CatholicCambodia.org

Return to normal view

Back to the front page News #294

កំពង់ធំ ពិធីសម្ភោធ​ព្រះវិហារ​ព្រែកស្បូវ

Posted: 16th June 2006

អាគារព្រះវិហារថ្មីនៅព្រែកស្បូវ កំពង់ធំ

ភ្នំពេញ (C.S.C)៖ កាល​ពី​ថ្ងៃ​ទី ១១ មិ​ថុ​នា ឆ្នាំ​ ២០​០៦ កន្លង​ទៅ​នេះ​នៅ​ព្រះ​សហ​គមន៍​ព្រែក​ស្បូវ ស្ថិត​នៅ​ខេត្ត​កំ​ពង់​ធំ​នៃ ភូមិ​ភាគ​បាត់​ដំ​បង មាន​រៀប​ចំ​ពិ​ធី​សម្ពោធ​ព្រះ​វិ​ហារ​ថ្មី​មួយ​ធ្វើ​អំ​ពី​ថ្ម​លាយ​ឈើ ​ក្រោម​ការ​ឧប​ត្ថម្ភ​អំ​ពី​សម្តេច​ប៉ាបបេ​ណេ​ឌីក​តូ ទី​ ១៦ គ្រីស្ត​បរិ​ស័ទ​ពី​ប្រ​ទេស​ជប៉ុន និង​ការ​រៃ​អង្គាស​ពី​បង​ប្អូន​គ្រីស្ត​បរិ​ស័ទ បង​ប្អូន​ពុទ្ឋ​បរិ​ស័ទ នៅ​ក្នុងភូមិ​ព្រែក​ស្បូវ ដែល​សរុប​ជា​ថវិ​ការ​ចំ​នួន ១៣.៣០៣ដូ​ល្លារ​អា​មេ​រិក​។

ពិ​ធី​នេះ​ប្រ​ព្រឹត្ត​ទៅ​ក្រោម​អធិប​តី​ភាព​របស់​លោក​អភិ​បាល គី​គេ ហ្វី​ហ្គា​រេ​ដូ ជា​អភិ​បាល​ភូមិ​ភាគ​បាត់​ដំ​បង​ ដោយរួម​មាន​បង​ប្អូន​គ្រីស្ត​បរិ​ស័ទ​មក​ពី​ព្រះ​សហ​គមន៍​នា​នា​ជា​ច្រើន​ដូច​ជា ​ព្រះ​សហ​គមន៍​សៀម​រាប​ ​ព្រះ​សហ​គមន៍​ស្វាយ​ស៊ី​សុ​ផុន​ជា​ដើម និង​មាន​ពុទ្ឋ​បរិ​ស័ទ​នៅ​ក្នុង​ភូមិ​ព្រែក​ស្បូវ​ទាំង​ចាស់​ទាំង​ក្មេង​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ផង​ដែរ​។

តាមប្រ​សាសន៍​របស់​លោក​បូ​ជា​ចារ្យ ង៉ែត​ វិ​ន័យ ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ព្រះ​សហ​គមន៍​ព្រែក​ស្បូវ​បាន​មាន​ប្រ​សាសន៍​ឲ្យ​ដឹង​ថា៖ "តាម​ពិត​ខ្ញុំ​គិត​ថាមិន​​ចង់​​ឲ្យ​​មាន​ព្រះ​វិ​ហារ​ទៀត​ទេ ដោយ​សារ​តែ​នៅ​ជិត​ភូមិ​ព្រែក​ស្បូវ​មាន​ព្រះ​វិ​ហារ​ធំ មួយ​នៅ​កំ​ពង់​រ​ទេះ​រួច​ហើយ ក៏​​ប៉ុ​ន្តែ​​គ្រីស្ត​​បរិ​​ស័ទ​​នៅ​​ទី​​នេះ គេ​មិន​ព្រម​ដោយ​សំ​អាង​ថា ក្រោយ​សម័យ​សង្គ្រាម​ប្រ​ល័យ​ពូជ​សាសន៍​ ព្រះ​សហ​គមន៍​ដែល​កើត​មុន​គេ​នៅ​កំ​ពង់​ធំ គឺ​ព្រះ​សហ​​គមន៍​​ព្រែក​ស្បូវ​​នេះ​។ ហើយ​​បើ​ចង់​ឲ្យ​គេ​ទៅព្រះ​សហ​គមន៍​ផ្សេង​ទៀត គឺ​គេ​ប្រ​កែក​មិន​ព្រម​ទៅ​ទេ ដោយ​មូល​ហេតុ​ទាំង​នេះ​ហើយ​បាន​ជា​ឆ្នាំ​នេះ​មាន​ព្រះ​វិ​ហារ​ថ្មី​នៅ​ទី​នេះ​"។ លោក​បាន​បន្ត​ទៀត​ថា បី​ឆ្នាំ​កន្លង​មក​នេះ បង​ប្អូន​គ្រីស្ត​បរិ​ស័ទ និង​ពុទ្ឋ​បរិ​ស័ទ​នៅ​ទី​នេះ គេ​នាំ​គ្នា​រៃ​អង្គាស​ ប្រាក់​ក្នុងមួយ​គ្រួ​សារ​ខ្លះ​ ៥.០០០​ រៀល ខ្លះ ១០.០០០ រៀល ខ្លះ២០.០០០ រៀល ទៅ​តាម​លទ្ធ​ភាព​គ្រួ​សារ​នី​មួយ​ៗ មិន​តែ​ប៉ុ​ណ្ណោះ​ពួក​គេ​ក៏​បាន​ចូល​រួម​ជួយ​ជា​កំ​លាំង ដូច​ជា​ជួយ​ចាក់​ដី ធ្វើ​ឃឿន​ព្រះ​វិ​ហារ និង​លាង​ក្បឿង​ជា​ដើម​។

