Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #224

កម្ពុជា៖​​សាលាបឋមសិក្សា​ដុនបូស្កូច្រេសត្រូវបានសម្ពោធ

Posted: 21st June 2005

ឯកឧត្តមអ៊ឹម សិទ្ឋីឡើងកាត់ខ្សែបូរ

ភ្នំពេញ(C.S.C)៖នា​ព្រឹក​ថ្ងៃ​ទី១៧ មិថុនា​២០០៥ នៅ​ភូមិ​ច្រេស​សង្កាត់​ភ្នំពេញ​ថ្មី​ខ័ណ្ឌ​ឫស្សីកែវ​រាជ​ធានី​ភ្នំ​ពេញ ដែល​មាន​ចំងាយ​១២​គីឡូ​ម៉ែត្រ​ពីទី​ក្រុង​ភ្នំពេញ​មាន​បើក​ពិធី​សម្ភោធ​អាគារ​សិក្សា​មួយ​ខ្នង​ដែល មាន​ឈ្មោះ​ថា "សាលា​បឋម​សិក្សា​ដុន​បូ​ស្កូ​ច្រេស" ដែល​មាន​កំពស់​២ជាន់​ និង១២​បន្ទប់ ដែល​​សាលា​នេះ​ចាប់​ផ្តើម​កសាង​តាំង​ពី​ខែ​មិនា​ឆ្នាំ​២០០២។ ការ​កសាង​នេះ​បាន​ទទួល​ថវិកា​ពី​សប្បុ​រស​ជន​អ្នក​ស្រី​ទីណា ស៊ីតូនី (Ms Tina Sirtony) ដែល​ជា​អ្នក​ស្ម័គ្រ​ចិត្ត​អ៊ី​តាលី និង​លោក និង​លោក​​ស្រី​ហ្វុមីអុ (Fumio) និង​គីកុ កាមុយវ៉ារា (Keiku Kamuwara) ព្រម​ទាំង​មិត្ត​ភក្តិ​ជា​ច្រើន​រូប​ទៀត​មក​ពី​ប្រ​ទេស​ជប៉ុន​ដែល​ចំ​នួន​ទឹក​ប្រាក់សរុប​ទាំង​អស់​សំរាប់​កសាង​អាគារ​នេះ​មាន​តលៃ​១៧០,៥៨២,៣២ដុល្លារ។

ក្នុង​ឱកាស​នោះ​ដែរ​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​កិត្តិ​យស​ក្រោម​អធិប​តេយ្យ​ភាព​ឯក​ឧត្តម​អ៊ឹម សិទ្ធី រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ​យុវ​ជន​និង​កីឡា ឯក​ឧត្តម​ម៉ាន់​ឈឿន​អភិ​បាល​រង​ក្រុង​រាជ​ធានី​ភ្នំ​ពេញ​បង​ស្រី​សា​លេ​​ស៊ាន​ បង​ប្រុស​ លោក​បូជា​ចារ្យ អ្នក​គ្រូ​អា​ណា​ព្យា​បាល​សិស្ស និង​សិស្សា​នុ​សិស្ស​ជា​ច្រើន​រូប​ទៀត។ ជា​កិច្ច​ចាប់​ផ្តើម​បង​ស្រី​អូ​សូ​នី បាន​ឡើង​ថ្លែង​ពី​របាយ​ការណ៍​នៃ​សាលា​ដុន​បូ​ស្កូ​ដែល​ចាប់​ផ្តើម​ពី​ដំបូង​ជូន​ភ្ញៀវ​កិត្តិ​យស។ បង​ស្រី​បាន​អោយ​ដឹង​ថា​នៅ​ខែ​មេសា​២០០២​ក្រុម​បង​ស្រី​រួម​ជា​មួយ​ក្រុម​ស្ម័គ្រ​ចិត្ត (Vides) បាន​ចាប់​ផ្តើម​រួម​គ្នា​ជួយ​ដល់​ក្មេង​ក្រី​ក្រ​ដែល​រស់​នៅ​ក្នុង​ភូមិ​ច្រេស​ដោយ​បាន​បង្រៀន​នូវ​ភាសា​ខ្មែរ​ គណិត​វិទ្យា និង​អប់រំ​ចិត្ត​រៀង​រាល់​ថ្ងៃ​អា​ទិត្យ។ ក្មេងៗ​ក៏​ចាប់​ផ្តើម​មក​រៀន​ដោយ​មាន​​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​​លើ​ការ​​សិក្សា​នេះ។ មក​ដល់​ខែ​តុលា​ឆ្នាំ​២០០២ សាលា​បាន​ចាប់​ផ្តើម បើក​ចាប់​ពី​ថ្នាក់​មត្តេយ្យ​រហូត​ដល់​ថ្នាក់​ទី៣ ដែល​មាន​ពេល​នោះ​មាន​សិស្ស​ចូល​រៀន​ចំនួន​​ ២០០នាក់។ នៅ​ឆ្នាំ​សិក្សា ២០០៣-២០០៤ ​សាលា​នេះ​ក៏​បាន​បើក​រហូត​ដល់ ថ្នាក់​ទី៤ និង​ទី៥ ដែល​មាន​សិស្ស​ចំនួន​ ២៩០​នាក់។ រហូត​មក​ដល់​ពេល នេះ​សាលា​បាន​បើក​រហូត​ដល់​ថ្នាក់​ទី៦​ ដែល​មាន​សិស្ស​ចំនួន​​​ ៣៨៤ នាក់។ បង​ស្រី​បាន​បន្ថែម​ទៀត​ថា សាលា​បាន​ផ្តល់​ទាំង សំភារៈ​សិក្សា ឯក​សណ្ឌាន និង​អាហារ​ថ្ងៃ​ត្រង់​ដល់​សិស្ស​ទាំង​អស់​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង ហើយ​សាលា​នេះ​ចាប់​ផ្តើម ចូល​រៀន​ពី​ម៉ោង៧:៤៥នាទី​ព្រឹក​រហូត​ដល់​ម៉ោង​​៤:០០នាទី​រសៀល​រៀង​រាល់​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ សុក្រ។

