|
មណ្ឌលសិស្សសន្តយ៉ូហានបាទីស្ត អាហារូបករណ៍ឆ្នាំសិក្សា២០០៦-០៧
Posted: 14th June 2006
សិស្សក្នុងមណ្ដលយ៉ូហានបាទីស្ត ពេលដំណើរកំសាន្ត
|
ភ្នំពេញ (C.S.C)៖ ការអប់រំចំណេះទូទៅជាដល់កុមារាកុមារី យុវជន យុវនារី ជាគោលដៅចំបង មួយក្នុងចំណោមគោលដៅចំបងផ្សេងៗទៀតរបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជា ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស កាត់បន្ថយនូវភាពមិនចេះអក្សរ និងភាពក្រីក្រ ។
មណ្ឌលសន្តយ៉ូហានបាទិស្ត ជាមណ្ឌលមួយសំរាប់ទទួលសិស្សដែលកំពុងរៀននៅវិទ្យាល័យ។ មណ្ឌលនេះស្ថិតក្រោមការគ្រប់គ្រង នៃព្រះសហគមន៍ភូមិភាគភ្នំពេញ។ សំរាប់ឆ្នាំសិក្សា ២០០៦- ២០០៧ (តុលា - មិថុនា) ដោយមានបទពិសោធន៏ក្នុងការជ្រើសរើសសិស្សមកពីខេត្តនានាឲ្យទទួលអាហារូបករណ៏បន្តការសិក្សារបស់ខ្លួននៅទីក្រុងភ្នំពេញរៀងរាល់ឆ្នាំនោះ ក៏ដូចជាឆ្នាំនេះផងដែរ។ មណ្ឌលមានកិត្តិយស និងសូមជំរាបជូនដំណឹងថា ឆ្នាំនេះមណ្ឌលចាប់ផ្តើមធ្វើការជ្រើសរើសសិស្សថ្មីបន្ថែមទៀតអោយចូលស្នាក់នៅក្នុងមណ្ឌល។ ការជ្រើសរើសនេះ សំរាប់តែសិស្សទាំងឡាយ ដែលមានកំរិតវប្បធម៌ចាប់ពីថ្នាក់ទី១០ រហូតទី១២ ប៉ុណ្ណោះ ។ ការស្នាក់នៅក្នុងមណ្ឌល យ៉ូហានបាទីស្ត នឹងផ្តល់ឲ្យសិស្សនូវអត្ថប្រយោជន៏ជាច្រើនខាងក្រោម៖
ទី ១ ៖ ការសិក្សាបន្ថែមលើមុខ វិជ្ជាសំខាន់ៗរួមមាន គណិតវិទ្យា រូបវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាខ្មែរ និងភាសាអង់គ្លេស នៅក្នុងមណ្ឌល។ ម្យ៉ាងទៀតមណ្ឌលមាន សកម្មភាពជួយអោយសិស្សស្គាល់ខ្លួនឯងនិងអ្នកដទៃ ជួយឲ្យសិស្សយល់ដឹងកាន់តែច្បាស់ ពីចំនុចខ្សោយ ចំនុចខ្លាំង ចំនុចល្អ និងចំនុចអាក្រក់ ក្នុងការរស់នៅប្រចាំថ្ងៃតាមបទពិសោធន៏របស់ខ្លួន។ ជាពិសេសទៅទៀតនោះវានឹងធ្វើឲ្យសិស្ស យល់ដឹងកាន់តែច្បាស់ និងស៊ីជំរៅថែមទៀត ពីរបៀបរស់នៅជាសហគមន៏ ។
ទី ២ ៖ ការរិះគិតពិចារណារួមគ្នាអំពីសកម្មភាពផ្សេងៗ អធិដ្ឋាន និងអភិបូជា ទាំងនេះនឹងធ្វើឲ្យសិស្សកាន់តែយល់ដឹង ស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ និងមានភាពក្លាហានក្នុងជីវិតរបស់ខ្លួន។
