Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page Reflection #309

ការអប់រំអាចជំរុញ ការអភិរក្ៃសសត្វព្រៃ

Posted: 27th July 2006

ព្រះវិហារកាតូលិក លើភ្នំបូគោ

ភ្នំពេញ​​​(C.S.C)៖ បន្ទាប់​ពី​​​ជា​ច្រើន​ឆ្នាំ​នៃ​សង្គ្រាម​​ស៊ី​វិល​ ប្រ​ទេស​កម្ពុជា​នៅ​សល់​ផ្ទៃ​ដី​ព្រៃ​ឈើ​ប្រមាណ​ពី​​៣៥% ​ទៅ ​៦០% ​និង​ផ្តល់​ជា​ជម្រក​ដល់​សត្វ​​ព្រៃ​ដ៏​កម្រ​ៗ ដូច​ជា​ ​ខ្លា​ដំ​បង ​ខ្លា​ឃ្មុំ​ព្រះ​អា​ទិត្យ ​ដំ​រី​អា​ស៊ី​ជា​ដើម​។​ សម្រាប់​លេខ​នេះ ​អ្នក​នាំ​សារ បាន​ជួប​សម្ភាសន៍​ជា​មួយ​លោក​ ស៊ឺ ​​ទេ​វី​ ​មន្ត្រី​គ​ម្រោ​ង​​នៃ​អង្គ​ការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុ​ជា ស្តី​អំ​ពី​កម្ម​វិធី​​អង្គ​​ការ​​ប្រ​ឈម​ទៅ​នឹង​គ្រោះ​វិ​​​នាស​ផុត​​ពូជ​របស់​សត្វ​ព្រៃ​ក្នុង​ខ្លឹម ​សារ​ដូច​ត​ទៅ​​៖

  • អ្នក​នាំ​សារ​​៖
  • តើ​​កម្ម​វិ​ធី​សំ​ខាន់​របស់​អង្គ​ការ​សង្គ្រោះ​សត្វ​ព្រៃ​មាន​អ្វី​ខ្លះ​?
  • លោក​ស៊ឺ​ ទេវី​៖
  • យើង​មាន​កម្ម​វិ​ធី​អប់​រំ​ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​បរិ​ស្ថាន​ដល់​ប្រ​ជា​ជន​ដែល​រស់​នៅ​ក្នុង​តំ​បន់​ព្រៃ និង​ប្រ​ជា​ពល​រដ្ឋ​គ្រប់​រូប ​ដើ​ម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អភិ​រក្ស​សត្វ​ព្រៃ ការ​ការ​ពារ​ព្រៃ​ឈើ និង​ការ​ប្រើ​ប្រាស់​ធន​ធាន​ធម្ម​ជាតិ​ឲ្យ​បាន​គង់​វង្ស​យូរ​អង្វែង​។​

  • អ្នក​នាំ​សារ​​៖
  • តើ​ហេតុ​អ្វី​អង្គ​ការ​ផ្តោត​ទៅ​ការ​អប់​រំ​ផ្សព្វ​ផ្សាយ​ទៅ​វិញ​?
  • លោក​ស៊ឺ​ ទេ​វី​​៖
  • យើង​ប្រ​កាន់​កម្ម​វិ​ធី​នេះ ​ទី​មួយ ដោយ​សារ​សព្វ​ថ្ងៃ ប្រ​ជា​ជន​យើង​នៅ​មាន​ការ​យល់​ដឹង​តិច​ ទន្ទឹម​នឹង​តំ​រូវ​ការ​ជា​ច្រើន​ របស់​គាត់​។ ទី​ពីរ នៅ​កម្ពុជា ក៏​មិន​ទាន់​មាន​ការ​រៀប​ចំ​ពី​យន្ត​ការ​ដក​ហូត​យក​ផល​ ឬ​អនុ​ផល​ព្រៃ​ឈើ សត្វ​ព្រៃ​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ ​ឡើយ​ទេ​។ ទី​បី​នោះ ​គឺ​ច្បាប់​របស់​យើង​មិន​ទាន់​មាន​ប្រ​សិទ្ឋ​ភាព ​១០០% ​ក្នុង​ការ​គោរ​ព​ទេ​។ ដូ​ច្នេះ​យើង​មាន​តែ ​អប់​រំ​ផ្សព្វ​ផ្សាយ​ដល់ ប្រ​ជា​ជន​ដើ​ម្បី​ឲ្យ​ពួក​គាត់​ចូល​រួម​អភិ​រក្ស​ធន​ធាន​ធម្ម​ជាតិ​ មាន​សត្វ​ព្រៃ​នេះ​ជា​ដើម​។ សូម​ឲ្យ​ធ្វើ​ការ​សម្គាល់​បន្តិច​ថា ការ​អភិ​រក្ស​នេះ មិន​មែន​មាន​ន័យ​ថា ​ហាម​មិន​ឲ្យ​ប្រើ​ប្រាស់​នោះ​ទេ តែ​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ចំ​នួន​មួយ​កំ​ណត់ ដើ​ម្បី​ឲ្យ​ធន​ធាន​មាន​លំ​នឹង និង​អាច​រីក​សាយ​​ភាយ​ទៅ​មុខ​ទៀត​។

