|
តាកែវ យុវជនរីករាយនឹងការចូលរួមលើកផ្លូវ
Posted: 2nd August 2006
អាគាសិស្សា វិទ្យាល័យសន្ត ហ្រ្វង់ស្វ័រ
|
តាកែវ (C.S.C)៖ ទោះបីជាភ្លៀងកំពុងតែរលឹមចុះក៏ដោយក៏សិស្សវិទ្យាល័យសន្ត ហ្វ្រង់ស្វ័រ នៅតែបានបញ្ចេញសកម្មភាពដ៏សស្រាក់ សស្រាំក្នុងការចុះជួយលើកផ្លូវរបស់ប្រជាជនក្នុងភូមិឃុំរបស់ខ្លួនដែរ។ ទាំងនេះគឺកើតឡើងដោយសារទំនាក់ទំនងដ៏ល្អ រវាងព្រះសហគមន៍ចំការទៀងនិងប្រជាជននៅជុំវិញ។
កាលពីព្រឹកថ្ងៃសៅរ៍ទី ១៤ កក្កដា កន្លងទៅនេះ សិស្សវិទ្យាល័យសន្តហ្វ្រង់ស្វ័រ នៅព្រះសហគមន៍ចំការទៀងឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ បានចុះរួមជួយប្រជាជននៅក្នុងឃុំរបស់ខ្លួនដើម្បីលើកផ្លូវមួយខ្សែដែលមានប្រវែង ៤ គីឡូម៉ែត។ ផ្លូវមួយខ្សែនេះត្រូវឆ្លងកាត់បីភូមិនៅក្នុងឃុំគុស គឺមាន ភូមិត្រពាំងថ្ម ភូមិចំការទៀង និងភូមិពងទឹកខាងជើង។បន្ទាប់ពីលើកដីរៀបចំតួផ្លូវរួចហើយ ឯកឧត្តមចាន់ សារុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ និងឯកឧត្តមសូ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នឹងជួយឧបត្ថម្ភគ្រួសក្រហមដើម្បីក្រាលផ្លូវ។
ការស្ថាបនាធ្វើផ្លូវនេះ គឺចាប់ផ្តើមឡើងតាំងពីថ្ងៃទី ២៨ មិថុនា ឆ្នាំ២០០៦ មកម្ល៉េះ ដោយប្រជាជននៅទីនោះឆ្លៀតពេលទំនេរពីការងារធ្វើស្រែចំការនាពេលរសៀលដើម្បីធ្វើ។ ចំណែកសិស្សវិទ្យាល័យសន្តហ្វ្រង់ស័្វរបានចូលរួម ជួយធ្វើជារៀងរាល់ថ្ងៃសៅរ៍ និងនៅថ្ងៃធម្មតាខ្លះតាមសេចក្តីត្រូវការជាក់ស្តែងរបស់មេភូមិរហូតដល់ផ្លូវត្រូវបាន ស្ថាបនាបញ្ចប់ជាស្ថាពរ។ សិស្សវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ដែលចូលរួមធ្វើផ្លូវមានបីថ្នាក់ គឺថ្នាក់ទី ១០ មានសិស្ស ៣៤ នាក់ សិស្សថ្នាក់ទី ១១ មាន ៣៤ នាក់ និងទី ១២ មាន ៣២ នាក់ សរុបទាំងអស់ ១០០ នាក់។
លោកកុល ជៀង នាយកវិទ្យាល័យសន្តហ្វ្រង់ស្វ័រ និងជាអ្នកផ្តួចផ្តើមគំនិតដឹកនាំសិស្ស និយាយដោយទឹកមុខញញឹមថា ការធ្វើផ្លូវនេះ គឺដោយសារពីមុន ឃើញផ្លូវមានសភាពតូចចង្អៀតពិបាកធ្វើដំណើរ។ ដូច្នេះ ប្រជាជនទាំងបីភូមិ មេភូមិ មេឃុំ លោកគ្រូ អ្នកគ្រូនិងសិស្សវិទ្យាល័យសន្តហ្វ្រង់ស្វ័រយើង