|
កម្ពុជា គ្រោះថ្នាក់ចរាចរណ៍ គឺជាវិបត្តិសង្គមថ្មី
Posted: 9th May 2006
ការបើកបរមិនប្រុងប្រយ័ត្ននឹង នាំមកនូវសោធនាដកម្មដ៏ធ្ងន់ធ្ងរ
|
ភ្នំពេញ (C.S.C)៖ ក្រៅពីបញ្ហាជំងឺអេដស៍ និងមីនដែលធ្វើប្រជាពលរដ្ឋកម្ពុជាស្លាប់ និងរបួសជារៀងរាល់ថ្ងៃ នៅលើ ដងផ្លូវនានា បញ្ហាគ្រោះថ្នាក់ចរាចរបានក្លាយជាប្រធានបទដ៏សំខាន់មួយ ដែលទាំងរាជរដ្ឋាភិបាល និងអង្គការជាតិ និងអន្តរជាតិកំពុងតែយកចិត្តទុកដាក់តាមដាន និងចាត់វិធានការដើម្បីការពារ អាយុជីវិតរបស់ប្រជាពលរដ្ឋ។
គ្រោះថ្នាក់ចេះតែកើន
បើតាមប្រសាសន៍របស់អ្នកស្រីប្រាក់ ពិសិដ្ឋរង្សី ប្រធាននាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាលបានឲ្យដឹង ថា តួលេខនៅឆ្នាំ ២០០៥ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍មានសភាពធ្ងន់ធ្ងរ គឺក្នុងមួយថ្ងៃមានមនុស្សស្លាប់បីនាក់ ដោយសារគ្រោះថ្នាក់នេះនៅក្នុងក្របខណ្ឌទូទាំងប្រទេស។ ចំណែកកញ្ញាសាន សុជាតា មន្ត្រីកម្មវិធីអប់រំសុវត្ថិភាពចរាចរណ៍របស់អង្គការ Handicap International រៀបរាប់ថា អត្រានៃគ្រោះថ្នាក់នេះនៅតែមានទំនោរកើន ឡើងជាប្រាកដ ដោយសារប្រជាពលរដ្ឋចេះតែកើនច្រើនឡើងៗ យានយន្តក៏កើន ផ្លូវក្រាលកៅស៊ូល្អក៏កើន ដែលធ្វើឲ្យ មានការប៉ះទង្គិចច្រើន និងគ្រោះថ្នាក់ច្រើន។ ជាក់ស្តែង នៅពេលចូលឆ្នាំខ្មែរកន្លងទៅនេះ បើតាមទិន្នន័យពី ប៉ូលីសចរាចរណ៍នៃក្រសួងមហាផ្ទៃ នៅទូទាំងប្រទេស មានប្រជាជនស្ថាប់ ៤៧ នាក់ និង ៥៥០ នាក់ទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍។ នេះគឺមានការកើនឡើងបើប្រៀបជាមួយនឹងឱកាសចូលឆ្នាំខ្មែរ ឆ្នាំ ២០០៥ ដែល មានតែ ៣៣នាក់ស្លាប់ និង ៤២៨ នាក់រងរបួសប៉ុណ្ណោះ។
ទីតាំង ជនរងគ្រោះ និងពេលវេលា
តាមទិន្នន័យរបស់អង្គការHandicap International ចាប់ពីខែកញ្ញា ឆ្នាំ ២០០៥ ដល់ខែកុម្ភៈ ឆ្នាំ ២០០៦ ឲ្យដឹងថា ជាប្រចាំខែ ប្រហែលជា ៨០% នៃទីតាំងនៃគ្រោះថ្នាក់ចរាចរណ៍ គឺកើតមាននៅលើផ្លូវក្រាលកៅស៊ូ និយាយរួមគឺផ្លូវរលោង។ កញ្ញា សុជាតា គូសបញ្ឌាក់ថា នៅពេលផ្លូវរលោង អ្នកធ្វើដំណើរមួយចំនួន