|
ស្នាមញញឹមថ្ងៃខួប ៤៥០ ឆ្នាំព្រះសហគមន៍កាតូលិក
Posted: 5th December 2006
|
តាំងគោក (C.S.C) មនុស្សម្នាប្រមាណជាជាង ២ ពាន់នាក់បានធ្វើដំណើរមកពីគ្រប់ព្រះសហគមន៍នៅទូទាំងប្រទេសកម្ពុជា មកជួបជុំគ្នា ដើម្បី ប្រារព្ឋខួប ៤៥០ ឆ្នាំព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា ដែលបានប្រារព្ឋឡើងនាថ្ងៃទី ៣ ធ្នូ ២០០៦ នៅព្រះវិហារ តាំងគោក ក្នុងខេត្តកំពង់ធំ ដែលជាកន្លែងនឹករលឹកដល់អស់ទាំងមរណសាក្សីនៅក្នុងប្រទេសកម្ពុជា។
នេះជាលើកទី១ ហើយដែលព្រះសហគមន៍កាតូលិកនៅកម្ពុជាប្រារព្ឋធ្វើពិធីបុណ្យមួយដ៏ធំដែលមិនដែលមានកន្លងមក ហើយនេះអាចនិយាយបានថា ជាប្រវត្តិសាស្ត្រមួយនៃព្រះសហគមន៍កាតូលិកនៅព្រះរាជាណាចក្រកម្ពុជា។
គោលបំណងរបស់កម្មវិធីនេះ គឺដើម្បីអរព្រះគុណព្រះជាម្ចាស់ ដែលបានប្រោសប្រទានឲ្យប្រទេសកម្ពុជាមានប្រជាជនខ្លះ បានស្គាល់ព្រះយេស៊ូ ហើយបានរស់នៅជាព្រះសហគមន៍និងធ្វើជាសាក្សីបន្ទាល់នៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំ ពោះមនុស្សទាំងអស់។
របាំក្ងោកនៃក្រុមសិល្បៈព្រះសហគមន៍តាហែន បានរាំយ៉ាងទន់រំពេននាំមុខក្បួនដង្ហែលោកអគ្គរាជទូត លោកអភិបាល លោកបូជាចារ្យ និងគ្រីស្តបរិស័ទជាច្រើនរូបទៀត។ ស្របពេលនោះដែរលោកអគ្គរាជទូតនៃព្រះអាសនៈសម្តេចប៉ាប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើដំនើរមួយជុំដើម្បីបាចទឹកព្រះពរដល់គ្រីស្តបរិស័ទដែលមានវត្តមានក្នុងពិធីនោះផងដែរ។ កំពុងអង្គុយនិយាយលេងជាមួយមិត្តភក្តិចាស់ និងបង្កប់ទៅដោយស្នាមញញឹមបញ្ចេញនូវភាពសប្បាយ កញ្ញាដួង ច័ន្ទធីតា មកពីព្រះសហគមន៍សៀមរាបបានបង្ហាញពីអារម្មណ៍រីករាយ និងរំភើបដែលបានមកចូលរួមនៅក្នុងឱកាសនោះ ជាពិសេស គឺកម្មវិធីនេះមានលក្ខណៈប្លែកដែលមិនធ្លាប់បានឃើញមាននៅព្រះសហគមន៍សៀមរាប។
កញ្ញាបានឲ្យដឹងថា វាមានលក្ខណៈប្លែកច្រើនសំរាប់រូបនាង ដោយនាងបានស្គាល់ព្រះវិហារតាំងគោក បានជួបមិត្តភក្តិចាស់ ដែលបានបែកគ្នាយូរ និងការថ្វាយអភិបូជាដែលមានមនុស្សច្រើនដែលនាងមិនដែលបានចូលរួម។ ធីតាយល់ថា វាមានផល ប្រយោជន៍ច្រើនដែលធ្វើឲ្យយើងរំលឹកដល់បូជាចារ្យ លោកអភិបាល និងគ្រីស្តបរិស័ទជាច្រើនទៀតដែលបានទទួលមរណៈ កាលទៅ។
លោកអភិបាលភូមិភាគភ្នំពេញ លោកអេមីល ដេតម្ប បានមានប្រសាសន៍ទៅកាន់គ្រីស្តបរិស័ទ និងភ្ញៀវកិត្តិយសក្នុងពិ ធីដ៏អស្ចារ្យនោះ ប្រកបដោយអត្ថន័យខ្ពង់ខ្ពស់ថា "ពិធីបុណ្យថ្ងៃនេះ មិនមែនគ្រាន់តែជាពិធីបុណ្យនឹករលឹកដល់ប្រវត្តិ សាស្ត្ររបស់ព្រះសហគមន៍ប៉ុណ្ណោះទេ ពិធីនេះគឺជាការត្រាស់ហៅមួយឲ្យយើងបន្តបេសកកម្មរបស់ព្រះគ្រីស្តជាព្រះអម្ចាស់ ដែលទ្រង់បានប្រគល់ឲ្យក្រុមគ្រីស្តទូត មុនពេលដែលព្រះអង្គបានចាកចេញពីពួកគេ"។ ចូរយើងនាំគ្នាទៅគ្រប់ទីកន្លែងក្នុង ពិភពលោកទាំងមូល ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់។
