|
អត្ថបទអង្កេត៖ សិទ្ធិបញ្ចេញមតិកំពុងត្រូវបានរារាំង?
Posted: 10th August 2005
ការពាក់ម៉ាសរបស់អ្នកដើរដង្ហែក្បួន
|
ភ្នំពេញ(C.S.C)៖សិទ្ធិបញ្ចេញមតិកាន់តែដុនដាបហើយនៅប្រទេសកម្ពុជា។ នេះគឺជាការកត់សំម្គាល់ភាគច្រើននៃសង្គមស៊ីវិលក្រោយពីបានសង្កេតឃើញថាអាជ្ញាធរកាន់តែធ្វើការហាមប្រាមពុំឲ្យមានការរៀបចំបាតុកម្មព្រមជាមួយនឹងព្រឹត្តការណ៍នៃការដកអភ័យឯកសិទ្ធិនៃអ្នកតំណាងរាស្រ្ត ៣រូបមកពីគណបក្សប្រឆាំងតាំងពីថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០០៥ នេះ។សមាជិកគណបក្សប្រឆាំងទាំង៣រូប នោះគឺរួមមានរូបលោកជាប៉ូច លោកសមរង្សីព្រមទាំងលោកជាមចន្ទ័នីដោយត្រូវទទួលរងការចោទប្រកាន់ខុសៗគ្នា។ការដកអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្តត្រូវបានសភាជាតិពន្យល់ថាវាជាការបើកផ្លូវសម្រួលដល់តុលាការឲ្យអាចចោទប្រកាន់ចំពោះអ្នកទាំងបីរូបនេះ។ភ្លាមៗនោះដែរអង្គការសង្គមស៊ីវិលក៏បានចេញនូវសេចក្តីថ្លែងការណ៍រួមស្តីអំពីការដកអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្រ្តនេះផងដែរ។លោក Mitch McConnel ព្រឹទ្ធសភាអាម៉េរិកក៏បានចេញនូវសេចក្តីថ្លែងកាណ៍រិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពនេះនិងថាវាមិនអាចទទួលយកបានហើយស្នើឲ្យមានការដាក់នូវទណ្ឌកម្មជាច្រើនប្រការរួមទាំងការមិនផ្តល់ទិដ្ឋាការអាម៉េរិកផងដែរ។
ទន្ទឹមពេលជាមួយគ្នានេះលោកភីធ័រឡឺព្រិចដែលជាតំំណាងពិសេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានអំពាវនាវទៅកាន់រដ្ឋសភាកម្ពុជាឲ្យធ្វើការផ្តល់អភ័យឯកសិទ្ធិសភាដល់តំណាងរាស្រ្តទាំង ៣រូបនេះវិញជាពិសេសទៀតគឺឲ្យធ្វើការដោះលែងលោកជាមចន្ទ័នីជាបន្ទាន់និងគ្មានល័ក្ខខ័ណ្ឌ។រីឯសម័្ពន្ធអង្គការសង្គមស៊ីវិលក៏បានធ្វើការអំពាវនាវឲ្យលើកលែងការចោទប្រកាន់ចំពោះអ្នកតំណាងរាស្រ្តទាំង៣រូបនេះផងដែរ។
ទាក់ទងនឹងសិទ្ធិបញ្ចេញមតិវិញកាលពីថ្ងៃទី៦ ធ្នូ ២០០៤ មានន័យថាគឺ ៤ថ្ងៃមុនការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូគេសង្កេតឃើញនូវទង្វើគួរឲ្យកត់សំគាល់មួយដែលអាជ្ញាធរបានអនុញ្ញាតិឲ្យអង្គការនិងសមាគមមិនមែនរដ្ឋាភិបាលមួយចំនួនដែលមានសមាជិកចំនួន ៣០០នាក់រៀបចំបាតុកម្មក្នុងទីក្រុងភ្នំពេញ។ការដើរដង្ហែក្បួនដោយសន្តិវិធីនេះក្នុងគោលបំណងដើម្បីសម្តែងសេរីភាពនៃការចូលរួមប្រជុំបញ្ចេញមតិនិងដើម្បីផ្ញើជាអនុសាសន៍សំខាន់ៗជូនចំពោះរាជរដ្ឋាភិបាលនិងម្ចាស់ជំនួយក្នុងអំឡុងពេលនៃការប្រជុំក្រុមពិគ្រោះយោបល់លើកទី៧។ លោកគល់ បញ្ញា ជានាយកប្រតិបត្តិអង្គការខុមហ្រ្វែលដែលជាតំណាងឲ្យសង្គមស៊ីវិលបានបញ្ជាក់ថា៖"សិទ្ធិបញ្ចេញមតិសំខាន់ណាស់ព្រោះវាជាផ្នែកមួយនៃលទ្ធិប្រជាធិបតេយ្យ។វាជាគន្លឹះមួយសំខាន់សម្រាប់ឲ្យប្រជាពលរដ្ឋអាចសម្តែងមតិរបស់ពួកគាត់បាន។សិទ្ធិនេះគ្មានទេនៅក្នុងប្រទេសផ្តាច់ការ"។
