|
ទស្សនកិច្ចរបស់យុវជន YRDP មកព្រសហគមន៍កាតូលិក
Posted: 4th July 2006
េលាកបូជាចារ្យអេនរីកូ ជូបយុវជនYRDP
|
ុភ្នំពេញ (C.S.C)៖ ដំណើរទស្សនកិច្ចលើកទី២ របស់ក្រុមយុវជន នៃអង្គការវ៉ាយអរឌីភី YRDP ដែលមានឈ្មោះពេញថា "កម្មវិធីអភិវឌ្ឍធនធានយុវជន "សិក្សាអំពីជំនឿនិងសាសនានៅក្នុងប្រទេសកម្ពុជា មកព្រះសហគមន៍កាតូលិកផ្សារតូច ក្នុងគោលដៅស្គាល់អំពីការអនុវត្តពីរបៀបផ្សេងៗដែលមាននៅក្នុងព្រះសហគមន៍កាតូលិកកម្ពុជា។ កម្មវិធីនេះ បានធ្វើឡើងកាលពីថ្ងៃទី ២៤ ខែមិថុនា ២០០៦ កន្លងទៅនេះដែលមានការចូលរួមពីសំណាក់ គ្រីស្តបរិស័ទ (កាតូលិក និងប្រូតេស្តង់) ឥស្លាមបរិស័ទ និងពុទ្ឋបរិស័ទ ដែលរួមមានព្រះសង្ឃ ៣អង្គផងដែរសរុបចំនួន ២៤នាក់។
ក្នុងកិច្ចចាប់ផ្តើមនូវកម្មវិធីនោះ លោកបូជាចារ្យ អេនរីកូ បានពន្យល់ខ្លះៗអំពីរបៀបរបបប្រពៃណីនិងវប្បធម៌ដែលព្រះសហគមន៍កាតូលិក យកមកប្រតិបត្តិដូចជាការប្រើទៀនធូប ការរៀបចំអសនៈជាដើម។
ជាមួយទឹកមុខញញឹមរួសរាយ និស្សិត ស៊ឹម លីណាត ផ្នែកព័ត៌មានវិទ្យា ជាឥស្លាមបរិស័ទបាននិយាយថា៖ គាត់ចូលរួមក្នុងក្រុមនេះ គឺដោយសារទី១ ចង់ស្វែងយល់ពីសាសនាដទៃ ព្រោះគាត់យល់ថា សាសនានីមួយៗអប់រំមនុស្សឲ្យដើរផ្លូវល្អ និងទី២ មិនចង់ឲ្យខ្លួនរបស់គាត់មានជំពាក់បាបកម្ម និងចង់ឲ្យសង្គមរីកចំរើន។ ម្យ៉ាងវិញទៀតនិស្សិតផ្នែក ព័ត៌មានវិទ្យារូបនេះបន្តថា៖ "ប្រសិនបើខ្ញុំយល់អំពីសាសនាដទៃឲ្យបានច្បាស់ ខ្ញុំនឹងមិនធ្វើឲ្យប៉ះពាល់ដល់សាសនារបស់គេទេ។ ហើយយើងចេះរួបរួមគ្នាបង្កើតជាគំនិតមួយដើម្បីសន្តិភាពនៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំនិងយកគំនិតល្អដែលទទួលបានមកពីសាសនានីមួយៗមកទុកក្នុងខ្លួនសំរាប់អភិវឌ្ឍខ្លួនឯង"។
ក្នុងសំលៀកបំពាក់គ្រងស្បង់ចីពរពណ៌លឿងទុំ ព្រះសង្ឃព្រះនាមសុខ ឡាយហៀង ជាសាមនសិស្ស នៃពុទ្ឋសកលវិទ្យាល័យព្រះសីហនុរាជ មានសង្ឃដីកាយ៉ាងនេះថា ព្រះតេជគុណមកចូលរួមក្នុង ដំណើរទស្សនកិច្ចលើកនេះគឺចង់យល់ដឹងអំពីអត្ថន័យ និងការអនុវត្តរបស់គ្រីស្តសាសនាដើម្បីចូលរួមក្នុងសង្គម ។ មួយទៀត គឺចង់ដឹងថា តើគ្រីស្តសាសនាប្រព្រឹត្តយ៉ាងដូចម្តេចដើម្បីឲ្យសង្គមខ្មែរ ឬសាសនាទាំងបីរួបរួមគ្នាជាធ្លុងមួយ ដូចជា សាសនាគ្រីស្ត ឥស្លាមសាសនា និងព្រះពុទ្ឋសាសនា ថាតើមានចំនុចណាមួយ ដែលរួមបញ្ចូលសាសនាទាំងបី ឲ្យមាន ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ហើយធ្វើឲ្យ ប្រជាជនកម្ពុជារួបរួមគ្នាកសាងបាននូវសន្តិភាព កុំឲ្យមានជម្លោះរវាងគ្នានិងគ្នា។
