|
បាត់ដំបង មីនជាសត្រូវដ៏ធំរបស់មនុស្សជាតិ
Posted: 25th May 2006
ក្មេងពិការដោយសារមីន ពីមណ្ឌលអារ៉ូប៉េ
|
បាត់ដំបង (C.S.C)៖ បន្ទាប់ពីសង្គ្រាមរាំរៃជាង ៣ ទសវត្សរ៍កើតមាននៅប្រទេសកម្ពុជា បានធ្វើឲ្យប្រទេសកំសត់នេះជួបនឹងបញ្ហាជាច្រើន ដូចជា បន្សល់ទុក ភាពក្រីក្រ បំផ្លាញដីស្រែចំការប្រជាពលរដ្ឋ ជីវិតមនុស្ស សត្វ ជាពិសេសបានបន្សល់ទុកនៅជនពិការជាច្រើនរូប។
នៅព្រះសហគមន៍បាត់ដំបង ថ្ងៃទី ២៣ មីនា ២០០៦ បានប្រារព្ឋពិធីមួយគឺ ទិវាបំផុសការយល់ដឹងអំពីគ្រាប់មីន និងគ្រាប់ មិនទាន់ផ្ទុះ ដែលរៀបចំឡើងដោយមណ្ឌលអារ៉ុបពេ ដោយមានការចូលរួមពីលោកអភិបាលគីគេហ្វីការីដ្ូ លោកបូជាចារ្យហ្គាបីក ប្រធាន ភូមិ - ឃុំ លោកតំណាងអង្គការ CMAC បងស្រីមណ្ឌលសន្តវាំងសង់ដឺប៉ូល បងស្រីសាលេសាន គណៈកម្មការព្រះសហគមន៍បាត់ដំ បង កុមារាកុមារីមណ្ឌលអារ៉ុបពេ និងបងប្អូនគ្រឹស្តបរិសទជាច្រើនទៀត។
ក្នុងឱកាសនោះដែរ លោកវង្ស វិសាល បុគ្គលិកអង្គការ CMAC បានមានប្រសាសន៏ថា៖ "នៅប្រទេសកម្ពុជាបានបន្សល់នូវគ្រាប់ មីនបន្ទាប់ពីសង្គ្រាម។
គ្រាប់មីនធ្វើឲ្យមនុស្សស្លាប់ និងពិការយ៉ាងសាហាវបំផុត"។ លោកបន្ថែមទៀតថា៖ "អំឡុងដើមឆ្នាំដល់ចុងឆ្នាំ ២០០៥ អង្គការ CMACបានរកឃើញ និងបោសសំអាតគ្រាប់មីនចំនួន ៧៣២ ចំការមីនស្មើនឹងផ្ទៃដីចំនួន ៣០០០ ហិចតា។ រកឃើញគ្រាប់មីនប្រឆាំងមនុស្សចំនួន ៧៦៧៣ គ្រាប់ស្មើនិងមនុស្សចំនួន ៧៦៧៣ នាក់ រកឃើញ និងកំទេចគ្រាប់មីនប្រឆាំងរថក្រោះ បានចំនួន ១២២៣ គ្រាប់។ រកឃើញគ្រាប់យុត្តិភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៩១២១១ គ្រាប់ និងបោសសំអាតចំការមីនដើម្បីកាត់បន្ថយគ្រោះថ្នាក់តាមសហគមន៍បានចំនួន ២០០ កន្លែង។
កុមារី តឹង អាយុ ១០ ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ សព្វថ្ងៃរស់នៅក្នុងមណ្ឌលអារ៉ុបពេ បាននិយាយថា បងស្រីពីរនាក់របស់នាងបាន ស្លាប់ដោយសារជាន់មីន។ ជាអកុសលដ៏អាក្រក់នេះបានកើតមានឡើងចំពោះរូបនាង ដែលនៅឆ្នាំ ២០០៥ ដោយនាងបានជាន់មីន ពេលទៅចាក់អង្ក្រងជាមួយម្តាយ និងបងស្រីនាង។ "ជើងឆ្វេងក្រោមជង្គង់របស់ខ្ញុំត្រូវដាច់ ហើយសន្លប់មិនដឹងខ្លួន ឯម្តាយខ្ញុំរបួសដៃ ឆ្វេងយ៉ាងធ្ងន់" កុមារី តឹងនិយាយដោយ ទឹកមុខស្រពោន។ នាងបន្តថា ហេតុការនេះធ្វើឲ្យនាងភ័យខ្លាចនិងតក់ស្លុតបំផុត និងចាំមិនភ្លេច ថា មីនជាអ្នកសម្លាប់បងស្រី ២ នាក់ ធ្វើឲ្យម្តាយរបួស និងខ្លួននាងពិការអស់មួយជីវិត។
