|
ភ្នំពេញ ព្រះសហគមន៍នៅកម្ពុជារំលឹកប្រវត្តិរបស់ខ្លួន
Posted: 2nd August 2006
លោកបូជាចារ្យ សេរ៉ាល់ពន្យល់ប្រវត្តិ ព្រះសហគមន៌ដល់គ្រិស្តបរិស័ទ
|
ភ្នំពេញ (C.S.C)៖ តំណាងគ្រប់ព្រះសហគមន៍ក្នុងភូមិភាគទាំងចំនួន ១៣០នាក់ បានសិក្សាស្វែងយល់រួមគ្នាពីប្រវត្តិព្រះសហគមន៍នៅកម្ពុជា និងរិះគិតពីយុទ្ឋសាស្ត្រផ្សេងៗដើម្បីធ្វើការអភិវឌ្ឍន៍ព្រះសហគមន៍ទៅថ្ងៃអនាគតក្នុងអង្គសន្និបាតរយៈពេលបួនថ្ងៃ កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែ កក្កដា កន្លងទៅ នៅព្រះវិហារ សន្តយ៉ូសែប ផ្សារតូចភ្នំពេញ។
ជាពេលវេលាដែលយ៉ាងសំខាន់ ដើម្បីបកស្រាយអោយបានកាន់តែច្បាស់ ចំពោះការយល់ឃើញ ពីចំងល់ផ្សេងៗ និងការយល់ច្រលំរបស់បងប្អូនមួយចំនួន ដែលយល់ថាព្រះសហគមន៍នៅកម្ពុជា ជាសាសនាមួយថ្មី។ ជាពេលវេលាមួយដើម្បីស្វែងយល់ពី បងប្អូនមរណៈ សាក្សីទាំងឡាយ ដែលបាននាំដំណឹងល្អមកប្រទេសដ៏តូច និងកំសត់មួយនេះ កាលពី៤៥០ឆ្នាំមុន។ អង្គសន្និបាតបាន ធ្វើការស្វែងយល់ជារួម នូវប្រវត្តិព្រះសហគមន៍ ដើមដំបូង និងរបៀបដែលដំណឹងល្អចូលមកស្រុកខ្មែរ ធ្វើអោយបងប្អូនដែលចូលរួម កាន់តែច្បាស់ឡើងថែមទៀត។ ជាពិសេស គឺការធ្វើទស្សនៈកិច្ចផ្ទាល់ នៅកន្លែង ប្រវត្តិសាស្ត្រមួយចំនួន ដែលរួមមាន រាជធានីលង្វែក ឧដុង្គ ពញាឮ ប្រាំបីឆោម និងទីតាំងមួយចំនួន នៅក្នុងក្រុងភ្នំពេញ ដោយលោក បូជាចារ្យ ប៉ុង សូរដ៍ លោកបូជាចារ្យ សេរ៉ាល និង លោកបូជាចារ្យសួន ហង្សលី ជាអ្នកពន្យល់នៅតាមកន្លែងនីមួយៗ។ កញ្ញាអ៊ី យីម មកព្រះសហគមន៍ ប៉ោយប៉ែតបានបង្ហាញនូវចំណាប់ អារម្មណ៍របស់ខ្លួនថា នាងនឹកស្មានមិនដល់ ដោយស្មានថា ព្រះសហគមន៍ទើបតែកើតក្នុងពេលថ្មីៗនេះ ហើយមិនស្មានថា មានគ្រីស្តបរិស័ទដ៏ច្រើនយ៉ាងនេះសោះ។ បងស្រីសង្វាត ក្រុមគ្រួសារអ្នកស្រលាញ់ ព្រះយេស៊ូ ជាប់លើឈើឆ្កាងក៏ចាប់អារម្មណ៍ប្រហាក់ប្រហែល នឹងកញ្ញាអ៊ី យីមដែរ ដោយបងស្រីលើកឡើងថា៖ "មានសារៈសំខាន់ ណាស់ក្នុងការដឹងពីប្រវត្តិព្រះសហគមន៍ នៅប្រទេសយើងដូច្នេះ"។ ជាពិសេស គឺធ្វើអោយបងស្រីនឹកដល់បងប្អូនមរណៈសាក្សី ដែលបានបូជាជីវិត និងថ្វាយខ្លួនសំរាប់គ្រិស្តនោះដូចបងប្អូនគ្រិស្តបរិស័ទ និងបូជាចារ្យបារាំង ដែលស្លាប់នៅប្រាំបីឆោម ដែលជាកន្លែងកំណើតក្រុមស្រលាញ់ឈើឆ្កាងជាដើម។