លោកអិលឈិញជាអ្នកទទួលខុសត្រូវមណ្ឌលយុវជនបច្ចេកទេសព្រះសហគមន៍កាតូលិកបឹងត្របែកបានមានប្រសាសន៍ ក្នុងវេលាព្រឹកនោះដែរថា "នេះជាកម្មវិធីដ៏អស្ចារ្យមួយសំរាប់ព្រះសហគមន៍កាតូលិកនៅកម្ពុជា"។ លោកបន្តថា ការធ្វើ បែបនេះ ជាឱកាសមួយសំរាប់គ្រីស្តបរិស័ទទាំងអស់ជួបជុំគ្នា និងរំលឹកដល់អតីតកាលដែលព្រះសហគមន៍ចូលមកស្រុកខ្មែរ។
ក្រោយពីសំរាកទទួលទានអាហារថ្ងៃត្រង់ និងការច្រៀងលេងកំសាន្តរបស់ក្រុមយុវជនប្រមាណជា ២ ម៉ោងបន្ទាប់ទៀត លោកអគ្គរាជទូត លោកបូជាចារ្យ គ្រីស្តបរិស័ទ គ្រប់ភូមិភាគបានមកជួបជុំគ្នាម្តងទៀតដើម្បីរៀបចំពិធីពិសេសមួយទៀត គឺ ពិធីបាចទឹកព្រះពរលើស្តូបអនុស្សាវរីយ៍ និងក្រុមឆៃយាំអមជាមួយផងដែរ។
អ្នកនាងចាន់ សេរី ដែលមើលទៅហាក់ដូចជាអស់កម្លាំង និងហត់នឿយបន្តិច ប៉ុន្តែនៅលើផ្ទៃមុខរបស់គាត់នៅតែស្រស់ ស្រាយ និងដក់ជាប់នូវស្នាមញញឹមជានិច្ច។ អ្នកនាងបានបន្លឺសំលេងដោយវាចារសុភាពរាបសារថា នេះជាលើកទី ១ ដែល គាត់បានចូលរួម ហើយគាត់មានអារម្មណ៍សប្បាយរីករាយមែនទែន។ "ខ្ញុំដឹងថា ព្រះសហគមន៍កើតមានឡើងយូរហើយ តែមិនដឹងថា ប៉ុន្មានឆ្នាំទេទើបតែថ្ងៃនេះបានដឹងច្បាស់" អ្នកនាងចាន់ សេរីបាននិយាយ។
លោកអភិបាលអេមីល ដេតម្បបានមានប្រសាសន៍ទៅដល់អ្នកចូលរួមនៅក្នុងកម្មវិធីនោះ ដូចជាការផ្តាំផ្ញើទៅដល់គ្រីស្ត បរិស័ទរាល់រូបបន្ថែមទៀតថា ព្រះសហគមន៍ត្រូវយកចិត្តទុកដាក់យ៉ាងពិសេសដល់អស់អ្នកទីទ័លក្រ អ្នកគ្មានទីពឹង អ្នក ជំងឺ និងចាស់ជរា។ ម្យ៉ាងទៀតព្រះសហគមន៍ក៏យកចិត្តទុកដាក់បណ្ដុះបណ្ដាលមុខជំនាញ សិស្ស និស្សិត យកចិត្តទុកដាក់ ដល់អ្នកជម្ងឺក្នុងមន្ទីរពេទ្យ ឬនៅមណ្ឌលសុខភាព។ សកម្មភាពរបស់ព្រះសហគមន៍នៅប្រទេសកម្ពុជា ពិតជាសកម្មភាព ប្រកាសដំណឹងល្អតាមគំរូដែលព្រះយេស៊ូបានបង្រៀនយើង។ សូមព្រះជាម្ចាស់ប្រោសប្រទានឲ្យយើងខ្ញុំ បានលើកតំកើងព្រះយេស៊ូចំពោះហឬទ័យមេត្តា ករុណា និងការអស្ចារ្យគ្រប់បែបយ៉ាងដែលព្រះអង្គបានសម្តែងនូវកណ្ដាលយើងរាល់គ្នា។ សូមប្រទានឲ្យយើងខ្ញុំបំពេញបេសកកម្មជាអ្នកប្រកាសដំណឺងល្អពីព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់យើងខ្ញុំ ប្រកបដោយផ្លែផ្កា ផ្គាប់ព្រះហឬទ័យរបស់ព្រះអង្គផង។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានព្រះសហគមន៍កាតូលិក
|