  • អ្នក​នាំ​សារ​៖
  • តើ​សត្វ​ព្រៃ​កម្រ​ៗ​អ្វី​ខ្លះ​ដែល​កំ​ពុង​ទទួល​ការ​គំ​រាម​កំ​ហែង​ផុត​ពូជ​នៅ​ប្រទេសកម្ពុជាយើង​​?
  • លោក​ស៊ឺ ​ទេ​វី​៖
  • ថនិក​សត្វ​សំ​ខាន់​ៗ ដែល​កំ​ពុង​តែ​ទទួល​ការ​គំ​រាម​កំ​ហែង ​ខ្លាំង មាន​ដូច​ជា ខ្លា​គ្រប់​ប្រភេទ ដំ​រី ទន្សោង ក្រ​បី​ព្រៃ គោ​ព្រៃ​ ។ល។ ពពួក​ថនិក​សត្វ​ទាំង​នេះ​ច្រើន​ចូល​ចិត្ត​រស់​នៅ​ក្នុង​ព្រៃ​ស្រោង​ ដែល​មាន​ដើម​ឈើ​ខ្ពស់​ៗ និង​មាន​ស្មៅ ​ឬ​រុក្ខ​ជាតិ​នៅ​ខាង​ ក្រោម​ដែល​ជា​ចំ​ណី​របស់​ពួក​វា​។

  • អ្នក​នាំ​សារ៖
  • តើ​សត្វ​ព្រៃ​ដែល​ទទួល​ការ​គំ​រាម​កំ​ហែង​នេះ បណ្ដាល​មក​ពី​កត្តា​អ្វី​ខ្លះ​?
  • លោក​ស៊ឺ ​ទេ​វី៖
  • យើង​ឃើញ​ថា ការ​បាត់​បង់​សត្វ​ព្រៃ ​ទី​មួយ គឺ​ដោយ​សារ​តម្រូវ​ការ​ចាំ​បាច់​នៅ​ក្នុង​គ្រួ​សារ​របស់​ ប្រ​ជា​ពល​រដ្ឋ​ចាប់​យក មក​ធ្វើ​ពិ​ធី​បុណ្យ​តាម​ប្រ​ពៃ​ទំ​នៀម​ទំ​លាប់​។ ទី​ពីរ​ គឺ​ តម្រូវ​ការ​ទី​ផ្សារ​។ ឈ្មួញ​ដែល​មក​ពី​ក្រៅ​តំ​បន់​ទៅ​ទាក់​ទង​ជា​មួយ​គាត់​ផ្ទាល់ ដើ​ម្បី​ទិញ​សត្វ​សំ​ខាន់​ៗ​។ ចំ​ណែក​ព្រៃ​ឈើ ​ក៏​ឈ្មួញ​ទុច្ច​រិត​កាប់​ដោយ​ខុស​ច្បាប់​យក​ទៅ​លក់​។ ដូ​ច្នេះ​ព្រៃ​ឈើ​ថយ​ចុះ សត្វ​ព្រៃ​ថយ​ចុះ ​ព្រោះ​បាត់​ជម្រក​។ ម្យ៉ាង​វិញ​ទៀត​ កំ​ណើន​ប្រ​ជា​ជន​ធ្វើ​ឲ្យ​ការ​សង់​ផ្ទះ ឬ​លំ​នៅ​ឋាន​កើន​ឡើង​។ ពេល​ណា​ពួក​គាត់​ ឬ​អ្នក​ណា​ផ្សេងៗ រាន​ដី​ព្រៃ ក៏​ធ្វើ​ឲ្យ​ចំ​នួន​សត្វ​ព្រៃ​ត្រូវ​ថយ​ចុះ​ផង​ដែរ​។

