|
យុវជនស្ម័គ្រចិត្តបារាំងចុះជួយកសាងផ្ទះអ្នកក្រីក្រ
Posted: 2nd April 2008
លោកបូជាចារ្យអ៊ីវ៉ានកំប៉ាញ៉ា សូមថ្លែងអំណរគុណ
|
(C.S.C)យុវជនមួយក្រុមមានសមាជិកចំនួន ១៣នាក់ បានចំណាយពេលវេលាវិស្សមកាលរបស់ខ្លួនមកប្រទេសកម្ពុជាដើម្បីជួយ កសាងផ្ទះជូនប្រជាជនក្រីក្រនៅក្នុងព្រះសហគមន៍កាតូលិកភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។លោកម៉ាធូរ បូវិត អាយុ៣៥ឆ្នាំ ជាអ្នកដឹកនាំក្រុមកម្មវិធីធំនៃអង្គការ Coup de Pouce Humanitaire។ ដោយ លោកធ្លាប់មកធ្វើការងារជាអ្នកស្ម័គ្រចិត្តនៅកំពង់ចាមកន្លងមកដែរ លោកមានប្រសាសន៍ថា លោកបានពន្យល់ បេសកកម្មរបស់លោក និងស្ថានភាពសង្គមនៅកម្ពុជាក្នុងអំឡុងពេលរយៈពេល ២ឆ្មាំ ដែលខ្ញុំបានរស់នៅ ប្រទេសកម្ពុជា ដល់យុវជនបារាំង។ ក្រោយមកពួកគេបានប្រាប់លោកថា វាជាគំនិតល្អណាស់ដែលជួយប្រជាជនខ្មែរក្រីក្រ។ អ៊ីចឹង ពួកគេសំរេចចិត្ត ជួយកសាងផ្ទះបីខ្នង ដល់បងប្អូនក្រីក្រនៅក្នុងព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម ដែលអស់ទឹកប្រាក់សរុបចំនួន ៣០០០អឺរ៉ូ។
គ្រីស្ទីន ហាហ្សាត អ្នកស្ម័គ្រចិត្តម្នាក់ក្នុងចំណោម១៣ នាក់ បានឲ្យដឹងថា: "ខ្ញុំមកទីនេះដើម្បីចែករំលែកជាមួយបងប្អូននូវ កម្លាំង ពេលវេលា និងភាពញញឹមរបស់ខ្ញុំព្រមទាំងរៀនពីប្រជាជននៅទីនេះផងដែរ"។ ចំណែកកញ្ញាលូរ៉ង ឌឺ តាំងហ្គាយ អាយុ ២៤ឆ្នាំ បានបង្ហាញអារម្មណ៍ថា នាងរីករាយណាស់ដែលបានមកទីនេះ។ នាងប្រាប់ខ្លួនឯងថា:"ខ្ញុំមិនចង់ចាកចេញពីទ្វីបអាស៊ី ដោយមិនបានទៅជួយប្រទេសក្រីក្រណាមួយនោះទេ"។ ឥឡូវនៅក្នុងភូមិក្តុលលើ ជាឱកាសល្អណាស់សម្រាប់នាងក្នុងការ សម្រេចបំណង។ចំណែកអ្នកស្រីហាង សម្បត្តិ អាយុ៣៨ឆ្នាំ ជាកសិករ មានកូន ៦នាក់ ក្នុងបន្ទុក និងជាអ្នកមានឱកាសទទួលបានផ្ទះថ្មីមួយខ្នង មានប្រសាសន៍ថា ផ្ទះចាស់របស់អ្នកស្រីតូច និងមានសភាពពិបាករស់នៅណាស់ ដោយខូចធ្លុះធ្លាយជាច្រើនកន្លែង។ "ខ្ញុំសូមអរគុណខ្លាំងណាស់ចំពោះយុវជនស្ម័គ្រពីប្រទេសបារាំង ដែលបានមកជួយធ្វើផ្ទះថ្មីឲ្យខ្ញុំ"។ អ្នកស្រីនិយាយដោយក្តីរំភើប។ ចំណែកស្ត្រីចំណាស់ អាយុ ៦៤ ឆ្នាំ ឈ្មោះ សែន ដែលបានទទួលផ្ទះមួយខ្នងដែរនោះ បានថ្លែងអំណរគុណ ចំពោះអង្គការបារាំង និងយុវជនបារាំងទាំងអស់ដែលបានមកជួយសាងសង់ផ្ទះថ្មីដល់គាត់នៅថ្ងៃនេះ។ ជាមួយទឹកភ្នែក និងសំឡេងអួលដើមករ អ្នកស្រីផល ម៉ាច និយាយថា: "ខ្ញុំរំភើបចិត្តណាស់ ដែលឃើញយុវជនមកពីប្រទេស ផ្សេងមកធ្វើផ្ទះឲ្យខ្ញុំ និងសូមអរព្រះគុណព្រះជាម្ចាស់ដែលប្រទានអំណោយទានទាំងនេះឲ្យគ្រួសារខ្ញុំ"។ ស្ត្រីរូបនេះបន្ថែមថា ពេល មានផ្ទះថ្មី កូនរបស់គាត់នឹងមានកន្លែងរៀនស្រួលហើយអ្នកស្រីនឹងខិតខំធ្វើការដើម្បីឲ្យកូនបានរៀនចប់ទាំងអស់គ្នា។
លោកបូជាចារ្យអ៊ីវ៉ាន កំប៉ាញ៉ា សូមថ្លែងអំណរគុណក្នុងនាមព្រះសហគមន៍កាតូលិកភូមិក្តុលលើ និងក្នុងនាមបងប្អូនក្រីក្រ លោកបូជាចារ្យ អ៊ីវ៉ាន់ កំប៉ាញ៉ាបានថ្លែងអណរគុណយ៉ាង ជ្រាលជ្រៅចំពោះអង្គការ " Coup de Pouce Humanitaire"ជាពិសេសយុវជនស្ម័គ្របារាំង ដែលបានចំណាយថវិកា ពេល វេលា កម្លាំង និងគំនិតស្មារតីមកជួយបងប្អូនយើងដែលក្រីក្រ។នេះបញ្ជាក់អំពីទឹកចិត្តមនុស្សធម៌ និងស្មារតីស្រឡាញ់រាប់អានដែលជនជាតិបារាំងមានចំពោះជនជាតិខ្មែរយើង។ ហើយសកម្មភាពទាំងនេះមានអត្ថន័យជាអនុស្សាវរីយ៍មិនអាចបំភ្លេច បានរបស់យុវជនបារាំងផងដែរបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា ។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកកម្ពុជា
|