|
ខេត្តព្រះវិហារ ព្រះសហគមន៍កាតូលិកបន្តជួយជនក្រីក្រ
Posted: 10th April 2006
ស្ពានថ្មីអំនោយជូនភូមិព្យួរជ្រូក និងភូមិគូលែនក្នុងខេត្តព្រះវិហារ
|
ព្រះវិហារ (C.S.C)៖ ភូមិ - ស្រុកដែលប្រៀបបីដូចជាផ្កាស្រពោនក្រៀមស្វិតគ្មានទឹក ដើម្បីបន្តជីវិតទៅមុខទៀត បានប្រែក្លាយទៅជាបុប្ផាមួយទងមានពណ៌ និងក្លិនក្រអូបសុះសាយ។ ផលវិបាកដែលប្រជាជននៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ បានជួបប្រទះពីមុន ឥឡូវនេះបាន រំសាយចេញពីខ្លួនប្រាណរបស់ពួកគេបន្តិចម្តងៗហើយ។ ទាំងនេះក៏ដោយសារការជួយជ្រោមជ្រែងរបស់ព្រះសហគមន៍កាតូលិក។
ស្ពាន ផ្លូវ ស្រះទឹក និងសាលាជាច្រើនត្រូវបានផ្តល់ជូនប្រជាជន និងសិស្សជាច្រើនបានរៀនសូត្រក្នុងភូមិព្យួរជ្រូក និង ភូមិគូលែន ក្នុងខេត្តព្រះវិហារ។
លោកខៀន រំ អាយុ ៤៨ ឆ្នាំ ប្រធានភូមិព្យួរជ្រូក ស្រុកគូលែន បានបង្ហាញពីអារម្មណ៍រីករាយថា៖ "ខ្ញុំមានការសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន ដែលមានសប្បុរសជនជួយសង់ស្ពានថ្មថ្មីជំនួសស្ពានចាស់ ដែលខូចខាតអស់" ។ លោកបន្តថា នៅរដូវទឹកឡើង ( ខែកញ្ញា ) ស្ពានចាស់ត្រូវលិចទឹកទាំងស្រុង ដែលធ្វើឲ្យការធ្វើដំណើរមានការ លំបាក។
អតីតនាយកអនុវិទ្យាល័យគូលែន លោកម៉ៅ ព្រិន វ័យ ៦៥ ឆ្នាំបានឲ្យដឹងដែរថា ស្ពាននេះផ្តល់ប្រយោជន៍ជាច្រើន ព្រោះ នេះជាកន្លែងមួយទាក់ទងផ្នែកសេដ្ឋកិច្ច។ ភូមិនេះអាចទាក់ទងទៅដល់ភូមិផ្សេងៗនៅជុំវិញបានលុះត្រាតែឆ្លងកាត់ស្ពាននេះ។ លោកបន្តថា មុនពេលដែលមិនទាន់មានស្ពាន និងផ្លូវនេះកូនសិស្សមានការលំបាកក្នុងការធ្វើដំណើរទៅសាលា ព្រោះត្រូវធ្វើការឆ្លងទឹក។
ក្នុងទឹកមុខហាក់ដូចជាអស់កំលាំងលោកបូជាចារ្យហ្វ្រង់ស្វ័រ ប៉ុងសូរ៍ ជាតំណាងគ្រប់សិទ្ធិរបស់លោកអភិបាលនៃភូមិភាគកំពង់ចាម ដែលលោកបានចុះជួយដល់ប្រជាពលរដ្ឋនៅស្រុកគូលែន ខេត្តព្រះវិហារយ៉ាងស្រស្រាក់ស្រស្រាំរយៈពេលជាង ៤ឆ្នាំកន្លងមកបានមានប្រសាសន៍ឲ្យដឹងថា៖ "ខ្ញុំមានគំនិតជួយដល់ប្រជាពលរដ្ឋក្រីក្រដោយសារតែនៅស.វទី ២១ ខ្ញុំទ្រាំមើលអ្នកក្រីក្រតោកយ៉ាកមិនបាន។ ខ្ញុំជាអ្នកដែលប្រឆាំងទៅនឹងអំពើពុករលួយ ដូចនេះខ្ញុំធ្វើតាមពាក្យសំដីរបស់ខ្ញុំ ដែលខ្ញុំត្រូវតែជួយអ្នកជនបទ អ្នកក្រីក្រ"។