គួររំលឹកផងដែរថាសេរីភាពនេះត្រូវបានកាត់បន្ថយនិងរារាំងនាពេលកន្លងមកដោយអាជ្ញធរមានសមត្ថកិច្ចក្រោយពីមានព្រឹត្តិការណ៍កុប្បកម្មប្រឆាំងស្ថានទូតនិងផលប្រយោជន៍ប្រទេសថៃនាខែមករាកាលពីឆ្នាំ២០០៣។ចំពោះក្រសួងមហាផ្ទៃបានចាត់ទុកថាការបដិសេធសំណើក្នុងការរៀបចំបាតុកម្មផ្សេងៗគឺធ្វើឡើយដោយសារតែមូលហេតុសន្តិសុខ។តាមរយៈលិខិតមួយដែលចុះកាលបរិច្ឆេទនាថ្ងៃទី៨ មេសា ឆ្នាំ២០០៥ នេះក្រសួងមហាផ្ទៃបានធ្វើការឆ្លើយតបចំពោះសំណើររបស់សហជីពសេរីភាពកម្មករនៃព្រះរាជាណាចក្រកម្ពុជាថាសមត្ថកិច្ចគាំទ្រទាំងស្រុងចំពោះសិទ្ធិធ្វើកូដកម្មនិងបាតុកម្មណាដែលរៀបចំឡើយស្របទៅតាមច្បាប់។តាមរយៈលិខិតដែលនេះក៏បានពន្យល់ឲ្យដឹងផងដែរថាភាគច្រើនបាតុកម្មដែលរៀបចំកន្លងមកគឺពុំបានឆ្លងកាត់នូវការសម្រេចពីសំណាក់អជ្ញាធរនិងមានការសុំច្បាប់អនុញ្ញាតិនោះទេ។
ក្រសួងមហាផ្ទៃបានលើកឡើងអំពីការព្រួយបារម្ភថាខ្លាចក្រែងនឹងមានជនខិលខូចលួចបន្លំខ្លួនចូលក្នុងហ្វូងបាតុកម្មនៅពេលមានបាតុកម្មដែលនឹងបង្កចលាចលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ឯកជននិងសាធារណៈ។មានការវាយតម្លៃផងថាសេរីភាពនេះបានជួបប្រទះនូវការរំលោភយ៉ាងធ្ងន់ធ្ងរពីសំណាក់អាជ្ញាធរមានអំណាច។គណៈកម្មការប្រព្រឹត្តកម្មរបស់អង្គការសមាគមសិទ្ធិមនុស្សកម្ពុជា CHRAC រាយការណ៍ថាករណីរំលោភអំពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចមានដូចជាអាជ្ញាធរក្រុងភ្នំពេញនិងកម្លាំងប៉ូលីសទៅលើសិទ្ធិសេរីភាពជួបប្រជុំនិងបាតុកម្មមានចំនួន ៣៥ ករណីដែលរៀបចំធ្វើឡើងដោយអង្គការសមាគមន៍មិនមែនរដ្ឋាភិបាលកម្មកររោងចក្រកាត់ដេរ គណបក្សប្រឆាំងអាជីវករឬក៏សូម្បីព្រះសង្ឃចាប់តាំងពីខែកុម្ភៈឆ្នាំ២០០៣ រហូតដល់ខែតុលាឆ្នាំ២០០៤។ គេសង្កេតឃើញថាប្រធានបទដែលបានលើកឡើងនៅក្នុងការប្រមូលផ្តុំទាំងនេះភាគច្រើនពាក់ពន័្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក៏ដូចជាដើម្បីផលប្រយោជន៍សហគមន៍របស់ពួកគេរៀងៗ ខ្លួន។នៅមុនមានកិច្ចប្រជុំនៃក្រុមម្ចាស់ជំនួយអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានរិៈគន់ថាអាជ្ញាធរកម្ពុជានៅបន្តហាមឃាត់ការធ្វើបាតុកម្មភាគច្រើន។ជាពិសេសដោយលើកឡើងពីបញ្ហារបស់ប្រជាពលរដ្ឋតាមមូលដ្ឋានអង្គការនេះក៏បានឲ្យដឹងថាអ្នកភូមិជាច្រើនកាន់តែគ្មានលទ្ធភាពសម្តែងមតិនិងការព្រួយបារម្ភរបស់ខ្លួនដោយសារតែនយោបាយរដ្ឋាភិបាលរឹតបន្តឹងសេរីភាពជួបប្រជុំ។