បើកយានយន្ត លឿនជ្រុល ហើយដោយខ្វះការអប់រំ និងខ្វះការគោរពច្បាប់ចរាចរណ៍ទៀតផង វាក៏ក្លាយទៅជាមូលហេតុចម្បង ដែលជំរុញឲ្យកើតមាននូវគ្រោះថ្នាក់ចរាចរណ៍។ បើនិយាយពីជនរងគ្រោះវិញ អ្នកដែលទទួលរងគ្រោះថ្នាក់ច្រើន ជាងគេគឺយុវជនជាសិស្សសាលាដែលមានពី ១៩% ទៅ ២៣% ។ កសិករមានពី ១៧% ទៅ ២៦% ។ បុគ្គលិក កម្មករមានពី ១៧% ទៅ ២០% ។ មេផ្ទះ មានពី ៤% ទៅ ៨% ។ អ្នកជំនួញមានពី ៤% ទៅ ៨% ហើយចុង ក្រោយ គឺអ្នករត់ម៉ូតូឌុបមានពី ៤% ទៅ ៦% ។ ម្យ៉ាងទៀត ពេលវេលានៃករណីគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនគឺ កើតមាននៅរៀងរាល់ចុងសប្តាហ៍ គឺពីថ្ងៃសុក្រម៉ោង ៦ ល្ងាច ដល់ពាក់កណ្ដាលយប់ ថ្ងៃអាទិត្យ ដែលអត្រាគ្រោះ ថ្នាក់មានពី ៣០% ទៅដល់ ៤០% ។ ហើយបើគេគិតទៅតាមប្រតិទិនប្រចាំឆ្នាំ ជាទូទៅ ចំនួនជនរងគ្រោះមានអត្រា ខ្ពស់បំផុតត្រូវបានអង្កេតឃើញក្នុងអំឡុងពេលប្រារព្ឋពិធីផ្សេងៗ ដូចជា បុណ្យចូលឆ្នាំចិន បុណ្យចូលឆ្នាំខ្មែរ បុណ្យអុំទូក -ល- ។ នេះគឺដោយសារនៅថ្ងៃបុណ្យទៀន ប្រជាពលរដ្ឋគាត់ធ្វើ ដំណើរច្រើន ធ្វើឲ្យមានការប្រឈមមុខ ទៅនឹងគ្រោះថ្នាក់ច្រើន។ អត្រាគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃបុណ្យកើន ឡើងច្រើនជាងថ្ងៃធម្មតាយ៉ាងហោចណាស់ ក៏មួយទ្វេជាពីរដែរ។
មូលហេតុនៃគ្រោះថ្នាក់
បើតាមសំដីរបស់កញ្ញាសាន សុជាតា ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ ដដែល បង្ហាញប្រាប់ថា ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គឺជាង ៩០% គឺបណ្ដាលមកពីកត្តាមនុស្ស មានដូចជា ការបើកបរលឿនពេក ការហូបស្រា ឬប្រើ ប្រាស់គ្រឿងញៀន មិនគោរពសិទ្ឋិអទិភាពគ្មានការយោគយល់គ្នា បើកឆ្លងគន្លងផ្លូវដោយមិនប្រុងប្រយ័ត្ន ការជែង វ៉ាក្នុងស្ថានភាពគ្រោះថ្នាក់ ការបើកបញ្ច្រាសទិសជាដើម។ ចំណែក កត្តាសល់ពីនេះ គឺបណ្ដាលមកពីស្ថានភាពផ្លូវ (ផ្លូវក្រលុក) កត្តាអាកាសធាតុ (មេឃភ្លៀង ឬចុះអ័ព្ឌ) និងកត្តា យានយន្ត (ផ្ទុះកង់ ដាច់ច្រវ៉ាក់ ឬខូចហ្វ្រាំង-ល-។
តើធ្វើដូចម្តេចដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ?
