|
ពេលវេលា នៃការធ្វើជាសាក្សី
Posted: 10th September 2007
|
ខែ កញ្ញា ២០០៧
ប្រស្នា រឿងប្រាក់ណែន (មថ.២៥,១៤-៣០)
១, ន័យខ្លះដែលគួរអោយយល់អំពីប្រស្នានេះ
- ប្រាក់ណែន (១) ឬប្រាក់តាឡិនតូ នេះមិនមែនលុយកាក់ ប៉ុន្តែជាទំងន់ ប្រហែលប្រមាណ ៣០គីឡូក្រាម ដូច្នេះតំលៃរបស់ទំងន់នេះ ស៊ីសងតាមប្រភេទសាច់ប្រាក់ ដែលយកមកធ្វើ ដូចជា ធ្វើមក ពីទង់ដែង ឬស្ពាន់, ប្រាក់ ឬ មាស។ ប៉ុន្តែ ជាទូទៅគេប្រើសាច់ប្រាក់។
ប្រសិនបើយើងយកប្រាក់តាឡិននេះ ទៅជាមូលដ្ឋាន សំរាប់គិត យើងអាចនិយាយបានមួយទៀតថា មួយតាឡិនប្រាក់ ស្មើនិងប្រហែល ៥០០ ដុល្លា។ សព្វថ្ងៃនេះ យើងត្រូវយល់អំពីប្រាក់តាឡិន ឬប្រាក់ណែននេះ តាមន័យគឺសកម្មភាព, ការប៉ិនប្រសប់, អំណោយទាន ឬ ទេពកោសល្យ ដែលយើងទទួលមកពីព្រះជាម្ចាស់ ។
- អ្នកបំរើម្នាក់បានលាក់ប្រាក់ណែននោះកប់ក្នុងដី ព្រោះប្រជាជននៅពេលនោះ មិនទាន់ដឹងកន្លែង សុវត្ថិភាពណាមួយសំរាប់ទុកប្រាក់របស់គេទេ។ ពួកគេតែងតែលាក់របស់បរបរ ដែលមានតំលៃកប់ទៅក្នុងដី នេះជាទង្វើគួរសម ដែលពួកគេធ្វើជាទូទៅ ឧទាហរណ៍ ប្រស្នារឿងទ្រព្យសម្បត្តិ ដែលជីកឃើញនៅស្រែ ទោះបីនៅស្រុកខ្មែរយើងក៏ដូចគ្នាដែរ
មានគេជីកដី ហើយរកឃើកអាវុធយុទ្ឋភ័ណ្ឌរបស់កងទ័ពពីដើម នៅក្នុង ដី ដើម្បីអោយផុតពីកងទ័ពខ្មាំងយកទៅប្រើ ។
២, ចំណុចខ្លះដែលជួយអ្នកដឹកនាំនៅពេលប្រជុំគ្នា
- បើអ្នកបំរើបីនាក់ បានទទួលប្រាក់ណែនពីម្ចាស់របស់គេ មុនម្ចាស់ធ្វើដំណើរទៅស្រុកឆ្ងាយ។ ម្នាក់ៗទទួល ប្រាក់តាមសម្ថភាព និងគុណសសម្បត្តិរៀងៗខ្លួន។ នេះមានន័យថា ម្នាក់ៗ បានទទួល ព្រះអំណោយទាន ពីព្រះជាម្ចាស់ តាមសម្ថភាពរៀងៗខ្លួនដែរ។
ុក, អ្នកបំរើពីរនាក់មុន
- អ្នកបំរើពីរនាក់មុន ទៅរកស៊ីភ្លាមៗ និងបានធ្វើអោយប្រាក់ណែននោះកើនឡើង។ ពួកគេប្រើ ទេពកោសល្យរបស់ខ្លួន ដើម្បីទទួលផលកាន់តែច្រើនឡើង។ នៅពេលម្ចាស់ត្រឡប់មកវិញ និងឃើញលទ្ឋផល ដែលពួកគេធ្វើ គាត់ពោលទៅពួកគេយ៉ាងរីករាយថា "ល្អហើយ! អ្នកបំរើដ៏ប្រសើរ មានចិត្តស្មោះត្រង់អើយ!." ព្រះជាម្ចាស់នឹកសង្ឃឹមថា
យើងអាចធ្វើអោយទេពកោសល្យ និងភាពប៉ិនប្រសប់របស់យើងរីកចំរើន ដើម្បី យកទៅបំរើអ្នកដទៃ។ ការអញ្ជើញីព្រះជាម្ចាស់នេះ គឺ ដើម្បីអោយយើងម្នាក់ៗលូតលាស់ និងរីកចំរើន និង ក្លាយទៅជាមនុស្សល្អប្រសើរ និងក្លាយទៅជាគ្រីស្តបរិស័ទល្អដែរ។
