|
ពិធីសច្ចាលើកដំបូងរបស់បងស្រីសុជាតិ
Posted: 27th March 2007
បងស្រី សុជាតិ និងម្តាយ
|
ក្រុមគ្រួសារបព្វជិតាស្រលាញ់ព្រះយេស៊ូនៅលើឈើឆ្កាង
មនុស្សយ៉ាងច្រើនកុះករអង្គុយលើកៅអីដែលរៀបចំជាស្រេចសំរាប់ភ្ញៀវហើយចោលភ្នែកក្រឡេកទៅក្រោយហាក់ដូចជាមានអ្វីសំខាន់ដែលកំពុងចាប់អារម្មណ៍។ ដំណើរមួយៗអមជាមួយបទចំរៀងតម្កើងព្រះជាម្ចាស់យ៉ាងរងំ ក្រុមបងស្រី និងបូជាចារ្យធ្វើដំណើររួមជាមួយបងស្រីសុជាតិ ដែលនឹងត្រូវធ្វើពាក្យសច្ចាសុំថ្វាយខ្លួនដល់ព្រះជាម្ចាស់ ក្នុងក្រុមគ្រួសារបព្វជិតាស្រលាញ់ព្រះយេស៊ូនៅលើឈើឆ្កាង។ កម្មវិធីសច្ចាលើកដំបូងរបស់បងស្រីសុជាតិ ប្រព្រឹត្តឡើងក្រោមអធិបតិយភាព របស់លោកអភិបាលភូមិភាគភ្នំពេញអេមីល ដេតម្បលោកអភិបាលភូមិភាគកំពង់ចាមអន់តូនី ស៊ូសៃរាជ លោកអភិបាលភីលីព ហ្វាន់ជុងឆៃយ៉ាឡាមកពីប្រទេសថៃ រួមនិងលោកបូជាចារ្យ បងស្រី និងបងប្អូនគ្រីស្តបរិស័ទទាំងអស់ជាច្រើនរូបទៀត ដែលពិធីនេះធ្វើនៅព្រះសហគមន៍ កំពង់ចាមក្រុងកាលពីថ្ងៃទី២៥ មីនាកន្លងទៅ។
បងស្រីសុជាតិបានបន្លឺសំដីយ៉ាងស្រទន់យ៉ាងនេះថា" ថ្ងៃនេះខ្ញុំមានអារម្មណ៍រំភើបមែនទែន សំរាប់អ្វីៗគ្រប់យ៉ាងដែលបានទទួលលទ្ឋផលនៅក្នុងថ្ងៃនេះ។ ពីព្រោះកាលពីមុនមកគ្រាន់តែជាការពិសោធន៍ខ្លួនឯង ហើយមិននឹកស្មានថាខ្លួនឯងបានបោះជំហានមកដល់នេះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយខ្ញុំក៏សុំឲ្យបងប្អូនទាំងអស់គ្នាជួយអង្វរព្រះជាម្ចាស់ ឲ្យខ្ញុំមានកំលាំងបន្តទៀត ព្រោះអីយើងមិនអាចដឹងពីគំរោងការរបស់ព្រះជាម្ចាស់យ៉ាងម៉េចទេ។ " បងស្រីបានបន្តសំដីទៀតថា ប៉ុន្តែទោះជា យ៉ាងណាក៏ដោយ បងស្រីសូមផ្ញើជីវិតទាំងស្រុងនិងអង្វរព្រះជាម្ចាស់ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យតាម គម្រោងការនេះសូមឲ្យរូបគាត់ដើរទៅមុខបន្តទៀតបាន។ នៅក្នុងឱកាសនោះ លោកអភិបាលអេមីល ដេតម្ប បានត្រាស់ហៅបងស្រីសុជាតិមកខាងមុខអាសនៈ ដើម្បីធ្វើពាក្យសច្ចារបស់ខ្លួន និងចុះហត្ថលេខាក្នុងបញ្ចីក្រុមគ្រួសារបព្វជិតាស្រលាញ់ព្រះឈើឆ្កាងទុកជាសញ្ញាថា បងស្រីសុខចិត្តរស់នៅជាព្រហ្មចារិនី និងរស់នៅដូចជាអ្នកបំរើនៅក្នុងក្រុមគ្រួសារនេះអស់មួយជីវិត។ នៅជិតចុងបញ្ចប់កម្មវិធីលោកអភិបាលភូមិភាគភ្នំពេញ បានបំពាក់ខ្សែករតំណាងក្រុមបព្វជិតាស្រលាញ់ព្រះឈើ ឆ្កាង