|
កម្ពុជា កំនើនភាពគ្មានការងារធើ្វរបស់និស្សិត
Posted: 30th March 2006
និស្សិតមើលដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗ
|
ុភ្នំពេញ (C.S.C)៖ មានសាលា មហាវិទ្យាល័យ ស្ថាប័នអប់រំ ចេះតែកើនឡើងជាបន្តបន្ទាប់ប៉ុន្តែសញ្ញាប័ត្រដែលគេផ្តល់ឲ្យនោះ មិនអាចផ្តល់ការងារឲ្យពួកគេបានទេ។
ស្ថានភាពទីផ្សារការងាររបស់និស្សិតកម្ពុជាសព្វថ្ងៃ ហាក់បីដូចជាមិនមានសង្ឃឹមសំរាប់ពួកគេទេ គឺនៅមាន ភាពតូចចង្អៀត មិនទាន់ឆ្លើយតបទៅនឹងតំរូវការរបស់និស្សិតនៅឡើយ។ ជារៀងរាល់ឆ្នាំមានយុវជន ២៥០ ០០០នាក់ ខិតខំស្វះស្វែងរកការងារធ្វើយ៉ាងលំបាក ហើយក្នុងរយៈពេល ១០ ឆ្នាំទៀតនឹងមានអ្នកសុំការងារ ធ្វើចំនួន ២,៥ លាននាក់។ តើក្តីព្រួយបារម្ភទាំងនេះនឹងរលាយបាត់នៅពេលណា? តើអ្នកណាជាអ្នកជួយដោះស្រាយបញ្ហានេះដល់និស្សិតកម្ពុជា ?
ទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាសព្វថ្ងែនេះបានចោទជាបញ្ហាយ៉ាងធ្ងន់ធ្ងរដល់កំនើនរបស់និស្សិតជារៀងរាល់ឆ្នាំ។ ទាក់ទងនឹងបញ្ហាដ៏ធ្ងន់ធ្ងរនេះលោក ជាង សុខា នាយកប្រតិបត្តិកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនបានបកស្រាយមូលហេតុដែលនិស្សិតជួបប្រទះសព្វថ្ងៃនេះថា៖ "កំនើនអ្នកដែលគ្មានការងារធ្វើ គឺមិនមែនមានតែនៅស្រុកខ្មែរទេ គឺមានយុវជនប្រហែលជា ៧៤ លាននាក់លើពិភពលោកកំពុងប្រឈមមុខ ដែលអង្គការសហប្រជា ជាតិចាត់ទុកជាបញ្ហាក្តៅគគុកមួយ។ លោកបានបន្តទៀតថា មានមូលហេតុពីរដែលនៅតែជាបញ្ហាចោទគឺ បញ្ហាសង្គម ( ការអភិបាលកិច្ចនៅស្រុកខ្មែរនៅមានបញ្ហា គុណភាពអប់រំក្នុងសង្គមស្រុតចុះ ការគ្រប់គ្រងធនធានមនុស្ស ) និងបញ្ហាបុគ្គលខ្លួនឯង ( និស្សិតខ្លួនឯងផ្ទាល់គ្មានគោលដៅពិតប្រាកដ ការរើសអើងនឹងការងារ ដោយប្រៀបធៀបឋានៈការងារទៅនឹងសញ្ញាប្រ័ត និងមួយទៀត គឺការមិនទាន់ចេះពីរបៀបរកការងារធ្វើនៅឡើយ ) ។
លោកអាន សុធា អាយុ ២៤ ឆ្នាំ និស្សិតត្រៀមប្រលងបញ្ចប់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យន័រតុន កំពុងតែជួបប្រទះ និងមានការព្រួយបារម្ភចំពោះការគ្មានការងារធ្វើនៅពេលដែលលោករៀនចប់។ លោកបានឲ្យដឹងថា លោកបាន និងកំពុងតែព្យាយាមរកការងារធ្វើបន្តនៅតាមក្រុមហ៊ុន និងអង្តការមួយចំនួន ប៉ុន្តែលោកអស់សង្ឃឹម ដោយសាតែភាគច្រើននៅកន្លែងទាំងនោះមិនផ្តល់អត្ថិភាពសំរាប់និស្សិតមួយចំនួនដែលទើបបញ្ចប់ការសិក្សា។ លោកបានបន្ថែមថា៖ "ការងារនៅស្រុកខ្មែរបច្ចុប្បន្នគឺ គ្មានភាពយុត្តិធម៌ទេសំរាប់កន្លែងមួយចំនួន ព្រោះតែការប្រកាន់បក្សពួក មិនផ្តល់តំលៃទៅឲ្យនិស្សិតខ្មែរ និងអ្នកដែលមិនមានបទពិសោធន៍"។