- យើងអាចសង្កេតឃើញថា រង្វាន់សំរាប់ការធ្វើការយ៉ាងល្អ នៅតែអោយបានទទួលលទ្ឋផលល្អ។ អ្នកបំរើ ២នាក់ បានទទួលលទ្ឋផល មិនគ្រាន់តែព្រោះពួកគាត់ធ្វើយ៉ាងល្អ ប៉ុន្តែ ដោយសារពួកគាត់ បានធ្វើអោយការងាររបស់គាត់មានភាពល្អប្រពៃ និងមានការទទួលសុខត្រូវល្អ "អ្នកបានស្មោះត្រង់នឹងកិច្ចការ ដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកអោយមើលខុសត្រូវលើកិច្ចការធំៗ" ។
អ្នកបំរើល្អនិងគួរអោយទុកច្តិបានអំពីការងារ តូចៗ ឥឡូវនេះ ពួកគាត់មានសម្ថភាព អាចទទួលការងារធំនិងត្រូវការ ការទទួលខុសត្រូវយ៉ាង ក្រៃលែងជាងមុន ។
- អ្នកបំរើទាំងនេះ មានភាពស្មោះនិងចេះទទួលខុសត្រូវ។ ម្ចាស់សប្បាយចិត្តណាស់ចំពោះពួកគាត់ និងចង់អោយពួកគាត់ មានចំណែកមួយក្នុងភាពសប្បាយរបស់ម្ចាស់ គាត់និយាយថា "ចូរអ្នកចូលមក រួមសប្បាយជាមួយខ្ញុំចុះ " ។
មានរង្វាន់សំរាប់អ្នកបំរើទាំងនេះហើយ នោះគឺ ចំណែកក្នុងភាពសប្បាយជាមួយ ម្ចាស់ ។ សំរាប់យើងមានន័យថា គឺចំណែកក្នុងសុភមង្គលរបស់ព្រះជាម្ចាស់ ក្រោយពីយើងបានបំពេញការងារ របស់យើងហើយនៅក្នុងលោកនេះ។
ខ, អ្នកបំរើទីបី
- គោលដៅរបស់រឿងប្រស្នានេះ សំដៅទៅអ្នកបំរើទី៣ ដែលជាអ្នកបំរើឥបានការ ។ គាត់គ្រាន់តែ យកចំណែករបស់គាត់ទៅកប់នៅក្នុងដី និងក្រោយមក កាយយកវាចេញមកដូចភាពដើមវិញ គាត់មិនធ្វើអ្វី សោះ, មិនព្យាយាមធ្វើអោយចំណែករបស់គាត់ ឬអ្វីដែលគាត់បានទទួលមករីកចំរើន។ ម្ចាស់មិនពេញចិត្ត ដោយមានប្រសាសន៍ថា "នែ៎! អ្នកបំរើអាក្រក់ខ្ជិលច្រអូសអើយ!" ។ គោលដៅរបស់រឿងប្រស្នានេះ មិនគ្រាន់ សំដៅទៅលើចំនួនប្រាក់ណែន ប៉ុន្តែសំដៅទៅលើកម្មវិធីដែលអ្នកបំរើនោះ យកប្រាក់ណែនទៅប្រើ ។
- ព្រះជាម្ចាស់មិនទាមទារអ្វីពីមនុស្ស ដែលមនុស្សអត់មាន ដូចជា ទាមទារអោយអ្នកខ្លះទៅ បង្រៀន ប្រសិនបើគាត់អត់មានចំណេះគ្រប់គ្រាន់ ឬ អត់មានបច្ចេកទេសពន្យល់គំនិតរបស់គាត់អោយអ្នកដទៃ អោយបានច្បាស់លាស់។ ប៉ុន្តែ ព្រះជាម្ចាស់ត្រូវការអោយយើងប្រើសម្ថភាពដែលមនុស្សមានយ៉ាងពេញទី។ "ប្រាក់ណែន" ឬ ជំនាញដែលយើងមាន ដូចជាការច្រៀង,ការធ្វើម្ហូប,ការប៉ិនទំនាក់ទំនងជាមួយអ្នកដទៃ, ការសំដែងកាយវិការ,ការលំអរ,ការបង្រៀន,ការនិយាយភាសាផ្សេងៗ។ល។និង។ល។ មនុស្សម្នាក់ចាំបាច់ ត្រូវតែប្រើវា ដើម្បីបំរើព្រះជាម្ចាស់ និងអ្នកដទៃ។
- យើងអាចមានសំនួរថា "ហេតុអ្វីអ្នកបំរើនេះ បានជាទៅយកប្រាក់ណែនរបស់គាត់ទៅកប់ក្នុងដី?"
