|
កម្ពុជា កំនើននៃការរំលោភសេពសន្ថវៈលើអនីតិជន
Posted: 25th May 2006
កុមារត្រូវការយល់ដឹងពីសិទ្ធិនិងការទទួលការអប់រំពីការការពារខ្លួន
|
ភ្នំពេញ (C.S.C)៖ ការរំលោភសេពសន្ថវៈលើអនីតិជន ( កុមារមិនទាន់គ្រប់អាយុ ) គឺជាអំពើមួយដែលសង្គម និងមនុស្សជាច្រើនមិនថា នៅ ប្រទេសកម្ពុជា គឺទូទាំងពិភពលោកមានការស្អប់ខ្ពើម និងដាក់ទោសចំពោះអ្នកប្រព្រឹត្តិអំពើនេះជាទីបំផុត។ ករណីរំលោភ សេពសន្ថវៈ លើកុមារនេះកំពុងតែមានការកើនឡើងយ៉ាងខ្លាំងដោយ មិននឹកស្មានដល់។ ជនដែលប្រព្រឹត្តអំពើបែបនេះ ប្រៀបបីដូច ជាមនុស្សដែលគ្មានវិចារណញាណ អមនុស្សធម៌ និងជា មនុស្សគ្មានតម្លៃក្នុងសង្គម។ តើមូលហេតុអ្វីបណ្ដាល ឲ្យមានអំពើ នេះកើតមាននៅក្នុងសង្គមកម្ពុជា ? តើនរណាជាអ្នកប្រឈមមុខចំពោះបញ្ហានេះ ?
របាយការណ៍ពីអង្គការអាដហុក
ការចាប់រំលោភមានច្រើនប្រភេទ វាមិនមែនតែទៅលើរាងកាយតែប៉ុណ្ណោះទេគឺមានលើផ្លូវចិត្ត ផ្លូវអារម្មណ៍ ផ្លូវភេទ និង លើសេដ្ឋកិច្ចដែរ។ ការរំលោភទៅលើផ្លូវភេទនោះអាចជាការរំលោភសេពសន្ថេវៈ ការបៀតបៀនកេរ្តិ៍ខ្មាស់ ទៅលើជនរង គ្រោះដែលនៅក្នុងគ្រួសារ និងក្រៅគ្រួសារផងដែរ។
ករណីរំលោភសេពសន្ថវៈលើកុមារជាអំពើរំលោភសិទ្ធិកុមារដែលកំពុងតែកើតមានឡើងយ៉ាងធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភបំផុតនៅក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ននេះ។
ឆ្លងតាមរបាយការណ៍របស់អង្គការអាដហុក ចាប់តាំងពីខែមករា ដល់ខែធ្នូឆ្នាំ ២០០៥ អង្គការទទួលបាន ៣៨០ ករណី ក្នុង ២៤ ខេត្ត - ក្រុង ដែលភាគច្រើនលើសលុបនៃជនរងគ្រោះដោយការរំលោភ គឺជាកុមារដែលមានចំនួនរហូតដល់ ២៨៤ នាក់ ដែលស្មើនឹង ៧៧% នៃ ៣៨០ ករណី ក្នុងនោះកុមារអាយុក្រោម ១០ ឆ្នាំមានចំនួន ៨២ នាក់ស្មើនឹង ២៤% និងចន្លោះអាយុពី ១១-១៧ ឆ្នាំ មានចំនួន ១៩២ នាក់ស្មើនឹង ៥៣% ។ ចំណែកស្ត្រីរងគ្រោះដែលមានអាយុពី ១៨ ឆ្នាំឡើងមានចំនួន ៩២ នាក់ ស្មើ នឹង ២៣% នៃចំនួន ៣៨០ ករណី។ តួលេខនេះអាចបង្ហាញឲ្យឃើញថា