CatholicCambodia.org

Return to normal view

Back to the front page News #312

តាកែវ​​​ យុវជនរីករាយ​នឹងការ​ចូលរួមលើក​ផ្លូវ

Posted: 2nd August 2006

អាគាសិស្សា វិទ្យាល័យសន្ត ហ្រ្វង់ស្វ័រ

តាកែវ (C.S.C)​៖ ទោះ​បី​ជា​ភ្លៀង​កំ​ពុង​តែ​រលឹម​ចុះ​ក៏​ដោយ​ក៏​​សិស្ស​វិ​ទ្យា​ល័យ​សន្ត​ ហ្វ្រង់​ស្វ័រ នៅ​តែ​បាន​បញ្ចេញ​សកម្ម​ភាព​ដ៏​ស​ស្រាក់ ស​ស្រាំ​ក្នុង​ការ​ចុះ​ជួយ​លើក​ផ្លូវ​​របស់​ប្រ​ជាជន​ក្នុង​ភូមិ​ឃុំ​របស់​ខ្លួន​ដែរ​។ ទាំង​នេះ​គឺ​កើត​ឡើង​ដោយ​សារ​ទំ​នាក់​ទំនង​ដ៏ល្អ ​រវាង​ព្រះ​សហ​គមន៍​ចំ​ការ​ទៀង​និង​ប្រ​ជា​ជន​នៅ​ជុំ​វិញ​។

កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ទី ១៤ កក្កដា​ កន្លង​ទៅ​នេះ ​សិស្ស​វិ​ទ្យា​​ល័យ​សន្ត​ហ្វ្រង់​ស្វ័រ នៅ​ព្រះ​សហ​គមន៍​ចំ​ការ​ទៀង​ឃុំ​គុស ស្រុក​ត្រាំ​កក់ ​ខេត្ត​តា​កែវ បាន​ចុះ​​​រួម​​ជួយ​ប្រ​​​ជា​​ជន​នៅ​​ក្នុ​ង​​​ឃុំ​របស់​ខ្លួន​ដើ​ម្បី​លើក​ផ្លូវ​មួយ​​ខ្សែ​​ដែល​​មាន​ប្រ​វែង ៤ គី​ឡូ​ម៉ែត​។ ផ្លូវ​មួយ​ខ្សែ​នេះ​ត្រូវ​ឆ្លង​កាត់​បី​ភូមិ​នៅ​ក្នុង​ឃុំ​គុស គឺ​មាន ភូមិ​ត្រ​ពាំង​ថ្ម ភូមិ​ចំ​ការ​ទៀង និង​ភូមិ​ពង​ទឹក​ខាង​ជើង។​​បន្ទាប់​ពី​លើក​​​ដី​រៀប​ចំ​តួ​ផ្លូវ​រួច​ហើយ ឯក​ឧត្តម​ចាន់ ​សា​រុន​រដ្ឋ​មន្ត្រី​ក្រ​សួង​កសិ​កម្ម​រុក្ខ​ប្រ​មាញ់ ​និង​នេ​សាទ​ និង​ឯក​ឧត្តម​សូ ឃុន រដ្ឋ​មន្ត្រី​ក្រ​សួង​ប្រៃ​សនីយ៍​ និង​ទូរ​គម​នា​គមន៍ ​នឹង​ជួយ​ឧប​ត្ថម្ភ​គ្រួស​ក្រហម​ដើ​ម្បី​ក្រាល​ផ្លូវ​។