ស្របគ្នានឹងមតិខាងលើនេះដែរ កញ្ញា ម៉ម ពិដោរ និស្សិតបញ្ចប់ការសិក្សារយៈពេលជាងមួយឆ្នាំមកហើយ តែនៅមិនទាន់មានការងារធ្វើបានឲ្យដឹងថា នាងបានជួបប្រទះ បញ្ហាដោយផ្ទាល់នៅពេលដែលនាងបានដាក់ពាក្យ ធ្វើការនៅក្រុមហ៊ុនឱសថមួយកន្លែង គឺគេបាននិយាយថា៖ "បើអ្នកគ្មានបទពិសោធន៍ទេកុំដាក់ធ្វើអ្វី"។ នាងនិយាយទៀតថា ផលលំបាករបស់នាង គឺការគ្មានបទពិសោធន៍ គ្មានបក្សពួក និងរូបសម្បត្តិមិនសូវស្អាត។ ចំពោះចំនុចនេះលោក ជាង សុខា ក៏មានប្រសាសន៍បន្ទោសទៅលើនិស្សិតដែលយល់ដូចនោះថា ការប្រកាន់បក្សពួក គឺមានតែមិនមែនមាននៅទូទាំងស្រុកខ្មែរនោះទេ គឺនិស្សិតនៅតែមានឱកាសសំរាប់ចាប់យក ប៉ុន្តែនិស្សិតខ្លួនឯងទេដែលយកបញ្ហានេះមកផ្អោបនឹងទ្រូងដោយចេះតែគិតថាទាល់តែមានបក្សពួក ឬមានខ្សែ ទើបមានការងារធ្វើ។ ដូចនេះយើងកុំយកបញ្ហានោះមកគ្រប់គ្រងលើខ្លួនឯង ទន្ទឹមនឹងគេមានបក្សពួកច្រើន ក៏យើងនៅមានឱកាសច្រើនសំរាប់ឲ្យយើងខំប្រឹង ដើម្បីចាប់យកឱកាសនោះដែរ។
ចំពោះបញ្ហាដែលចោទសួរមួយទៀតថា តើដោយកត្តាទាំងនេះហើយឬដែលធ្វើឲ្យនិស្សិតខ្មែរលែងសិក្សានៅក្នុងស្រុក ? ឆ្លើយតបទៅនឹងបញ្ហានេះលោករ៉ុង ឈុនប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាបានឲ្យដឹងថា៖ "បញ្ហាទាំងអស់នេះកើតមានឡើង ដោយសារតែសង្តមរបស់យើងអត់មានសុវត្ថិភាពផ្នែកច្បាប់ក៏ដូចជា តុលាការ និងកង្វះខាតជីវភាព ជាពិសេសគឺការអត់មានការងារធ្វើនេះហើយដែលធ្វើឲ្យយុវជនខ្មែរយើង ជាពិសេសនារីក្មេងៗព្រមរៀបការជាមួយអនិកជនមកពីខាងក្រៅដែលមានអាយុ ៥០- ៦០ឆ្នាំ ដើម្បីបានទៅរស់នៅស្រុកគេស្វែងរកសេចក្តីសុខក៏ដូចជារកការងារធ្វើយកកំរៃមកផ្តត់ផ្តង់ក្រុមគ្រួសារ"។ ជាក់ស្តែងលោកសាស្ត្រាចារ្យនៃវិទ្យាស្ថានភាសាបរទេសមួយរូបដែលនឹងធ្វើដំណើរទៅបន្តការសិក្សានៅឯបរ ទេសបានឲ្យដឹងដែរថា ដោយសារតែការសិក្សានៅស្រុកខ្មែរមិនមានស្តង់ដារ និងពុំសូវមានការទទួលស្តាល់ ធ្វើឲ្យលោកទៅរៀននៅស្រុកគេ ជាពិសេសនោះ គឺសញ្ញាប្រ័តដែលនិស្សិតទទួលបានមិនដឹងថា ជាការបង់លុយយក ឬបានដោយចំណេះដឹងផ្ទាល់។ ប៉ុន្តែចំនុចនេះលោកជាង សុខា បានឲ្យដឹងថា៖ "សញ្ញាប័ត្រវាគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់ គឺសមត្ថភាពផ្ទាល់របស់បុគ្គលនោះ"។
បញ្ជ្រៀសបញ្ហាកង្វះការងារនេះដោយរបៀបណា ?