- ប្រហែលគាត់ខ្លាចបាត់លុយ ដូច្នេះគាត់យកវាទៅកប់ក្នុងដី។ គាត់មានបទពិសោន៍តិចណាស់ អំពីតម្រូវការរបស់ព្រះជាម្ចាស់ និងគាត់មិនហ៊ាននឹងទទួលបន្ទុកផ្សេងៗ ព្រោះគាត់ខ្វះភាពក្លាហ៊ាន ឬព្រួយបារម្ភ ឬខ្វល់ខ្វាយ ឬភ័យខ្លាច តែរឿងដែលអាចធ្វើអោយគាត់ខាតបង់ នៅពេលក្រោយ។
- ប្រហែលគាត់គិតថា ប្រាក់ណែនចំនួនតិចតួចនេះមិនសូវសំខាន់ទេ និងអាចគិតថា ប្រាក់ណែនតែ មួយប៉ុណ្ណោះអាចធ្វើអ្វីបាន! ដូច្នេះវិធីល្អជាងគេ គឺ កប់វាក្នុងដី និងរង់ចាំម្ចាស់ត្រឡប់មកវិញ។ គារយល់ដឹង របស់គាត់ធ្វើអោយគាត់មិនសូវខ្វល់ខ្វាយតស៊ូ និងគិតថា វាមិនសូវមានតំលៃអ្វីឡើយ សំរាប់ការព្យាយាមធ្វើ អ្វីមួយនោះ។ នេះគឺគំនិតរបស់យើង នៅពេលខ្លះមិនមែនទេ? ជួនកាលយើងគិតថា យើងជាមនុស្សសាមញ្ញ ឬក៏យើងក្រមិនអាចធ្វើអ្វីបានសោះ។ យើងមិនហ៊ានទទួលបន្ទុក សូម្បីតែការងារដ៏តិចតួច។
- មូលហេតុទីបី អាចមកពីគាត់ខ្ជិលច្រអូស ព្រោះគាត់មិនសូវចូលចិត្តខំប្រឹង ។ សំរាប់គាត់ វាជារឿងស្រួលណាស់ ដោយគ្រាន់តែយកទៅកប់ក្នុងដី ។ ការដោះស្រាយបញ្ហរយ៉ាងងាយស្រួលនេះ មិនត្រូវ ការខិតខំនិងប្រើសេចក្តីព្យាយាមច្រើន។ ដូច្នេះគាត់បានចោទប្រកាន់ព្រះជាម្ចាស់នៃជីវិត ដែលទាមទារ និងប្រិតប្រៀន និងវិនិច្ឆ័យស្ថានភាពរបស់គាត់ ដែលមិនធ្វើអ្វីសោះ។ គាត់ពេញចិត្តទទួលផ្លូវរបស់ព្រះជាម្ចាស់ និងព្យាយាមរកហេតុផល សំរាប់ចរិតដ៏ខ្ចិលរបស់ខ្លួនឯង។
- អ្នកបំរើដែលទទួលប្រាក់មួយណែន អត់បាត់ប្រាក់នោះទេ ប៉ុន្តែគាត់មិនយកវាទៅធ្វើអ្វីសោះ។ ការចោទប្រកាន់គាត់មកពីសេចក្តីពិតមួយ គឺ គាត់មិនព្យាយាមប្រើប្រាក់មួយណែនរបស់គាត់ ទាំងមិនប្រថុយ ប្រើវាសំរាប់កិច្ចការល្អដែលគួរអោយធ្វើដែរ។ គាត់រក្សាប្រាក់នោះសំរាប់ខ្លួនឯង។ ជាច្រើនលើកច្រើនគ្រា យើងធ្វើដូចគ្នាដែរ នៅក្នុងជីវិតរបស់យើង គឺយើងរក្សាប្រាក់ណែននោះសំរាប់ខ្លួនឯង ដែលយើងទទួល ហើយយើងមិនប្រើវាសំរាប់ជួយអ្នកដ៏ទៃ។