ការចាប់រំលោភដែលជនរងគ្រោះជាកុមារមានចំនួន កើនឡើងគួរឲ្យព្រួយបារម្ភ ព្រោះបើធ្វើការប្រៀបធៀបទៅនឹងឆ្នាំ ២០០៤ មានតែ ៦១% ក្នុងចំនួន ៣២៦ ករណី។ ចំនួននេះ អាចជាចំនួនមិនពិតប្រាកដបើប្រៀបធៀបនឹងបញ្ហាជាក់ស្តែងដែលកើតមាននៅក្នុងសង្គម ដោយហេតុថា ជនរងគ្រោះមួយ ចំនួននៅតំបន់ដាច់ស្រយាលមិនស្គាល់អ្វីដែលជាច្បាប់ ហើយមិនដឹងអាចរកជំនួយបាននៅទីណា និងមួយចំនួនទៀត គាត់ មានការភ័យខ្លាចពីសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគាត់។ ម្យ៉ាងការចាប់រំលោភទៅលើស្ត្រី និងកុមារីទាំងនេះជនល្មើសស្ទើរទាំង អស់សុទ្ឋតែជាអ្នកដែលធ្លាប់ស្គាល់គ្នាមានរហូតដល់ ៧៣% បង្ហាញថា ជនល្មើសស្គាល់គ្នាដូចជាឪពុកបង្កើត ២,៨៦% ជាឪពុក ចុង ៧% និងជាឪពុកមា ២% ។
តួលេខពីអង្គការលីកាដូ
បើយោងតាមរបាយការណ៍ពីមន្ត្រីជំនាញទទួលបន្ទុកផ្នែកសិទ្ធិកុមាររបស់អង្គការលីកាដូបានឲ្យដឹងថា ករណីរំលោភសេព សន្ថវៈលើកុមារក្រោមអាយុ ១៨ ឆ្នាំ មានការកើនឡើងនៅឆ្នាំ ២០០៥ គឺមាន ២០៥ ករណី ក្នុងនោះមានជនរងគ្រោះចំនួន ២០៧ នាក់ និងជនល្មើសចំនួន ២១៦ នាក់ ដែលឆ្នាំ ២០០៤ មាន ១៤០ ករណី មានជនរងគ្រោះចំនួន ១៥២ នាក់ និងជនល្មើស មានចំនួន ១៥៤ នាក់។ មន្ត្រីរូបនេះបន្តទៀតថា ករណីនេះច្រើនកើតមាននៅតាមបណ្ដាខេត្តមួយចំនួនដូចជា កំពង់ចាម កំពង់ធំ បាត់ដំបង និងខេត្តកណ្ដាល ហើយករណីទាំងនេះកើតឡើងលើគ្រួសារណាដែលនៅឆ្ងាយពីទីប្រជុំជន ទីទាល់ក្រ កើតឡើងដោយសារគំនុំ (ភាគតិច) ការខ្វះខាតនូវការអប់រំកូនដោយសារកត្តាជីវភាព និងភូមិសាស្ត្រជាដើម។
បើយោងតាមរបាយការណ៍ថ្នាក់ជាតិស្តីពីឥរិយាបថប្រកបដោយគ្រោះថ្នាក់របស់យុវវ័យចាប់ពីអាយុ ១១ ឆ្នាំដល់ ១៨ ឆ្នាំក្នុង ឆ្នាំ ២០០៣-២០០៤ បានបង្ហាញថា មានយុវវ័យចំនួន ១/៣ ក្នុងចំណោមយុវវ័យ ៩៨៣៣ នាក់បានឲ្យដឹងថា ពួកគេបានចូល រួមក្នុងការចាប់រំលោភជាក្រុម ហើយចំណោមនោះមាន ៥៩% ជាសិស្សសាលា និង ៤១% ជាយុវវ័យក្រៅសាលា។ ចំពោះនៅ ឆ្នាំ ២០០៥ អ្នកដែលចាប់រំលោភជាក្រុមនេះមានអាយុកាន់តែតិចជាងឆ្នាំមុនគឺចាប់ពីអាយុ ៧ ឆ្នាំឡើង និងជាសិស្សសាលា ទៀត។ តាមការសង្កេតឃើញថា នៅឆ្នាំ ២០០៤ ករណីរំលោភជាក្រុមដែលសមាគមអាដហុកទទួលបានមានតែ ២១ ករណី ប៉ុណ្ណោះ ដែលនៅឆ្នាំ ២០០៥ ទទួលបាន ២៥ ករណី។
