|
កម្ពុជា កាដូថ្ងៃបុណ្យណូអែលជូនអ្នកជាទីស្រឡាញ់
Posted: 14th December 2005
ការជូនកាដូជាផ្នែកមួយនៃសន្តានចិត្តចង់ចងមិត្តជានិច្ច
|
ភ្នំពេញ(C.S.C)៖ តើថ្ងៃបុណ្យណូអែល ឬថ្ងៃបុណ្យនៃព្រះយេស៊ូប្រសូតអ្នកមានអ្វីជូនដល់អ្នកជាទីស្រលាញ់របស់អ្នក? អ្នកមិនអាចធ្វើឲ្យថ្ងៃ ដ៏ពិសិដ្ឋនោះរំលងផុតបានទេសំរាប់ការជូនកាដូ ឬក្តីស្រលាញ់ទៅដល់ឪពុកម្តាយ មិត្តភ័ក្តិ ឬមនុស្សពិសេស ដើម្បីធ្វើឲ្យចំណងមិត្តភាព និងសេចក្តីស្រលាញ់របស់អ្នកកាន់តែមានភាពរឹងមាំ។ តើវាមានអត្ថន័យសំខាន់យ៉ាងណាទៅហ្ន៎?
ថ្ងៃទី២៥ ធ្នូជាថ្ងៃមួយដែលព្រះយេស៊ូទ្រង់យាងមកប្រសូតជាមនុស្សលោក ដើម្បីសង្គ្រោះអស់អ្នកដែលមានបាប។ ក្នុងថ្ងៃនោះដែរ យុវជន យុវតីនាំគ្នារីករាយអបអរសាទរ ដោយមានអ្នកខ្លះទិញកាដូជូនទៅដល់មនុស្សដែលខ្លូនស្រឡាញ់ផងដែរ ដូចជា ឪពុកម្តាយ មិត្តភ័ក្តិ សង្សារ និងបងប្អូនជាដើម។ ការជូនអ្វីមួយទោះជារបស់នោះតិចក្តីច្រើនក្តី គឺជាសញ្ញាមួយ បង្ហាញឲ្យឃើញពីសន្តានចិត្ត និងសេចក្តីពេញចិត្តសំរាប់ជាការចងចំណងមិត្តភាពទៅថ្ងៃខាងមុខជាមួយអ្នកនោះ។
កញ្ញាផាន់ ណារី ជាគ្រិស្តបរិស័ទកាតូលិក និងជាបុគ្គលិកអង្គការជប៉ុនមួយដែលកំពុងត្រៀមលក្ខណៈទិញកាដូជូនមិត្តភ័ក្តិ ក្នុងភាពសប្បាយរីករាយក៏បាននិយាយដែរថា៖ "កាដូដែលខ្ញុំផ្តល់ឲ្យមិត្តភ័ក្តិ ឪពុកម្តាយ និងបងប្អូនរបស់ខ្ញុំគឺមានអត្ថន័យណាស់ចំពោះរូបខ្ញុំ ដោយខ្ញុំបានធ្វើឲ្យពួកគេមានភាពរីករាយ និងចូលរួមជាមួយនិងការធ្វើពិធីបុណ្យដ៏សោមនស្សនេះ"។
ចំពោះលោកគ្រូផាន់ សុភារ៉ា គ្រូបង្រៀននៃសាកលវិទ្យាល័យន័រតុនក៏បានឲ្យដឹងពីអារម្មណ៍លោកដែរថា លោកមាន ចំណាប់អារម្មណ៍ទៅលើការជូនកាដូឲ្យគ្នាទៅវិញទៅមកនាបុណ្យណូអែល ដែលជាឱកាសមួយបង្កើតនូវចំណងមិត្តភាព នឹងគ្នាមួយកំរិតទៀត។ លោកបន្តថា៖ "សំរាប់ខ្ញុំកាដូពេលនោះវាមានអត្ថន័យធំធេងណាស់ គឺទី១ចំពោះមិត្តភ័ក្តិគឺជាសញ្ញាមួយបង្ហាញពីការរឹតចំណងមិត្តភាពឲ្យមានភាពកក់ក្តៅកាន់តែរឹងមាំ។ ទី២ចំពោះដៃគូស្នេហាគឺការជូនកាដូនេះវាបង្ហាញពី ចិត្តស្មោះត្រង់របស់យើង និងបង្កើននូវការស្រលាញ់កាន់តែខ្លាំងចំពោះគ្នា" ។