  • អ្នក​នាំ​សារ​៖
  • តើ​អាជ្ញា​ធរ​មូល​ដ្ឋាន​គួរ​តែ​ធ្វើ​ដូច​ម្តេច​ដើ​ម្បី​ឲ្យ​ការ​អភិ​រក្ស​មាន​ប្រ​សិទ្ឋ​ភាព?
  • លោក​ស៊ឺ​ ទេ​វី​​៖
  • អា​ជ្ញា​ធរ​មូល​ដ្ឋាន​ត្រូវ​មាន​ស្មា​រតី​សហ​ការ និង​ធ្វើ​សាម​គ្គី​ភាព​ជា​មួយ​នឹង​ប្រ​ជា​ជន​ដើ​ម្បី ​បង្ក្រាប​បទ​ល្មើស​ផ្សេង​ៗ​ ដែល មាន​នៅ​ក្នុង​តំ​បន់​របស់​គាត់​។ ធ្វើ​ដូច​ច្នេះ ប្រ​ជា​ជន​នឹង​មាន​ជំ​នឿ​ចិត្ត​ជា​មួយ​អា​ជ្ញា​ធរ​ដែន​ដី មាន​ភាព​កក់​ក្តៅ ​និង​យល់​ថា ​អា​ជ្ញា​ធរ​មាន ​ទំ​នួល​ខុស​ត្រូវ​។

  • អ្នក​នាំ​សារ​​៖
  • ​ប្រ​សិន​បើ​សត្វ​ព្រៃ​នៅ​គង់​វង្ស​ តើ​វា​ផ្តល់​ផល​ប្រ​យោជន៍​អ្វី​ខ្លះ​ដល់​សង្គម​?
  • លោក​ស៊ឺ​ ទេ​វី​៖
  • នៅ​ក្នុង​បរិ​ស្ថាន​ ជី​វៈ​ចំ​រុះ​មាន​សារ​សំ​ខាន់​ណាស់​។ រច​នា​សម្ព័ន្ឋ​ព្រៃ​ឈើ និង​សត្វ​ព្រៃ ​តែង​ពឹង​ពាក់​គ្នា​ទៅ​វិញ​ទៅ​មក​ ដែល​ធ្វើ​ឲ្យ​មាន​លំ​នឹង​នៅ​ក្នុង​​ធម្ម​ជាតិ​។ ព្រៃ​ឈើ​ជា​ជម្រក​។ សត្វ​ព្រៃ​ជា​អ្នក​សាយ​ភាយ​គ្រាប់​ដែល​ធ្វើ​ឲ្យ​ព្រៃ​ឈើ​ដុះ​ដាល​ច្រើន ឡើង​ៗ​។ បើ​ព្រៃ​ឈើ​នៅ​គង់​វង្ស​ ធាតុ​អា​កាស​ កម្ពៅ ​សំ​ណើម​ ឬ​​របប​ទឹក​ភ្លៀង​ក៏​ទៀត​ទាត់​។ នេះ​ធ្វើ​ឲ្យ​ជី​វិត​ភាព​របស់​នៅ​របស់​ ប្រ​ជា​ជន​បាន​ល្អ ​ប្រ​សើរ​ទៀត​ទាត់​។ ម្យ៉ាង​ទៀត ព្រៃ​ឈើ​សត្វ​ព្រៃ​អាច​ទាក់​ទាញ​ចំ​ណាប់​អា​រម្មណ៍​​ភ្ញៀវ​ទេស​ចរណ៍​ ឲ្យ​ទៅ​ទស្ស​នា​បាន​ ដែរ ដែល​ធ្វើ​ឲ្យ​ប្រ​ជាជន​អាច​រក​ចំ​ណូល​បាន​។ សេដ្ឋ​កិច្ច​ជាតិ​ក៏​រីក​ចំ​រើន​តាម​រយៈ​ទេស​ចរណ៍​​ធម្ម​ជាតិ​។