ក្រោម​បរិ​យា​កាស​ប្រកប​ដោយ​ភាព​សប្បាយ​រីក​រាយ​នោះ ឯក​ឧត្តម​អ៊ឹម សិទ្ឋី រដ្ឋ​លេ​ខា​ធិការ​ក្រសួង​អប់រំ យុវ​ជន និង​កីឡា បាន​ឡើង​មាន​មតិ​ផ្តាំ​ផ្ញើ ក៏​ដូច​ជា​ការ​សំណេះ​សំណាល​ជា​មួយ​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ សិស្សា​នុ​សិស្ស និង​ភ្ញៀវ​កិត្តិ​យស​ជា​ច្រើន​រូប​ទៀត។ ឯក​ឧត្តម​បាន​មាន​ប្រសា​សន៍​ថា​វា​ជា​មោ​ទន​ភាព​មួយ​សំរាប់​រូប​លោក និង​សូម​សំ​ដែង​ដល់​ការ​ដឹង​គុណ​ចំពោះ​អង្គ​ការ​ដុន​បូ​ស្កូ​ដែល​បាន​រួម​ចំណែក​ជួយ​ដល់​ការ​អប់រំ និង​ធ្វើ​ជា​ដៃ​គូ​ដ៏​សំខាន់​របស់​ក្រសួង អប់រំ​​យុវ​ជន និង​កីឡា។

ឯក​ឧត្តម​ម៉ាន់ ឈឿន អភិបាល​រង​រាជ​ធានី​ភ្នំពេញ​ក៏​បាន​ឡើង​ធ្វើ​ការ​សំណេះ​សំណាល​ជា​មួយ​សិស្សា​នុ​សិស្ស និង​ភ្ញៀវ​កិត្តិ​យស​នា​ពេល​នោះ​ផង​ដែរ។ ឯក​ឧត្តម​បាន​មាន​ប្រសា​សន៍​ថា៖ "ភាព​ក្រី​ក្រ​តែង​តែ​មក​តាម​ជា​និច្ច​ជា​មួយ​នឹង​អក្ខរ​ភាព ដូច​នេះ​ដើម្បី​បំបាត់​នូវ​ភាព​អត់​ឃ្លាន​ជា​ដំបូង​ចាំ​បាច់​យើង​ត្រូវ​បំបាត់​អនក្ខរ​ភាព​ជា​មុន​សិន ហើយ​ជា​ពិសេស​កត្តា​សំខាន់​ដែល​ធ្វើ​អោយ​ប្រទេស​ជាតិ​រីក​ចំរើន គឺ​អាស្រ័យ​ទៅ​លើ​ធន​ធាន​មនុស្ស"។ ឯក​ឧត្តម​បន្ថែម​ទៀត​ថា សាសនា​ណា​ក៏​ដូច​ជា​សាសនា​ដែរ កត្តា​សំខាន់​គឺ​យើង​ត្រូវ​ធ្វើ​ការ​រួប​រួម​គ្នា ខិត​ខំក​សាង​នូវ​ប្រទេស​ជាតិ ធន​ធាន​មនុស្ស​អោយ​កាន់​តែ​មាន​ភាព​រីក​ចំរើន។