មូលហេតុធ្វើឲ្យកើតមានឡើង
លោកស្រីលឹម មុនី ប្រធានផ្នែកស្ត្រីនៃអង្គការអាដហុកបានមានប្រសាសន៍ឲ្យដឹងថា៖ "ការរំលោភសេពសន្ថវៈទៅលើកុមារ នៅតែមានសន្ទុះកើនឡើងឥតឈប់ឈរនៅប្រទេសកម្ពុជា ដែលនៅដើមឆ្នាំ ២០០៦ នេះនៅតាមបណ្ដាខេត្តមួយចំនួនមាន ការកើនឡើងយ៉ាងខ្លាំងក្នុងនោះដូចជាខេត្តពោធិ៍សាត់ កំពង់ស្ពឺ និងខេត្តកំពង់ធំជាដើម"។ ក្នុងនេះដែរមានកត្តា ៤ ចំបងៗ ដែលធ្វើឲ្យកើតមានឡើងនូវអំពើដែលសង្គមស្អប់ខ្ពើមក្នុងនោះមានដូចជា កត្តាទី ១ សីលធម៌សង្គមមានការស្រុតចុះ ដោយម្នាក់ៗលែងដឹងបាបបុណ្យអ្វីឡើយ សូម្បីតែឪពុកបង្កើតក៏ចាប់រំលោភកូនខ្លួនឯងដែរ។ កត្តាទី ២ ភាពក្រីក្របានបង្ខំឲ្យក្មេងៗ និងស្ត្រីមួយចំនួនបង្ខំចាកចេញទៅរកការងារធ្វើនៅតាមទីក្រុង ដែលធ្វើឲ្យពួកគេទាំងនោះចាញ់បោកជនខិលខូចមួយចំនួនយកទៅលក់ និងមួយចំនួនត្រូវបានគេចាប់រំលោភ។ កត្តាទី ៣ ប្រព័ន្ធតុលាការនៅមានកម្រិត ដោយការអនុវត្តន៍ច្បាប់ នាពេលបច្ចុប្បន្ននេះមិនទាន់មានស្តង់ដារនៅឡើយ។ និងកត្តាទី ៤ ការហូរចូលនូវវប្បធម៌បរទេសដែលបញ្ហានេះធ្វើឲ្យយុវវ័យក៏ដូចជា មនុស្សមួយចំនួនឈ្លក់វង្វេង និងក៏ដូចជាការបញ្ចាំងវីដេអូអាសអាភាសជាដើម។
លោកយឹម ប៉ូ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីការពារសិទ្ធិកុមារបានបន្ថែមលើចំនុចនេះថា៖ "ដោយការហូរចូល នូវវប្បធម៌បរទេស ការសេពគ្រឿងញៀន ជាពិសេសការអប់រំនៅមានភាពទន់ខ្សោយ ដែលជាហេតុធ្វើឲ្យមនុស្សមានការ វង្វេង ដោយការភ្លើតភ្លើនទៅតាមសំភារៈនិយមអូសទាញតាមទំនើបភោជនីកម្មទាំងក្នុងទីក្រុង និងតាមជនបទទើបធ្វើឲ្យ មានអំពើនេះកើតមានឡើងច្រើន"។ លោកបានបញ្ជាក់យ៉ាងធ្ងន់ថា៖ "មិនមែនបុគ្គល ឬអ្នកណាម្នាក់ជាអ្នកប្រឈមមុខចំ ពោះបញ្ហានេះទេ តែនេះគឺជាបញ្ហារបស់យើងទាំងអស់គ្នា"។ ផ្ទុយពីចំនុចនេះមន្ត្រីជំនាញនៃអង្គការលីកាដូឲ្យដឹងថា អំពើនេះជាកាតព្វកិច្ចរបស់រដ្ឋាភិបាលក្នុងការទទួលខុសត្រូវ ដូចនេះរដ្ឋាភិបាលលោកមានតួនាទីសំខាន់ណាស់សំរាប់គ្រប់គ្រង អំពីគោលការណ៍ក្នុងប្រទេសរបស់លោក តែការទទួលខុសត្រូវនេះមានទំហំធំធេងពេក ដែលធ្វើឲ្យលោកមានការពិបាក។ យោងតាមករណីនេះ លោកស្រីមួរ សុខហួរ អតីតរដ្ឋមន្ត្រីនៃក្រសួងកិច្ចការនារីបានមានប្រសាសន៍ថា៖ "ការរំលោភសេព សន្ថវៈគឺជាអំពើរំលោភទៅលើសិទ្ឋិជាមនុស្សរបស់ស្ត្រី"។
ផលប៉ះពាល់ដល់សង្គម
មន្ត្រីជំនាញនៃអង្គការលីកាដូបានមានប្រសាសន៍ឲ្យដឹងថា ការកើតមានឡើងនូវអំពើបែបនេះវាធ្វើឲ្យប៉ះពាល់ដល់កុមារយ៉ាងខ្លាំង។ ក្មេងចាត់ទុកជាទំពាំងស្នងឬស្សី តែពេលដែលទំពាំងនោះទើបតែចេញពន្លក ស្រាប់តែវាត្រូវក្តៅ បាក់គ្រេចស្រាំ ឬក្រិនងាប់ជាមិនខាន។ ដូចនេះប្រសិនបើទង្វើនេះនៅតែកើតមានឡើងចំពោះក្មេង នៅតែមានជាបន្តបន្ទាប់ នោះ សង្គមខ្មែរយើងនឹងមានការអន់ថយ និងប៉ះពាល់ខ្លាំងដល់សង្គម ជាពិសេសប៉ះពាល់ដល់ក្មេង ដែលអាចធ្វើឲ្យវាប៉ះពាល់ដល់ សតិអារម្មណ៍របស់ក្មេងអស់មួយជីវិត ខ្លាចមនុស្សប្រុសសូម្បីឪពុកបង្កើត។
លោកស្រី មួរ សុខហួរបន្ថែមលើចំនុចនេះថា អំពើនេះគឺជាឧក្រិដ្ឋកម្ម ជាបទព្រហ្មទ័ណ្ឌ។ ដោយហេតុថា ការរំលោភនេះវា មិនមែនត្រឹមតែការរំលោភដោយពាក្យសំដី មិនធ្វើទៅដោយប្រយោលទេ តែអំពើនេះវាធ្វើឲ្យប៉ះពាល់ទៅដល់ការប្រើហឹង្សាលើរាងកាយ និងប៉ះពាល់ទៅដល់អ្វីដែលជាការអៀនខ្មាស់របស់ស្ត្រី កុមារ ឬអ្នកដែលមានភេទដូចគ្នា។ លោកស្រីបន្តថា សកម្មភាពទាំងនេះធ្វើឲ្យសីលធម៌នៅក្នុងប្រទេសមានការធ្លាក់ចុះយ៉ាងខ្លាំង។
វិធានការណ៍ទប់ស្កាត់ និងក្តីសង្ឃឹមនាពេលអនាគត
