|
លោកទៅចោលយើង ដោយពុំបានត្រៀមខ្លួន
Posted: 6th February 2007
លោក បូជាចារ្យ ម៉ារីយ៉ាណូ
|
ភំពេញ (C.S.C)៖ កាលពីថ្ងៃទី ២៦ ខែ មករា ឆ្នាំ២០០៧ ក្រុមគ្រូសារ ពីមេ ព្រមទាំង ព្រះសហគមន៍នៅ ប្រទេសកម្ពុជាមាន សេចក្តីសោកសង្រេងយ៉ាងខ្លាំង ដោយ លោកឪពុក ម៉ារីយ៉ាណូ ដ៏ជាទីស្រឡាញ់របស់យើងរាល់គ្នាបានទទួល មរណភាព ឃ្លាតឆ្លាយពីយើងរហូតទៅ។ គ្រប់គ្នាមិនអាចទទួលយកនូវដំណឹងដ៏សោកសៅ នេះបាន មិនជឿនឹងត្រចៀកដែលស្តាប់លឺ និងភ្នែកដែលបានអានព័ត៌មានអំពីលោកឡើយ។ ធ្វើឲ្យយើងម្នាក់ៗមានការរន្ឋត់ចិត្ត ស្តាយស្រណោះលោកជាខ្លាំង។
នៅក្នុងអភិបូជាសំរាប់វិញ្ញាណខ័ក្ខរបស់លោកឪពុកម៉ារីយ៉ាណូថ្ងៃទី ២៧ មករា២០០៧ នៅភ្នំពេញ លោក អេមីល ដេតម្ប អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញបានមានប្រសាសន៍ ថា៖ " ហេតុអ្វីបានជាលោក ម៉ារីយ៉ា ទៅចោលយើង ដោយមិនប្រាប់យើងមុនដូច្នេះ?" នេះភាសាស្តាយ ស្រណោះរបស់លោកអភិបាលចំពោះ លោកឪពុក។ លោកអភិបាលក៏បានលើទឹកចិត្តដល់ក្រុម ពីមេ ដែលកំពុងបំរើប្រជាជនខ្មែរ ដោយធ្វើសក្ខីភាពពីលោក ម៉ារីយ៉ាណូ ថា លោកមិនឃើញលោក ម៉ារីយ៉ាណូ មានមុខក្រៀមម្តងណាឡើយ អាចសន្និដ្ឋានបានថាលោកមានជំនឿយ៉ាងខ្លាំង។ លោកអភិបាលមានជំនឿថា លោកម៉ារីយ៉ាណូ រួមនឹងអ្នកចែកឋានទាំងអស់ នឹងជួយយើងឲ្យឈ្នះនូវរាល់ឧបសគ្គទាំងឡាយ លោកមិន ចោលយើងឡើយ។ អរព្រះគុណព្រះជាម្ចាស់ សំរាប់រាល់សកម្មភាពដ៏ល្អរបស់លោកនៅប្រទេសកម្ពុជា ដែលជាសក្ខីភាពពីព្រះរាជ្យរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសមួយនេះ។
នៅថ្ងៃបន្ទាប់ ឯព្រះសហគមន៍កំពង់ឆ្នាំង ក៏មានថ្វាយអភិបូជាសំរាប់លោកម៉ារីយ៉ាណូផងដែរ ដោយមានការចូលរួមពី គ្រីស្តបរិស័ទតំបន់កំពង់ឆ្នាំងយ៉ាងច្រើន ដែលពារពេញដោយទឹកភ្នែក ភាពស្តាយ ស្រណោះ អាឡោះអាឡៃលោកយ៉ាងពន្លឹក។ លោកគឺជាមនុស្សម្នាក់ដែលបាកយកចិត្តទុកដាក់ ចំពោះអ្នកជំងឺ អ្នកក្រីក្រ។ ល។ លោកជាមនុស្សសាមញ្ញ លោកតែងជួយលើកទឹកចិត្តមនុស្សគ្រប់រូបអោយមានសង្ឃឹម។ នៅព្រះសហគមន៍កំពង់ឆ្នាំងលោកបានចំណាយពេលយ៉ាងច្រើន មានគំរោងជាច្រើនត្រូវបំពេញ។ ប៉ុន្តែលោកបានទៅចោលយើង ដោយពុំបានត្រៀមខ្លួនជាមុន។ លោកទៅមែនតែបេះដូងនៅ ធ្វើអោយយើងចាំជានិច្ចនូវសកម្មភាព និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះ ព្រះសហគមន៍ក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជាព្រះសហគមន៍នៅកម្ពុជាទាំងមូលដែរ។សូមអរព្រះគុណព្រះជាម្ចាស់សំរាប់ការបន្ទាបខ្លួនរបស់លោក។ យើងនឹងចងចាំជានិច្ចនូវរូបរបស់គាត់។សូមឲ្យយើងគ្រប់រូបបានលើកតំកើងសេរីរុងរឿងដូចជីវិតរបស់លោកដែរ។
Article Source: ការិយាល័ផ្សព្វផ្សាយពត័មានព្រះសហគមន៍កាតូលិកកម្ពុជា
|