|
ដុនបូស្កូក្រុងព្រះសីហនុបើកសាលាសណ្ឋាគារសំរាប់សិស្សក្រីក្រ
Posted: 15th February 2007
ព្រះមហាក្សត្រនិងលោក ចនវីស័រ
|
ក្រុងព្រះសីហនុ (C.S.C)៖ សាលាសណ្ឋាគារមួយខ្នងសំរាប់សិស្សក្រីក្រ របស់អង្គការមូលនិធិដុនបូស្កូ ក្នុងសាលាបច្ចេកទេលដុនបូស្កូក្រុងព្រះស៊ីហនុ ត្រូវបានសម្ពោធ ក្រោមព្រះរាជ្យអធិបតេយភាពរបស់ព្រះករុណាព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ក្នុងព្រះរាជដំណើរទស្សនកិច្ចលើកដំបូងរបស់ព្រះអង្គនៅទីក្រុងនេះ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០០៧កន្លងទៅ ។
មានព្រះបន្ទូលសំណេះសំណាលនៅក្នុងឱកាសនោះ ព្រះមហាក្សត្រមានព្រះរាជហឫទ័យរំភើប រីករាយ និងថ្លែងអំណរគុណចំពោះ អង្គការមូលនិធិដូនបូស្កូកម្ពុជា នៅក្រុងព្រះសីហនុដែលបានខិតខំបង្កើតសាលាបច្ចេកទេស ដើម្បីបណ្ដុះបណ្ដាលកុមារកំព្រា យុវជនក្រីក្រឲ្យទទួលបាននូវមុខវិជ្ជាជីវៈគ្រប់ៗគ្នា។ ព្រះអង្គបញ្ជាក់ថា ការលើកស្ទួយស្ថានភាពកុមារ និងយុវជនកម្ពុជាជាភារកិច្ច ចំបងមួយដ៏សំខាន់ សូមគោរពនិងកោតសរសើរដ៏ស្មោះស្ម័គ្រ។ នៅក្នុងឱកាសដ៏ប្រសើរនេះព្រះបាទព្រះ បរមនាថ ក៏មានព្រះរាជបន្ទូល ផ្តាំផ្ញើ ចំពោះសិស្សានុសិស្សប្រហែល១០០០នាក់ នៃសាលាបច្ចេកទេសដុនបូស្កូគ្រប់រូប ឲ្យខិតខំរៀនសូត្រ គោរពវិន័យ គោរពលោកគ្រូអ្នកគ្រូ និងអាណាព្យាបាល ដើម្បីទទួលនូវចំណេះដឹងផ្សេងៗសំរាប់កសាងខ្លួន គ្រួសារ សង្គម និងបានរួមចំណែកក្នុងការ កសាងអភិវឌ្ឍ ប្រទេសជាតិ ឲ្យបានជឿនលឿនតទៅមុខ។ ព្រះអង្គក៏បាននាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខ របស់សម្តេចតា សម្តេចយាយ ចំពោះកូនចៅ ព្រះអង្គផងដែរ។
នៅក្នុងឱកាសដ៏មហាឧឡារិកនេះ លោកឪពុកប្រធានអង្គការមូលនិធិដុនបូស្កូ យ៉ូហាន វិស័រ មានប្រាសាសន៍ទូលថ្វាយព្រះករុណា អង្គពិធីថា សាលាដុនបូស្កូ បង្រៀន សិស្សឲ្យក្លាយ ជាមនុស្សមានជំនាញពិតប្រាកដ មានដូចជា ផ្នែកក្រឡឹង ជួសជុលរថយន្ត ផ្សា អគ្គីសនី អេឡីចត្រូនិច និងលេខាធិការ ហើយឥឡូវនេះមានផ្នែកថ្មីមួយទៀតគឺសណ្ឋាគារ។ ការជ្រើសរើសសិស្សរបស់សាលា គឺផ្តល់អាទិភាពទៅឲ្យកុមារកំព្រា និងយុវជនដែលមកពីគ្រួសារក្រីក្រ។ ក្នុងក្តីសង្ឃឹមថា ការជួយរបស់សាលាអាចផ្តល់ឲ្យជីវិតគ្រួសារ របស់ពួកគេអាចចេញផុតពីរង្វង់នៃភាពក្រីក្របាន។
