|
ប្រជាពលរដ្ឋៈ សូមអនុវត្តន៍ច្បាប់ចរាចរផ្លូវគោកថ្មី ដោយតម្លាភាព
Posted: 26th September 2007
កាមិនគោរពច្បាប់ អ្នកបើកប៉ូតូនិងរថយន្តមួយចំនួន
|
ភ្នំពេញ(CSC)៖ បច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរនៅក្នុងប្រទេសកម្ពុជាបានក្លាយទៅជាវិញ្ញាសារចម្បង និងជាការព្រួយបារម្ភបំផុតរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកជាគ្រោះថ្នាក់ដ៏ធំមួយ ក្នុងចំណោមគ្រោះថ្នាក់នានា ។ ច្បាប់ចរាចរណ៏ផ្លូវគោកថ្នីនេះ សំដៅធានាឲ្យ បាននូវសុវត្ថិភាពក្នុងពេលធ្វើដំណើរសំរាប់ប្រជាពលរដ្ឋគ្រប់រូប ដែលប្រើប្រាស់ផ្លូវសាធារណៈ ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៏ថា៖ គ្រោះថ្នាក់ចរាចរកើតឡើងបណ្ដាលមកពីកត្តាបីសំខាន់គឺ កត្តាមនុស្ស កត្តាយានយន្ត និងកត្តាផ្លូវថ្នល់។ កត្តាមនុស្ស មានចំនួន៩៤ភាគរយអ្នកប្រើប្រាស់ផ្លូវមិនគោរពច្បាប់ចរាចរ បើកបរល្បឿនហួសកំណត់ បើកបរដោយធ្វេសប្រហែស បើកបរមានជាតិស្រវឹងជាដើម ។ កត្តាយានយន្តមានចំនួន៣ភាគរយ ដោយម្ចាស់យានយន្តទាំងអស់នោះ មិនបានធ្វើការថែទាំ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសតាមការកំណត់ ធ្វើអោយអ្នកបើកបរមិន អាចបញ្ជាយានជំនិះបាននៅពេលកំពុងបើកបរ ដូចជា៖ ហ្វ្រាំង . ម៉ាស៊ីន . បែកកង់ . ភ្លើងបំភ្លឺមិនឆេះ និងការប្រើប្រាស់ភ្លើងមិនបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសជាដើម ។ កត្តាផ្លូវថ្នល់មាន១ភាគរយ ដោយសារហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ - ស្ពាននៅមិនទាន់សមស្រប ទៅនិងលក្ខណៈបច្ចេកទេស ដូចជាៈ ផ្លូវមានជង្ហ្រុក . ផ្លូវកោងខ្លាំង . ផ្លូវធំតែមានស្ពានតូចចង្អៀត និងមិនទាន់មានស្លាកសញ្ញាចរាចរគ្រប់គ្រាន់ ហើយព្រមជាមួយគ្នានេះក៏មានកត្តាផ្សេងៗចំនួន២ភាគរយ ដូចជាៈ កត្តាធម្មជាតិ ភ្លៀងរអិលជាដើម ។
ទាក់ទិនបញ្ហាខាងលើនេះ លោក មាស ចាន់ឌី មន្ត្រីកម្មវិធីសុវត្ថិភាពចរាចរ របស់អង្គការជនពិការអន្តរជាតិ បានមានប្រសាសន៏ថា ៖ គ្រប់អ្នកបើកបរយានយន្តនៅលើផ្លូវសាធារណទាំងអស់ ត្រូវគោរពច្បាប់ និងត្រូវមានប័ណ្ណបើកបរ ដែលកំណត់ដោយ ច្បាប់ ។ ក្នុងករណីអ្នកបើកបរមានប័ណ្ណបើកបររថយន្តអាចប្រើប្រាស់សំរាប់ម៉ូតូ ដែលមានកំលាំងម៉ាស៊ីន១២៥សេះចុះក្រោម ( កំរិតក១ )។ ប៉ុន្តែមិនអាច ប្រើប្រាស់ចំពោះម៉ូតូ ដែលមានកំលាំងម៉ាស៊ីិនចាប់ពី១២៥សេះឡើងនោះឡើយ ។ ដូចនេះទាមទារឲ្យ មានប័ណ្ណបើកបរម៉ូតូ ដែលមានកំលាំងម៉ាស៊ីនចាប់ពី១២៥សេះឡើង ( កំរិតក២ ) ផ្សេងមួយទៀត ដែលចេញដោយក្រសួង សាធារណការ និងដឹកជញ្ជូន ។ លោកបានមានប្រសាសន៏ទៀតថា ៖ ទោះបីក្នុងគ្រួសារមានសមាជិកប៉ុន្មានអ្នកក៏ដោយ អោយតែបញ្ជាយានយន្តនៅលើផ្លូវសាធារណៈ ត្រូវតែមានប័ណ្ណបើកបរជាកំហិត ដែលកំណត់ដោយ ច្បាប់ចរាចរណ៏ផ្លូវគោកថ្មី ។
កំពុងអង្គុយរង់ចាំម៉ូយនៅទល់មុខផ្សារកណ្ដាល លោក ប៊ូ សារឿន ជាអ្នករត់ម៉ូតូឌុប មកពីខេត្តព្រៃវែង បានមានប្រសាសន៏ចាប់អារម្មណ៏អំពីច្បាប់ចរាចរណ៏ផ្លូវគោកថ្មីនេះថា ៖ក្នុងនាមជាពលរដ្ឋម្នាក់ លោករីករាយនិងអនុវត្តន៏តាម អ្វី ដែលច្បាប់ បានកំណត់ គឺដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរផ្ទាល់ខ្លួន និងអ្នកដទៃទៀត ។ ការគោរពច្បាប់ គឺជាសុជីវធម៌ដ៏ថ្លៃថ្នូរ និងជាកាតព្វកិច្ច របស់ពលរដ្ឋម្នាក់ៗ។ ប៉ុន្តែ លោកបានសំណូមពរឲ្យមានការគោរពច្បាប់ប្រកបដោយ តម្លាភាពរវាងអ្នកក្រីក្រ និងអ្នកមានទ្រព្យសម្បត្តិ។ ជាពិសេសមន្ត្រីអនុវត្តន៍ច្បាប់ សូមអនុវត្តន៍ឲ្យបានទូលំទូលាយផង។
ដើម្បីផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៏ផ្លូវគោកថ្មីនេះ ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ។ លោក ប៉ូ សំណាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គមបានមានប្រសាសន៏ថាៈ មជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គម មានការផ្សព្វ ផ្សាយសៀវភៅច្បាប់ចរាចរណ៏ផ្លូវគោកថ្មីនេះ និងចែកជូនដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅតាមផ្លូវដូចជាៈ ភ្លើងស្តុបឋានសួគ៌ ភ្លើងស្តុបអំបាសាឌឺ និងភ្លើងស្តុបមន្ទីរពេទ្យព្រះអង្គឌួង ។ សូមរង់ចាំទទួលដោយឥតគិតថ្លៃពីភ្នាក់ងារ ដែលបំរើជូននៅតាមភ្លើងស្តុបទាំងបី ដូចបានកំណត់ខាងលើ ។ កម្មវិធីនេះនិងប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ ទី០១ ខែតុលា ឆ្នាំ២០០៧
វេលាម៉ោង ៧.៣០នាទីព្រឹក។
Article Source: ការិយាល័យព័ត៌មានកាតូលិក កម្ពុជា
|