    អំ​ពី​ឧទ្យាន​ជាតិ​ព្រះ​មុ​នី​វង្ស ហៅ​ភ្នំ​បូក​គោ
    ឧទ្យាន​ជាតិ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះ​រាជ​ក្រិត្យ​របស់​ព្រះ​បាទ​នរោត្តម​ សី​ហនុ និង​បាន​ទទួល​ស្គាល់​ដោយ​រាជ​រដ្ឋា​ភិ បាល​កម្ពុជា​នៅ​ថ្ងៃ​ទី​ ០១ ​ខែ​វិ​ច្ឆិ​កា ​ឆ្នាំ​ ១៩​៩៣​ ។

    ឧទ្យាន​ជាតិ​ភ្នំ​បូក​គោ​គឺ​ជា​តំ​បន់​ការ​ពារ​មួយ​ក្នុង​ចំ​ណោម​តំ​បន់​ការ​ពារ​ធម្ម​ជាតិ ទាំង​ ២៣ កន្លែង នៅ​ទូ​ទាំង​ព្រះ​រា​ជា​ណា​ចក្រ កម្ពុជា​។ ដោយ​មាន​ផ្ទៃ​ដី​ ១៤០ ០០០​ ហិច​តា ឧទ្យាន​ជាតិ​នេះ​លាត​សន្ឋឹង​លើ​ខេត្ត​បួន​នៅ​ភាគ​ខាង​ត្បូង​ប្រ​ទេស ​មាន​ខេត្ត​ កំពត​ កំពង់​ស្ពឺ កោះ​កុង និង​ក្រុង​ព្រះ​សី​ហនុ​។ ឧទ្យាន​ជាតិ​នេះ ​គឺ​ជា​ជំ​រក​សត្វ ​ដែល​ជា​ទី​អា​ស្រ័យ​ដល់​ពួក​រុក្ខ​ជាតិ និង​សត្វ ព្រៃ​ជា​ច្រើន​ប្រ​ភេទ​។ វា​ជា​តំ​បន់​ ដែល​ប្រើ​ប្រាស់​ជា​ប្រ​យោជន៍​ច្រើន​យ៉ាង ដូច​ជា​ការ​អភិ​រក្ស​ធន​ធាន​ជីវៈ​ចម្រុះ ផ្តល់​កន្លែង​សំ​រាក​លំ​ហែ ​និង​ជា​តំ​បន់​សិ​ក្សា ​ស្រាវ​ជ្រាវ​ជា​ដើម​។

    ស្ថាន​ភាព​ភូមិ​សាស្ត្រ
    ឧទ្យាន​ជាតិ​ភ្នំ​បូក​គោ ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ជួរ​ភ្នំ​ក្រ​វាញ ​និង​ជួរ​ភ្នំ​ដី​រី​រមាល​។ វា​គឺ​ជា​តំ​បន់​មួយ​ដែល​គ្រប​ដណ្ដប់​ដោយ​ភ្នំ​ តូច​ៗ​ជា ​ច្រើន​ ដែល​មាន​ផ្ទៃ​ខ្ពស់​នៅ​ទិស​ខាង​ជើង​ និង​ខាង​កើត និង​មាន​ចំ​ណោត​នៅ​ទិស​ខាង​លិច​ និង​ទិស​និរតី​ ដែល​ ងាយ ស្រួល​ក្នុង​ការ​ចំ​នាត់​ថ្នាក់​ឧទ្យាន​ធម្ម​ជាតិ​ក្នុង​ការ​ការ​ពារ​ពី​ការ​ទន្ទ្រាន​ពី​ផ្នែក​ផ្សេង​ៗ​។ ​ស្ថាន​ភាព​ផ្ទៃ​ដី គឺ​មាន​កម្ពស់​ពី​ ១០​ ទៅ ​១០៧៩ ម៉ែត្រ លើ​នី​វ៉ូ​សមុទ្រ​។ នៅ​ក្នុង​ឧទ្យាន​ជាតិ មាន​ស្ទឹង​មួយ យ៉ាង​សំ​ខាន់​ឆ្លង​កាត់​មួយ​គឺ​ ស្ទឹង​ទឹក​ឈូរ​។