ការ​ស្ថាប​នា​ធ្វើ​ផ្លូវ​នេះ គឺ​ចាប់​ផ្តើម​ឡើង​តាំង​ពី​ថ្ងៃ​ទី​ ២៨​ មិថុ​នា ឆ្នាំ​២០​០៦ ​មក​ម្ល៉េះ ដោយ​ប្រ​​ជា​ជន​នៅ​ទី​នោះ​ឆ្លៀត​ពេល​ទំ​នេរ​ពី​ការ​ងារ​ធ្វើ​ស្រែ​ចំ​ការ​នា​ពេល​រសៀល​ដើ​ម្បី​ធ្វើ​។ ចំ​ណែក​សិស្ស​វិ​ទ្យា​ល័យ​សន្ត​ហ្វ្រង់​ស័្វរ​បាន​ចូល​រួម ​ជួយ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​សៅរ៍ និង​នៅ​ថ្ងៃ​ធម្ម​តា​ខ្លះ​តា​ម​​សេច​ក្តី​ត្រូវ​ការ​ជាក់​ស្តែង​របស់​មេ​ភូមិ​រហូត​ដល់​ផ្លូវ​ត្រូវ​បាន ស្ថាប​នា​បញ្ចប់​ជា​ស្ថា​ពរ​។ សិស្ស​វិ​ទ្យា​ល័យ​សន្ត​ហ្វ្រង់​ស្វ័រ ​ដែល​ចូល​រួម​ធ្វើ​ផ្លូវ​មាន​បី​ថ្នាក់ គឺ​ថ្នាក់​ទី​ ១០​ មាន​សិស្ស ​៣៤ ​នាក់​ សិស្ស​ថ្នាក់​ទី​ ១១​ មាន ៣៤ នាក់ ​និង​ទី ១២​ មាន​ ៣២ នាក់ ​សរុប​ទាំង​អស់ ​១០០​ នាក់​​។

លោក​កុល ​ជៀង ​នា​យក​វិ​ទ្យា​ល័យ​សន្ត​ហ្វ្រង់​ស្វ័រ និង​ជា​អ្នក​ផ្តួច​ផ្តើម​គំ​និត​ដឹក​នាំ​សិស្ស និ​យាយ​ដោយ​ទឹក​មុខ​ញញឹម​ថា ​ការ​ធ្វើ​ផ្លូវ​នេះ ​គឺ​ដោយ​សារ​ពី​មុន ឃើញ​ផ្លូវ​មាន​សភាព​តូច​ចង្អៀត​ពិ​បាក​ធ្វើ​ដំ​ណើរ​។ ដូ​ច្នេះ ​ប្រ​ជា​ជន​ទាំង​បី​ភូមិ ​មេ​ភូមិ ​មេ​ឃុំ លោក​គ្រូ ​អ្នក​គ្រូនិង​សិ​ស្ស​វិ​ទ្យា​ល័យ​សន្ត​ហ្វ្រង់​ស្វ័រ​យើង​ ក៏​រួម​​គ្នា​រៀប​​​ចំ​កែ​​​សម្រួល​ផ្លូវ​ឡើង​វិញ ​ដើ​ម្បី ​ឲ្យ​ការ​ធ្វើ​ដំ​ណើរ​មាន​ភាព​ងាយ​ស្រួល និង​មាន​សុ​វត្ថិ​ភាព​ជា​ង​មុន​។ លោក​បន្ត​ដោយ​សម្តែង​នូវ​ទឹក​មុខ​ហាក់​ដូច​ជា​ពេញចិត្ត​ថា​៖ "ខ្ញុំ​ឃើញ​យុវ​ជន​យើង​មាន​អំ​ណរ​សប្បាយ​រីក​រាយ ​និង​ខិត​ខំ​ធ្វើ​ការ​យ៉ាង​មមា​ញឹក​។ ដោយ​ឡែក​សិស្ស​ថ្នាក់​ទី​​១២ ​ជា​អ្នក​ដឹង​នាំ​សកម្ម​ភាព​នេះ ពី​ព្រោះ​ពួក​គេ​មាន​បទពិ​សោធន៍​នៅ​វិ​ទ្យា​ល័យ​យើង​ អស់​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ ក្នុង​ការ​ចូល​រួម​សកម្ម​ភាព​ផ្សេង​ៗ ​ដូច​ជា​ចុះ​សួរ​សុខ​ទុក្ខ​ប្រ​ជា​ជន​ក្រី​ក្រ ​អ្នក​ជំ​ងឺ និង​អ្នក​រង​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ជា​ដើម​ "។

