|
កំពង់ចាម- មណ្ឌលថែទាំកុមារព្រះសហគមន៍ការតូលិក
Posted: 30th August 2006
កុមារដែលនៅមណ្ឌលថែទាំកុមារព្រះសហគមន៍ កាតូលិក
|
កំពង់ចាម (C.S.C)៖ មណ្ឌលថែទាំកុមារជាមណ្ឌលមួយដែលគ្រប់គ្រងដោយព្រះសហគមន៍កាតូលិកកំពង់ចាមក្រុង ដែលមណ្ឌលនេះត្រូវបាន បង្កើតឡើងនៅឆ្នាំ ២០០៤ ដែលផ្តួចផ្តើមគំនិតដោយបងស្រីរ៉ូស និងអ្នកស្រីឌុច វណ្ឌី និងចូលរួមជួយដោយព្រះសហគមន៍ កំពង់ចាម។
សំលេងស្រែកហ៊ោកញ្ជ្រៀវលាន់លឺកងរំពងនៅក្នុងផ្ទះតូចសង់ពីឈើលាបថ្នាំពណ៌ក្រហមអមដោយសួនផ្កានៅពីខាងមុខផ្ទះ ដ៏ល្អនេះ មិនតែប៉ុណ្ណោះនៅពេលនរណាម្នាក់ចូលមកក្នុងមណ្ឌលនេះគេនឹងឃើញផ្លាកមួយធំដែលដាក់ភ្ជាប់នឹងរបងក្លោង ទ្វារចូលដែលមានឈ្មោះថា "មណ្ឌលថែទាំកុមារព្រះសហគមន៍កាតូលិក"។ បើយើងឈានជើងចូលទៅក្នុងផ្ទះមួយនេះ យើងនឹងឃើញនៅតាមជញ្ជាំងលំអរដោយរូបថតជាច្រើន ជាពិសេសព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ និងសម្តេចតា សម្តេចយាយរួមផ្សំនឹងទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងល្អប្រណិតផងដែរ។ ក្មេងៗប្រមាណជា ២០នាក់ជាង ទាំង ប្រុស-ស្រីដែលមានអាយុពី ៣-៥ ឆ្នាំកំពុងរត់ប្រដេញគ្នាយ៉ាងសប្បាយរីករាយបន្ទាប់ពីពួកគេត្រូវបានអនុញ្ញាតឲ្យឈប់សំ រាកក្រោយសិក្សា។ កំពុងអង្គុយចាំមើលក្មេងៗដើម្បីកុំឲ្យមានការឈ្លោះប្រកែកគ្នា អ្នកស្រីឌុច វណ្ឌីជាអ្នកមើលការខុស ត្រូវក្នុងមណ្ឌលបានមានប្រសាសន៍ឲ្យដឹងថា៖ "គោលបំណងនៃការបង្កើតមណ្ឌលនេះឡើងគឺដោយសារឃើញពីបញ្ហាជីវភាព ក្រីក្រ ឪពុកម្តាយរបស់ពួកគេជាប់រវល់រកស៊ី ដូចនេះយើងឲ្យពួកគេយកកូនមកទុកនៅទីនេះដើម្បីឲ្យពួកយើងមើលថែទាំជំនួស"។ អ្នកស្រីបន្តទៀតថា ដំបូងឡើយយើងជួលផ្ទះគេ ប៉ុន្តែក្រោយមកដោយមានការចាប់អារម្មណ៍ច្រើនពីឪពុកម្តាយ ក្មេង ក៏សំរេចចិត្តទិញដី និងធ្វើផ្ទះដោយខ្លួនឯង ដែលចំណាយថវិកាជាច្រើន ក្នុងការឧបត្ថម្ភគាំទ្រដោយព្រះសហគមន៍កំ ពង់ចាមក្រុង។ កំពុងឈរសំលឹងទៅមើលកូនប្រុសតូចដែលកំពុងរត់លេងជាមួយមិត្តភ័ក្តិដទៃទៀត អ្នកនាងសុធាវី អាយុ ២៥ ឆ្នាំ ដែលទើប តែបានយកកូនមកផ្ញើនៅមណ្ឌលនេះបានមានប្រសាសន៍ថា៖ "ខ្ញុំយកកូនមកដាក់ទីនេះដោយសារខ្ញុំមានការទុកចិត្តថា នៅទីនេះអាចបង្រៀនកូនខ្ញុំឲ្យចេះអក្សរបានខ្លះៗ និងដឹងពីរបៀបរបបផ្សេងៗទៀតផងដែរ"។
"នៅថ្ងៃអនាគតខ្ញុំគិតថា មណ្ឌលនេះនឹងមានការរីកចំរើនជាងនេះទៅទៀត ព្រោះឥឡូវនេះមនុស្សភាគច្រើនមិនគិតថា យើងមានសាសនាផ្សេងគ្នានោះទេ គឺពួកគេមានទំនុកចិត្តមកលើយើង ម្យ៉ាង សព្វថ្ងៃយើងមានបើកបណ្ណាល័យសំរាប់ក្មេងៗ ថ្នាក់ទី ២-៣ ផងដែរ ដោយយើងមានសៀវភៅឲ្យគេចូលអាន ហើយយើងឃើញថា ពួកគេមានការចាប់អារម្មណ៍ក្នុងការ ចូលរួមអានទៀតផង។ ដូចនេះយើងមានឱកាសបង្ហាញនូវអ្វីមួយដែលយើងចង់ធ្វើ អប់រំគេឲ្យចេះស្គាល់ពីសង្គមដើម្បី ងាយស្រួលក្នុងការរស់នៅ នៅពេលដែលគេធំឡើង"។ នេះជាសំដីចុងក្រោយរបស់អ្នកស្រីវណ្ឌី ដែលពោរពេញទៅដោយក្តី សង្ឃឹមជានិច្ច។បច្ចុប្បន្ននេះនៅក្នុងមណ្ឌលមានក្មេងប្រមាណជា ២៤ នាក់ដែលពួកគេមករៀននៅទីនេះទៀងទាត់ ដែលពីមុនមានប្រហែល ពី ១៧-១៨ នាក់ប៉ុណ្ណោះ។ ការចូលរៀននៅទីនេះគឺមណ្ឌលមិនមានលក្ខខ័ណ្ឌអ្វីសំរាប់ឪពុកម្តាយរបស់ទេ ដោយគ្រាន់តែសុំ ឲ្យពួកគេបង់ជាថវិកាមួយចំនួនដែលក្នុងតំលៃថោកបំផុតគីពី ១០០-៥០០ រៀលតែប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែបើគ្មានក៏ពួកគេ អាចនាំកូនមកចូលរៀននៅទីនេះបានដែរ។
នៅក្នុងមណ្ឌលនេះមានផ្តល់ជូនឲ្យក្មេងៗជាម្ហូបអាហារពីរពេលក្នុង ១ ថ្ងៃ ដោយមានបបរពេលព្រឹក និងបាយថ្ងៃត្រង់ ដែល ក្នុង ១ ថ្ងៃមណ្ឌលត្រូវចំណាយជាមធ្យមសំរាប់ក្មេង ១ នាក់ចំនួន ៨០០ រៀល។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក កម្ពុជា
|