    អា​កាស​ធាតុ
    ដោយ​ស្ថិត​នៅ​ក្នុង​តំ​បន់​ត្រូ​ពិច​ ភ្នំ​បូកគោ​ទទួល​អា​កាស​ធាតុ​ម៉ូ​សុង​ ដែល​មាន​រដូវ​ពីរ​ផ្សេង​គ្នា​គឺ រដូវ​ប្រាំង​ក្តៅ​ចាប់​ពី​ខែ​វិច្ឆិ​កា ដល់​ខែ​ឧស​ភា និង​រដូវ​ត្រ​ជាក់​ជា​មួយ​​នឹង​ភ្លៀង​ព្យុះ​ចាប់ ពី​ខែ​ឧស​ភា ដល់​ខែ​តុលា​។ មាន​ខ្យល់​ជា​ញឹក​ញាប់​ និង​មាន​ភ្លៀង ​ធ្លាក់​ប្រចាំ​ឆ្នាំ ​១៨១៣ ម.​​ ម ។​ អា​កាស​ធាតុ​នៅ​​តំ​បន់​ខ្ពស់​មាន​ពី​​ ៦ ​ទៅ​ ១០ អង្សា ​គឺ​ត្រ​ជាក់​ជាង​តំ​បន់​ឆ្នេរ​។ ហើយ​វា​មាន​អា​កាស​ធាតុ​ប្រែ​ប្រួល​មធ្យម​ពី​ ១០​ អង្សា ​ចាប់​ពី​ខែ​កក្កដា ​ទៅ​ដល់​ ២១ អង្សា ពេញ​មួយ​រយៈ​ពេល​ប៉ុ​ន្មាន​ខែ​នៅ​សល់​ក្នុង​មួយ​ឆ្នាំ​។

    ស្ថាន​ជីវ​ចម្រុះ
    នៅ​ក្នុង​ឧទ្យាន​ព្រះ​មុ​នី​វង្ស ​ហៅ​ភ្នំ​បូក​គោក​ មាន​វត្ត​មាន​ថនិក​សត្វ​ជា​ច្រើន​ប្រ​ភេទ ដូច​ជា ដំ​រី ខ្លា​ដំ​បង ខ្លា​ផ្សេងៗ​ ខ្លា​ឃ្មុំ​សាម​បា គោ​ព្រៃ និង​ប្រ​ភេទ​ខ្លា​ឃ្មុំ​ជា​ច្រើន​ទៀត ។ល។ ដែល​កំ​ពុង​រស់​រាន​មាន​ជី​វិត​នៅ​ក្នុង​ចំ​ណោម​ក្រុម ​សត្វ​ដែល​គួរ​ឲ្យ​ ចាប់​អា​រម្មណ៍ គឺ​ពួក​សត្វ​ទោច​។ សត្វ​ស្លាប​ជាង ៣០០ ប្រ​ភេទ ត្រូវ​បាន​រំ​ពឹង​ថា ​មាន​វត្ត​មាន​នៅ​ទី​នោះ​ផង​ដែរ​។ ចំ​ណែក ប្រ​ភេទ​សត្វ​ដែល​អាច​រស់​នៅ​លើ​ទឺក ​និង​លើ​គោក​មាន​ចំ​នួន ៧ ប្រ​ភេទ ដែល​ត្រូវ​បាន​កំ​ណត់​ទុក​ទៅ​ក្នុង​ប្រ​ភេទ​សត្វ​ល្មូន​ ផ្សេង​ៗ​គ្នា​។ ចំ​ណែក​ប្រ​ភេទ​រុក្ខ​ជាតិ​បៃ​តង​ក៏​មាន​ច្រើន​ប្រ​ភេទ​នៅ​ទី​នោះ​ផង​ដែរ​។