នៅមានករណីជាច្រើនទៀតស្តីអំពីឧបសគ្គក្នុងការជួបប្រជុំនិងករណីបង្រ្កាបបាតុកម្មដោយអាជ្ញាធរកន្លងមកដែលត្រូវរាយការណ៍ដោយគណៈកម្មការប្រព្រឹត្តិកម្មនៃអង្គការសមាគមសិទ្ធិមនុស្ស។លោកធន់ សារាយជាប្រធានសមាគមអាដហុកបានឲ្យដឹងថា៖ "ការហាមមិនឲ្យមានសិទ្ធិបញ្ចេញមតិនេះជាបញ្ហាមួយរបស់សង្គមយើងសព្វថ្ងៃ។ការសំម្តែងមតិអាចឲ្យប្រជាពលរដ្ឋបង្ហាញនូវសេចក្តីព្រួយបារម្ភផ្សេងៗដើម្បីឲ្យរដ្ឋាភិបាលដោះស្រាយជូន"។ជាការពិតការធ្វើបាតុកម្មជាសាធារណៈដែលជាទូទៅត្រូវបានមើលឃើញថាមានការប្រថុយប្រថានប៉ុន្តែការសម្តែងមតិជាសាធារណៈនេះជាមធ្យោបាយតែមួយគត់ដើម្បីបង្ហាញអំពីតម្រូវការចាំបាច់និងការលំបាកធ្ងន់ធ្ងរ។ មួយវិញទៀតប្រជាពលរដ្ឋមិនមានមធ្យោបាយគ្រប់គ្រាន់នឹងអាចធ្វើការសម្តែងមតិខ្លួនតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនិងឯកជនបានទេ។សូម្បីតែអាជ្ញាធរមានសមត្ថកិច្ចឬអ្នកតំណាងរាស្រ្តក៏គ្មានយន្តការណាមួយដោះស្រាយបញ្ហាដោយផ្ទាល់ជាមួយប្រជាពលរដ្ឋបានដែរ។ទន្ទឹមនឹងពេលនេះដែរស្ថាប័នតុលាការក៏មិនមានការទុកចិត្តពីប្រជាពលរដ្ឋ។បន្ថែមពីលើនេះចំពោះស្ថានភាពទូទៅអាជ្ញាធរមានសមត្ថកិច្ចមិនមានភាពរហ័សរហួនក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋបានទេបើសិនករណីរំលោភទាំងឡាយណាមានការទាក់ទិនជាមួយនឹងអ្នកដែលមានអំណាច។ក្រុមប្រឹក្សាធម្មនុញ្ញបានធ្វើការបកស្រាយនិងផ្តល់ធម្មនុញ្ញភាពពេញលេញដល់ច្បាប់ស្តីពីបាតុកម្មឆ្នាំ១៩៩១ ដែលត្រូវបានគេមើលឃើញថាជាឧបករណ៍កាត់បន្ថយសិទ្ធិសេរីភាពបញ្ចេញមតិតាមរយៈការធ្វើបាតុកម្មសន្តិវិធីដ៏សំខាន់របស់ប្រជាពលរដ្ឋទូទៅ។ការបកស្រាយគឹហាក់ដូចជាមិនមានភាពច្បាស់លាស់បើសិនពិនិត្យលើស្មារតីរដ្ឋធម្មនុញ្ញនិងការអនុវត្តន៍ជាក់ស្តែងនៃច្បាប់ដែលមានស្រាប់។
ចំពោះការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៥៦ ដោយមានការចូលរួមពីសំណាក់មនុស្សម្នាដែលបានមកពីអង្គការសង្គមស៊ីវិលជាច្រើននិងដោយចាប់ចេញដង្ហែក្បួនពីទីមុខវត្តបទុមវត្តីទៅកាន់ព្រះបរមរាជវាំងនោះជាសញ្ញាបញ្ជាក់ឲ្យឃើញថារដ្ឋាភិបាលអាចមានលទ្ធភាពគ្រប់គ្រងបាតុកម្មបាន។វាមិនមែនជាបញ្ហាសន្តិសុខដែលអាចយកមកធ្វើជាលេសដើម្បីមិនឲ្យមានសម្លេងប្រឆាំងតវ៉ាឡើយ។សំរាប់លោកធន់ សារាយបញ្ហាអាចមានដំណោះស្រាយមួយទៅរួចដោយមិនផ្តោតតែលើសន្តិសុខទេនោះ។លោកបានសន្និដ្ឋានដោយមានប្រសាសន៍ថា៖ "ខ្ញុំគិតថាចំពោះរដ្ឋាភិបាលបើគាត់ចង់ឲ្យមានបាតុកម្មគឺអាចទៅរួច។កន្លងមកពេលយើងហែក្បួនម្តងៗមានមនុស្សចូលរួមជាច្រើនគឺគាត់មានលទ្ធភាពរក្សាសណ្តាប់ធ្នាប់ជូនបាន។ឧទាហរណ៍ពេលដង្ហែសពលោកជាវិជ្ជាដែលមានមនុស្សរាប់សែននាក់ពេលនោះកម្លាំងសមត្ថកិច្ចរកក្សាសណ្តាប់ធ្នាប់បានល្អណាស់។ដូច្នេះបញ្ហាសន្តិសុខមិនមានបញ្ហាអ្វីចោទនោះទេ"។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក
|