|
យុវជនជាក្តីសង្ឃឹមនៃគ្រួសារក្នុងទ្វីបអាស៊ី
Posted: 21st August 2006
ក្រុមយុវជនដែលបានចូលរួមប្រជុំAYD
|
ភ្នំពេញ(C.S.C)៖ យុវជនជាក្តីសង្ឃឹមនៃគ្រួសារក្នុងទ្វីបអាស៊ី៖ នេះជាប្រធានបទថ្មីសំរាប់យុវជនកម្ពុជា ក៏ដូចជាយុវជនពីប្រទេសនានាដែលបានចូលរួមក្នុង ទិវាយុវជនអាស៊ី រួមមាន បណ្ដាប្រទេសនៅអាស៊ីចំនួន ២២ ប្រទេសនិងប្រទេសពីអ៊ឺរ៉ុបចំនួន ៣ ប្រទេសផងដែរ ដែលមានអ្នកចូលរួមទាំងអស់ប្រមាណជា ១ ពាន់នាក់។
យុវជន យុវនារីជាតំណាងនៃព្រះសហគមន៍កាតូលិកកម្ពុជា ចំនួន ៩ នាក់ ដែលដឹកនាំដោយលោកបូជាចារ្យអេនរីកូ ជាអ្នក ទទួលខុសត្រូវមណ្ឌលនិស្សិត និងកញ្ញា វ៉ីនឌី សមាជិកកាតូលិកហុងកុងបានធ្វើដំណើរទៅចូលរួមក្នុងទិវាយុវជនអាស៊ី កាល ពីថ្ងៃទី ២៨ កក្កដា ដល់ថ្ងៃទី ៩ សីហា។ លោកបូជាចារ្យ អេនរីកូបានមានប្រសាសន៍ថា៖ "ទិវាយុវជនអាស៊ីមានគោលបំណងមួយពិសេសគឺប្រជុំដើម្បីប្រមូលយុវជន យុវនារីកាតូលិកទាំងអស់នៅទ្វីបអាស៊ី ដើម្បីគិតពិចារណាអំពីលក្ខណៈពិសេស នៃព្រះសហគមន៏កាតូលិកក្នុងទ្វីបមួយដែលបានបង្កើតសាសនាធំជាងគេក្នុងពិភពលោក"។ ក្នុងទិវានោះលោកបូជាចារ្យសង្កេតឃើញថា យុវជនកម្ពុជាទទួលបាននូវការយល់ដឹងជាច្រើនដូចជា បទពិសោធន៍ពីព្រះសហគមន៍ប្រទេសដទៃ ទំនៀមទំលាប់ប្រពៃណី និងជីវភាពរស់នៅរបស់គ្រួសារហុងកុង។ ម្យ៉ាងវិញទៀតពួកគេមានអារម្មណ៍ថា ទោះបីជាពួកយើងមកពីប្រទេស កន្លែងផ្សេងគ្នាក៏ដោយតែយើងជាគ្រួសារតែមួយក្នុងព្រះនាមព្រះយេស៊ូ មានជំនឿតែមួយ។ ជាពិសេសពួកគេបានជួបយុវជនដែលបានរៀបចំការប្រជុំនេះ ដែលការរៀបចំមានលក្ខណៈល្អត្រឹមត្រូវ និងម៉ឺងម៉ាត់។ យុវជនទាំង ៩នាក់ដែលបានចូលរួមនោះមានសេរីភាព អាចទំនាក់ទំនងគ្នាបានគ្រប់ប្រទេស គ្រប់ជាតិ ហើយក្នុងរយៈពេល ១៤ ថ្ងៃដែលពួកយើងស្នាក់នៅទីនោះមិនមានបញ្ហាអ្វីកើតឡើងនោះឡើយ។ គួរបញ្ជាក់ដែរថា ប្រទេសដែលបានរៀបចំទិវាយុវជនអាស៊ីនេះលើកទី១ មានប្រទេសថៃ ទី២ តៃវ៉ាន់ ទី៣ ឥណ្ឌា ( បឹងកាឡូ ) និងទី៤នៅហុងកុងប្រទេសចិន។
ក្នុងទិវាយុវជនអាស៊ីនោះដែរ ក៏មាននូវការប្រជុំមួយទៀតដែលគេហៅថា កិច្ចប្រជុំប្រធានយុវជនអាស៊ី (AYMM) ដែលមានការចូលរួមពីលោកបូជាចារ្យ បងស្រី បងប្រុស និងយុវជនមួយចំនួនតូច។ ក្នុងនោះដែរអង្គប្រជុំមានគំរោងការណ៍ពីរយ៉ាងគឺ គួរមានការិយាល័យមួយពិសេសដែលរៀបចំសកម្មភាពទាំងអស់សំរាប់យុវជន យុវនារីកាតូលិកនៅកម្ពុជា