លោក​សៅ សាន អាយុ ៦២ឆ្នាំ​ជា​អា​ណា​ព្យា​បាល​សិស្ស​ដែល​បាន​ចូល​រួម​ក្នុង​ឱកាស​នោះ​បាន​ផ្តល់​ជា​ចំណាប់​អារម្មណ៍​ចំពោះ​រូប​លោក​ថា លោក​មាន​អារម្មណ៍​សប្បាយ​ដោយ​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន និង​ពេញ​ចិត្ត​ចំពោះ​សាលា​ដុន​បូ​ស្កូ​នេះ យ៉ាង​ខ្លាំង​ដោយ​សាលា​បាន​ផ្តល់​នូវ​សំ​ភារៈ​សិក្សា​គ្រប់​យ៉ាង​ដែល​កូន​របស់​គាត់​ក៏​ដូច​ជា​សិស្ស​ដទៃ​ទៀត។ គាត់​បាន​បន្ថែម​ទៀត​ថា៖ "ខ្ញុំ​សង្ឃឹម​ថា​នៅ​ពេល​ដែល​កូន​របស់​ខ្ញុំ​បញ្ចប់​ការ​សិក្សា​នៅ វា​នឹង​ទទួល​បាន​នូវ​ចំណេះ​ដឹង និង​វិជ្ជា​ជីវៈ​មួយ​ដែល​សាលា​បាន​ផ្តល់​អោយ"។

ជា​មួយ​គ្នា​នោះ​កុមារី តុប ទីណាវូ រៀន​ថ្នាក់​ទី៦ បាន​អោយ​ដឹង​ថា នាង​មាន​អារម្មណ៍​រំភើប​សប្បាយ​រីករាយ ដែល​មាន​សាលា​រៀន​មួយ​នៅ​ក្បែរ​ផ្ទះ។ អ្វី​ដែល​នាង​បាន​ទទួល​គឺ​ចំណេះ​ដឹង​មួយ​ដ៏ល្អ ដែល​អាច​ធ្វើ​អោយ​នាង​ពឹង​ពាក់ ទៅ​ថ្ងៃ​ក្រោយ​បាន។

បន្ថែម​ពី​លើ​នេះ​ទៀត​បង​ស្រី​អូ​សូ​នី ដែល​ជា​នា​យក​នៅ​សាលា​នេះ​បាន​អោយ​ដឹង​ទៀត​ថា៖ "ខ្ញុំ​មាន​ចិត្ត សប្បាយ​រីក​រាយ​មែន​ទែន​នៅ​ក្នុង​ថ្ងៃ​នេះ ព្រោះ​មាន​មនុស្ស​ជា​ច្រើន​បាន​មក​ចូល​រួម ហើយ​សាលា​របស់​យើង ជា​សាលា​នៃ​ក្តី​ស្រឡាញ់​ទាំង​អស់​គ្នា។ យើង​ទទួល​បាន​ជំនួយ​បន្តិច​ម្តងៗ​រហូត​ដល់​បាន​កសាង​សាលា​នេះ​រួច សំរាប់​ផ្តល់​ការ​អប់រំ​កូនៗ ទាំង​អស់​អោយ​ក្លាយ​ទៅ​ជា​ពល​រដ្ឋ​មួយ​ដ៏​ល្អ ស្មោះ​ត្រង់​ក្នុង​សង្គម”​។

ជា​កិច្ច​បញ្ចប់​នៃ​ពិធី​សម្ភោធ​នោះ ក៏​មាន​ការ​ផ្តល់​ជា​មេដាយ និង​ប័ណ្ណ​សរសើរ​ពី​សំណាក់​ឯក​ឧត្តម​រដ្ឋ​លេ​ខា​ធិការ ក្រសួង​អប់រំ​យុវ​ជន និង​កីឡា ជូន​ដល់​សប្បុ​រស​ជន ព្រម​ទាំង​ការ​អញ្ជើញ​កាត់​ខ្សែ​បូរ ពី​សំណាក់​ភ្ញៀវ​កិត្តិ​យស និង​ការ​ពិសារ​ភោជ​នីយ​អាហារ ព្រម​ទាំង​មាន​ការ​ថត​រូប​ជុំ​គ្នា​ទុក​ជា​អនុស្សា​វរីយ៍​ក្រោម​បរិ​យាកាស​ស្រប​កប​ដោយ​មាន​រីក​រាយ។

Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក-C.S.C

Top All Rights Reserved © 2006 Catholic Social Communications - UNICODE