|
កំពង់សោម៖ ថ្នាក់រៀនកណ្ដាលភូមិស្តុក
Posted: 25th February 2007
សិស្សនិងគ្រួនៅក្នុងថ្នាក់រៀន
|
ុកំពង់សោម (C.S.C)៖ នៅតាមបណ្ដោយចិញ្ចើមផ្លូវរថភ្លើងដ៏ទ្រុឌទ្រោមមួយកន្លែង ក្នុងមណ្ឌល ១ សង្កាត់ ទំនប់លលក ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ មានខ្ទម សង់ពីឈើផុតដីជាច្រើនខ្នង ប្រក់ ស្លឹក ស្បូវ រឺក្រណាត់កៅស៊ូចាស់ៗ មានទំហំ ពី២ម គុណ ២ម ឡើងទៅប៉ុន្តែមិនលើស ៤ម គុណ ៥ម ឡើយ។ ប្រជាជននៅទីនេះ ជាប្រជាជនថ្មីត្រូវបានផ្លាស់ប្តូរ ទីកន្លែងជាច្រើន លើកច្រើនសារ។ ពេលយីងចូលទៅខាងក្នុងភូមិនេះ មានលឺសូរសំលេង ខ្ញៀវខ្ញារ ចេញពីក្រោមផ្ទះមួយ ដែលមានអំពូល ភ្លើងមួយបំភ្លឺប្លុងៗ នោះគឺជាថ្នាក់រៀនសំរាប់កុមារក្នុងភូមិនេះ។
អ្នកស្រី ឈុន វណ្ណី ជាគ្រូបង្រៀនក្នុងថ្នាក់នេះ បានបញ្ជាក់ថា "នៅក្នុងភូមិនេះ ប្រជាជនមានជីវភាពក្រីក្រណាស់ " ដោយសារពួកគេជាប្រជាជនថ្មី ប្រកបមុខរបរជាកម្មករ កំពង់ផែ កម្មករសំណង់ រើសអេតចាយជាដើម។
ដូចនេះក្មេងក្នុងភូមិគ្មាន ឱកាសបានទៅរៀន ប៉ុន្មានទេ ដោយត្រូវជួយឪពុកម្តាយ រើសអេដចាយ និងប្រកបរបរផ្សេងៗដើម្បីជួយគ្រួសារ"។ អ្នកគ្រួរូបនេះបន្តដោយទឹក មុខស្រពោនថា អ្នកស្រីមានការអាណិតក្មេងៗទាំងនេះខ្លាំងណាស់ វ័យនេះគេកំពង់ ចង់សិក្សារៀនសូត្រ គេចង់ចេះអាន ចេះសរសេរ។ គេស្រឡាញ់ការសិក្សាខ្លាំងណាស់តាមការសង្កេតរបស់អ្នកស្រី។
កុមារី ផេង ស្រីណា អាយុ ៨ឆ្នាំ ជាក្មេងកំព្រាម្តាយ រស់នៅជាមួយឪពុក និងប្អូនៗពីរនាក់ទៀត។ ប្អូនជាសិស្សក្នុងថ្នាក់ រៀននេះដែរនោះបានប្រាប់អ្នកនាំសារយើង ទាំងអាការអៀនប្រៀនថា "ខ្ញុំចង់ចេះអាន និងសរសេរអក្សរដូចគេ "។ នាងបន្តថា រាល់ថ្ងៃនាងទៅរៀនសាលារដ្ឋដែរ តែមិនបានទៀងទាត់ឡើយ ដោយពេលថ្ងៃនាង ត្រូវទៅរើសអេតចាយ និងជួយការងារផ្សេងទៀតដែរ។ នៅទីនេះនាងមករាល់ថ្ងៃ ព្រោះជាពេលទំនេរហើយ។ អ្នកស្រី ឈុន វណ្ណី អោយដឹទៀត ថា អ្នកស្រីចង់ជួយឲ្យកូនៗទាំងនេះ មានចំណេះខ្លះ ពេលពេញវ័យ ធ្វើការអ្វីក៏ដោយក៏ត្រូវការអ្នក ចេះអក្សរដែរ។ អ្នកស្រី បញ្ជាក់ដោយខ្លួនឯងថា អ្នកស្រីគ្មានចំណេះខ្ពង់ខ្ពស់នោះទេ តែអ្នកស្រីចង់ជួយ ។ កម្មវិធីនេះឧបត្ថម្ភដោយ ព្រះសហគមន៍កាតូលិកក្រុងព្រះសីហនុ។
លោកចិន ម៉ៅ គណកម្មការព្រះសហគមន៍ បានអោយដឹងដែរថា ព្រះសហគមន៍យកចិត្តទុកដាក់ ចំពោះក្មេងទាំង នេះណាស់ ដោយគេជាក្មេងក្រីក្រ អវិជ្ជា ដូច្នេះគេងាយនឹងដើរឆ្ងាយពីសង្គម ដូចជា សេពគ្រឿងញៀនជាដើម។ គោលដៅ ព្រះសហគមន៍គឺជួយក្មេងអោយចេះអាន សរសេរ និងមានចំណេះដឹងខ្លះសំរាប់អនាគតពួកគេ។ ជំនួយទាំងអស់នេះ គឺបានមកពីការចូលរួមរបស់យុវជន រួមជាមួយព្រះសហគមន៍ ។ ការជួយនេះគឺជួយដោយក្តី ស្រឡាញ់។ លោកបូជាចារ្យ វិរជ័យ ជាបូជាចារ្យទទួលខុសត្រូវនៅក្រុងព្រះសីហនុបានបញ្ជាក់ដែរ ថា"កម្មវិធីនេះ គឺធ្វើសាកល្បងទេ យើងចង់ជំរុញអោយគេយកចិត្តទុកដាក់ការរៀនសូត្រ រួចហើយព្រះសហគមន៍នឹងជួយបញ្ជូន ចូលរៀននៅសាលារដ្ឋផងដែររហូតគេធំ " ។
Article Source: ការិយាល័យពត៌មាន កាតូលិក កម្ពុជា
|