លោកឌិន សុគន្ឋ ជាប្រជាពលរដ្ឋមួយរូបនៅ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និយាយថា គ្រោះថ្នាក់ចរាចរណ៍អាចកាត់បន្ថយបាន បើសិនជាអាជ្ញាធរដាក់ផ្លាកសញ្ញាចរាចរណ៍ និងផ្លាកកំណត់ល្បឿនឲ្យត្រឹមត្រូវ និងច្រើននៅលើដងផ្លូវ។ ហើយប្រជាពលរដ្ឋត្រូវតែស្វែងយល់ និងគោរពច្បាប់ចរាចរណ៍ ជាពិសេសនោះ ត្រូវតែមានការយោគយល់គ្នាពេលបើកបរ ដែលជាសីលធម៌រស់នៅមួយដែរ។ អ្នកស្រីប្រាក់ ពិសិដ្ឋរង្សី មានប្រសាសន៍ថា៖ "ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ទីមួយ គឺអាជ្ញាធរមានសមត្ថកិច្ច ត្រូវតែពង្រឹងច្បាប់ ចរាចរណ៍ឲ្យបានល្អប្រសើរ។ ទីពីរ ត្រូវអប់រំផ្សព្វផ្សាយយល់ដឹងអំពីគ្រោះថ្នាក់ និងច្បាប់ចរាចរណ៍នោះ។ ទីបី គឺប្រជាពលរដ្ឋខ្លួនឯងត្រូវយល់ដឹងអំពីសុវត្ថិភាពផ្ទាល់ខ្លួនដូចជាបើកបរកុំឲ្យផឹកគ្រឿងស្រវឹងជាដើម។ អ្នកស្រីក៏ បានអំពាវនាវដល់អ្នកជិតខាង ឬក៏សាច់ញាតិ នៅពេលមានករណីគ្រោះថ្នាក់កើតឡើង ត្រូវ ព្យាយាមបញ្ចូនជនរង គ្រោះទៅកាន់មណ្ឌលសុខភាពដែលនៅជិតបំផុតឲ្យទាន់ពេលវេលា ចៀសវាងការហួស ពេល" ។ ចំណែកកញ្ញា សុជាតា ក៏មានគំនិតស្របនឹងអ្នកស្រីប្រាក់ពិសិដ្ឋរង្សីដែរ គ្រាត់តែកញ្ញាមានសំណូមពរបន្ថែម ដល់ប្រជាពលរដ្ឋម្នាក់ៗ ឲ្យពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព បើបើកបររថយន្ត និងពាក់មួកសុវត្ថិភាពផងដែរពេលជិះម៉ូតូ។ កញ្ញារំលឹកថា ៧០% នៃគ្រោះថ្នាក់ គឺកើតមានចំពោះមធ្យោបាយធ្វើដំណើរជាម៉ូតូ ហើយ ៤០% នៃជនរងគ្រោះ សុទ្ឋតែរបួសក្បាល។ ហេតុនេះ យើងអាចកាត់បន្ថយគ្រោះថ្នាក់ដោយការពាក់មួកសុវត្ថិភាពការពារក្បាល។
ពត៌មានបន្ថែមអំពីជនរងគ្រោះបន្ទាប់ពីគ្រោះថ្នាក់
តាមរបាយការណ៍របស់អង្គការHandicap International ចាប់ពីខែកញ្ញា ឆ្នាំ២០០៥ ដល់ខែកុម្ភៈ ឆ្នាំ ២០០៦ ដដែល បានឲ្យដឹងថា ជាប្រចាំខែ តិចជាង ៤០% នៃជនរងគ្រោះដែលរងរបួសធ្ងន់ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរថយន្តគិលានសង្គ្រោះ។ ច្រើនជាង ៤០% នៃជនរងគ្រោះដែលរងរបួសធ្ងន់បានចំណាយច្រើនជាង ២ ម៉ោងដើម្បីទៅដល់មន្ទីរពេទ្យ។
លោកអភិបាលអេមីល ដេតម្ប ជីវិតមានតម្លៃ ត្រូវតែប្រយ័ត្ន
ដោយមើលឃើញគ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាតំណាងឲ្យ ព្រះសហគមន៍កាតូលិក លោកអភិបាលអេមីល ដេតម្ប ដែលបានបញ្ចេញយោបល់ដូចតទៅខ្ញុំចាប់អារម្មណ៍ខ្លាំងមែនចំពោះគ្រោះថ្នាក់ចរាចរណ៍ ដែលយើងឃើញមានច្រើននៅតាមដងផ្លូវ។ ជារៀងរាល់ថ្ងៃ ពេលយើងចេញដំណើរទៅកន្លែងផ្សេងៗ ជួនកាល យើងមានឃើញគ្រោះថ្នាក់បុកគ្នា ដែលបណ្ដាលឲ្យមានអ្នកស្លាប់ និងអ្នកត្រូវរបួសអ៊ីចឹងដែរ។ ប៉ុន្តែ ខ្ញុំមិនដឹងថា ត្រូវធ្វើយ៉ាងម៉េចដែរ ដើម្បីកុំឲ្យមានគ្រោះថ្នាក់នេះទេ។ ខ្ញុំជឿថា នេះអាស្រ័យលើពលរដ្ឋម្នាក់ៗ មានការប្រុងប្រយ័ត្ន ពីព្រោះការបើកឡាន និងជិះម៉ូតូដោយគ្មានរបៀបរៀបរយ នឹងធ្វើឲ្យមានកើតគ្រោះថ្នាក់ច្រើន។
