|
វិ.សន្តហ្វ្រង់ស្វ័រ៖ពិធីបូកសរុបការសិក្សាចែករង្វាន់ដល់សិស្សពូកែ
Posted: 3rd August 2005
លោកបូជាចារ្យ អូលីវីយេ ជូនប័ណ្ណសរសើ
|
ភ្នំពេញ(C.S.C)៖ កាលពីព្រឹកថ្ងៃសុក្រទី១៥ ខែកក្កដា ឆ្នាំ២០០៥ នៅវិទ្យាល័យសន្តហ្រ្វង់ស្វ័រ ភូមិចំការទៀង ឃុំគុសស្រុកត្រាំកក់ខេត្តតាកែវមានរៀបចំពិធីបូកសរុបការសិក្សា ដោយចែកជារង្វាន់ និងបណ្ណ័សរសើរដល់កូនសិស្ស ដែលបានទទួលចំណាត់ថ្នាក់ពីលេខ១ដល់លេខ៥ ដែលចែកជាពីរផ្នែក គឺផ្នែកចំណេះដឹងទូទៅនិងផ្នែកលេខាធិការ។ សរុបសិស្សដែលបានទទួលចំណាត់ថ្នាក់មានចំនួន ២០នាក់ ស្រី ៨នាក់ ដែលមានជា២៥រង្វាន់សម្រាប់សិស្សដែលទទួលបានចំណាត់ថ្នាក់ពីរដង ក្រោមអធិបតីភាពលោកបូជាចារ្យ អូលីវីយេ ជានាយកគ្រប់គ្រងវិទ្យាល័យ និងលោកគ្រូអ្នកគ្រូមាតាបិតាសិក្សានុសិស្ស ដើម្បីចូលរួមក្នុងកម្មវិធីនេះ។
លោកគ្រូ ប៉ិចវិបុលជានាយកវិទ្យាល័យសន្តហ្រ្វង់ស្វ័រ បានធ្វើការបូកសរុបរបាយការណ៍សិក្សារបស់សិស្សថ្នាក់ទី១០ និងទី១១ ឆ្នាំ២០០៤-២០០៥ សិស្សសរុបទាំងអស់មាន ៦៤នាក់ ក្នុងនេះមានស្រី ២៣នាក់។ លោកគ្រូបានបញ្ជាក់ឲ្យដឹងថា ចំពោះការសិក្សារបស់សិស្សានុសិស្សទាំងអស់ពួកគេទទួលបានចំណាត់ថ្នាក់ខ្ពស់លើគ្រប់មុខវិជ្ជា ទាំងចំណេះដឹងទូទៅទាំងផ្នែកលេខាធិការ។ទាំងនេះជាមោទនៈភាពដ៏ខ្ពង់ខ្ពស់របស់វិទ្យាល័យសន្តហ្រ្វង់ស្វ័រនេះ។
លោកបូជាចារ្យ អូលីវីយេបានធ្វើការចាប់អារម្មណ៍ផងដែរថាលោកមានអារម្មណ៍រំភើប និងសប្បាយរីករាយជាពន្លឹក។ លោកមានគំនិតរៀបចំរង្វាន់នេះឡើងក្នុងគោលបំណងចង់អោយកូនសិស្សទាំងអស់មានទឹកចិត្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតអោយអស់សមត្ថភាព។ ពិធីចែករង្វាន់នោះមានសម្រាប់សិស្សពូកែពីថ្នាក់ទី១០ និងទី១១ មានចំនួន២៥រង្វាន់សរុបទឹកប្រាក់១២០ដុល្លារ។ សិស្សដែលទទួលចំណាត់ថ្នាក់លេខ១ ទទួលរង្វាន់ជាប្រាក់ ២ម៉ឺនរៀល មានសៀភៅវចនានុក្រមអង់គ្លេសមួយក្បាល និងបណ្ណ័សរសើរ ចំណាត់ថ្នាក់លេខ២ មានរង្វាន់ជាប្រាក់១៥០០០៛ បណ្ណ័សរសើរ និងសំភារៈសិក្សាផ្សេងៗ ចំណាត់ថ្នាក់លេខ៣ ប្រាក់១០០០០៛ បណ្ណ័ សរសើរ ចំណាត់ថ្នាក់៤ និងលេខ ៥ទទួលបានប្រាក់ ៥០០០៛ និងប័ណ្ណសរសើ។