ក៏រួមគ្នារៀបចំកែសម្រួលផ្លូវឡើងវិញ ដើម្បី ឲ្យការធ្វើដំណើរមានភាពងាយស្រួល និងមានសុវត្ថិភាពជាងមុន។ លោកបន្តដោយសម្តែងនូវទឹកមុខហាក់ដូចជាពេញចិត្តថា៖ "ខ្ញុំឃើញយុវជនយើងមានអំណរសប្បាយរីករាយ និងខិតខំធ្វើការយ៉ាងមមាញឹក។ ដោយឡែកសិស្សថ្នាក់ទី១២ ជាអ្នកដឹងនាំសកម្មភាពនេះ ពីព្រោះពួកគេមានបទពិសោធន៍នៅវិទ្យាល័យយើង អស់រយៈពេលបីឆ្នាំមកហើយ ក្នុងការចូលរួមសកម្មភាពផ្សេងៗ ដូចជាចុះសួរសុខទុក្ខប្រជាជនក្រីក្រ អ្នកជំងឺ និងអ្នករងគ្រោះថ្នាក់ផ្សេងៗជាដើម "។
នៅក្បែរនោះ យុវជនកុល ញ៉ អាយុ ២២ ឆ្នាំ ជាគ្រិស្តបរិស័ទ និងកំពុងតែនឿយហត់នឹងការងារជាមួយនឹងដំណក់ញើសជោគមុខបាននិយាយថា៖ "ខ្ញុំមានអំណរសប្បាយជាខ្លាំងដោយបានធ្វើសកម្មភាពនេះ វាគឺជាសកម្មភាពមួយជួយដល់សង្គមដែរ ទោះបីវាជាពលកម្មធម្មតាក៏ដោយ។ តាមរយៈសកម្មភាពនេះ ខ្ញុំមើលឃើញ យុវជនយើង មានសេចក្តីសប្បាយរីករាយ មានបទពិសោធន៍ទាក់ទងគ្នា និងជាពិសេស ពួកគេមានទំនួលខុសត្រូវចំពោះការងារផ្សេងៗ តាមសេចក្តីស្នើសុំរបស់គណៈគ្រប់គ្រងសាលា និងមេភូមិ មេឃុំ" ។
ចំណែក យុវកញ្ញា ប៉ូ លក្ខិណា អាយុ ១៨ ឆ្នាំ បានបន្ថែមដោយហាក់ដូចជាអៀនបន្តិចថា៖ " ការជួយធ្វើផ្លូវទាំងអស់គ្នាបែបនេះ ធ្វើឲ្យកញ្ញាសប្បាយចិត្ត ណាស់"។ ទោះបីជាកញ្ញា រស់នៅក្នុងភូមិអង្គតាសោមដែលនៅឆ្ងាយពីទីនេះក្តី ក៏កញ្ញានៅតែមកជួយ ពីព្រោះកញ្ញា យល់ថា៖ " ផ្លូវនេះ គឺសម្រាប់ប្រជាជន និងការធ្វើដំណើរប្រកបដោយសុវត្ថិភាពទាំងអស់គ្នា"។ ជាមួយគ្នានេះដែរ លោករស់ ចែម ជាសមាជិកក្រុមប្រឹក្សាឃុំគុស មានប្រសាសន៍ ឲ្យដឹងថា តាមរយៈសកម្មភាពរួម សាមគ្គីជួយគ្នាធ្វើផ្លូវនេះ លោកសង្កេតឃើញថា៖ "ការប្រាស្រ័យទាក់ទងរវាងគ្រិស្តបរិស័ទនិងប្រជាជននៅក្នុងភូមិ មានលក្ខណៈល្អប្រសើរណាស់ ពោលគឺគ្រិស្តបរិស័ទមិនប្រកាន់សាសនា ដោយទាក់ទងជាមួយប្រជាជនក្នុងមូលដ្ឋាន តាមរបៀបធម្មតា គឺគ្មានការអូសទាញឲ្យចូលសាសនា ឬគ្មានការបំបាក់មុខអ្វីឡើយ។ លោកក៏បានសំណូមពរឲ្យ ព្រះសហគមន៍នៅតែបន្តជួយជនក្រីក្រតទៅទៀត ដូចជាផ្តល់ស្បៀង ទីជម្រក និងសម្ភារៈមួយចំនួនទៀតដល់ពួកគាត់។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មាន កាតូលិក កម្ពុជា
|