តាមប្រវត្តិព្រះសហគមន៍ មានឧបសគ្គជាច្រើនដែលធ្វើអោយរាំងស្ទះការរីកចំរើន និងធ្វើអោយរបស់ព្រះសហគមន៍បែកបាក់ ដោយសារសង្គ្រាមក្នុងស្រុក។ ជាក់ស្តែងនៅក្នុងកំឡុងទសវត្សឆ្នាំ១៩៧០ ព្រះវិហារត្រូវបានបំផ្លាញ នឹងបាត់បង់ទីកន្លែងព្រះសហគមន៍ជាច្រើន លោកអភិបាល លោកបូជាចារ្យ និងគ្រិស្តបរិស័ទជា ច្រើនរូបត្រូវបានសម្លាប់។ នៅក្នុងអង្គសន្និបាត លោកអភិបាល អ៊ីវរ៉ាមូស បានពន្យល់វែកញែកនៅក្នុងសន្និបាតថា៖ "នៅពេលយើង គ្មានព្រះវិហារមិនមានន័យថា យើងគ្មានព្រះសហគមន៍នៅទេ"។ លោកបន្តថា៖ "ព្រះវិហារជាសញ្ញាដ៏ល្អក្នុងចំណោមបងប្អូនសាសនាផ្សេងៗ"។ លោកអភិបាលបានរំលឹកប្រវត្តិក្នុងទសវត្ស ១៩៦០ ថា៖ "នៅភ្នំពេញមានព្រះវិហារជាច្រើន ហើយមានបងប្អូនរស់នៅជុំវិញព្រះវិហារដូចនេះគេអោយ ឈ្មោះភូមិកាតូលិក។ ដោយឡែកសព្វថ្ងៃនេះយើងគ្មានព្រះវិហារច្រើនឡើយប៉ុន្តែយើងមានព្រះសហគមន៍ ជាច្រើនស្ទើរគ្រប់ទីកន្លែងក្នុងប្រទេស រស់លាយឡំជាមួយបងប្អូនពុទ្ឋបរិស័ទ។ ត្រង់ចំនុចនេះលោកបូជាចារ្យទម្លាប់ សុផល បានប្រៀបធៀបការបាក់ បែកនេះទៅនឹងតំនក់ទឹកដែលធ្លាក់ចុះមកហើយបែកជាចំណែក គឺព្រះសហគមន៍បែកទៅច្រើនកន្លែង។ លោកក៏បានបញ្ជាក់ដែរថា៖ "ឈាមរបស់មរណៈសាក្សីជីដែលធ្វើអោយជំនឿយើងរីកចំរើន"។
នៅក្នុងអង្គសន្និបាត ក៏បានរិះគិតនូវចំនុចផ្សេងៗដែលធ្វើរាំងស្ទះការអភិវឌ្ឍន៍របស់ព្រះសហគមន៍ និងរកវិធីសាស្ត្រ រួមគ្នា កសាងព្រះសហគមន៍ ដូចជា ការទំនាក់ទំនងជាមួយសាសនាផ្សេងៗ យើងត្រូវស្គាល់ខ្លួនយើងជានរណា និងរស់នៅអោយសមតាមព្រះបន្ទូល។ ព្យាយាមពន្យល់ដល់គេ អោយយល់ពីគ្រិស្តសាសនា និងខ្លួនយើងត្រូវយល់ពីគេផងដែរ។ ចំពោះការអប់រំ ជាសំណូមពរគឺធ្វើយ៉ាងណា អោយមានកម្មវិធី អោយស្របតាមវិទ្យាសាស្ត្រ និងសម័យកាលដែរ។ នៅក្នុងសង្គមទំនើបនេះព្រះសហគមន៍ ជួយយុវជនកុំអោយមានការភ្លើតភ្លើន ដោយមានកម្មវិធីសំណាក់ធម៌អោយបានច្រើនដង អោយយុវជនយុវនារីមានសកម្មភាពច្រើនក្នុងព្រះសហគមន៍។ ក្នុងពេលទំនេរសូមជួយណែនាំក្មេងអោយចេះអធិដ្ឋាន ឧស្សាហ៍ទៅព្រះវិហារជាដើមនឹងចំនុចផ្សេងៗជាច្រើនទៀត។ អង្គសន្និបាតបានបញ្ចប់ដោយជោគជ័យ និងទទួលលទ្ឋផលយ៉ាងប្រសើរដោយបងប្អូនបានយល់ច្រើន ពីប្រវត្តិព្រះសហគមន៍ និងការរួមគ្នាជាព្រះកាយព្រះគ្រិស្ត។ ពេលបិទសន្និបាតមានអភិបូជារួមគ្នានៅអតីតអារាមដូនជីសំងាត់ ជ្រោយចង្វារ សព្វថ្ងៃជាមជ្ឈមណ្ឌលកុមារកំព្រាកៀនឃ្លាំង។
ខួប ៤៥០ ឆ្នាំនៅតាំងគោក
នៅក្នុងសន្និបាតក៏បានរួមគ្នារិះគិតរួមគ្នាអរព្រះគុណព្រះជាម្ចាស់ ចំពោះការប្រទានអោយមានដំណឹងល្អក្នុងស្រុកខ្មែររយៈពេល៤៥០ ឆ្នាំមកហើយនោះ ដោយសំរេចថា បង្កើតជាគណៈកម្មការអន្តរភូមិភាគដើម្បីរៀបចំកម្មវិធីបុណ្យ និងកម្មវិធីផ្សេង។ កម្មវិធីបុណ្យនឹងប្រារព្វនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០០៦ នៅដីមរណៈសាក្សីតាំងគោក។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក កម្ពុជា
|