ជាមួយគ្នានោះដែរ ព្រះសង្ឃអង្គនេះក៏បានបន្ថែមថា៖ "យោងទៅតាមការសិក្សាកន្លងមក ទ្រឹស្តីរបស់គ្រីស្តសាសនា មានការដឹកនាំមនុស្សឲ្យធ្វើល្អ ដូច្នេះវាសមស្របនឹងព្រះពុទ្ឋសាសនាដែរ ដូចជាសីលប្រាំអញ្ចឹងដែរ។ ដូច្នេះ នេះជាចំនុចរួមដែលធ្វើឲ្យសង្គមខ្មែរមានសន្តិភាព យើងអាចស្រុះស្រួលគ្នាផ្នែកខាងជំនឿ ឬវប្បធម៌យើងអាចស៊ីគ្នាបាន "។ ជាចុងក្រោយសាមនសិស្សអង្គនេះបានសម្តែងជាអារម្មណ៍ផ្ទាល់ថា៖ "អាត្មាមានអារម្មណ៍ សប្បាយ ព្រោះយើងជាបរិស័ទទាំងអស់គ្នា ទោះបីជាយើងមានសាសនាផ្សេងគ្នាក្តីតែយើងអាចរួមគំនិតគ្នាសាមគ្គីគ្នា"។
នៅក្នុងដំណើរទស្សនកិច្ចនេះ ធ្វើឲ្យយុវជនដែលចូលរួមមានការងឿងឆ្ងល់ជាច្រើន ដែលជាហេតុធ្វើឲ្យពួកគេម្នាក់ៗចោទជាសំនួរម្នាក់ម្តងៗ រីឯយុវជន រិន ដារិទ្ឋ ជាពុទ្ឋបិរស័ទក៏មិនខុសពីអ្នកដទៃទៀតដែរ ដោយសារពាក្យចចាមអារាមពីមាត់មួយទៅមាត់មួយថា សាសនាគ្រីស្តនេះយកលុយទៅទាក់ទាញដើម្បីឲ្យគេចូលជាសមាជិក។ តែក្រោយពីសិក្សានេះមកគាត់បានបញ្ជាក់ប្រាប់យ៉ាងដូចនេះថា៖ "ខ្ញុំបានសួរលោកឪពុករួចហើយគាត់ក៏បានប្រាប់ថា អត់មានការទាក់ទាញទេ នេះគ្រាន់តែជាអ្នកផ្សព្វផ្សាយមួយចំនួនដែលគេមកពីប្រទេសក្រៅគាត់បានមកផ្សព្វផ្សាយហើយបានសាបព្រួសនូវទង្វើដែលថាមិនសមប្រកបនេះ"។
សំលៀកបំពាក់អាវពណ៌បៃតងនិងខោប៊យខៀវស្ពាយសាក់កាដូពីក្រោយ កញ្ញា ម៉ៅ កូលាបមកពីក្រុមជំនុំព្រះជីវិតថ្មីក្នុងព្រះយេស៊ូគ្រីស្ទ និកាយប្រូតេស្តង់បានប្រាប់ដូច្នេះថា៖ "កាលពីមុនខ្ញុំតែងតែគិតថា និកាយកាតូលិក គោរពនាងម៉ារីជាធំទុកជាព្រះរបស់គេ គេមិនគោរពព្រះយេស៊ូទេ។ ប៉ុន្តែនៅពេលនេះខ្ញុំដឹងច្បាស់ថាមិនមែនទេគឺគោរពតែព្រះយេស៊ូតែមួយគត់"។ នាងបានបន្តទៀតថា៖ តាមរយៈការសិក្សាអំពីអន្តរជំនឿនេះធ្វើឲ្យនាងមានជឿលើព្រះយេស៊ូកាន់តែខ្លាំងឡើង ហើយនាងស្វែងយល់ឃើញថាមានតែព្រះយេស៊ូមួយគត់ដែលអាចសង្គ្រោះនាងឲ្យរួចពីបាបបាន។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានព្រះសហគមន៏កាតូលិក កម្ពុជា
|