លោកយល់ឃើញថា អ្នកក្រីក្រជាតំនាងរបស់ព្រះយេស៊ូ ទោះបីជាលោកមិននិយាយពីព្រះអង្គក្តី ក៏លោកនៅតែបំរើព្រះយេស៊ូ ដែលនេះជាជំនឿរបស់លោក។ លោកបូជាចារ្យបានបន្តថា យើងប្រកាសដំណឹងល្អ ព្រោះព្រះបិតាស្រលាញ់មនុស្សលោក។ បើយើងមិនស្រលាញ់គេ តើគេធ្វើយ៉ាងណា? លោកបញ្ជាក់ថា ចំពោះរូបលោកដំណឹងល្អគឺ "ជីវិតមានតម្លៃ"។
អ្នកស្រីឡាច ឡូត អាយុ ៤៦ ឆ្នាំ អ្នកជួយបណ្ដុះបណ្ដាលក្នុងសមាគមកោះកម្ពុជា និងជាអ្នកជួយក្នុងការធ្វើផ្លូវ ស្ពាន និងសាលារៀនជាច្រើនដល់អ្នកភូមិ និងសិស្សានុសិស្សនៅភូមិគូលែន និងភូមិព្យួរជ្រូក បានមានប្រសាសន៍ថា៖ "ខ្ញុំចាប់ផ្តើមជួយដល់ប្រជាជនក្រីក្រនៅភូមិនេះតាំងពីឆ្នាំ ២០០២"។
គាត់បន្ថែមថា ផលប្រយោជន៍ដែលទទួលបាន គឺជាផលប្រយោជន៍រួម ព្រោះនៅពេលដែលមានផ្លូវ គឺអាចធ្វើដំណើរបានទាំងអស់គ្នា។ ចំនុចសំខាន់នោះ គឺអាចឲ្យប្រជាកសិករប្រកបការងារបានស្រួល ដឹកសំភារៈបានឆាប់រហ័ស អាចធ្វើឲ្យសហគមន៍ មានការរីកចំរើន។
លោកស្រីម៉ារីក្លូដ ជនជាតិបារាំងដែលបានចូលរួមក្នុងការជួយដល់ប្រជាជនក្រីក្រនៅក្នុងភូមិនោះដែរបានមានប្រសាសន៍ឲ្យដឹងថា៖ "នៅឯភ្នំពេញ ខ្ញុំស្គាល់អ្នកមានជាច្រើន តែនៅពេលដែលមកឃើញនៅជនបទ ខ្ញុំភ្ញាក់ស្មារតីយ៉ាងខ្លាំង ព្រោះឃើញថា ប្រជាជននៅតាមជនបទមានជីវភាពក្រីក្រមែនទែន ដែលមិននឹកស្មានដល់។ ប៉ុន្តែយើងក៏សប្បាយចិត្តដោយឃើញថា ទោះបីជាអ្នកទាំងនោះគ្មានមធ្យោបាយក៏ពួកគេមានបំណង និងខិតខំបំរើខ្លួន ដើម្បីជីវិតរបស់ពួកគេអាចងើបឈរបានដូចអ្នក ដទៃដែរ។
ចំណែកលោក ហ្សង់ហ្សិនណូវ៉ា ដែលជាស្វាមីបានឲ្យដឹងដែរថា តាំងពីតូចមក យើងឃើញថា ឪពុកម្តាយជួយអ្នកក្រីក្រ ដូចនេះចំពោះយើងជារឿងធម្មតា យើងកើតនៅក្នុងគ្រួសារគ្រីស្តបរិស័ទ ដូចនេះយើងក៏ត្រូវជួយអ្នកក្រីក្រដែរ។
ក្រៅពីសមិទ្ឋិផលទាំងនេះលោកបូជាចារ្យហ្វ្រង់ស្វ័រ ប៉ុងសូរ៍ ក៏បានទទួលផ្គត់ផ្គង់ក្មេងកំព្រាចំនួន ២៥០ នាក់ ដោយផ្តល់ជាលុយ និងសំភារៈជាច្រើនទៀត។
កុមារីឡំ សុភ័ក្រ អាយុ ១៣ ឆ្នាំ នាងកំព្រាឪពុក បាននិយាយថា៖ "ខ្ញុំស្គាល់លោកតាប៉ុងសូរ៍ដោយសារគាត់តែងមកចែកអំណោយឲ្យដល់ពួកក្មេងៗកំព្រានៅក្នុងភូមិនេះ ដូចជា លុយ សាប៊ូ ស្ករ មី ទឺកសណ្ដែក ស្បែកជើង កាតាប"។ ចំណែកកុមារាវ៉ាន់ ថន រៀនថ្នាក់ទី ២ ជាក្មេងកំព្រាឪពុកម្តាយ និងកំពុងរស់នៅជាមួយជីដូន បាននិយាយថា ក្នុងមួយខែៗគេទទួល បានប្រាក់ឧបត្ថម្ភចំនួន ១ ម៉ឺនរៀល និងរបស់របរជាច្រើនទៀតពីលោកតាប៉ុងសូរ៍។