ក្នុង​សំ​លៀក​បំ​ពាក់​អាវ​ចំ​រុះ​ពណ៌ សំ​ពត់​បត់ សក់​ប្រះ​ស្មា លោក​យាយ​ភាច​ យឹង ជា​គ្រីស្ត​បរិ​ស័ទ​យូរ​យារ ណាស់​មក​ហើយ​បាន​មាន​ប្រ​សាសន៍​ទាំង​លើក​ដៃ​ប្រ​ណម​​ឡើង​ព្រម​ជា​មួយ​ពាក្យ​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់​ផង​ថា៖ ​"ខ្ញុំមាន​អំ​ណរ​សប្បាយ​រីក​រាយ​មែន​ទែន ​​ខ្ញុំ​មិន​ដែល​បាន​ព្រះ​វិ​ហារ​ប៉ុ​ណ្ណេះ តែ​ព្រះ​អង្គ​ប្រ​ទាន​ឲ្យ​មាន​ព្រះ​វិ​ហារ​នេះ​។ សូម​ព្រះ​អង្គ​ជួយ​ថែ​រក្សា​​អ្នក​គ្រប់​គ្នា​គ្រប់​ទី​កន្លែង​"។

កំ​ពុង​មមារ​ញឹក​រត់​ទៅ​នេះ​បន្តិច​ទៅ​ទី​នោះ​បន្តិច ដើ​ម្បី​អញ្ជើញ​ភ្ញៀវ​ឲ្យ​ចូល​រួម​ពិ​សារ​អា​ហារ ​លោក​សយ​ រិន ជា​គណ​កម្មា​ការ​ព្រះ​សហ​គមន៍​ព្រែក​ស្បូវ បាន​រៀប​រាប់​ប្រាប់​ពី​ផល​លំ​បាក​របស់​ព្រះ​សហ​គមន៍​នៅ​ទី​នេះ​តាំង​ពី​​ក្រោយ​របប​ប្រ​ល័យ​ពូជ​សាសន៍​យ៉ាង​នេះ​ថា បង​ប្អូន​គ្រីស្ត​បរិ​ស័ទ​អត់​ហ៊ាន​ទៅ​ស្រុក​ទៅ​ភូមិ ពី​ព្រោះ​ខ្មែរក្រ​ហម​នៅ​​ពាស​វាល​ពាស​កាល​ដេញ​បាញ់​គ្នា អញ្ចឹញ​បង​ប្អូន​ចេះ​តែ​រត់​មក​នៅ​ទី​រួម​ខេត្ត ហើយ​ក៏​នាំ​គ្នា​ទៅ​ជួប​លោក​តា​វ៉ា​នេ និង​លោក​អភិ​បាល​អេ​មីល ដេ​តម្ប​។ ពួក​គាត់​ក៏​ឲ្យ​បង​ប្អូន​បង្កើត​ជា​ព្រះ​សហ​គមន៍​ឡើញ​វិញ​។ លោក​សយ​ រិន បន្ត​ទាំង​​ភ្នែក​សំ​លឹង​មើល​ទៅ​ទី​ផ្សេង ហាក់​ដូចជា​​ស្រ​​មៃ​​អំ​​ពី​​អតី​ត​​កាល​​ដែល​​បាន​​កើត​​មាន ដោយ​​បន្ត​​ថា៖ "ខ្ញុំ​ក៏​នាំ​បង​ប្អូន​អធិ​ដ្ឋាន តាម​ផ្ទះ​ពេល​នោះ​ភ័យ​ផង​ខ្លាច​ផង ព្រោះ​ពួក​ពុល​ពត​គេ​នៅ​ជិត​ៗ គេ​ដេញ​បាញ់​គ្នា អញ្ជឹញ​មិន​ហ៊ាន​ធ្វើ​​អី​ទូ​លំ​ទូ​លាយ​ទេ"។ ពួក​លោក​នាំ​គ្នា​អធិ​ដ្ឋាន​តាម​របៀប​ស្ងាត់​ៗ ដែល​មាន​នគរ​បាល​ចុះ​ត្រួត​ពិនិត្យ​គ្រប់​ពេល​។ លុះ​ដល់​ពេល​ក្រោយ​មក​ពួក​គេ​ក៏​ឈប់​តាម​ដាន​ដោយ​សារ លោក​បូ​ជា​ចារ្យ​ធ្វើ​បុណ្យ អាន​ព្រះ​គម្ពីរ និង​មាន​ការ​ណែ​នាំ​គ្រីស្ត​បរិ​ស័ទ​ឲ្យ​ប្រ​ព្រឹត្ត​តែ​អំ​ពើ​ល្អ​។ ពួក​គេ​ក៏​អនុ​ញ្ញាតិ​ឲ្យ​ពួក​យើង​សាង​ព្រះ​វិ​ហារ​តូច​មួយ​រហូត​មក​ដល់​ពេល​នេះ យើងមាន​​ព្រះ​វិ​ហារ​ថ្មី​ហើយ​"។

ក្នុង​ថ្ងៃ​ដ៏​សែន​សប្បាយ​នោះ​ដែរ ក៏​មាន​រៀប​ចំ​ពី​ធី​បុណ្យ​លាប​ថ្ងាស​លើក​ទី​មួយ​ក្នុង​ព្រះ​វិ​ហារ​ថ្មី ដែល​មានយុវ​​ជន​ចំ​នួន​១៦នាក់​ មក​ពី​ព្រះ​សហ​គមន៍​សៀម​រាប និង​ព្រះ​សហ​គមន៍​នៅ​ព្រែក​ស្បូវ​។

យុវ​តី ចាន់​ទី រៀន​នៅ​ ថ្នាក់​ទី​ ៨ ជា​គ្រីស្ត​ប​រិ​ស័ទ​ថ្មី​មក​ពី​ខេត្ត​សៀម​​រាប ដែល​មាន​ឪ​ពុក​ម្តាយ​ជា​ពុទ្ធ​បរិ​ស័ទបាន​ប្រាប់​ថា ដំ​បូង​នាង​មក​តាម​មិត្ត​របស់​នាង​ដែល​នៅ​ក្បែរ​ខាង​របស់​នាង ចូល​រួម​រៀន​អប់​រំ​ជំ​នឿ ហើយ​យូរ​ៗ​ទៅ​នាង​យល់​ឃើញ​ថា​ល្អ ចំ​ណែក​ឪ​ពុក​ម្តាយ​របស់​នាង​ក៏​មិន​មាន​ការ​ប្រ​ឆាំង​ជា​មួយ​នាង​ដែរ​។ នាង​បាន​និ​យាយ​ថា៖ "ពួក​គាត់​អត់​មាន​បញ្ហា​ទេ គឺ​គាត់​តាម​ចិត្ត​របស់​ខ្ញុំ ហើយ​ម្យ៉ាង​ទៀត​គាត់​ចូល​រួម​ត្រេក​អរ ​ដែល​ខ្ញុំ​បាន​ចូល​ជា​គ្រីស្ត​បរិ​ស័ទ​ហើយ​គាត់​ពេញ​ចិត្ត​ឲ្យ​ខ្ញុំ​ចូល​ ដោយ​សារ​​គាត់​ផ្តល់​សេ​រី​ភាព​ដល់​កូន​ធ្វើ​អ្វី​ក៏​បាន​ដែរ​ឲ្យ​តែ​សម​ស្រប"​។

Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក ភ្នំពេញ


All Rights Reserved © 2006 Catholic Social Communications