ទី ៣ ៖ ដំណើរកំសាន្តជាដើម
ដូចនេះបើសិនជាបេក្ខជនណាមានចំណាប់អារម្មណ៏ចង់ចូលរួមស្នាក់នៅរួមរស់ជាសហគមន៏នៅក្នុងមណ្ឌលសន្តយ៉ូហាន បាទីស្ត សូមបំពេញនូវលក្ខន្តិកៈដូចខាងក្រោមៈ- បេក្ខជនគ្រប់រូបគួរតែទាក់ទងជាមួយអស់លោកបូជាចារ្យដែល ទទួលខុសត្រូវតាមព្រះសហគមន៏របស់បងប្អូន ក្នុងការចង់ដឹងពត៌មានបន្ថែមផ្សេងៗ ដូចជាការបំពេញសំណុំបែបបទជាដើម ។
- រាល់ឯកសារ រឺ សំនុំបែបបទផ្សេងៗ ត្រូវបំពេញដោយបេក្ខជនខ្លួនឯងផ្ទាល់ ។
- ពេលមកកាន់មណ្ឌល បេក្ខជនត្រូវភ្ជាប់មកជាមួយនូវរាល់ឯកសារផ្សេងៗ ដូចជា៖ សំនុំបែបបទដែលបានបំពេញរួចរូបថតថ្មីរបស់បេក្ខជនមួយសន្លឹកព្រមទាំងសៀវភៅពិន្ទុប្រចាំឆ្នាំ សៀវភៅតាមដាន និងសៀវភៅសិក្ខាគារិក (ចាប់តាំងពីថ្នាក់ទី ៧ រហូតដល់ ថ្នាក់ដែលបេក្ខជនសិក្សា ) ។
- បេក្ខជននឹងត្រូវធ្វើការសំភាសន៏ជាមួយអ្នកទទួលខុសត្រូវ មណ្ឌលនៅថ្ងៃដែលបេក្ខជនយកពាក្យមកដាក់ ។
- ចំពោះលទ្ធផលពេលក្រោយពួកយើងនឹងជូនដំណឹងតាមរយៈបូជាចារ្យដែលទទួលខុសត្រូវនៅព្រះសហគមន៏របស់អ្នក នៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០០៦ ។
- បេក្ខជនគ្រប់រូបត្រូវតែនៅលីវ និងមានកំរិតវប្បធម៌ ចាប់ពីទី ១០ ដល់ទី ១២ ។
- មណ្ឌលយើងជ្រើសរើសតែបេក្ខជន (សិស្សប្រុស) ប៉ុណ្ណោះ ។
- បេក្ខជនគ្រប់រូបអាចមានសិទ្ធិដាក់ពាក្យ មិនថាជាគ្រឹស្តបរិស័ទ ពុទ្ធបរិស័ទឡើយ ។
- បេក្ខជនត្រូវតែមកធ្វើការសំភាសន៍នៅមណ្ឌលនៅ ថ្ងៃទី ២៧-២៨ ខែ កក្កដា ឆ្នាំ ២០០៦ នៅពេលព្រឹកចាប់ពីម៉ោង ៨.០០ រហូតដល់ម៉ោង ១១.០០ ។
សំរាប់ពត៌មានបន្ថែមផ្សេងៗនោះ សូមបេក្ខជនធ្វើការទំនាក់ទំនងជាមួយអ្នកស្រីម៉ារីឡ ជូលី និង លោករ៉េនេអាយ៉ាឡា រឺ លោកបូជាចារ្យប្រ៊ុយ ណូ (០ ១៦៨៣ ១៦៨៣)។ ដែលមានអាស័យដ្ឋាននៅផ្ទះលេខ ២២ ផ្លូវលេខ ៥៤២ សង្កាត់បឹងកក់ ១ ខ័ណ្ឌទួលគោក និងអាចទំនាក់ទំនងតាមទូរស័ព្ទ លេខៈ ០១២ ៣១៤ ១០២។ សូមព្រះជាម្ចាស់គង់នៅជាមួយបងប្អូនជារៀងរហូត និងសូមឲ្យបងប្អូនទទួលបានតែជោគជ័យក្នុងជីវិត ។
Article Source: មណ្ឌលសិស្សសន្តយ៉ូហានបាទីស្ត ភ្នំពេញ
|