និងប្រគល់ធម្មវិន័យរបស់ក្រុមគ្រួសារនោះជូនដល់បងស្រីសុជាតិ។ ក្នុងបរិយាកាសសប្បាយរីករាយ លោកអុំស្រី ជូ អាន ជាម្តាយរបស់បងស្រីសុជាតិ បានមានប្រសាសន៍ទាំងក្តីរំភើប ជាមួយកែវភ្នែករលីងរលោងថា" ៖ពេលដឹងថាកូនចង់ថ្វាយខ្លួនដល់ព្រះជាម្ចាស់ ខ្ញុំ់មានសេចក្តីត្រេកអរណាស់។ ដោយមិនបានដឹងថាដល់កម្រិតនេះទេ អញ្ចឹងធ្វើឲ្យខ្ញុំមានចិត្តមួយកំសត់ទប់ចិត្តអត់បានទេ ដោយមិនស្មានថាព្រះជាម្ចាស់ស្រលាញ់និងជ្រើសរើសកូនក្នុងចំណោមគ្រួសាររបស់ខ្ញុំទេ"។ ម្តាយបងស្រីសុជាតិបន្តសំដីទាំងម៉ឺងម៉ាត់ថា៖ កុំថាឡើយកូនច្រើន ទោះមានតែមួយ ក៏អត់ខ្លាចផុតពូជដែរ បើនេះជាបំណងកូន។
បងស្រីយ៉ូវណ្ណាវ៉ាន់ លីដាថាវ៉នជាប្រធានក្របព្វជិតាស្រលាញ់ព្រះឈើឆ្កាង នៃភូមិភាគ អ៊ូប៊ុន(ប្រទេសថៃ) បានសម្តែងអារម្មណ៍ផ្ទាល់ និងពាក្យលើកទឹកចិត្តដល់បងស្រីខ្មែរសុជាតិថា៖ " ខ្ញុំមានអំណរសប្បាយណាស់ដែលក្រុមគ្រួសាររបស់យើងមានសមាជិកថ្មី។ ហើយប្រសិនបើបងស្រីសុជាតិ និងបងស្រីខ្មែរពីររូបទៀតត្រូវការការអប់រំបន្ថែម គឺខាងបងស្រីពេញចិត្តណាស់ ហើយទទួលស្វាគមន៍ និងផ្គត់ផ្គង់តាមតំរូវការផ្សេងៗទៀតផងដែរ។"
ប្រវត្តិសង្ខេបរបស់បងស្រីសុជាតិ
បងស្រីសុជាតិ កើតនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ១៩៧៧ ក្នុងភូមិតារាជ ឃុំត្រពាំងរាំង
ស្រុកជុំគីរី ខេត្តកំពត។ មានបងប្អូន៦នាក់ ឪពុកឈ្មោះ យិន ប៊ូ (ស្លាប់) និងម្តាយឈ្មោះ ជូ អាន ជាប្រធានគណកម្មាការព្រះសហគមន៍ជុំគីរី។ ក្នុងឆ្នាំ២០០៣ បងស្រីសុំការអនុញ្ញាតពីលោកអភិបាលអេមីល ដេតម្ប ចូលថ្វាយខ្លួនក្នុងក្រុមគ្រួសារបងស្រីស្រលាញ់ព្រះឈើឆ្កាង។ នៅថ្ងៃទី២៥ មីនា ២០០៧នេះ បងស្រីធ្វើពាក្យសច្ចាលើកដំបូង។ ក្រុមគ្រួសារបងស្រីស្រលាញ់ព្រះឈើឆ្កាងនៅក្នុងប្រទេសកម្ពុជា
មានមាជិកជនជាតិខ្មែរ៣រូបហើយរួមទាំងបងស្រីសុជាតិ។
ប្រវត្តិសង្ខេបក្រុមគ្រួសារ អ្នកស្រលាញ់ព្រះឈើឆ្កាង
លោកអភិបាលពីអ៊ែរ ឡាំប៊ែរ ដឺឡាម៉ុត(PIERRE LAMBERT DE LAMOTTE) ជាសាសនទូតជនជាតិបារាំង បានមកផ្សាយដំណឹងល្អនៅភូមិភាគអាស៊ីអាគ្នេយ៍។ លោកជាសាសនទូតមានឈ្មោះល្បីល្បាញ ដែលបានធ្វើសកម្មភាពយ៉ាងខ្លាំងខ្លាដោយបានបង្កើតក្រុមគ្រួសារបព្វជិត អ្នកស្រឡាញ់ព្រះយេស៊ូបូជាព្រះជន្មនៅលើឈើឆ្កាង (THE LOVERS OF THE HOLY CROSS) ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ក្នុងគោលបំណងឲ្យមានក្រុមគ្រួសារបុព្វជិតា ជួយសហការណ៍ក្នុងកិច្ចការផ្សាយដំណឹងល្អចំពោះអ្នកកាន់សាសនាដទៃ។គោលដៅ(THE PURPOSE AND MISSION)
