|
បទយកការណ៍៖បន្ទាយព្រាបស្វែងរកអនាគតជូនជនពិការកម្ពុជា
Posted: 11th July 2005
នរោត្តមសីហមុនីមើលពិពណ៌មីន
|
ភ្នំពេញ(C.S.C)៖ ស្នូរសំលេងរោទិ៍នៃម៉ាស៊ីននិងសំលេងដំប៉ុងប៉ាំងៗ បានលេចចេញពីក្រោមអគារដំបូលក្បឿងពណ៌ក្រហមស្ថិតនៅក្នុងបរិវេណសាលាបណ្ដុះបណ្ដាលបន្ទាយព្រាបក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល។ សាលានេះបានលេចមុខមាត់ឡើងនៅឆ្នាំ១៩៩១ ក្រោមកិច្ចសហប្រតិបត្តិការរបស់អង្គការ JS (Jesuit Service Cambodia) ដែលកំពុងធ្វើការនៅតាមខេត្តចំនួន ៤ រួមមាន ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង និងខេត្តកណ្ដាល។ លោកបូជាចារ្យហ្វ័កគី ជាអ្នកគ្រប់គ្រងនៅក្នុងសាលាបណ្ដុះបណ្ដាលបន្ទាយព្រាបបានអោយដឹងថា៖ "គោលដៅដំបូងរបស់ខ្ញុំ គឺខ្ញុំមានគំនិតបង្កើតសាលានេះឡើង ដើម្បីជួយជនពិការដោយសារមីនតែប៉ុណ្ណោះ តែ្រកាយមកខ្ញុំបានទទួលគ្រប់ជនពិការទាំងអស់ ដោយចង់អោយពួកគេមានមុខជំនាញមួយជាក់លាក់សំរាប់អនាគតរបស់ពួកគេ"។ លោកបានបន្តទៀតថា នៅសាលានេះមានបង្រៀននូវមុខជំនាញចំនួន ៦ខុសៗគ្នា ដូចជា៖ ចំលាក់ឈើ ជាងឈើ កាត់ដេរ កសិកម្ម (រៀនក្នុងរយៈពេល ៤ឆ្នាំ) អេឡិចត្រូនិច និងផ្នែកម៉ាស៊ីន (រៀនក្នុងរយៈពេល២ឆ្នាំ)។ ភាគច្រើននៃជនពិការដែលមករៀននៅទីនេះ គឺកន្លែងជាអ្នកកំណត់មុខវិជ្ជាអោយ ដូចជាអ្នកដែលចេះអាន និងសរសេរអក្សរបានខ្លះៗសាលាអោយរៀនផ្នែកអេឡិចត្រូនិច និងម៉ាស៊ីន ចំណែកផ្នែកផ្សេង អ្នករៀនមិនចេះអក្សរក៏បានដែរ។ លោកឃ្លៀង វ៉ាន់ អាយុ៣៦ឆ្នាំ នាយកសាលាបណ្ដុះបណ្ដាលបច្ចេកទេសបន្ទាយព្រាបដែលធ្វើការនៅសាលានេះអស់រយៈ ពេល ១៤ឆ្នាំមកហើយបានអោយដឹងថាៈ "ខ្ញុំមានអំណរសប្បាយដោយបានធ្វើការនៅទីនេះជួយជនពិការគ្រប់វ័យ ដោយមិនគិតថា ជាជនជាតិ ឬសាសនាអ្វីឡើយ"។ លោកវ៉ាន់ ជាជនពិការម្នាក់ដែលធ្លាប់តែបាក់ទឹកចិត្តម្តងហើយ បន្ទាប់ពីរងគ្រោះពិការជើង ម្ខាងដោយសារគ្រាប់មីនក្នុងសម័យដែលគាត់ធ្វើជាទាហានក្នុងជួររាជរដ្ឋាភិបាល។
អ្នកដែលមករៀននៅសាលាបណ្ដុះបណ្ដាលបន្ទាយព្រាបនេះ ត្រូវបានសាលាផ្តល់អោយនូវកន្លែងស្នាក់នៅ ការហូបចុក ការថែទាំសុខភាពជាដើម ប៉ុន្តែសាលាមិនមានលទ្ឋភាពជួយដល់គ្រួសាររបស់ពួកគេបានទេ។ អ្នកទាំង នោះ ចាប់ផ្តើមចូលរៀនពី ម៉ោង៨-១១ព្រឹក និង ពីម៉ោង១.៣០-៤.៣០ រសៀល ឲ្យដោយនៅម៉ោង៧-៨ព្រឹកមានការបង្រៀនជាអក្ខរកម្មដល់អ្នកមិនចេះអក្សររយៈពេលបីខែ។
