|
ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងបើកវគ្គសិក្សាថ្មីនៅបន្ទាយព្រាប
Posted: 1st March 2007
សិស្សនៃសាលាបន្ទាយព្រាប
|
ភ្នំពេញ (C.S.C)៖ នេះជាវគ្គទី២០ហើយរបស់មណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវះជនពិការបន្ទាយព្រាបនៅឆ្នាំ២០០៧។ ជាមួយនឹង ការបើកវគ្គថ្មីក៏មានការប្រារព្ឋពិធីបិទវគ្គ និងចែកសញ្ញាប័ត្រដល់បណ្តាសិស្សដែលបានបញ្ចប់នៅមណ្ឌលនេះ ផងដែរ ក្រោមអធិបតេយ្យភាពលោកទូច ផុន ប្រធានមន្ទីរសង្គមកិច្ចខេត្តកណ្ដាល បងស្រីឌេន នីស ជាយិការ លោកគ្រូអ្នកគ្រូព្រមទាំងបុគ្គលិកអង្គការ JSជាច្រើននាក់ទៀតផង។
នៅវគ្គថ្មីនេះមានសិស្សចំនួន១២២នាក់ ក្នុងចំនួននេះមានសិស្សស្រីចំនួន៣០នាក់។ ការជ្រើសរើសសិស្ស ឲ្យមករៀនវិជ្ជាជីវៈក្នុងវគ្គនីមួយៗបុគ្គលិកមណ្ឌល និងតំណាងអង្គការបានចុះទៅមូលដ្ឋានដោយផ្ទាល់ មានការ ទំនាក់ទំនងជាមួយអាជ្ញាធរដែនដី ការិយាល័យសង្គមកិច្ចស្រុកដើម្បីពិនិត្យលក្ខណៈពិការ ស្ថានភាពជីវភាព គ្រួសារ បំណងចង់ទទួលការសិក្សា ជាពិសេសពិនិត្យលើតម្រូវការមុខជំនាញឲ្យសមស្របតាមមូលដ្ឋានរបស់ គេ។ សិស្សដែលបានសិក្សាក្នុងមណ្ឌលនេះមកពីបណ្ដាខេត្តមួយចំនួនមាន ខេត្តបាត់ដំបង កំពង់ស្ពឺ តាកែវ សៀមរាប បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ចាម និងរាជធានីភ្នំពេញផងដែរ។
ក្រៅពីនេះមណ្ឌលសហប្រតិបត្តិការជាមួយបណ្ដាអង្គការមួយចំនួនផ្សេងទៀតផងដែរ។ ចំពោះជនពិការដែល ត្រូវបណ្ដុះបណ្ដាលវិជ្ជាជីវៈមានកំរិតវប្បធម៌មិនស្មើគ្នាទេ ដូចនេះមណ្ឌលមានវគ្គបំប៉នពិសេសរយៈពេល៣ខែ មុន និងចាប់ផ្តើមវគ្គ។ នៅក្នុងការបណ្ដុះបណ្ដាលនេះរួមមាន៦ជំនាញដូចជា ជំនាញជាងកាត់ដេរ ជាងឈើ ជាងចម្លាក់ ជាងម៉ាស៊ីន ជាងអេឡិចត្រូនិច និងជំនាញផ្នែកកសិកម្ម។
ក្រៅជំនាញទាំងនេះមណ្ឌលបានបញ្ជូលនូវជំនាញបន្ថែមទៀតដូចជា៖ កសិកម្មគ្រួសារ ជំនួញខ្នាតតូច សីលធម៌ សង្គម អំពើហឹង្សាក្នុងគ្រួសារ អនាម័យសុខភាព ជំងឺអេដស៍ សិទ្ឋិមនុស្ស និងច្បាប់គោលផ្សេងៗ។ សិស្សវគ្គទី ១៩ដែលទទួលវិញ្ញាបនប័ត្រមានចំនួន៧៤នាក់ ក្នុងនោះមានសិស្សនារី១៥នាក់។ មណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជី វៈជនពិការបន្ទាយព្រាបបាននឹងបន្តការជួយជនពិការឲ្យមានជំនាញច្បាស់លាស់ រស់នៅក្នុងសង្គមដោយភាព ថ្លៃថ្នូរ ព្រោះថា ជនពិការជាមនុស្សដែលអាចមានសមត្ថភាពដូចមនុស្សដទៃទៀតដែរ។
Article Source: JS Cambodia
|