លោកយឹម ប៉ូ បន្ថែមថា នៅក្នុងការទប់ស្កាត់យើងឃើញថា អាជ្ញាធរមូលដ្ឋាន ឬក៏សមត្ថកិច្ចនៅពេលដែលការពារ យើង ធ្វើយ៉ាងណាបង្ក្រាបឲ្យបាននៅពេលដែលមានជនល្មើសបង្កឡើង។ នៅពេលណាដែលយើងចាប់បាននោះអ្នកដទៃទៀត មានការភ័យខ្លាច តែប្រសិនបើការរំលោភនោះនៅតែមានដដែលនៅកន្លែងតែមួយ នោះការំលោភនៅតែមានបន្តជានិច្ច។ ដូចនេះ យើងគួរតែគិតគូរពីការអនុវត្តន៍ច្បាប់ និងការអប់រំដល់ប្រជាពលរដ្ឋឲ្យកាន់តែខ្លាំង។ ប៉ុន្តែប្រសិន បើចំនុចសំខាន់ពីរមុខនេះអនុវត្តមិនបាននោះវានឹងកាន់តែមានការកើនឡើងកាន់តែខ្លាំងឡើង។
"ប្រសិនបើស្ថាប័នពាក់ព័ន្ឋព្យាយាមធ្វើការបណ្ដុះបណ្ដាល ផ្តល់ការអប់រំ និងផ្សព្វផ្សាយបានទៅដល់ប្រជាពលរដ្ឋ ក្មេងៗ ជាពិសេសនៅតាមតំបន់ដាច់ស្រយាល ដើម្បីឲ្យពួកគាត់យល់ដឹងនូវការការពារ ក៏ដូចជាការស្វែងយល់ពីបញ្ហាដែលអាច កើតមានចំពោះពួកគាត់។ តែខ្ញុំគិតថាវាមិនអាចលុបបំបាត់ទេ គ្រាន់តែអាចកាត់បន្ថយបាន ហើយប្រសិនបើច្បាប់នៅក្នុង ប្រទេសរបស់យើងមិនធូររលុង នោះនឹងអាចកាត់បន្ថយបានជាមិនខាន។ នេះបើយោងតាមប្រសាសន៍របស់មន្ត្រីនៃអង្គ ការលីកាដូ។
អ្វីជារំលោភបូក ?
ការរំលោភបូក គឺជាអំពើមួយដ៏កាចសាហាវ ព្រោះអ្នកដែលប្រព្រឹត្តនោះភាគច្រើនជាក្រុមក្មេងស្ទាវដែលមានចំនួនចាប់ពី ២ នាក់ ឬរហូតអាចដល់ ៥ នាក់ដោយការប្រព្រឹត្តលើមនុស្សស្រីមិនថានៅលីវ ឬមានគ្រួសារទេឲ្យតែដើរជួបជាមួយបក្សពួករបស់វា។ អាយុរបស់ក្រុមនេះចាប់ពី ១២ ឆ្នាំឡើងទៅ ហើយពួកគេក៏ជាសិស្សសាលាទៀត ដែលមិនដែលមានទេពីមុន។
ច្បាប់កាត់ទោស
ក្រមព្រហ្មទណ្ឌចាត់ទុកបទរំលោភជាបទឧក្រិដ្ឋ អំពើបៀតបៀនកេរ្តិ៍ខ្មាស់ និងជាបទឧក្រិដ្ឋមជ្ឈឹម។ មាត្រា ៣៣ ចែងថា ជនណាដែលរំលោភ ឬប៉ុនប៉ងរំលោភលើជនម្នាក់ទៀតទោះភេទដូច ឬមិនដូចគ្នាត្រូវមានទោសពីបទសេពសន្ថវៈ ផ្តន្ទាទោសដាក់គុកពី ៥ ឆ្នាំទៅ ១០ ឆ្នាំ។ ប៉ុន្តែមិនបានចែងពីនារីក្រោមអាយុ ឬការរួមភេទដោយស័្មគ្រចិត្តជាមួយអនីតិជនឡើយ ។
លោកបូជាចារ្យ សេរ៉ាល់ "បើចិត្តគំនិតយើងដាក់ទោសយើង ព្រះជាម្ចាស់ទ្រង់ឈ្វេងយល់ទាំងអស់"