ឧទាហរណ៍ ការចេះដឹងដែលយើងទទួលមក ឬ ទំនៀមទំលាប់ ដែលយើងទទួលពីបុព្វបុរស ភាពស្តុកស្តម្ភដែលមកពីមត៌ក ឬ ជំនឿ និងជំនាញរបស់យើង ។ល។ និង ។ល។ ជាញឹកញាប់ យើងមានហេតុផលច្រើនថា យើងមិនអាចប្រើវាបាន ព្រោះថា ខ្ញុំមិនសូវល្អ ខ្ញុំអត់មានពេលវេលា គ្រប់គ្រាន់ ឬ ខ្ញុំមានទេពកោសល្យតិចតួច ឬក៏ខ្ញុំរវល់ ។ល។
- មនុស្សនិងត្រូវវិនិច្ឆ័យ តាមរបៀបថា ពួកគេបានធ្វើអោយព្រះអំណោយទានរបស់ព្រះជាម្ចាស់ លូតលាស់និងមានការរីកចំរើនក្នុងជីវិតរបស់ពួកគេយ៉ាងដូចម្តេច។ ប្រសិនបើមនុស្សយើងមានទេពកោសល្យ និងអនុវត្តទេពកោសល្យនោះ គាត់និងអាចធ្វើអោយវាកើនឡើងជាលំដាប់។ ផ្ទុយទៅវិញ ប្រសិនបើគាត់មិន ចេះប្រើវា នោះគាត់មិនអាចចៀសរួចនូវការបាត់បង់ទេពកោសល្យទាំងនោះ។ ឧទាហរណ៍ខ្លះ គឺ មនុស្សម្នាក់ គាត់ចេះលេងភ្លេង
កាន់តែលេងកាន់តែប៉ិនប្រសប់ ឬ ចេះនិយាយភាសាអង់គ្លេស កាន់តែនិយាយកាន់តែប្រើ ភាសាស្រួល ឬ ចេះធ្វើម្ហូប កាន់តែចេះធ្វើតាមបញ្ចីឈ្មោះម្ហូបកាន់តែងាយស្រួលរៀបចំ។ ដូច្នេះ ល្អជាងគេគឺ យើងអនុវត្តន៍ទេពកោសល្យរបស់យើង ដើម្បីព្រះជាម្ចាស់ និងសំរាប់បងប្អូន។ តាមវិធីនេះ យើងអាចធ្វើ អោយអ្នកដ៏ទៃ បានទទួលផលប្រយោជន៍ពីទេពកោសល្យរបស់យើង យើងក៏បានបំពេញកិច្ចការបំរើអោយ អ្នកដ៏ទៃ និងធ្វើអោយព្រះជាម្ចាស់គាប់ព្រះហឬទ័យទៀតផង។
ុអត្ថន័យផ្សេង អំរឿងប្រាក់ណែន
- ស្របគ្នាជាមួយរឿងភាពប៉ិប្រសប់នេះ ព្រះជាម្ចាស់អោយដំណឹងល្អយើង ហើយយើងម្នាក់ៗ មានតួនាទីផ្សព្វផ្សាយ ឬប្រកាសដំណឹងល្អនេះ អោយមនុស្សដែលនៅជុំវិញយើង។ យើងអាចធ្វើអ្វីបានសំរាប់ ទេពកោសល្យរបស់យើងនេះ?