នៅ​ក្បែរ​នោះ ​យុវ​ជន​កុល​ ញ៉ ​អា​យុ ​២២ ឆ្នាំ ​ជា​គ្រិស្ត​បរិ​ស័ទ និង​កំ​ពុង​តែ​នឿយ​ហត់​នឹង​ការ​ងារ​ជា​មួយ​នឹង​ដំ​ណក់ញើស​ជោគ​មុខ​បាន​និ​យាយ​ថា៖ "ខ្ញុំ​មាន​អំ​ណរ​សប្បាយ​ជា​ខ្លាំង​ដោយ​​បាន​ធ្វើ​ស​កម្ម​ភាព​នេះ វា​គឺ​ជា​សកម្ម​ភាព​មួយ​ជួយ​ដល់​សង្គម​ដែរ​ ទោះ​បី​វា​ជា​ពល​កម្ម​ធម្ម​តា​​ក៏​ដោយ​។ តាម​រយៈ​សកម្ម​ភាព​នេះ ខ្ញុំ​មើលឃើញ​ យុវ​ជន​យើង​ មាន​សេច​ក្តីស​ប្បាយ​រីក​រាយ មាន​បទ​ពិ​សោធន៍​ទាក់​ទង​គ្នា និង​ជា​ពិ​សេស ​ពួក​គេ​មាន​ទំ​នួល​ខុស​ត្រូវ​ចំ​ពោះ​ការ​ងារ​ផ្សេង​ៗ តាម​សេច​ក្តី​ស្នើ​សុំ​របស់​គណៈ​គ្រប់​គ្រង​សា​លា ​និង​មេ​ភូមិ ​មេ​ឃុំ"​ ។

ចំ​ណែក​ យុវ​កញ្ញា ​ប៉ូ លក្ខិណា អា​យុ ​១៨ ឆ្នាំ បាន​បន្ថែម​ដោយ​ហាក់​ដូច​ជា​អៀន​បន្តិច​ថា៖ " ការ​ជួយ​ធ្វើ​ផ្លូវ​ទាំងអស់​គ្នា​បែប​នេះ ធ្វើ​ឲ្យ​កញ្ញា​សប្បាយ​ចិត្ត ​ណាស់​"។ ទោះ​បី​ជា​កញ្ញា រស់​នៅ​ក្នុង​ភូមិ​អង្គ​តា​សោម​ដែល​នៅ​ឆ្ងាយ​ពី​ទី​នេះ​ក្តី ក៏​កញ្ញា​នៅ​តែ​មក​ជួយ​ ពី​ព្រោះ​កញ្ញា យល់​ថា៖ " ​ផ្លូវ​នេះ ​គឺ​សម្រាប់​ប្រ​ជា​ជន និង​ការ​ធ្វើ​ដំ​ណើរ​ប្រ​កប​ដោយ​សុ​វត្ថិ​ភាព​ទាំង​អស់​គ្នា​"។​​ ជា​មួយ​គ្នា​នេះដែរ លោក​រស់ ​ចែម​ ជា​សមា​ជិក​ក្រុម​ប្រឹ​ក្សា​ឃុំ​គុស មាន​ប្រ​សា​ស​ន៍​ ឲ្យ​ដឹង​ថា តាម​រយៈ​សកម្ម​ភាព​រួម សាម​គ្គី​ជួយ​គ្នា​ធ្វើ​ផ្លូវ​នេះ ​លោក​សង្កេត​ឃើញ​ថា៖ "ការ​ប្រា​ស្រ័យ​ទាក់​ទងរវាង​គ្រិស្ត​បរិ​ស័ទ​និង​ប្រ​ជា​ជន​នៅ​ក្នុង​ភូមិ​ មាន​លក្ខណៈ​ល្អ​ប្រ​សើរ​ណាស់ ​ពោល​គឺ​គ្រិស្ត​បរិ​ស័ទ​មិន​ប្រ​កាន់​សាស​នា ដោយ​ទាក់​ទង​ជា​មួយ​ប្រ​ជា​ជន​ក្នុង​មូល​ដ្ឋាន តាម​របៀប​ធម្ម​តា គឺ​គ្មាន​ការ​អូស​ទាញ​ឲ្យ​ចូល​សាស​នា ឬ​គ្មាន​ការ​បំ​បាក់​មុខ​អ្វី​ឡើយ​។ លោក​ក៏​​បាន​សំ​ណូម​ពរ​ឲ្យ ​ព្រះ​សហ​គមន៍​នៅ​តែ​បន្ត​ជួយ​ជន​ក្រី​ក្រ​ត​ទៅ​ទៀត ដូច​ជា​ផ្តល់​ស្បៀង ​ទី​ជម្រក​ និង​សម្ភារៈ​មួយ​ចំ​នួន​ទៀតដល់​ពួកគាត់​​។

Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មាន កាតូលិក​ កម្ពុជា


All Rights Reserved © 2006 Catholic Social Communications