សាលាបច្ចេកទេសដុនបូស្កូ ស្ថិតនៅក្នុងគំរោងរបស់អង្គការមូលនិធិដុនបូស្កូ ជាអង្គការកាតូលិកអន្តរជាតិមួយ ជួយបង្រៀន ផ្នែកបច្ចេកទេស ដែលមានសកម្មភាពចំនួន ១២៨ប្រទេសលើពិភពលោក ក្រោមជួយការឧបត្ថម្ភពីសប្បុរសជនជាច្រើន។ នេះបើតាមប្រសាសន៍របស់លោកឪពុកប្រធាន។
ជាក់ស្តែងសាលាសណ្ឋាគារដែលបើកសម្ពោធនៅថ្ងៃនេះ ជាការផ្តើមគំនិត រួមមានលោក វាំងសង់ដឹសង់ លោកស្រីសាឡូត និងជាច្រើនទៀត នៅក្នុងមូលនិធិសាមគ្គី។ ជំនួយពីប្រទេស នតឌីឡែន អៀកឡង់ និងអ៊ីតាលីជាដើម។
សាលាសណ្ឋាគារថ្មីមួយនេះបាន បើកទទួលសិស្សតាំងពីថ្ងៃទី ៥ ខែកុម្ភៈមកម្លេះ ដែលមានសិស្សចួលរៀនចំនួន ៥០នាក់។ នេះបើតាមការឲ្យដឹងពីបងប្រុស រ៉ូបែតូ ដែលជានាយកសាលា។ បងប្រុសបញ្ជាក់ ផ្នែកនេះ មានមុខវិជ្ជាដូចជា ធ្វើម្ហូបមានសិស្ស ១២នាក់ ការិយាល័យមានសិស្ស ១៣នាក់ អាហារដ្ឋាន និងបា សិស្ស ១៤នាក់ និងមុខវិជ្ជារៀបចំបន្ទប់ សិស្ស១១នាក់។ សិស្សទាំងអស់អាចអនុវត្តន៍ផ្ទាល់ជាមួយនឹងភ្ញៀវដែលមកស្នាក់នៅក្នុងសណ្ឋាគារនេះ។
សណ្ឋាគារ នេះមានចំនួន ១៩ បន្ទប់ ហើយនៅមិនឆ្ងាយប៉ុន្មានពីឆ្នេរអូឈើទៀល ដ៏ស្រស់ស្អាត និងល្បីឈ្មោះនៃឆ្នេរ សមុទ្រកម្ពុជាឡើយ។ សំរាប់ការស្នាក់នៅបងប្រុសនាយកបានឲ្យដឹងថា "មួយយប់ពី ៣០ដុល្លារ ទៅ ៣៥ ដុល្លារ "ដែលនឹងបើទទួលភ្ញៀវក្នុង ពេលឆាប់ៗខាងមុខនេះ។
សាលាបច្ចេកទេសដុនបូស្កូ បង្កើតឡើងដោយក្រុមគ្រួសារសាឡេស៊ានដុនបូស្កូ សំរាប់យុវជននៅឆ្នាំ ១៨៨៨។ សាលាបច្ចេកទេសនេះមានវត្តមាននៅក្នុងប្រទេសកម្ពុជានៅឆ្នាំ ១៩៩១។ បច្ចុប្បន្នមានប្រាំទីតាំងនៅប្រទេសកម្ពុជាគឺនៅប៉ោយប៉ែត ក្រុងព្រះសីហនុ ក្រុងភ្នំពេញ ក្រុងកែប និងខេត្តបាត់ដំបង។
Article Source: ការិយាល័យពត៌មានកាតូលិក កម្ពុជា
|