យើងនឹងលាក់ទុកវាដូចអ្នកបំរើទីបីឬទេ? ឬ យើងធ្វើអោយវាកើតផ្លែផលដូច អ្នកបំរើពីរនាក់មុន។ ច្បាស់ណាស់ថា ព្រះជាម្ចាស់គាប់ព្រះហឬទ័យអ្នកបំរើពីរនាក់មុន "ល្អហើយ! អ្នកបំរើដ៏ ប្រសើរមានចិត្តស្មោះត្រង់អើយ!"។
ព្រះយេស៊ូត្រូវការបង្រៀនយើងថា យើងមានតួនាទីសហការណ៍ជាមួយ ព្រះជាម្ចាស់ក្នុងការប្រកាសដំណឹងល្អអោយបងប្អូន យ៉ាងហោចណាស់គឺ ស្នើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បី ជួយពួកគេសំរេចចិត្តខ្លួនឯង ក្នុងការឆ្លើយតបថា មែន ឬអត់។
- ព្រះជាម្ចាស់អោយទេពកោសល្យខាងជំនឿអោយយើង និងអញ្ចើញយើងធ្វើអោយជំនឿនោះច្រើន លូតលាស់ ។ដូច្នេះយើងបានក្លាយទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ ដើម្បីធ្វើជាកូនចៅរបស់ព្រះអង្គបាន យើងត្រូវកែឆ្នៃ ផ្លាស់ប្តូរជីវិត ឬក្លាយទៅជាសាក្សីយ៉ាងល្អដែរ។ ប្រសិនបើខ្ញុំនៅដដែល ខ្ញុំមិនអាចចម្រើន លូតលាស់បានទេ។ ការចម្រើនលូលសាល់ គីការផ្លាស់ប្តូរ និងក្លាយទៅជាសន្តបុគ្គល នោះគឺ ប្រែចិត្តគំនិត គ្រប់ពេលវេលា ដូចកាឌីណាល់ (ទីប្រឹក្សាសម្តេចប៉ាប) ឈ្មោះ និវមែន មានប្រសាសន៍ថា ៖ នៅសម័យព្រះយេស៊ូ ធម្មាចារ្យនិងផារីស៊ី ខំរក្សាទុកធម្មវិន័យយ៉ាងម៉តចត់ ដូចនៅពេលលោកម៉ូសេ បានប្រគល់ធម្មវិន័យអោយពួកគេ។
នៅក្នុងពាក្យសំដីរបស់ពួកគេផ្ទាល់ ពួកគេបាន "សងរបងបន្ថែមនៅជុំវិញ ធម្មវិន័យ" ដើម្បីការពារធម្មវិន័យនោះមិនអោយមានការផ្លាស់ប្តូរ ឬធ្វើអោយរីកចម្រើន។ ពួកគេខំព្យាយាម យ៉ាងច្រើន ដើម្បីប្រតិបត្តិតាម។ តាមពិតអាកប្បកិរិយានេះ ធ្វើអោយសេចក្តីពិតរបស់សាសនា មានភាពទន់ ខ្សោយ មិនចង់អោយប្រជាជនចូលមកដណ្ដើម ហើយចេះដឹងជាងគេ។ ដូច្នេះ ពេលព្រះយេស៊ូយាងមក ដើម្បី ធ្វើអោយធម្មវិន័យល្អឡើងវិញ ឬបង្ហាញសេចក្តីពិតរបស់ព្រះភក្ត្ររបស់ជាម្ចាស់ បែជាធ្វើអោយពួកគេមិនអាច ទទួលព្រះអង្គបាន និងបដិសេធព្រះអង្គវិញ។ព្រះអង្គអញ្ជើញយើងអោយលូតលាស់ និងក្លាយទៅជាអ្នកជំនិត និងនៅជិតព្រះបិតាដែលនៅស្ថានបរមសុខ។
____________________________________________
(១) ពាក្យក្រិក ហៅ តាឡិនតូន ទាលនេតៀន មានតម្លៃស្មើនិងប្រាក់ឈ្មួលកម្មករធ្វើការ ប្រាំមួយពាន់ថ្ងៃ។ យើងសម្មតប្រើពាក្យប្រាក់ "ណែន" ជាប្រាក់ខ្មែរបូរាណ មួយណែនទិញបានគោរមួយនឹម។ យើងមិនអាចទទួលព្រះអំណោយទាននោះដូចគ្នា ព្រមទាំងមិនអាចទទួលតាមចំនួនដូចគ្នាដែរ ប៉ុន្តែយើងរាល់ ទទួលការប៉ិនប្រសប់ខ្លះ ឬ ទេពកោសល្យខ្លះៗ និងអ្វីមួយដែលចំបាច់សំរាប់យើង គឺ យើងត្រូវតែអរព្រះគុណ ចំពោះព្រះហឬទ័យមេត្តារុណារបស់ព្រះជាម្ចាស់ សំរាប់ទេពកោសល្យជាច្រើន ដែលព្រះអង្គប្រទាន អោយយើង។
Article Source: េលាក អភិបាល អេមីល ដេតម្ប
|