កំពុងតែអង្គុយនៅលើកៅអីជាមួយនឹងដៃកាន់កន្ត្រៃ និងបន្ទាត់ព្រមទាំងមានដុំក្រណាត់៤-៥ដុំនៅពីមុខផងនោះ កញ្ញាគឹម មុន ជាបុគ្គលិកផ្នែកកាត់ដេររបស់សាលាបណ្ដុះបណ្ដាលបន្ទាយព្រាបដែលពីមុនជាសិស្សសិក្សាបានចំនួន១ឆ្នាំផ្នែកកាត់ដេរ។ បន្ទាប់ពីបានបញ្ចប់ការសិក្សារួចហើយសាលាក៏សំរេចចិត្តជ្រើសរើសរូបនាងអោយធ្វើការនៅទីនោះតែម្តង។ នារីពិការជើងទាំងពីរតាំងពីកំណើត និងជាកូនទី៥ ក្នុងចំណោមបងប្អូនទាំង៥នាក់រស់នៅក្នុងខេត្តតាកែវរូបនេះ បានបង្ហើបសំដីអោយដឹងថា៖ "ខ្ញុំមានការសប្បាយ និងរំភើបចិត្តដោយបានសាលាជួយជ្រោមជ្រែងខ្ញុំ អោយបានរៀនសូត្ររហូតមានការងារធ្វើ។ ពីមុនខ្ញុំមិន ដែលនឹកឃើញថាអាចមានដូចថ្ងៃនេះទេ"។
លោកឃ្លៀង វ៉ាន់បានបន្ថែមអោយដឹងទៀតថា កាលពីឆ្នាំ២០០៣ ជនពិការដោយសារមីនមានការកើនឡើងខ្ពស់ តែនៅឆ្នាំ ២០០៤-២០០៥ នេះជនពិការដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងហួសពីការស្មាន។
កញ្ញាសំ អានីតា បុគ្គលិកផ្នែកទំនាក់ទំនងសិស្សបញ្ចប់វគ្គបានអោយដឹងថា សាលានេះទទួលយកតែជនពិការដែលភាគច្រើនជាអ្នកដែលមានជីវភាពក្រីក្រប៉ុណ្ណោះ ជាពិសេសអ្នកដែលរស់នៅតាមទីជនបទដាច់ស្រយាលមិនចេះអក្សរ ។
នៅពេលចាប់ផ្តើមដំបូងសាលាទទួលសិស្សបានតែ ២៤នាក់ (១៩៩១) តែក្រោយមកចេះតែមានបរិមាណកើនឡើងកាន់តែច្រើន។ រហូតមកដល់សព្វថ្ងៃនេះសាលាបានបើកដល់វគ្គទី១៨ ហើយដែលមានសិស្សសរុបចំនួន ៩២នាក់។
នៅក្រោមដើមឈើធំមួយកំពុងអង្គុយនៅលើគ្រែរនាបចាស់មួយ លោកម៉ែន យុត ជាអតីតសិស្សរៀននៅសាលា នេះ បានបង្ហាញពីអារម្មណ៍របស់លោកថា លោកចាប់ផ្តើមចូលមកសាលានេះនៅដើមឆ្នាំ១៩៩៣ និងចប់នៅចុង ឆ្នាំ១៩៩៣។ អតីតសិស្សផ្នែកអគ្គិសនីរូបនេះបានអោយដឹងបន្ថែមទៀតថា នេះជាសាលាមួយដែលជួយជនពិការ មិនប្រកាន់ពូជសាសន៍ពណ៌សំបុរអ្វីឡើយ។ លោកហ្វ័កគី អ្នកគ្រប់គ្រងនៅទីនោះបានបន្ថែមអោយដឹងទៀតថា នៅពេលដែលសិស្សបញ្ចប់វគ្គរបស់ពួកគេ ហើយសាលានៅធ្វើការតាមដានមើល និងជួយផ្តល់ជំនួយមិនថាជាលុយឬសំភារៈអ្វីឡើយដល់ពួកគេរហូតរយៈពេល២ឆ្នាំ មិនតែប៉ុណ្ណោះសាលាមានការផ្តល់ជាប្រាក់សំរាប់អោយពួកគេខ្ចីផងដែរ ដើម្បីប្រកបរបររកស៊ី។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក
|