    លោក​បូ​ជា​ចារ្យ​ អ៊ុន​ ស៊ុន៖ ​ "ការ​លោភ​លន់​ជា​អំ​ពើ​ដែល​ខុស​ពី​ព្រះ​ទ័យ​ព្រះ​ជា​ម្ចាស់" ​ព្រះ​ជា​ម្ចាស់​បាន​បង្កើត​ធម្ម​ជាតិ សំ​រាប់​ឲ្យ​មនុស្ស​ធ្វើ​ជា​ម្ចាស់​លើ​របស់​ទាំង​នោះ​។ នៅ​ពេល​ពួក​គេ​ទទួល​បាន​ត្រូវ​ចេះ​ថែ​រក្សា ​ដែរ​ ដោយ​មិន​ត្រូវ​បំ​ផ្លាញ​របស់​ទាំង​នោះ​ឡើយ​។​មាន​ន័យ​ថា យើង​មាន​ព្រះ​ជា​ម្ចាស់​លើ​សត្វ និង​លើ​អ្វី​ៗ​ដែល​​​មាន​ហើយ​យើង​ត្រូវ​ចេះ​ថែ​​ក្សា​​របស់​ទាំង​នោះ​ដូច​ជា​យើង​ប្រើ​ប្រាស់​សត្វ​ជា​អា​ហារ​ក៏​យើង​មិន​ត្រូវ​បំ​ផ្លាញ​ ​ដោយ​​មិន​ពិ​ចារ​ណា​ដែរ​ ទោះ​យើង​មាន​សិទ្ឋិ​លើ​ពួក​គេ​ក៏​ដោយ​។​ ​សព្វ​ថ្ងៃ​នេះ​សត្វ​ព្រៃ​កាន់​តែ​ហិន​ហោច​ទៅ​ៗ ​មក​ពី​ការ​យល់​ដឹង ​ការ​គ្រប់​គ្រង​គ្មាន​សណ្ដាប់​ធ្នាប់ ​ភាព​អនា​ធិប​តេយ្យ​គ្មាន ​ការ​ការ​ពារ ​ដោយ​គិត​តែ​ពី​ប្រ​យោជន៍​​ផ្ទាល់​ខ្លួន ​និង​សេច​ក្តី​ត្រូវ​ការ​។ ​នេះ​ជា​ចំ​នុច​ខ្សោយ​ដែល​ធ្វើ​ឲ្យ​សត្វ​ព្រៃ ​និង​សម្បត្តិ​ធម្ម ​ជាតិ​ត្រូវ​បាន​បាត់​បង់​។ ​បញ្ហា​នេះ​ទាក់​ទង​នឹង​កា​តព្វ​កិច្ច​របស់​រដ្ឋ​និង​ប្រ​ជា​​ពល​រដ្ឋ​ដែល​ត្រូវ​ចូល​រួម​ក្នុង​ការ​ថែ​រក្សា​ការ​ពារ ​សម្បត្តិ​រួម​ទាំង​នោះ​។​ ​តើ​ពួក​គេ​គួរ​តែ​បញ្ឈប់ ​ឬ​នៅ​ធ្វើ​បន្ត​ ? ​នេះ​គឺ​អា​ស្រ័យ​ទៅ​លើ​ពួក​គេ​ផ្ទាល់​។ ​ពួក​គេ​ត្រូវ​ការ​ឈប់​បើ​គិត​ថា ​ធន​ធាន​ទាំង​នោះ ​សំ​ខាន់​សំ​រាប់​ការ​ផ្តល់​ជា​តម្លៃ​ដល់​ប្រ​​ទេស​ជាតិ​។ ព្រះ​ជា​ម្ចាស់​បង្កើត​​នុស្ស​​លោក​ឲ្យ​រស់​នៅ​លើ​លោក​នេះ​ទាំង​អស់​គ្នា ​ឲ្យ ​មាន​ទី​ជំ​រក ​មាន​ចំ​ណី​អា​ហារ ​តែ​បើ​មនុស្ស​​បំ​ផ្លាញ ​មនុស្ស​លោភ​លន់​ ប្រើ​​ប្រាស់​ទៅ​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន​នោះ ​គឺ​ជា​អំ​ពើ ដែល​ខុស​ពី​ព្រះ​ទ័យ​របស់​ព្រះ​ជា​ម្ចាស់​។

    Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក កម្ពុជា

    Top All Rights Reserved © 2006 Catholic Social Communications - UNICODE