អ្នកនាងលាម សាងីម អាយុ ៣៤ ឆ្នាំ ជាអ្នកមើលថែទាំក្មេងកំព្រានៅតាមភូមិបាននិយាយឲ្យដឹងថា ក្នុងមួយអាទិត្យនាងចុះ សាកសួរអំពីស្ថានភាពក្មេងកំព្រាទាំងនេះពីរដង។ នាងបន្តថា នាងមានការសប្បាយដែលបានធ្វើការជួយដល់ក្មេងៗ ទោះបីជានាងទទួលបានប្រាក់បៀវត្សរ៍តិចតួចក៏ដោយ ប៉ុន្តែនាងនៅតែមានទឹកចិត្តចង់ជួយដល់ពួកគេរហូត។
ទោះជាយ៉ាងណាលោកបូជាចារ្យ ប៉ុងសូរ៍ និងអ្នកស្រីឡាច ឡូតនៅ តែបន្តជួយដល់ការងារមួយទៀត គឺការជួយដល់ស្ត្រី នៅតាមភូមិផ្សេងៗ ដោយបង្កើតសមាគមកាត់ដេរ។ សមាគមនេះបង្កើតឡើងនៅឆ្នាំ ២០០៣ ដែលមកទល់និងពេលនេះ មានចំនួន ៤ វគ្គហើយ និងក៏បានជួយដល់ស្ត្រីជាច្រើនរូបផងដែរ។ អ្នកគ្រូ ហួន ប៊ុនណម អាយុ ៤២ ឆ្នាំ បានមានប្រសាសន៍ថា សិស្សដែលមករៀននៅទីនេះមិនតំរូវឲ្យមានអ្វីនោះទេ ពួកគេមករៀនដោយមិនចំណាយថវិកា ឬសំភារៈអ្វីឡើយ ព្រោះ ពួកគេសុទ្ឋសឹងតែជាអ្នកមានជីវភាពក្រីក្រលំបាក។ អ្នកគ្រូបន្តថា ខោអាវដែលបានកាត់រួចបានយកឲ្យជនក្រីក្រ និងក្មេងកំព្រានៅតាមភូមិ។
កញ្ញា ស៊យ ខៀន អាយុ ២៥ ឆ្នាំ អ្នកភូមិគូលែន ដែលកំពុងញាប់ដៃក្នុងការដេរខោខ្លីសំរាប់ចែកឲ្យក្មេងកំព្រា បានងាកមក និយាយថា គាត់មករៀននៅទីនេះទើបតែបានមួយខែប៉ុណ្ណោះ ហើយកញ្ញាមករៀននៅទីនេះ ព្រោះគិតថា នៅពេលអនាគតការងារនេះអាចជួយដល់រូបគាត់បាន ដោយសារគាត់មិនមានចំណេះចេះដឹងអ្វីទេ។
ចំណែកកញ្ញាសិត តម អាយុ ២៨ ឆ្នាំ បានឲ្យដឹងដែរថា នាងស្រលាញ់ និងចូលចិត្តការងារនេះណាស់ ហើយនាងគិតថានេះ ជាមុខរបរនាងទៅថ្ងៃអនាគត។ នៅពេលរៀនចប់គាត់នឹងខិតខំសន្សំលុយ ដើម្បីទិញម៉ាស៊ីនដេរសំរាប់ដេរនៅផ្ទះ។
សមិទ្ធិផលដែលមាន
ពីឆ្នាំំ ២០០៣ - ០៦ លោកបូជាចារ្យប៉ុងសូរ៍ជួយដល់ប្រជាជនក្នុងស្រុកគូលែនមាន៖
អាគារសិក្សាថ្ម ៣ ខ្នង សរុប ១៥ បន្ទប់ សង្ហារឹមដល់អនុវិទ្យាល័យគូលែន សាលាបឋមសិក្សាព្យួរជ្រូក មត្តេយ្យសិក្សា ២ បន្ទប់ និងកសាងបណ្ដាល័យ ១ បន្ទប់ បន្ទប់កុំព្យូទ័រ និងផ្ទះបាយ។ លើកផ្លូវថ្មីដោយចាក់គ្រួសក្រហមប្រវែង ៨១០ ម៉ែត្រ ។ ជួយឧបត្ថម្ភកុមារកំព្រាក្នុងស្រុកចំនួន ២៥០ នាក់។ ឧបត្ថម្ភកុមារកំព្រាជាសិស្សមកពីឆ្ងាយនូវបង់ចំនួន ៣៥ គ្រឿង។ ធ្វើ ស្ពានប្រវែង ២៥ម ធ្វើពីថ្ម។ លើកទំនប់ប្រវែង ១១០ ម ជម្រៅ៣ ម និងសមិទ្ឋិផលជាច្រើនទៀត។
កំនាព្យថ្លែងអំណរគុណ
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក កម្ពុជា
|