នៅពេលឃើញមនុស្សស្លាប់ ខ្ញុំមានអារម្មណ៍សោកស្តាយ។ ដោយសារខ្ញុំមិនមែនជាអ្នកទទួលខុសត្រូវលើបញ្ហា ចរាចរណ៍ ខ្ញុំយល់ថា យើងត្រូវតែរៀបចំនូវកម្មវិធីមួយឲ្យស្រួលជាង និងឲ្យមានរបៀបរៀបរយជាង។ ខ្ញុំចង់ឲ្យ ពលរដ្ឋម្នាក់ៗ ខិតខំគោរពតាមច្បាប់ឲ្យបានត្រឹមត្រូវ និងមានអធ្យាស្រ័យដល់គ្នា ពីព្រោះជួនកាល ខ្ញុំឃើញថា បើម្នាក់ៗ គិតតែចង់ទៅមុន ឥតសូវមានគោរពអ្នកដទៃ និងច្បាប់ចរាចរណ៍ឡើយ។
ហើយដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះទៀតសោត វាគឺជាតួនាទីរបស់ តួនាទីទាំងអស់គ្នា។ សូមកុំឲ្យយើង ដាក់ទោសលើអ្នកយាមការពារវិថី ឬប៉ូលីសចរាចរណ៍។ ខ្ញុំយល់ថាម្នាក់ៗ ត្រូវកាន់តាមច្បាប់ចរាចរណ៍ឲ្យបានត្រឹម ត្រូវ កុំគិតតែពីឈ្នះគេ កុំគិតតែពីដល់មុនគេ ដោយមិនគិតប្រយោជន៍រួម ពីព្រោះថាបើម្នាក់ៗ ចង់តែទៅមុន វាក៏ ទៅជាស្ទះ និងឥតមានផ្លូវសម្រាប់អ្នកណាសោះ។
ជីវិតមនុស្សយើងម្នាក់ៗ មានតម្លៃគ្រប់ៗ គ្នា គឺយើងមិនមែនមានតម្លៃ ដោយសារយើងមានឡានធំ ឬមាន ម៉ូតូល្អជាងគេនោះទេ។ ជីវិតអ្នកដើរក៏មានតម្លៃ ដូចជាអ្នកជិះក្នុងឡានដែរ។ ដោយសារជីវិតយើងម្នាក់ៗ មាន តម្លៃណាស់ យើងក៏ត្រូវខិតខំគោរពតម្លៃជីវិតរបស់គេដែរ។ អ៊ីចឹងបើយើងមិនបានប្រុងប្រយ័ត្ន យើងអាចគ្មាន គ្រោះថ្នាក់ ប៉ុន្តែ យើងបង្កើតគ្រោះថ្នាក់សម្រាប់អ្នកដទៃ។
ខ្ញុំមានសំណូមពរមែនៗ គឺឲ្យពលរដ្ឋម្នាក់ៗ ស្វែងយល់ដឹងច្បាប់ចរាចរណ៍ ឲ្យយល់ថា ផ្លូវគឺសម្រាប់ទាំងអស់គ្នា។ បើ សិនជាយើងខិតខំធ្វើដំណើរដោយគោរពច្បាប់ចរាចរណ៍ ប្រហែលជាស្រួលជាងនេះ។ ម្យ៉ាងវិញទៀត ពេលកំពុង ធ្វើដំណើរ បើយើងឃើញមានគ្រោះថ្នាក់ យើងត្រូវខិតខំទៅជិតដើម្បីនឹងជួយ។ ប្រសិនមានមនុស្សច្រើនសម្រាប់តែ មើល គឺឥតមានប្រយោជន៍ទេ។ បើគ្រោះថ្នាក់ស្រាល យើងអាចជូនគេទៅមន្ទីរពេទ្យ ឬទៅផ្ទះ។ បើធ្ងន់ធ្ងរបន្តិច យើងត្រូវជួយទូរស័ព្ទហៅឡានគិលានសង្គ្រោះដឹកជនរងគ្រោះទៅមន្ទីរពេទ្យ។ យើងមិនអាចធ្វើអ្វីច្រើនទេព្រោះយើងមិនមែនជាពេទ្យ។ អ្វីដែលយើងធ្វើ ដើម្បីជាប្រយោជន៍ ដល់អ្នករងគ្រោះធ្ងន់ គឺជាកិច្ចការសប្បុរសធម៌មួយ ដែរ។ នេះគឺជាផ្លូវតែមួយដើម្បីរស់នៅជាមួយគ្នាដោយស្រួលដោយគិតដល់ប្រយោជន៍អ្នកដទៃ និងប្រយោជន៍រួម។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក កម្ពុជា
|