|
មូលនិធិកុមារដុនបូស្កូ ដើម្បីកុមារនិងការអប់រំ
Posted: 10th January 2008
កុមារទទូលសំភារៈបរិភោពពីមូនិធិ
|
ភ្នំពេញ(C.S.C)៖ កុមារ និងយុវជនជាង៣០០នាក់ ដែលមានអាយុពី៥-២៥ឆ្នាំ កំពុងអង្គុយជាជួរៗរង់ចាំការហៅឈ្មោះ ដើម្បី បើកសំភារៈ និងប្រាក់ឧបត្ថម្ភ ពីមូលនិធិកុមារដុនបូស្កូកម្ពុជា នៅឯសាលាបច្ចេកទេសដុនបូស្កូ នាទីក្រុងភ្នំពេញកាលពីថ្ងៃទី ០៧ វិច្ឆិកានេះ។
យុវជន ឈិត ដារ៉ា ទទួលការឧបត្ថម្ភពីមូលនិធិកុមារដុនបូស្កូនេះ ១៥ឆ្នាំមកហើយ ចាប់ពីថ្នាក់ទី១ មក ហើយបច្ចុប្បន្ននេះកំពុងបន្តរៀននៅឧត្តមសិក្សាផ្នែកអេឡិចត្រូនិកឆ្នាំទី៣។ ដារ៉ាបានឲ្យដឹងថា មូលនិធិនេះ មិនត្រឹមតែជួយផ្តល់នូវរបស់ប្រើប្រាស់ប៉ុណ្ណោះទេ តែបានជួយផ្តល់នូវដំបូន្មានថែមទៀតផង ដើម្បីឲ្យកូនខ្មែរខំរៀនសូត្រ។
លោកយាយសៀង ហុង អាយុ៧១ឆ្នាំ ទទួលបន្ទុកចិញ្ចឹមចៅតូចៗ២នាក់កំពុងរៀននៅថ្នាក់ទី២ នឹងទី៣បាន និយាយថាៈ សាលាដុនបូស្កូមិនត្រឹមតែផ្តល់អោយ សាប៊ូ ថ្នាំដុសធ្មេញ មី និង គ្រឿងទេសតែប៉ុណ្ណេះទេ អ្វីដែលជាងនេះទៅទៀតនោះ គឺការសិក្សារបស់ចៅដែលបានប្រសើរជាងមុន ព្រោះពូកគេចេះស្តាប់បង្គាប់ ចាស់ទុំ ក៍ដូចជាការទូន្មានប្រៀនប្រដៅរបស់គ្រួជាដើម។ លោកយាយបានប្រាប់ថា ខ្ញុំមកទីនេះដើម្បីបើកអំណោយដែលផ្តល់ជាលុយកាក់អោយចៅរបស់គាត់ ១៥០០០ រៀ ល ក្នុងមួយខែ។ នៅក្នុងទឹកមុខប្រកបដោយក្តីសង្ឃឹមលោកយាយបានពោលថា ទោះបីជាចៅរបស់គាត់ធំឡើងមិនបានធ្វើការងារអ្វីល្អនឹងគេ តែទោះជាយ៉ាងណាក៏គេបានេចះអក្សរដែរ។
មូលនិធិកុមារដុនបូស្កូបង្កើតឡើងនៅឆ្នាំ១៩៩២ ក្នុងគោលបំណងជួយជំរុញឲ្យកុមារបានទទួលការអប់រំ។ បើគិតមកដល់ពេលបច្ចុប្បន្ននេះ កុមារជា៤៦៦០នាក់ត្រូវបានមូលនិធិនេះជួយឧបត្ថម្ភ ដែលមាននៅតាមបណ្ដាខេត្តចំនួន១៤ និងក្រុងចំនួន៣។ តាមប្រសាសន៍របស់លោកបូជាចារ្យ លេអូ ឈូវ៉ា ប្រធាននៃមូលនិធិកុមារដុនបូស្កូនេះ បានឲ្យដឹងថា មូលនិធិនេះ គឺជួយដល់កុមារដែលគ្រួសារ មានជីវភាពក្រីក្រខ្វះខាតក្នុងការសិក្សា។ ចំពោះការជួយ គឺមានលក្ខខណ្ឌតែមួយគត់ គឺកុមារទាំងនោះ ត្រូវខិតខំរៀនសូត្រ កុំឲ្យរៀនត្រួតថ្នាក់លើសពីមួយឆ្នាំ។
គំរោងរបស់មូលនិធិនេះត្រូវបានការឧបត្ថម្ភពីប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ ហូឡង់ អ៊ីតាលី និងបារាំង។ ដែលក្នុងមួយឆ្នាំៗត្រូវចំណាយជាថវិការអស់៥សែនដុល្លាអាមេរិក។
Article Source: ការិយាល័យព័ត៌មានកាតូលិក កម្ពុជា
|