ចំពោះចំណុចនេះលោកអភិបាលអង់តូនីបានមានប្រសាសន៍ឲ្យដឹងដែរថា៖ ការជូនកាដូឲ្យគ្នាទៅវិញទៅមកជារបៀបមួយ ដែលព្រះជាម្ចាស់បានផ្ញើព្រះបុត្រារបស់ព្រះអង្គមកយើង។ យើងមិនអាចធ្វើឲ្យស្មើនឹងព្រះជាម្ចាស់បានទេ ប៉ុន្តែនេះគ្រាន់ តែជាអត្ថន័យនៃបុណ្យណូអែល គឺយើងបូជាជីវិតខ្លួនយើងដើម្បីព្រះរួម ឬដើម្បីព្រះអ្នកដទៃ។ ប៉ុន្តែជារបៀបដែលគេចាប់ផ្តើមអ្វីដែលគេមាន គេសូមយកចែកជារង្វាន់ ចែកជាកាដូ ដើម្បីបង្ហាញពីសេចក្តីស្រលាញ់រាល់អ្នកដែលខ្វះខាត។ យូរៗទៅមិត្តសំលាញ់ ឬសមាជិកក្នុងក្រុមគ្រួសារនិយាយប្លែកដូចជារបៀបស្រលាញ់គ្នាទៅវិញទៅមក ឬជារបៀបលេងល្បែងសប្បាយៗរវាងគ្នានិងគ្នា ប៉ុន្តែអត្ថន័យជារួមគឺ យើងបូជាខ្លួនយើងឲ្យមានប្រយោជន៍រួម ឬសំរាប់ប្រយោជន៍អ្នកដទៃ។ លោកឪពុកបន្ថែមទៀតថា ការជូនកាដូឲ្យគ្នាទៅវិញទៅមកវាមានសារៈសំខាន់ណាស់ គឺព្រះជាម្ចាស់ប្រទាន ព្រះបុត្រាមកឲ្យយើង គឺបូជាខ្លួនឯងដែលជាសេចក្តីស្រលាញ់។ ប៉ុន្តែឥឡូវយើងឃើញមាននៅកន្លែងផ្សេងៗ នៅពេលបុណ្យណូអែលឃើញមានពន្លឺផ្សេងៗស្អាតៗ មានរបៀបតុបតែង វាដូចជាការផ្សាយពាណិជ្ជកម្មម្យ៉ាង សំរាប់លក់ដូរឥវ៉ាន់ផ្សេងៗដែលមានរូបតាណូអែល។ លោកយល់ថា វាគ្រាន់តែជាម៉ូដ វាមិនសូវទាក់ទងនឹងជំនឿទេ ព្រោះភាគច្រើនមិនមែនជាគ្រិស្តបរិស័ទ គឺសាសនាណាក៏បាន គេគ្រាន់តែចូលរួមសប្បាយ ដោយការដូរកាដូ ឬរបស់ផ្សេងៗ ដែលនេះជាការចូលចិត្ត ការរាប់អាន សួរសុខទុក្ខគ្នា ឬជូនពរគ្នាដែលជារបៀបទំនើបឬម៉ូដមួយ។ កញ្ញា លី ទីម គ្រិស្តបរិស័ទ និងជាបុគ្តលិករបស់ CDRI បាននិយាយថា នាងមិនទាន់បានគិតពីការទិញកាដូនៅឡើយទេ។ នាងបន្តថា បុណ្យនេះធ្វើឲ្យនាងមានភាព សប្បាយរីករាយ បង្កើតមិត្តភាពកាន់តែស្និទ្ឋិស្នាល និងមានចំណងមិត្តភាពកាន់តែខ្លាំង។ នាងធ្លាប់បានគ្រូ និងចាស់ៗមួយចំនួនរិះគន់ថា វាគ្មានប្រយោជន៍អ្វីសំរាប់ធ្វើបុណ្យនេះទេ ព្រោះវាចំនាយលុយគ្មានប្រយោជន៍ និងមិនមែនជាបុណ្យប្រពៃណីខ្មែរ។ ប៉ុន្តែនាងគិតថា នេះជាបុណ្យប្រពៃសំរាប់ចងមិត្តភាព និងបង្ហាញពីសេចក្តីស្រលាញ់។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក កម្ពុជា
|