ក្រុមគ្រួសារបព្វជិតាស្រឡាញ់ព្រះឈើឆ្កាងនេះ មានគោលដៅបន្តព្រះរាជកិច្ចសង្គ្រោះរបស់ព្រះយេស៊ូ ដោយធ្វើសកម្មភាពក្រោមការដឹកនាំរបស់លោកអភិបាលប្រចាំភូមិភាគ និងសហការណ៍ជាមួយលោកបូជាចារ្យក្នុងការបំរើព្រះសហគមន៍ ជួយផ្សព្វផ្សាយដំណឹងល្អទទួលមុខងារអប់រំជំនឿ ចិញ្ចឹមនិងថែរក្សាក្មេងកំព្រា អប់រំស្ត្រី និងបង្រៀនក្នុងសាលារៀន។
គោលសទ្ឋិនៃអ្នកបង្កើតក្រុមគ្រួសារ (THE SPIRIT OF THE FOUNDER)សមាជិកក្នុងក្រុមគ្រួសារបព្វជិតាស្រឡាញ់ព្រះឈើឆ្កាងនេះត្រូវនឹកញ្ជឹងគិតអំពីការរងទុក្ខលំបាក និងការបូជាព្រះជន្មរបស់ព្រះយេស៊ូនៅលើឈើឆ្កាង ដែលជាមាគ៌ាដ៏ល្អបំផុត ដើម្បីស្គាល់ព្រះយេស៊ូគ្រីស្ត ព្រមទាំងស្រឡាញ់ព្រះអង្គគឺឲ្យព្រះយេស៊ូគ្រីស្ត ដែលបានបូជាព្រះជន្មនៅលើឈើឆ្កាងមានព្រះជន្មរស់ជានិច្ចក្នុងជីវិតរបស់ខ្លួន និងហ៊ានលះបង់ព្រមទាំងបូជាជីវិតថ្វាយព្រះអង្គ ដោយការបន្តបេសកកម្មរបស់ក្រុមគ្រួសារ ឲ្យស្របតាមព្រះគម្ពីរដំណឹងល្អដែលបានចាក់ឬសក្នុងវប្បធម៌ប្រទេសនីមួយៗ និងក្រោមការដឹកនាំរបស់ព្រះសហគមន៍។
១- គ.ស ១៦៧០ លោកក បានបង្កើតក្រុមគ្រួសារបព្វជិតាស្រលាញ់ព្រះឈើឆ្កាងនៅកុងតឹង (TONKIN)
គឺនៅហាណូយ ប្រទេសវៀតណាមសព្វថ្ងៃ។
២- គ.ស ១៦៧១ លោកកបានបង្កើតក្រុមគ្រួសារបព្វជិតា ឡ្រាញ់ឈើឆ្កាងនៅកូសាំងស៊ីន (COCHINCHINA) ប្រទេសវៀតណាមសព្វថ្ងៃ។
៣- គ.ស ១៦៧២ លោកកបានបង្កើតក្រុមគ្រួសារបព្វជិតា ឡ្រាញ់ព្រះឈើឆ្កាងនៅអាយុធ្យា(AYUTTHYA)ប្រទេសថៃសព្វថ្ងៃ។ លោកឡាំប៊ែរដឺឡាម៉ុត ទទួលមរណៈភាពនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៦៧៩។ ទោះបីលោកទទួលមរណៈភាពក្តី ប៉ុន្តែឥទ្ឋិពលខាងជំនឿ និងព្រះអំណោយទានដ៏ពិសេសរបស់លោកបានបណ្ដុះបណ្ដាលឲ្យកើតជាក្រុមគ្រួសារ ស្រឡាញ់ព្រះឈើឆ្កាង ដែលមានលក្ខណៈជាក្រុមគ្រួសារបព្វជិតាប្រចាំភូមិភាគដូចជានៅៈ