លោកបានបន្តទៀតថា៖សំរាប់វិទ្យាល័យសន្តហ្រ្វង់ស្វ័រនេះលោកបន្ថែមមុខវិជ្ជា កុំព្យូទ័រកសិកម្ម ត្បាញសូត្រ និងភាសាអង់គ្លេសបន្ថែមលើមុខវិជ្ជាចំណេះដឹងទូទៅថែមទៀត។ដោយហេតុថាបើគ្មានជំនាញមួយពិតប្រាកដទេមិនអាចអោយសិស្សទៅរកការងារធ្វើបានឡើយ គឺមានតែផ្នែកវិជ្ជាជីវៈមានជំនាញពិតប្រាកដដែលអាចអោយគេរកការងារធ្វើបានងាយស្រួល។ដោយមើលឃើញនូវសេចក្តីត្រូវការរបស់ប្រជាជននៅតាមជនបទលោកបូជាចារ្យអូលីវីយេ បានបន្ថែមទៀតថាវិទ្យាល័យរបស់លោកក៏បានធ្វើសហប្រតិបត្តិការជាមួយអង្គការសេដាកបង្កើតសម្ព័ន្ធភាពជាមួយសាលាជប៉ុនឈ្មោះសាលាស៊ីនអាយ នៅទីក្រុងកូឡាម៉ូតូ និងបង្កើតសម្ព័ន្ធមេត្រីជាមួយសាលាបារាំង។ លើសពីនេះទៅទៀតលោកបូជាចារ្យ អូលីវីយេមានគំរោងការណ៍ថ្មីសម្រាប់ឆ្នាំ២០០៥-២០០៦។ នៅខែកញ្ញា ២០០៥ ពេលសិស្សឡើងថ្នាក់ទី១០ លោកមានគំរោងទទួលសិស្សចំនួន ៣២នាក់បន្ថែមទៀត ដោយចែកជាផ្នែកកសិកម្ម និងលេខាធិការ។ សូមគូសបញ្ជាក់ផងដែរថាលោកកំពុងតែសាងសង់អាគារថ្មីចំនួន ២ជាន់មានបណ្ណាល័យនិងបន្ទប់ប្រជុំហើយនៅជាន់ក្រោមមានកន្លែងសំរាប់អោយសិស្សហូបបាយ និងមើលវីដេអូផងដែរ។
លើសពីនេះទៅទៀតលោកអូលីវីយេមានគំរោងបង្កើតមណ្ឌលសុខភាពក្នុងខែតុលា ២០០៥ សំរាប់កូនក្មេង និងសំរាប់មនុស្សចាស់ដែរ។ លោកបានធ្វើការសង្កត់ធ្ងន់ថា៖ "គោលដៅសំខាន់របស់សាលារៀននេះ គឺមានសាមគ្គីចេះទទួលខុសត្រូវ និងមានចិត្តស្មោះស្ម័គ្រ រៀនសូត្រដើម្បីយកជំនាញពិតប្រាកដជាមួយលោកគ្រូអ្នកគ្រូដែលនាំអោយប្អូនៗមានចំណេះដឹងច្បាស់លាស់ ចេះកសាងអនាគតនិងសេចក្តីថ្លៃថ្នូរ ជួយអភិវឌ្ឍន៍ស្រុកកំណើតរបស់ប្អូនអោយរីកចំរើន មានការងារធ្វើដើម្បីចិញ្ចឹមគ្រួសារ និងជួបមិត្តភក្តិល្អហើយនិងជួយអប់រំចិត្តគំនិតគ្នា"។
ជាមួយគ្នានោះលោកឪពុកក៏បានលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងអ្នករួមការងារដោយផ្តល់ជាប្រាក់ដល់លោកនាយកសាលា ១០០ដុល្លារ និងលោកគ្រូ អ្នកគ្រូក្នុង ១នាក់ ៥០ដុល្លារ។
ស្ថិតក្នុងទឹកមុខរំភើបរីករាយយុវតី ទៀងសាវ៉ន ដែលជាសិស្សពូកែផ្នែកចំណេះដឹងទូទៅ និងលេខាធិការ បានប្រាប់ថា៖ "ពីមុនមកខ្ញុំមិនដែលគិតថាខ្ញុំអាចរៀនបានពូកែដូចនេះទេ ប៉ុន្តែដោយមានការលើកទឹកចិត្តពីសាលាពីលោកគ្រូ អ្នកគ្រូជាពិសេសពីលោកអូលីវីយេផ្ទាល់ ធ្វើអោយខ្ញុំមានចិត្តខិតខំរៀនសូត្រ"។មិនតែប៉ុណ្ណោះ នាងបានបន្ថែមទៀតថាក្នុងការសិក្សានេះគឺមានពេលតិចណាស់សំរាប់សំរាកដោយសាលាមានមុខវិជ្ជាច្រើននិងមានរៀនជំនាញថែមទៀត។ ដូច្នេះ តំរូវអោយយើងខិតខំរៀនច្រើនជាងសាលាចំណេះដឹងទូទៅរបស់រដ្ឋ។ ប្អូនសង្ឃឹមថានៅថ្ងៃខាងមុខនាងនឹងទទួលបាននូវការងារដ៏ល្អមួយ។
