប់រំបន្តជំនឿដល់ប្រជាជនខ្មែរដែលចង់ស្វែងយល់ ដែលធ្វើឡើងកាលពីថ្ងៃទី២-៤ មិថុនាកន្លងទៅ ដោយមានការណែនាំដោយលោកបូជាចារ្យ ហ្វ្រង់ស្វ័រ បុងសូដ៍ នាយកមណ្ឌលវប្បធម៌ព្រះសហគមន៍កាតូលិក និងមានអ្នកចូលរួមចំនួន២៥នាក់មកពីព្រះសហគមន៍ផ្សេងៗ។
ទាក់ទងនឹងអង្គសិក្ខាសាលានេះ លោកបូជាចារ្យ ហ្វ្រង់ស័រ បុងសូដ៍ ជាអ្នកណែនាំបានផ្តោតសំខាន់ដូច្នេះ"សិក្ខាសាលានេះមានលដៅ ជួយបូជាចារ្យ ដូនជី ឬគ្រីស្តបរិស័ទថ្មីៗឲ្យយល់ពាក្យដែលយើងធ្លាប់ប្រើក្នុងគ្រីស្តសាសនាព្រោះមុខងាររបស់យើងគឺពន្យល់ បន្តជំនឿដល់បងប្អូនខ្មែរដែលនៅជុំវិញយើង។ ដូច្នេះគួរឲ្យបងប្អូនទាំងនេះយល់ឲ្យបានច្បាស់អត្ថន័យពាក្យទាំងប៉ុន្មានដែលយើងប្រើ។ ឧបមាថា សក្ការៈបូជា បូជាព្រះជន្មន ព្រះអម្ចាស់...។ កាលណាយើងប្រើពាក្យមួយមានអត្ថន័យយ៉ាងណាដើម្បីឲ្យបងប្អូនខ្មែរយល់ពាក្យនេះ។" អ្នកណែនាំរូបនេះ បានមានប្រសាសន៍ឲ្យដឹងទៀតថា តាំងពី៥០ឆ្នាំកន្លងមកព្រះសហគមន៍បានធ្វើការកែប្រែរពាក្យពេជន៍ជាច្រើន ដើម្បីឲ្យស្របទៅនឹងសម័យកាលនីមួយៗ និងដើម្បីឲ្យប្រជាជនខ្មែរយល់ច្បាស់និងស៊ីជំរៅថែមទៀត អំពីជំនឿខាងគ្រីស្តសាសនា។ ចំពោះសៀវភៅដែលប្រើប្រាស់ពាក្យចាស់ៗវិញលោកបូជាចារ្យដដែលនេះ បានបញ្ជាក់ថា "កាលណាយើងប្រើពាក្យថ្មី មិនមែនសេចក្តីថា ពាក្យពីបុរាណសុទ្ឋតែខុស។ ពាក្យបុរាណល្អម្យ៉ាងតែមិនគ្រប់អត្ថន័យ បានជាយើងរកពាក្យមួយប្រសើរជាង។ជំនឿគឺយើងបន្តទោះបីពាក្យដែលយើងប្រើមិនត្រូវនឹងជំនឿ១០០ភាគរយ។"
ពាក្យប្រើនៅក្នុងព្រះសហគមន៍មានការកែប្រែច្រើន ក៏ប៉ុន្តែចំពោះ អ្នករៀនបួស ម៉ារី ម៉ាដាឡា ឌិន ចន្ថា អាយុ២៥ឆ្នាំ នៅក្រុមបងស្រីឧបការគុណបានឲ្យដឹងថា ពាក្យទាំងនោះនៅមិនទាន់គ្រប់គ្រាន់និងមានអត្ថន័យស៊ីជំរៅនៅឡើយ ហើយវាក៏មិនស្រួលសំរាប់គ្រីស្តបរិស័ទចាស់ៗដែលគាត់ធ្លាប់ប្រើវោហារសព្ទចាស់ដែរ។ អ្នករៀនបួសដដែលនេះ លើកឡើងយ៉ាងនេះថា "វាមិនងាយស្រួលទេ ដោយសារទី១អ្វីដែលគេ(មនុស្សចាស់)ធ្លាប់ប្រើពាក្យហ្នឹងហើយ បើយើងផ្លាស់ប្តូរគឺវាពិបាក ប៉ុន្តែបើយើងឃើញសព្វថ្ងៃ ពីជំនាន់មួយទៅជំនាន់មួយពាក្យសំរាប់យុវជនយុវនារី មានការខុសប្លែកពីគ្នាអំពីពាក្យនីមួយៗ និងអត្ថន័យនៃពាក្យ។ ប្រសិនបើយើងយកពាកប្រសិនបើយើងយកពាក្យថ្មីសំរាប់អ្នកជំនាន់ថ្មី ដូចជាយុវជនយុវនារីឬប្អូនៗកុមារដែលយើងបង្រៀនអប់រំជំនឿ គឺវាមានការងាយស្រួលជាង"។កញ្ញាវ៉ុលឡេរីយ៉ា ស្ពេលតា ជាអ្នកស្ម័គ្រចិត្តក្នុងក្រុមពីមេបានសម្តែងអារម្មណ៍ផ្ទាល់ថា" ខ្ញុំមិនសូវចេះច្រើនពាក្យដែលប្រើនៅក្នុងសាសនា ដោយសារខ្ញុំនៅក្នុងប្រទេសកម្ពុជា២ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំចាប់អារម្មណ៍មែនទែន អំពីការរកពាក្យដែលអាចពន្យល់ឲ្យច្បាស់ដល់ប្រជាជនខ្មែរអំពីសាសនារបស់យើង ដោយសារខ្ញុំលឺខ្លះៗពីលោកឪពុក បុងសូដ៍ថា យើងប្រើពាក្យខ្លះៗឲ្យគេយល់អត្ថន័យ ប៉ុន្តែគេច្រឡំដោយសារអត្ថន័យអត់សមនឹងសាសនារបស់យើង។ ដូច្នេះ នេះពិបាកដែរដោយសារយើងចង់ពន្យល់ឲ្យគេអំពីសាសនារបស់យើង។ ពេលយើងពន្យល់ពាក្យខុសបន្តិចហើយមិនដឹងថាគេយល់ឃើញយ៉ាងម៉េច? ខ្ញុំចាប់អារម្មណ៍ខ្លាំងមែនទែនអំពី របៀបរកពាក្យឲ្យគេយល់(ជនជាតិខ្មែរយល់) ប៉ុន្តែកុំឲ្យយើងចង់រំលោភវប្បធម៌ខ្មែរ ព្រោះវប្បធម៌របស់យើងខុសគ្នា។ តែខ្ញុំគិតថា យើងមានព្រះជាម្ចាស់តែមួយ ហើយយើងចង់ពន្យល់អំពីព្រះជាម្ចាស់ដោយគ្មានការរំលោភវប្បធម៌។"អ្នកស្ម័គ្រចិត្តរូបនេះ បន្តថា សិក្ខាសាលានេះ បានផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់ដល់ជនបរទេសដូចជារូបគាត់ ក្នុងការប្រើប្រាស់ភាសាខ្មែរក្នុងគ្រីស្តសាសនា។ ម្យ៉ាងវិញទៀតអ្នកស័្មគ្រចិត្តដដែលនេះ បានធ្វើការសំណូមពរបន្ថែមទៀតមានសិក្ខាសាលាអំពីការប្រើប្រាស់ពាក្យទាំងនោះ ជាមួយគ្រីស្តបរិស័ទខ្មែរផងដែរដើម្បីឲ្យគេអាចពន្យល់ទៅកាន់អ្នកដទៃទៀតតាមជំនឿរបស់ខ្លួន។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកកម្ពុជា
|