ព្រះសហគមន៍កាតូលិកមិនត្រឹមតែចូលរួមចំណែកក្នុងការជួយដល់ជនក្រីក្រនៅតាមជនបទស្រុកស្រែចំការតែប៉ុណ្ណោះទេ តែព្រះសហគមន៍តែងតែចូលរួមជួយ និងយកចិត្តទុកដាក់ចំពោះបញ្ហាមួយចំនួនដែលកំពុងតែកើតមានឡើងនៅក្នុងសង្គម ខ្មែរសព្វថ្ងៃនេះ ដូចជារួមចំនែកក្នុងការផ្តល់ការងារ និងការអប់រំជាដើម។ ជាងនេះទៅទៀតបញ្ហាដែលសំខាន់នោះគឺការ ចូលរួមផ្តល់ការលើកទឹកចិត្ត និងកន្លែងស្នាក់នៅចំពោះអ្នករងគ្រោះដោយសារការប្រមាថមើលងាយចំពោះរាងកាយផងដែរ។ ជាមួយគ្នានេះលោកបូជាចារ្យសេរ៉ាល់ នៃព្រះសហគមន៍កាតូលិកក្រុងកំពង់ចាមមានចំណាប់ចំពោះបញ្ហានេះថា អំពើរំលោភសេពសន្ថវៈ គឺជាអំពើមួយអាក្រក់បំផុត ដែលធ្វើឲ្យជនរងគ្រោះមានការខ្មាស់អៀនយ៉ាងខ្លាំង រហូតអាចនាំឲ្យ ពួកគេមានគំនិតសំលាប់ខ្លួន។ តាមព្រះគម្ពីរបានចែងនូវឃ្លាមួយថា៖ "ប្រសិនបើចិត្តគំនិតយើងដាក់ទោសយើងនោះ ព្រះជាម្ចាស់ដែលធំជាងចិត្តរបស់យើងទ្រង់ឈ្វេងយល់ទាំងអស់"។ ព្រះបន្ទូលបានផ្តល់នូវសេចក្តីសង្ឃឹមជាប់ជានិច្ច ព្រោះព្រះជាម្ចាស់តែងតែស្រលាញ់យើងគ្រប់ៗគ្នាទាំងអស់។ ម្នាក់ៗត្រូវយល់ថា ពួកគេជាជនរងគ្រោះ មិនមែនបណ្ដាលមកពីអំពើបាបរបស់គេឡើយ ផ្ទុយមកវិញអ្នកដែលបានប្រព្រឹត្តនូវអំពើដ៏អាក្រក់នេះទេ ដែលជាអ្នកមានបញ្ហាចំពោះជីវិតរបស់គេ នៅពេលណាមួយឲ្យសមទៅនឹងអំពើដែលពួកគេបានប្រព្រឹត្តជាមិនខាន ហើយមនុស្សប្រភេទនេះតែងតែមានការភ័យខ្លាច ចំពោះសកម្ម ភាពដែលពួកគេបានធ្វើជានិច្ច។
ជនរងគ្រោះពេលខ្លះមានការដាក់ទោសចំពោះខ្លួនឯង ដោយគិតថា ខ្លួនឯងប្រឡាក់ប្រឡូកដោយភាពស្មោគគ្រោក មិនបរិសុទ្ធ ពិសេសប្រសិនបើអំពើនេះកើតឡើងចំពោះក្មេងមិនទាន់គ្រប់អាយុ (អនីតិជន) ពួកគេនឹងទទួលរងរបួសផ្លូវចិត្តអស់មួយជីវិត និងពិបាកក្នុងការព្យាបាលទៀតផង។
ព្រះជាម្ចាស់មិនដែលធ្វើការដាក់ទោសចំពោះជនណាមួយឡើយ ទោះបីជាជននោះបានប្រព្រឹត្តទង្វើអ្វីក៏ដោយ ហើយទោះ បីជាមនុស្សជាច្រើនស្អប់ខ្ពើមចំពោះពួកគេខ្លាំងយ៉ាងណាក៏ដោយ តែពួកគេនៅតែជាបុត្ររបស់ព្រះជាម្ចាស់ជានិច្ច ដូច្នេះក្នុងនាមយើងជាបូជាចារ្យ បងស្រី ឬសាច់ញាតិរបស់គេ គួររកផ្លូវណាមួយដើម្បីជួយដល់ពួកគេ ប៉ុន្តែយើងគួរប្រុងប្រយ័ត្នផងដែរ។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក កម្ពុជា
|