៤- នៅប្រទេសកម្ពុជា ក្រុមគ្រួសារព្វជិតនេះបានកកើតនៅគ.ស ១៧៧២ នៅប្រាំបីឆោម ដោយមានលោកឡឺវ៉ាវ៉ាសឺ(LEVAVASSEUR)ជាអ្នកទទួលខុសត្រូវក្រុមគ្រួសារបព្វជិតានេះ។ ក្នុងឆ្នាំ១៧៨២ សៀមបានវាយចូលបន្ទាយលង្វែកហើយត្រូវបានបំផ្លាញខ្ទេចខ្ទីដោយសារសង្គ្រាមនៅសម័យនោះ។ នៅឆ្នាំ១៧៩០ ក្រុមគ្រួសារបព្វជិតានេះបានកើតម្តងទៀតនៅខេត្តបាត់ដំបង។នៅឆ្នាំ១៨៤៨ ក្រុមគ្រួសារបព្វជិតានេះបានកើតនៅពញាឭ ដោយមានលោកមីស(MICHE)ជាអ្នកទទួលខុសត្រូវ។នៅឆ្នាំ ១៨៦២ ក្រុមគ្រួសារបព្វជិតានេះ មានផ្ទះនៅឫស្សីកែវ ភ្នំពេញ
ដោយមានលោកបូស៊ូ(BOUCHUR) ជាអ្នកទទួលខុសត្រូវអប់រំជំនឿ។ គេមានអាវវែង និងក្រណាត់រុំក្បាលពណ៌ខ្មៅ។ សមាជិកក្នុងក្រុមបព្វជិតា ត្រូវធ្វើពាក្យសច្ចាជារៀងរាល់ឆ្នាំ។
នៅឆ្នាំ១៩៤២ បព្វជិតាក្រុមនេះនៅប្រទេសកម្ពុជាមានចំនួន១១៥នាក់។
សព្វថ្ងៃនេះ ដោយមានការអនុញ្ញាតិពីវ៉ាទីកង់ គេបានធ្វើការកែសំរួលធម្មនុញ្ញក្រុមរបស់គេ។
នៅឆ្នាំ១៩៤៣ បានចាប់ផ្តើមដំណើរការទទួល (NOVICES) តាមធម្មនុញ្ញថ្មី។
៥- ប្រទេសម៉ាឡេស៊ី (MALAYSIA)នៅពូឡូពីឡាំង បានកើតនៅ គ.ស ១៧៨២
៦- នៅប្រទេសថៃក្រុមគ្រួសារបព្វជិតាស្រឡាញ់ព្រះឈើឆ្កាង នៅភូមិភាគច័ន្ទបូរី (CHANTHABURI) បានកកើតនៅគ.ស ១៨០៣ រហូតមកដល់សព្វថ្ងៃ។
៧- ក្រុមគ្រួសារឡ្រាញ់ព្រះឈើឆ្កាងនៅអ៊ូបុនរ៉ាចឆាថានី (UBUNRATCHAT HANI) បានកើតនៅ គ.ស ១៨៨៩ ដោយលោកកង់ស្តង់ យ៉ូហាន បាទីស្តប្រូឌុម(PRODHOMME) ជាសាសនទូតជនជាតិបារាំងមកពីក្រុមសាសនទូតនៅក្រៅទីក្រុមប៉ារីស (CONSTANT PARIS FOREIGN MISSIONS SOCIETY) បានយកវិន័យក្រុមគ្រួសារស្រឡាញ់ព្រះឈើឆ្កាងរបស់លោកឡាំប៊ែរដឺឡាម៉ុត មកបង្កើតជាក្រុមគ្រួសារបព្វជិតាស្រឡាញ់ព្រះឈើឆ្កាងនៅអ៊ូប៊ុនរ៉ាឆាថានី។
សព្វថ្ងៃក្រុមគ្រួសារនេះ មានសមាជិកដែលថ្វាយពាក្យសច្ចាអស់មួយជិវិតចំនួន១២៥នាក់។
- អ្នកត្រៀមរៀបចំខ្លួនជា(NOVICES)ចំនួន៧នាក់
- អ្នកស្ម័គ្រចិត្ត(POSTULANTS)ចំនួន៤នាក់
- អ្នកចាប់អារម្មណ៍កំពុងរិះគិតពីការត្រាស់ហៅ(ASPIRANTS)ចំនួន ១៦នាក់
សព្វថ្ងៃក្រុមគ្រួសារនេះ កំពុងបន្តភារកិច្ចក្នុងភូមិភាគ២គឺៈ
- នៅភូមិភាគអ៊ូប៊ុនរ៉ាចឆាថានី រួមមាន៧ខេត្ត
- នៅភូមិភាគណាខនរ៉ាចស៊ីម៉ា (NAKHONRATSIMA) រួមានបីខេត្ត
៨- ក្រុមគ្រួសារស្រឡាញ់ព្រះឈើឆ្កាងនៅប្រទេសឡាវ(LAOS) បានកកើតនៅគ.ស ១៩០០។
៩- ក្រុមគ្រួសារបព្វជិតាស្រឡាញ់ព្រះឈើឆ្កាងនៅថារែសកុណះខន (SAKONNAKHON) ដែលបានកើតនៅគ.ស ១៩២៣ រហូតមកដល់សព្វថ្ងៃ។
Article Source: ការិយាល័យពត៌មានកាតូលិក កម្ពុជា
|