|
កំពង់ចាម ជំនួបដើម្បីការងាររីកចំរើន
Posted: 10th July 2006
ការជួបប្រជុំរបស់យុវជន នៅកំពង់ចាម
|
ុកំពង់ចាម (C.S.C)៖ នៅព្រះសហគមន៍ក្រុងកំពង់ចាមកាលពីថ្ងៃទី១៨ មិថុនា ឆ្នាំ២០០៦ កន្លងទៅនេះមានជំនួបគ្នាមួយរវាងប្រធានក្រុមយុវជនទាំងអស់ក្នុងភូមិភាគកំពង់ចាមដែលមានអ្នកចូលរួមប្រមាណជា៤២នាក់។ ក្នុងជំនួបនោះគឺក្នុងគោលបំណងដើម្បីធ្វើការចែករំលែកនូវបទពិសោធន៍ និងធ្វើការស្វែងយល់ពីយុទ្ធសាស្ត្រជុំវិញប្រធានបទ "លក្ខណៈនៃអ្នកណែនាំ"។ នាឱកាសនោះដែរក៏មានការចូលរួមពីលោកអន់តូនីអភិបាលភូមិភាគកំពង់ចាម លោកបូជាចារ្យក្នុងភូមិភាគកំពង់ចាមនិងយុវជនជាច្រើនរូបទៀតផងដែរ។ ខណៈពេលបើកកម្មវិធីលោកអភិបាលបានឡើងមានប្រសាសន៍ទៅកាន់អង្គប្រជុំ ជាពិសេសលោកចង់ធ្វើការរំលឹកទៅកាន់យុវជនអំពីទិវាយុវជនពិភពលោកដែលបានប្រារព្ធធ្វើនៅប្រទេសអាឡឺម៉ង់កន្លងទៅនេះដោយលោកបានផ្តោតសំខាន់ទៅលើប្រសាសន៍របស់សម្តេចប៉ាបដែលបានលើកយកប្រធានបទមួយស្តីពី "ព្រះយេស៊ូជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ។ ប្រសិនបើមែកណាមួយមិនស្ថិតនៅជាប់នឹងដើមទេ វាពុំអាចបង្កើតផលដោយឯកឯងបានឡើយ"។
ក្រោយពីបានធ្វើការពិភាក្សាគ្នាមកក្រុមនីមួយៗបានបង្ហាញឲ្យឃើញថា ពួកគេនៅមានកង្វះខាតបទពិសោធន៍ ការមិនយល់ពីលក្ខណះជាអ្នកណែនាំមិនសូវមានរបៀបនៅពេលប្រជុំ មិនស្គាល់ទិសដៅរបស់ក្រុមច្បាស់លាស់ និងក្នុងក្រុមមិនចេះស្តាប់គ្នា ឬស្តាប់ឯកភាពពីការមិនអនុវត្តតាម។ល។
ស្របតាមតំរូវការខាងលើនេះ អង្គប្រជុំបានផ្តល់ឲ្យគេយល់ពីលក្ខណៈនៃអ្នកណែនាំមានប្រាំចំនុចគឺ អ្នកណែនាំត្រូវចេះស្រលាញ់និងចេះបំរើសមាជិកក្រុមណែនាំឲ្យគេទាំងអស់គ្នាចេះរួបរួមគ្នាជាក្រុម ហើយដើរតាមព្រះយេស៊ូ ចេះគោរពសមាជិកក្រុមរកផលប្រយោជន៍ក្រុមមុនរកផលប្រយោជន៍ខ្លួនឯងចេះផ្តល់កំលាំងចិត្តដល់សមាជិកក្រុមគ្រប់ពេលវេលាធ្វើឲ្យសមាជិកក្រុមចេះជួយគ្នាទៅវិញទៅមកពិសេសចេះជួយអ្នកក្រីក្រ ផ្តល់នូវប្លង់ប្រជុំទូទៅសំរាប់ក្រុមនីមួយៗ រៀបចំឲ្យមានបញ្ជីទិសដៅការងារដែលក្នុងនោះមានការងារជួយសង្គម ជួយព្រះសហគមន៍ ជួយខ្លួនឯង និងការអធិដ្ឋាន។
លោកបូជាចារ្យក្វាន់ បានមានប្រសាសន៍ដោយធ្វើការពន្យល់ថា៖ "យើងម្នាក់ៗមានលក្ខណៈពីរគឺ ជាអ្នកណែនាំផង និងជាអ្នកស្តាប់ផង។ ហើយលក្ខណៈនៃអ្នកស្តាប់ត្រូវធ្វើការស្តាប់ដោយយកចិត្តទុកដាក់ បន្ទាប់មករិះគិតពិចារណានិងអនុវត្តន៍"។
គួរបញ្ជាក់ថា ទោះបីជាគេមិនសូវមានបទពិសោធន៍និងមានការពិបាកក្នុងការរួបរួមគ្នាក្នុងក្រុម ពីរឆ្នាំកន្លងមកនេះតាមរយៈរបាយការណ៍ប្រចាំខែ យុវជនតាមភូមិបានធ្វើការងារជាច្រើនដើម្បីជួយសង្គម និងព្រះសហគមន៍ក្នុងនោះមានការសួរសុខទុក្ខអ្នកក្រីក្រចាស់ជរា ជួយអ្នកជម្ងឺ កុមារកំព្រា ក្មេងអនាថា ជួយរៀបចំពិធីបុណ្យជាដើម។ នៅចុងបញ្ចប់នៃកម្មវិធី អ្នកចូលរួមទាំងអស់មានការយល់ស្របនូវអ្វីដែលបានពិភាក្សាគ្នា និងប្រកបដោយទឹកមុខសប្បាយរីករាយ។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានព្រះសហគមន៏កាតូលិក
|