ជាពិសេស ជួយគិតពិចារណាពីគំរោងការណ៍អប់រំជំនឿចំពោះយុវជនក្រោយពេលទទួលការជ្រមុជទឹក។ ទី២ ដើម្បីឲ្យការិយាល័យនេះកើតមានឡើងយើងនឹងធ្វើការសំណូមពរដល់លោកអភិបាល ក្នុងការជ្រើសរើសយុវជន ៣-៤ នាក់ ដែលពួកគេ ស្រលាញ់ព្រះសហគមន៍ ចង់ជួយព្រះសហគមន៍។ លោកបូជាចារ្យគិតថា គំរោងការនេះអាចនឹងសំរេចទៅបាននៅពេល អនាគត។
ុចំណាប់អារម្មណ៍របស់យុវជនកាតូលិកក្នុងទិវាយុវជនអាស៊ានលើកទី ៤
ប្រេម សំណាង ៖ "ខ្ញុំទទួលបានបទពិសោធន៍ និងជំនឿដ៏រឹងមាំសំរាប់ជីវិតបទពិសោធន៍បានពីការចែក រំលែក ក្នុងអង្គប្រជុំ និងការទំនាក់ទំនង ជាមួយយុវជនដែលមកពីប្រទេសផ្សេងៗបានទទួលវប្បធម៌ថ្មី និងសេចក្តីស្រលាញ់ថ្មី។ នេះជាឱកាសដែលធ្វើឲ្យខ្ញុំយល់ថា យុវជនត្រូវតែមានសេចក្តីសង្ឃឹម ខ្ញុំចូលចិត្តការប្រជុំ AYD នេះណាស់។ ខ្ញុំសង្ឃឹមថា ជីវិតរបស់ខ្ញុំនឹងបានល្អប្រសើរតាមរយៈការប្រជុំនេះ។ ខ្ញុំនឹងចែករំលែកចំពោះ គ្រួសារមិត្តភ័ក្តិ និងមនុស្សទាំងអស់នៅក្នុងពិភពលោក។ ខ្ញុំបានទទួលបទពិសោធន៍ល្អៗជាមួយគ្រួសារនានា។ ខ្ញុំបានទទួលសេចក្តីស្រលាញ់ និងការទំនាក់ទំនងគ្នានៅក្នុងគ្រួសារ។ អ្វីៗទាំងអស់នេះហើយ ខ្ញុំយល់ច្បាស់អំពីការមានសេចក្តី ស្រលាញ់ចំពោះគ្នាទៅវិញ ទៅមក។"
ស៊ាន់ សារឿន ៖ "អ្វីដែលខ្ញុំទទួលបានពីការប្រជុំទាំងពីរនោះ (AYD និង AYMM) គឺបទពិសោធន៍ល្អៗដែលទាក់ទងទៅ នឹងជំនឿ សាសនា អរិយធម៌ វប្បធម៌ ទំនៀមទំលាប់ និងរបៀបរស់នៅរបស់ប្រទេសនីមួយៗនៅទ្វីបអាស៊ី ហើយជាពិសេសនោះ អ្វីដែលប្រធានបទនៃការប្រជុំផ្តោតសំខាន់នោះគឺទាក់ទងនឹងយុវជន ដែលដើរតួសំខាន់នៅក្នុងសង្គមជាតិ ព្រះសហគមន៍ និងគ្រួសារ។ ជាការពិតយុវជន គឺជាអ្នកនាំនៅសេចក្តី សង្ឃឹមសេចក្តីស្រលាញ់ និងសក្ខីភាពខាងជំនឿ សំរាប់ព្រះសហគមន៍ និងក្រុមគ្រួសារ។ ដើម្បីឲ្យការប្រជុំមានតំលៃ និងមានប្រយោជន៍ដល់ព្រះសហគមន៍នៅប្រទេសកម្ពុជានោះខ្ញុំ បានគិតថានឹងយកអ្វីដែលបានទទួលពីការប្រជុំនោះទៅអនុវត្តហើយអ្វីដែលពួកយើងចង់ធ្វើគឺទាក់ទងទៅនឹងយុវជនទាំងអស់នៅក្នុងព្រះសហគមន៍។ យើងដឹងហើយថា នៅក្នុងព្រះសហគមន៍នីមួយៗនៅក្នុងប្រទេស យើងសព្វថ្ងៃកំពុងរីកចំរើន និងផ្តោតសំខាន់ទៅលើអ្នកក្រីក្រដែលអស់សង្ឃឹម ក្មេងកំព្រា និងអ្នកជំងឺផ្សេងៗ ហើយជួយបណ្ដុះបណ្ដាលផ្នែកអប់រំដល់ សិស្ស និស្សិត បានរៀនបន្តនៅសាកលវិទ្យាល័យផ្សេងៗ និងបង្កើតសាលារៀនផ្សេងៗ។ ប៉ុន្តែយើងកុំភ្លេចថា យុវជនសំខាន់ នៅក្នុងព្រះសហគមន៍ ដូចនេះពួកយើងចង់បង្កើតកម្មវិធីមួយដើម្បីពង្រឹងជំនឿរបស់យុវជននៅក្នុងព្រះសហគមន៍ពីព្រោះ សព្វថ្ងៃយើង ឃើញថា យុវជនកំពុងមានជំនឿទន់ខ្សោយណាស់ដោយសារ ភាគច្រើននៃពួកគេ ឃ្លាតពីព្រះសហគមន៍ ដោយសារការទៅបន្តការសិក្សានៅភ្នំពេញ និងខ្លះមានការងារតាមបណ្ដាខេត្តផ្សេងៗ នេះហើយ ដែលព្រះសហគមន៍ បាត់បង់ទំនាក់ទំនងជាមួយពួកគេ ហើយគេក៏បាត់បង់ជំនឿដែរ ដូចនេះ ពួកយើងនឹងបង្កើតកម្មវិធីមួយដោយប្រមូល យុវជនដែលជាគ្រីស្តបរិស័ទទាំងអស់ឲ្យទទួលការអប់ ជំនឿបន្ថែម និងឲ្យគេមានសកម្មភាពនៅក្នុងព្រះសហគមន៍ទោះបីគេនៅធ្វើការងារតាមបណ្ដាខេត្ត ផ្សេងៗក៏ដោយ ធ្វើដូចនេះគេក៏អាចជួយបងប្អូននៅតាមតំបន់ដែលគេនៅផងដែរ និងគេអាចស្និត និងព្រះជាម្ចាស់ និងព្រះសហគមន៍។ ដូចនេះយើងទាំងអស់គ្នានឹងស្នើទៅលោកអភិបាល និងបូជាចារ្យ ទាំងអស់ឲ្យបង្កើត ការិយាល័យមួយសំរាប់យុវជន ដោយមានបូជាចារ្យម្នាក់ដែលគ្រប់គ្រងផ្នែកនេះពិតប្រាកដ។ ការបង្កើត កម្មវិធីនេះពិតជាអាចធ្វើឲ្យព្រះសហគមន៍មានការរីកចំរើនមួយផ្នែកទៀត និងអាចធ្វើឲ្យយុវជន មានជំនឿមាំទៅលើព្រះ យេស៊ូ និងព្រះសហគមន៍។"
ុកញ្ញារស់ រ៉ឺឌួល៖ "យុវជនជាសេចក្តីសង្ឃឹម និងទំនាក់ទំនងពិសេសក្នុងគ្រួសារ និងសង្គម ព្រោះថា យុវជនមានឥទ្ឋិពលខ្លាំងក្នុងការកសាង សុភមង្គលក្នុងគ្រួសារ និងសង្គម។ តើយុវជនអាចបង្កើតសេចក្តីសង្ឃឹម និងទំនាក់ទំនងចំពោះគ្រួសារ និងអ្នកដទៃបានដូចម្តេច? យុវជនគួរតែចំណាយពេលវេលាឲ្យបានច្រើនដើម្បីចូល រួមចែករំលែក និងអង្គុយស្តាប់បញ្ហា យកចិត្តទុកដាក់ ពិសេសចេះលើកលែងទោស និងផ្តល់កំលាំងចិត្ត ដល់សមាជិកគ្រួសារដែលកំពុងជួបប្រទះនូវរឿងអ្វីមួយហើយគួរតែជួយ ដោះស្រាយនៅរាល់បញ្ហាដែលមាន។ យុវជនមិនគួរបិតទំនាក់ទំនងខ្លួនឯងចំពោះអ្នកដទៃដែលមានសាសនា សញ្ជាតិ ឬអ្នកដែលយើង មិនស្គាល់នោះទេ គឺគួរតែបំពេញនៅទំនាក់ទំនងរបស់យើង ដើម្បីបន្ថែមនូវបទពិសោធន៍ និងកែលំអរ ខ្លួនយើងព្រោះថា វាទាំងនេះជាកញ្ចក់សំរាប់យើង។ ពិសេសគឺការបង្កើតទំនាក់ទំនង ជាមួយសាសនាដទៃដើម្បីចូលរួម បង្កើតសន្តិភាព ដោយសាសនាទាំងអស់មានគោលបំណងតែមួយគឺ បង្កើតសន្តិភាព។ យុវជនត្រូវគិតថា៖ខ្លួនឯងជារូបកាយរបស់ព្រះជាម្ចាស់។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានព្រះសហគមន៍កាតូលិក កម្ពុជា
|