ដូចសុភាសិតខ្មែរមួយដែលតែងតែនិយាយថា គ្មានបញ្ហា ឬទុក្ខលំបាកណាមួយដែលគ្មានដំណោះស្រាយនោះទេ។ លោករ៉ុង ឈុនបានបញ្ជាក់ពីបញ្ហានេះថា វិធានការដើម្បីបង្កើនការងារដល់និស្សិត គឺយើងត្រូវបំបាត់អំពើពុករលួយ ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគឲ្យមករកស៊ីនៅក្នុងស្រុក ត្រូវធ្វើឲ្យប្រព័ន្ឋតុលាការមានភាពឯករាជ្យ និងធ្វើយ៉ាងណាឲ្យប្រទេសរបស់យើងមានភាពនីតិរដ្ឋត្រូវអនុវត្តច្បាប់ជាធំ។ លោកបន្ថែមទៀតថា បើសិនជាស្ថានភាពស្រុកខ្មែរដូចសព្វថ្ងៃនេះ យើងមិនអាចទាក់ទាញអ្នកវិនិយោគល្អៗឲ្យមករកស៊ីនៅប្រទេសយើងបានទេ ដោយសារតែមូលហេតុនេះហើយធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើងមិនមានការងារធ្វើ ប៉ុន្តែបើយើងធ្វើការកែទម្រង់ ធ្វើការបង្កើននូវសន្តិសុខល្អដល់ពួកអ្នកវិនិយោគនោះធ្វើឲ្យគេមកធ្វើការរកស៊ី នៅស្រុកយើងច្រើន ពេលនោះហើយដែលធ្វើឲ្យនិស្សិត ក៏ដូចជាប្រជាពលរដ្ឋយើងមានការងារធ្វើច្រើន។
មតិស្របគ្នានេះ កញ្ញា ហ៊ាន សំដី ប្រធានរដ្ឋបាលនៃរោងចក្រកាត់ដេរ QSP បានឲ្យដឹងថា និស្សិតក៏ដូចជា ប្រជាពលរដ្ឋខ្មែរទាំងអស់អាចមានការងារធ្វើគ្រប់ៗគ្នា ប្រសិនបើប្រទេសមានការរៀបចំឲ្យបានល្អ មានសន្តិសុខ គ្មានអំពើពុករលួយ ពេលនោះនឹងមានអ្នកវិនិយោគទុនច្រើនហើយពួកគេនឹងមានឱកាសច្រើនក្នុងការមានការងារធ្វើ។ ចំណែកលោក កង ច័ន្ទតារារ័ត្ន សេដ្ឋកិច្ចវិទូឯករាជបានមានប្រសាសន៍ថា៖ "គោលដៅដើម្បីឲ្យនិស្សិតមានការងារធ្វើ គឺការអភិវឌ្ឍន៍ឯកជននៅក្នុងស្រុកដោយមិនត្រូវការភាសាច្រើន បច្ចេកទេសសាមញ្ញ ព្រោះនិស្សិតរបស់យើងគ្មានការរៀនវិស័យអ្វីមួយដែលទាក់ទងទៅនឹងបច្ចេកទេសខ្លាំងក្លាទេ គឺច្រើនតែសិក្សាលើវិទ្យាសាស្ត្រសង្គម"។
លោករ៉ុង ឈុនបានបន្ថែមទៀតថា ស្ថានភាពនេះនឹងមានការផ្លាស់ប្តូរយ៉ាងឆាប់នៅឆ្នាំ២០០៨ នៅពេលបោះឆ្នោតខាងមុខ។ លោកឲ្យដឹងទៀតថា៖ ប្រសិនបើយើងជ្រើសរើសបានថ្នាក់ដឹកនាំល្អ ពេលនោះសង្តមកម្ពុជា យើងនឹងមានការផ្លាស់ប្តូរ និងមានការងារជូនដល់និស្សិត ប្រជាពលរដ្ឋយើង។