ចំណែកអ្នកគ្រូ គៀ ចន្ធូ បង្រៀនផ្នែកជីវវិទ្យាបានបង្ហាញពីអារម្មណ៍រំភើបរីករាយដោយឃើញថាមានកត្តាជាច្រើនដែលជំរុញកូនសិស្សរៀនបានពូកែ "នៅវិទ្យាល័យនេះមានការរៀបចំកម្មវិធីសិក្សាច្បាស់លាស់និងមានសម្ភារៈគ្រប់គ្រាន់មានការលើកទឹកចិត្តដល់សិស្សទាំងអស់ឲ្យយកចិត្តទុកដាក់ក្នុងការរៀនសូត្រនិងពង្រឹងផ្ែនកជីវិតអោយមានការតស៊ូ។ ទាំងនេះជាកត្តាមួយដែលជំរុញអោយសិស្សក្រីក្រនៅតាមជនបទយើងបានទទួលនូវចំណេះដឹងដ៏ល្អនេះ"។
លោកអួងយុំគ្រូបង្រៀនផ្នែកពលរដ្ឋវិជ្ជា បានបង្ហាញពីអារម្មណ៍រីករាយផងដែរចំពោះសាលានេះព្រោះសិស្សានុសិស្សភាគច្រើនជាគ្រួសារក្រីក្របានរៀនសូត្រ។ក្នុងនាមលោកជាគ្រូបង្រៀនលោកឃើញថាលោកនិងរកវិធីផ្សេងៗ ដើម្បីអោយសិស្សខិតខំប្រឹងប្រែងរៀនសូត្របន្តទៀតដោយលើកទឹកចិត្តដល់សិស្សហើយសង្ឃឹមថាសិស្ស៧០% អាចនឹងប្រលងជាប់វិញ្ញាបនបត្រទុតិយភូមិក្នុងឆ្នាំខាងមុខនេះដោយហេតុថានៅទីនេះពួកគេមានពេលវេលាច្រើនសំរាប់រៀនមិនដូចនៅសាលារដ្ឋទេ។
លោកឈ្មួង ញ៉ន ជាឪពុករបស់សិស្សឈ្មោះ ជួងសាវ៉ន ដែលទទួលចំណាត់ថ្នាក់លេខ១ ផ្នែកចំណេះដឹងទូទៅនិងលេខ២ ផ្នែកលេខាធិការមានប្រសាសន៍ថាលោកមានចិត្តរំភើបរីករាយដោយបានឃើញកូនរបស់លោករៀនបានពូកែលោកតែងតែទុកពេលវេលាជាច្រើនសំរាប់កូនរៀនសូត្រហើយលោកក៏សូមអរគុណដល់សាលាសន្តហ្រ្វង់ស្វ័រដែលបានយកចិត្តទុកដាក់ផ្តល់ជាចំណេះដឹងដល់កូនរបស់គាត់ក៏ដូចជាសិស្សានុសិស្សផ្សេងៗទៀតដែរ។
លោកគ្រូកុលជៀងជានាយកសាលាទូទៅបានមានប្រសាសន៍ថា "កូនសិស្សដែលទទួលការសិក្សានៅទីនេះពួកគេចេះគោរពពេលវេលាសាលា ចេះជួយគ្នាទៅវិញទៅមកខ្ញុំសង្កេតឃើញថាពីមុនកូនសិស្សនេះក៏មានអ្នកខ្លះជាក្រុមបងតូបងធំ ប៉ុន្តែនៅពេលដែលគេចូលនៅក្នុងសាលានេះ គេបានលះបង់ចោលនូវគំនិតមិនល្អព្រោះយើងបានទៅជួបឪពុកម្តាយគេផ្ទាល់"។
លោកបន្ថែមទៀតថា "ការផ្តល់ជារង្វាន់ដល់សិស្សពូកែនេះគឺជាការលើកទឹកចិត្តដល់សិស្សដែលគេជាអ្នកខិតខំរៀនពិតប្រាកដ"។
លោកក៏សង្កេតឃើញថាពួកគេដែលបានរៀននៅទីនេះពួកគេពេញចិត្តនិងការរៀនសូត្រគេពេញចិត្តនិងកម្មវិធីសិក្សានេះណាស់។
វេបសាយវិទ្យាល័យសន្តហ្វ្រង់ស្វ័រ៖ www.lyceesaintfrancois.org/
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក
|