កុមារាណេង អាយុ ១៥ ឆ្នាំ ពិការជើងទាំងពីរ និងដៃឆ្វេងម្ខាងបានឲ្យដឹងថា គាត់មានការសោកស្តាយយ៉ាងខ្លាំងដែលធ្លាក់ខ្លួនពិការ ដែលធ្វើឲ្យក្តីសង្ឃឹមតាំងពីតូចរបស់គាត់ត្រូវរលាយដោយសារគ្រាប់មីនបានបំផ្លាញ។ កុមារកំសត់នេះបន្តថា ខ្ញុំមិនចង់ជួបមនុស្ស ផ្សេងៗ ឬទៅសាលារៀន ឬលេងជាមួយមិត្តភ័ក្តិរបស់គេពីមុនទៀតឡើយ។ តែនៅពេលនេះកុមារាណេងបានទៅសាលារៀនដូច កុមារដទៃទៀតហើយ ដោយសារតែមណ្ឌលអារ៉ុបេបានជួយដល់រូបគេ។ កុមារាណេងបានផ្តែផ្តាំថា៖ "កុំភ្លេចថា មីនជាឃាតករលាក់ខ្លួន" ។
ក្នុងឱកាសនោះដែរ លោកអភិបាលគីគេបានមានប្រសាសន៏ថា៖ "ខ្ញុំមានអំណរសប្បាយដែលយើងបានចូលរួមជាមួយគ្នានៅថ្ងៃ នេះ ក្នុងបរិវេណព្រះវិហារ ដើម្បីឲ្យយើងចាប់អារម្មណ៏រិះគិតអំពីបញ្ហាមីន"។ លោកបន្ថែមទៀតថា តាមខ្ញុំដឹងតាមរយៈអង្គការ CMAC និងអង្គការគាំទ្រជនពិការផ្សេងៗគឺមានគ្រោះថ្នាក់ដោយសារគ្រាប់មីន ដែលកើតឡើងជារឿយៗភាគច្រើននៅខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ និងក្រុងប៉ៃលិន នេះជាបញ្ហាធំមួយដែលប្រទេសរបស់យើងបានទទួលឥទ្ឋិពលពីសង្គ្រាម។ លោក បានផ្តែផ្តាំថា ដើម្បីស្វែងរកភូមិមួយប្រទេសមួយដែលមានសន្តិភាព និងអនាគតដ៏ល្អ យើងត្រូវចូលរួមដូចថ្ងៃនេះ ដើម្បីសហការគ្នា រិះគិតជាមួយគ្នាអំពីបញ្ហាគ្រាប់មីន និងស្វែងរកសន្តិភាពជូនជាតិមាតុភូមិ ដូចរបាំព្រាបសដែលស្វែងរកសន្តិភាព។
ការស្វែងយល់ពីមីន
បច្ចុប្បន្ននេះមានប្រទេសផលិតគ្រាប់មីនចំនួន ១៣ ប្រទេសរួមមានៈ ភូមា ចិន គុយបា ឥណ្ឌា អ៊ីរ៉ង់ កូរ៉េខាងជើងកូរ៉េខាងត្បូង នេប៉ាល់ ប៉ាគី ស្ថាន រុស្ស៊ី អាមេរិក និងវៀតណាម។ តំបន់ប្រទាញប្រទង់គ្នាមានផ្ទៃដី ៣០៥ គ. ម២ ត្រូវបានដោះមីនចេញនៅឆ្នាំ ២០០៤ ប្រទេស អាហ្វានីស្ថានមាន ៣៣.៣ គ.ម២ និងប្រទេសកម្ពុជា ៣២ គ.ម២ ។ មានចំនួន ៥៨ ប្រទេសដែលមានអ្នករងគ្រោះដោយសារមីន ហើយ នៅខែតុលា ឆ្នាំ ២០០៥ មានអ្នករងគ្រោះចំនួន ៧៧៥ នាក់នៅប្រទេសកម្ពុជា។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក កម្ពុជា
|