កត្តាមួយទៀតដែរ គឺនិស្សិតក៏ដូចជាយុវជនមួយចំនួនត្រូវកាត់ចិត្តចាកចេញពីគ្រួសារ ដើម្បីស្វែងរកការងារធ្វើនៅកន្លែងឆ្ងាយ។ ជាក់ស្តែងកញ្ញា ណី ចិន្តា ដែលត្រូវបាននិរាស្តខ្លួនឃ្លាតឆ្ងាយពីគ្រួសារទៅធ្វើការនៅខេត្តសៀមរាបជាគ្រូបង្រៀន ដោយសារតែនាងមិនអាចរកការងារធ្វើនៅជិតផ្ទះបាន។ នាងបានឲ្យដឹងថា ការងារសព្វថ្ងៃដែលនាងធ្វើនេះ គឺនាងខិតខំស្វះស្វែងរកដោយសមត្ថភាពខ្លួនឯង។ នាងបានបន្ថែមទៀតថា៖ "អ្វីដែលសំខាន់សំរាប់ខ្ញុំ គឺការស្វែងរកបទពិសោធន៍ការងារជាធំ រីឯប្រាក់ខែគឺមិនទាន់សំខាន់នោះទេ"។ នាងក៏បានបង្ហាញ ប្រាប់ទៀតថា ការប្រកាន់បក្យពួក ឬខ្សែក៏ជារនាំងមួយសំរាប់យុវជនយើងដែរ សូម្បីតែនិស្សិតដែលរៀនបានចំណាត់ថ្នាក់ល្អក៏ត្រូវតែចាប់ផ្តើមពីតំណែងតូចជាមុនដែរ ហើយបញ្ហាទាំងនេះហើយដែលធ្វើសង្គមយើងមានជួបផលលំបាកច្រើន។
លោក ជាង សុខា បានមានប្រសាសន៍ថា សង្គមអាចរស់ទៅបាន គឺអាស្រ័យទៅលើមនុស្សមានការងារធ្វើ បើមនុស្សគ្មានការងារធ្វើទេនោះ គឺសង្គមមិនអាចរស់បានទេ (ការធ្លាក់ចុះនៃសេដ្ឋកិច្ច) ។ មួយទៀតធ្វើឲ្យអត្តចរិតរបស់អ្នកនោះអាចកែប្រែបាន ( អសីលធម៌សង្គម ) អាចឲ្យពួកគេក្លាយជាឧបករណ៍របស់អ្នកនយោបាយមួយចំនួន ធ្វើឲ្យចិត្តរបស់មនុស្សកាន់តែសាហាវ។
លោកកង ច័ន្ទតារារ័ត្ន បានមានប្រសាសន៍បន្ថែមទៀតថា តាមធម្មតាប្រសិនបើយើងគ្មានការងារធ្វើការចំណាយប្រចាំជីវភាពក្នុងគ្រួសារនីមួយៗក៏មានការថយចុះ។ ការចំណាយថយចុះធ្វើឲ្យអ្នកផលិតក៏មានការព្រួយបារម្ភកាន់តែខ្លាំងដែរ។ ត្រង់់ចំនុចនេះហើយដែលធ្វើឲ្យពួកគេធ្វើការកាត់បន្ថយការផលិតរបស់ខ្លួន ឬក៏មិនចង់វិនិយោគថ្មី ដែលធ្វើឲ្យអ្នកនោះកាត់បន្ថយមនុស្សដែលកំពុងតែធ្វើការបន្តទៅទៀតដែរ។ លោកបាន មានប្រសាសន៍ទៀតថា ដំណោះស្រាយចំពោះបញ្ហានេះ គឺជួយអភិវឌ្ឍន៍នូវវិស័យឯកជនឲ្យបានត្រឹមត្រូវ។
ការអភិវឌ្ឍន៍ខ្លួនឯង
មធ្យោបាយដែលល្អបំផុតក្នុងការជំរុញឲ្យមានសមត្ថភាព និងជំនឿលើខ្លួនឯង គឺការអប់រំតាមការគិតពិចារណាពីស្ថានភាពពិតជាក់ស្តែង។ ការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាបញ្ហាចំបង និងសំខាន់បំផុត។ វាជាកំលាំងជំរុញបុគ្គលឲ្យមានទំនុកចិត្ត សមត្ថភាពផ្ទាល់ខ្លួន និងពង្រឹងជំនាញនៃការគិតពិចារណាឲ្យកាន់តែប្រសើរឡើង។
ក្តីកង្វល់ និងក្តីសង្ឃឹម
ប្រទេសកម្ពុជាជាប្រទេសមួយដែលមានអ្នកគ្មានការងារធ្វើច្រើនជាងគេបំផុត បើប្រៀបធៀបជាមួយនឹង ប្រទេសដទៃគឺមានប្រមាណជា ១០ ភាគរយប៉ុណ្ណោះដែលមានការងារ។ សព្វថ្ងៃនេះនិស្សិតមានចំនួនប្រាំម៉ឺននាក់ និងមានមហាវិទ្យាល័យប្រមាណ ៥០ ។ នៅពេលដែលច្បាប់ប្រឆាំងនឹងអំពើពុករលួយត្រូវបានអនុម័តនៅ ឆ្នាំ ២០០៥ នេះបាន នោះ និស្សិតនឹងមានឱកាសច្រើនសំរាប់មានការងារ។
