|
ជំនួបដើម្បីការងាររើកចំរើន
Posted: 6th July 2006
ការជួបប្រជុំរបស់យុវជន
|
កំពង់ចាម(C.S.C)៖នៅព្រះសហគមន៍ក្រុងកំពង់ចាម កាលពីថ្ងៃទី ១៨ មិថុនា ឆ្នាំ ២០០៦ កន្លងទៅនេះ មានជំនួបគ្នាមួយរវាងប្រធានក្រុមយុវជនទាំងអស់ក្នុងភូមិភាគកំពង់ចាមដែលមានអ្នកចូលរួមប្រមាណជា ៤២នាក់។ ក្នុងជំនួបនោះ គឺក្នុងគោលបំណង ដើម្បីធ្វើការចែករំលែកនូវបទពិសោធន៍ និងធ្វើការស្វែងយល់ពីយុទ្ធសាស្ត្រជុំវិញប្រធានបទ "លក្ខណៈនៃអ្នកណែនាំ"។ នាឱកាសនោះដែរក៏មានការចូលរួមពីលោកអន់តូនី អភិបាលភូមិភាគកំពង់ចាម លោកបូជាចារ្យក្នុងភូមិភាគកំពង់ចាម និងយុវជនជាច្រើនរូបទៀតផងដែរ។ ខណៈពេលបើកកម្មវិធីលោកអភិបាលបានឡើងមានប្រសាសន៍ទៅកាន់អង្គប្រជុំ ជាពិសេសលោកចង់ធ្វើការរំលឹកទៅកាន់យុវជនអំពីទិវាយុវជនពិភពលោក ដែលបានប្រារព្ធធ្វើនៅប្រទេសអាឡឺម៉ង់កន្លងទៅនេះ ដោយលោកបានផ្តោតសំខាន់ទៅលើប្រសាសន៍របស់សម្តេចប៉ាបដែលបានលើកយកប្រធានបទមួយស្តីពី "ព្រះយេស៊ូជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ។ ប្រសិនបើមែកណាមួយមិនស្ថិតនៅជាប់នឹងដើមទេ វាពុំអាចបង្កើតផលដោយឯកឯងបានឡើយ"។
ក្រោយពីបានធ្វើការពិភាក្សាគ្នាមកក្រុមនីមួយៗបានបង្ហាញឲ្យឃើញថា ពួកគេនៅមានកង្វះខាតបទពិសោធន៍ ការមិនយល់ពីលក្ខណៈជាអ្នកណែនាំ មិនសូវមានរបៀបនៅពេលប្រជុំ មិនស្គាល់ទិសដៅរបស់ក្រុមច្បាស់លាស់ និងក្នុងក្រុមមិនចេះស្តាប់គ្នា ឬស្តាប់ឯកភាពពីការមិនអនុវត្តតាម។ល។
ស្របតាមតំរូវការខាងលើនេះ អង្គប្រជុំបានផ្តល់ឲ្យគេយល់ពីលក្ខណៈនៃអ្នកណែនាំមានប្រាំចំនុចគឺ អ្នកណែនាំត្រូវចេះស្រលាញ់ និងចេះបំរើសមាជិកក្រុម ណែនាំឲ្យគេទាំងអស់គ្នាចេះរួបរួមគ្នាជាក្រុម ហើយដើរតាមព្រះយេស៊ូ ចេះគោរពសមាជិកក្រុម រកផលប្រយោជន៍ក្រុមមុនរកផលប្រយោជន៍ខ្លួនឯង ចេះផ្តល់កំលាំងចិត្តដល់សមាជិកក្រុមគ្រប់ពេលវេលា ធ្វើឲ្យសមាជិកក្រុមចេះជួយគ្នាទៅវិញទៅមក ពិសេសចេះជួយអ្នកក្រីក្រ ផ្តល់នូវប្លង់ប្រជុំទូទៅសំរាប់ក្រុមនីមួយៗ រៀបចំឲ្យមានបញ្ជីទិសដៅការងារដែលក្នុងនោះមាន ការងារជួយសង្គម ជួយព្រះសហគមន៍ ជួយខ្លួនឯង និងការអធិដ្ឋាន។
លោកបូជាចារ្យក្វាន់ បានមានប្រសាសន៍ដោយធ្វើការពន្យល់ថា៖ "យើងម្នាក់ៗមានលក្ខណៈពីរគឺ ជាអ្នកណែនាំផង និងជាអ្នកស្តាប់ផង។ ហើយលក្ខណៈនៃអ្នកស្តាប់ត្រូវធ្វើការស្តាប់ដោយយកចិត្តទុកដាក់ បន្ទាប់មករិះគិតពិចារណានិងអនុវត្តន៍"។
គួរបញ្ជាក់ថា ទោះបីជាគេមិនសូវមានបទពិសោធន៍ និងមានការពិបាកក្នុងការរួបរួមគ្នាក្នុងក្រុមពីរឆ្នាំកន្លងមកនេះ តាមរយៈរបាយការណ៍ប្រចាំខែ យុវជនតាមភូមិបានធ្វើការងារជាច្រើន ដើម្បីជួយសង្គម និងព្រះសហគមន៍ក្នុងនោះមានការសួរសុខទុក្ខអ្នកក្រីក្រ ចាស់ជរា ជួយអ្នកជម្ងឺ កុមារកំព្រា ក្មេងអនាថា ជួយរៀបចំពិធីបុណ្យជាដើម។ នៅចុងបញ្ចប់នៃកម្មវិធី អ្នកចូលរួមទាំងអស់មានការយល់ស្របនូវអ្វីដែលបានពិភាក្សាគ្នា និងប្រកបដោយទឹកមុខសប្បាយរីករាយ។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានព្រះសហគមន៏កាតូលិក
|