|
ប្រវត្តិក្រុមគ្រួសារស្រលាញ់ឈើឆ្កាង
Posted: 15th October 2006
ក្រុមបងស្រីស្រលាញ់ឈើឆ្កាងនៅកំពង់ចាម
|
កំពង់ចាម(C.S.C)៖ ចាប់តាំងពីសតវត្សទី ៤ មក រៀងរាល់ថ្ងៃទី ១៤ ខែកញ្ញា គ្រិស្តបរិស័ទតែងតែនាំគ្នាធ្វើពិធីគោរពឈើឆ្កាងជាទីដែល ព្រះយេស៊ូសោយទិវង្គតយ៉ាងសែនអាម៉ាស់ ទោះបីព្រះអង្គពុំមានកំហុសអ្វីសោះឡើយ។ ព្រឹត្តិការណ៍នេះបានកើត ឡើងតាំងពីជាង ២០០០ ឆ្នាំមកហើយ។ តែគួរឲ្យឆ្ងល់ក្រុមគ្រិស្តបរិស័ទដែលជឿលើព្រះយេស៊ូពីមួយជំនាន់ទៅមួយជំនាន់រហូតដល់សព្វថ្ងៃតែងតែយកព្រឹត្តិការណ៍នេះមករិះគិតស្វែងរកអត្ថន័យយ៉ាងជ្រាលជ្រៅនៃឈើឆ្កាង។ អ្នកខ្លះយល់ថា ហេតុការណ៍នេះកើតឡើងដើ ម្បីសង្គ្រោះបាបមនុស្សលោក ខ្លះថាឈើឆ្កាងជាកំលាំងដែលនាំឲ្យគាត់ចេះតស៊ូក្នុងជីវិត អ្នកខ្លះទៀតយល់ឃើញថា ហេតុការណ៍នេះបានជួយឲ្យគាត់យល់ពីតំលៃនៃជីវិតមនុស្ស។ ចំណែកអ្នកផ្សេងមានទស្សនៈថាយើងត្រូវប្រើពេលអស់មួយជីវិត ដើម្បីស្វែងយល់ពីអត្ថន័យឈើឆ្កាងនេះ។ ទោះបីជាមានចំលើយជាច្រើនយ៉ាងនេះហើយក៏ដោយក៏ព្រឹត្តិកាណ៍នេះជារឿងដែលពិបាកនិងពន្យល់បរិយាយប្រាប់ពីមូលហេតុ ឬអត្ថន័យដោយផ្ទាល់មាត់បានដែរ។ នៅទសវត្សឆ្នាំ ១៦៧០ លោកបូជាចារ្យពីអ៊ែរ ឡាំប៊ៃរដឺឡាម៉ុត ជាសាសនទូតជាតិបារាំងដែលមានឈ្មោះល្បីល្បាញ បានបង្កើតក្រុមគ្រួសារដូនជីមួយឈ្មោះ អ្នកស្រលាញ់ឈើឆ្កាង នៅតុងកឹង ទីក្រុងហាណូយ ប្រទេសវៀតណាមសព្វថ្ងៃនេះ។ ក្រោយមកទៀតទើបកើតនៅប្រទេសកម្ពុជានៅឆ្នាំ ១៧៧២ ។ តែគួរឲ្យសោកស្តាយត្រូវរលាយសាបសូន្យអស់ដោយសារភ្នក់ភ្លើងសង្គ្រាម។ រហូតមកដល់ឆ្នាំ ១៩៩៣ បានចាប់ផ្តើមឡើងវិញ នៅភូមិភាគកំពង់ចាម តាមរយៈដូនជីពីររូបមកពីប្រទេសថៃ។ លោកយាយធិផាកនប៊ុនប្រសម រីសាវីយេអាយុ៦១ឆ្នាំជាដូនជីពីក្រុមគ្រួសារអ្នកស្រលាញ់ឈើឆ្កាងជនជាតិថៃបានមានប្រសាសន៍ ថា៖ "ដើម្បីចូលជាសមាជិកក្នុងក្រុមគ្រួសារនេះ យើងពុំមានលក្ខខណ្ឌអ្វីធំដុំនោះទេ សំខាន់ឲ្យតែយុវនារីនោះមាន ចិត្តចង់ ថ្វាយខ្លួនបំរើព្រះសហគមន៍ និងប្រជាជនតាមភូមិ។" សព្វថ្ងៃនេះក្រុមគ្រួសារស្រលាញ់ឈើឆ្កាងមានដូនជី ពីររូបជាជនជាតិខ្មែរ ហើយបានថ្វាយពាក្យសច្ចាប្រណិធាន តាំងពីឆ្នាំ ២០០៣។ ពួកគាត់កំពុងធ្វើការនៅព្រះសហគមន៍ខេត្តព្រៃវែង។
ជាមួយគ្នានេះផងដែរក៏មានបងស្រីម្នាក់ឈ្មោះសុជាតិ អាយុ ៣០ ឆ្នាំកំពុងទទួលការអប់រំរយៈ ពេល ៤ ឆ្នាំ ដើម្បីក្លាយជាដូនជីនៃក្រុមគ្រួសារនេះ។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានព្រះសហគមន៍កាតូលិក កម្ពុជា
|