CatholicCambodia.org

Return to normal view

Back to the front page News #290

កម្ពុជា ជំនួបអន្តរសាសនា​សម្រាប់មូលដ្ឋានគ្រឹះនៃ​សីលធម៌

Posted: 29th May 2006

ជំនួបអន្តរសាសនា​នៃមេដឹកនាំសាសនាធំៗ

ភ្នំពេញ (C.S.C) ៖ កាល​ពី​ថ្ងៃ​ទី​ ១៨ មេ​សា ឆ្នាំ​ ២០​០៦ កន្លង​ទៅ​នេះ ​នៅ​វិ​ទ្យា​ស្ថាន​ពុទ្ធ​សាស​ន​បណ្ឌិត្យ រាជ​ធា​នី​ភ្នំ​ពេញ មាន​រៀប​ចំ​ការ​ពិ​ភា​ក្សា​តុ​មូល មួយ​លើ​ប្រ​ធាន​បទ "មូល​ដ្ឋាន​គ្រឺះ​នៃ​សីល​ធម៌ និង​ក្រម​សីល​ធម៌​សង្គម" ដែល​មាន​ការ​ចូល​រួម​ពី​មេ​ដឹក​នាំ និង​អ្នក​តំ​ណាង​សា​ស​នា​ធំ​ៗ នៅ​កម្ពុ​ជា​មាន ពុទ្ធសាស​នា ឥ​ស្លាម​សាស​នា និង​គ្រីស្ត​សាស​នា​និ​កាយ​កា​តូ​លិក និង​ប្រូ​តេ​ស្តង់​។

ការ​ពិ​ភា​ក្សា​នេះ​រៀប​ចំ​ឡើង​ដោយ​មូល​និ​ធិ​ខុន​រ៉ាដ អា​ដិន​ណូ​អ៊ែរ អា​ឡឺ​ម៉ង់ សហ​ការ​និង​ក្រុម​ប្រឹ​ក្សា​អន្តរ​សាស​នា​កម្ពុ​ជា​។ នៅ​ក្នុង ឱ​កាស​នោះ ភិក្ខុ​យស ហ៊ុត ខេម​ចា​រោ ជា​ទី​ប្រឹ​ក្សា​ក្រុម​អន្តរ​សាស​នា មាន​សង្ឃ​ដី​កា​ថា៖ "នៅ​ក្នុង​ប្រ​ពៃ​ណី​ពុទ្ឋ​សាស​នា គឺ​មាន​ការ​បង្រៀន​ឲ្យ​មនុស្ស​ម្នាក់​មាន​តុល្យ​ភាព​ខាង​ក្តីមេ​ត្តា​ក​រុ​ណា និង​បញ្ញា​ជា​ដ​រាប ដែល​យើង​ត្រូវ​យក​សីល​ធម៌​នេះ​ទៅ​អនុ​វត្ត​ជាក់​ស្តែង​នៅ​ក្នុង​ជី​វិត​រស់​នៅ​"។​ ចំ​ណែក​ឯក​ឧត្តម ហ្សា​កា​រី​យ៉ា ​អា​ដាម ជា​តំណាង​នៃ​សាស​នា​ឥ​ស្លាម​បាន​លើក​ឡើង​ដែរ​ថា៖ "ពាក្យ​ថា 'ឥ​ស្លាម ​ប្រែ​មក​ថា ធ្វើ​ឲ្យ​មាន​សន្តិ​ភាព'។ ទង្វើ​ណា​មួយ​ដែល​ជន​មូ​ស្លីម​ធ្វើ​ផ្ទុយ​ពី​ពាក្យ​នេះ គឺ​ពុំ​មែន​ត្រឹម​ត្រូវ​ទៅ​តាម​អ្វី​ដែល​សាស​នា​ឥ​ស្លាម ចង់​បាន​នោះ​ទេ"។ រី​ឯ​លោក​បូ​ជា​ចារ្យ អ៊ុន សុន តំ​ណាង​ឲ្យ​ព្រះ​សហ​គមន៍ កា​តូ​លិក​នៅ​កម្ពុ​ជា មាន​ប្រសាសន៍​ថា៖ "គោល​បំ​ណង​នៃ​គ្រីស្ត​សាស​នា គឺ​អប់​រំ​អ្នក​ជឿ​ឲ្យ​រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​ព្រះ​បន្ទូល និង​ធ្វើតាម​ព្រះ​ហឫ​ទ័យ​ព្រះ​បិ​តា គឺ​ស្រ​លាញ់​ព្រះជា​ម្ចាស់​អស់​ពី ​ចិត្ត​គំ​និត និង​ស្រ​ឡាញ់​អ្នក​ដ​ទៃ​ឲ្យ​ដូច​ស្រ​ឡាញ់​ខ្លួន​ឯង​"។

ជា​ទី​បញ្ចប់​លោក​ លី​ ធន់ ជា​អគ្គ​លេ​ខា​ធិ​ការ​នៃ​ក្រុម​ប្រឹ​ក្សា​អន្តរ​សាស​នា បាន​កត់​សម្គាល់​ជា​អំ​ពី​ឥទ្ធិ​ពល​នៃ​សក​លភា​វូប​នីយ​កម្ម​ដែល ​កែ​ប្រែ​ផ្នត់​គំ​និតមនុស្ស ឲ្យ​ផ្តល់​តម្លៃ​ហួស​ហេតុ​ទៅ​លើ​សម្ភារៈ នាំ​ឲ្យ​ពួក​គេ​មាន​ការ​ប្រ​កួត​ប្រ​ជែង ​និង​មិន​ចុះ​សម្រុង​គ្នា​។ លោក​បន្ត​ថា៖ "យើង​ម្នាក់​ៗ​ត្រូវ​រួប​រួម​គ្នា និង​កុំបន្តុះ​បង្អាប់​វប្ប​ធម៌​ដែល​មិន​មែន​ជា​របស់​ខ្លួន"។

Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក កម្ពុជា


All Rights Reserved © 2006 Catholic Social Communications