ដើម្បីជីវិត និងការទទួលបានជោកជ័យក្នុងការងារ
ជីវិតដ៏សាមញ្ញរបស់អ្នកនឹងឈានឆ្ពោះទៅរកភាពប្រពៃថ្លៃថ្លាផ្តាច់គេ ហើយគ្មានមនុស្សណាដែលអាចសំរេចភាពជោគជ័យរបស់អ្នកជំនួសអ្នកបានឡើយ។ ដើម្បីឲ្យសេចក្តីបំណងទទួលបានជ័យជំនៈទាមទារឲ្យបុគ្គល នោះមានការព្យាយាមធ្វើការកែច្នៃជីវិតរបស់ខ្លួនឯង បើមិនដូច្នោះទេកាលៈទេសៈ បរិយាកាសជុំវិញនឹងអូសទាញអ្នកទៅរកសេចក្តីបរាជ័យជាមិនខាន។ ដូចនេះយើងត្រូវធ្វើការលះបង់ និងពុះពារគ្រប់យ៉ាង ដើម្បីឲ្យគោលបំណងទទួលបានផលសំរេច។
ចំណុចចំបងដែលមាននៅក្នុងចិត្តរបស់មនុស្សជោគជ័យ គឺថាពួកគេផ្តោតយកចិត្តទុកដាក់លើគោលដៅការងារ ច្បាស់លាស់ និងលទ្ឋផលភ្លាមៗនៃការងារនោះ។ បំបែកការងារធំមួយឲ្យទៅជាការងារតូចៗតាមលំដាប់លំដោយងាយរបស់វា រួចសឹមចាប់ផ្តើមធ្វើ។ ពេលនោះហើយដែលអ្នកដឹងថា តើអ្នកសំរេចការងារទាំងនោះ បានដោយរបៀបណា គឺថាគោលដៅរបស់អ្នកសំរេចបានតាមលំដាប់លំដោយនៃការងាររបស់វា គឺវាស្ថិតនៅលើការចេះបែងចែកការងារនេះហើយ។ ចូរជៀសវាងសមាជិកភាពដែលប្រើសិទ្ឋិអំនាច អួតអាង និងសំអាងអ្នកដទៃពីក្រោយខ្នង។ ប្រសិនបើគេពូកែអាចបំពេញភារកិច្ចបានដោយជោគជ័យ គេនោះគឺជាមនុស្សពូកែពិតប្រាកដហើយ ប៉ុន្តែបើគេពុំអាចធ្វើបានទេនោះ គេគឺជាមនុស្សអន់មែនទែន។
នៅពេលដែលអ្នកមានអ្វីមួយសំខាន់សំរាប់ផ្តល់ឲ្យខ្លួនអ្នក ហើយអ្នកជឿជាក់ថាវាពិតជាអាចបង្កើនគុណភាព ជីវិតរបស់អ្នកបាននោះមានន័យថាអ្នកមានជំនឿទុកចិត្តលើខ្លួនឯងហើយ។ នៅពេលដែលអ្នកមានទំនុកចិត្ត លើខ្លួនហើយ បើអ្នកត្រូវបាត់បង់ការងារ អ្នកប្រាកដជារកបានការងារថ្មីមួយទៀតភ្លាម ឬក៏អាចចាប់ផ្តើមជំនួញដោយខ្លួនឯងទៀតផង។ អ្វីដែលអ្នកគួរមាន គឺជំនឿទុកចិត្តលើខ្លួនឯង និងផែនការច្បាស់លាស់។ ជីវិតរបស់អ្នកពិតជាអាចជៀសផុតបាននូវការខកចិត្តទាំងឡាយ ព្រោះថាអ្នកអាចគ្រប់គ្រងខ្លួនឯងបានយ៉ាងបរិបូរណ៌។
ប្រសិនបើអ្នកចង់បានគំនិតល្អៗត្រូវចេះបង្កើតគំនិតឲ្យបានច្រើន។ ការអានសៀវភៅ ទស្សនាវដ្តី ការស្រាវជ្រាវ ជាមធ្យោបាយបង្កើតគំនិតមានប្រសិទ្ធិភាពបំផុត។ បទពិសោធន៍ជាមាតានៃចំណេះដឹង។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក កម្ពុជា
|