CatholicCambodia.org

Return to normal view

Back to the front page Diocese of Kompong Cham - Article #210

បុណ្យចូលឆ្នាំនៅ​កំពង់ចាម

Posted: 20th May 2005

ការស្រង់ព្រះឈើឆ្កាងថ្ងៃចូលឆ្នាំ

កំពង់ចាម(C.S.C)៖តាំង​ពីគ.​ស​ ២០០២​​ សមាជិក​គណៈ​កម្មាធិការ​ព្រះ​សហ​គមន៍​កំពង់ចាម​នាំ​គ្នារិះ​គិត​អំពី​របៀប​ប្រារព្ធ​ពិធី​ចូល​ឆ្នាំថ្មី​អោយ​បាន​ស្រប​តាម​ប្រពៃណី​ខែ្មរ​យើង​ផង​និង​ជា​ឱកាស​ផ្តល់​អោយ​គ្រិស្ត​បរិស័ទ​ខ្មែរ​បញ្ចេញ​ជំនឿ​របស់​ខ្លួន​ផង។

មុន​ដំបូង​យើង​បាន​រិះរក​ពិធី​ផ្សេងៗ​ដ៏​សំខាន់​ជាង​គេ​ដែល​ជា​ជាតិ​ខ្មែរ​ធ្លាប់​ធ្វើ​ក្នុង​រយៈ​ពេលបី​ថ្ងៃ​ក្នុង​ពេល​ចូល​ឆ្នាំ​ថ្មី​នោះ​។​ក្រោម​មក​យើង​បាន​ខិតខំ​អោយ​បាន​យល់​អត្ថន័យ និង​គោល​ដៅ​ពិធី​ទាំង​នោះ។​នៅ​ទីបញ្ចប់​យើង​ស្វែង​រក​ពិធី​ដែល​គ្រិស្ត​បរិស័ទ​អាច​ធ្វើ​បាន​ក្នុង​ថ្ងៃ​ទាំង​បី​ដោយ​រក្សា​លំនាំ​តាម​ប្រពៃណី​និង​រក​វត្ថុ​មួយ​ដ៏​សំខាន់​អោយ​គេ​ឃើញ​សម្រាប់​ភ្ជាប់​ជំនឿ​គ្រិស្ត​បរិស័ទ​និង​ប្រពៃណី​ខ្មែរ។

ថ្ងៃ​ដើម​ដំបូង​ជា​ថ្ងៃ​ចូល​ក្នុង​ឆ្នាំថ្មី​គឺ​បង​ប្អូន​ខ្មែរ​យើង​ទទួល​ទេវតា​ឆ្នាំថ្មី។​ក្រុម​គ្រួសារ​នីមួយៗ​សុទ្ធ​តែ​រៀបចំ​អាសនៈ​ទទួល​ទេវតា​ថ្មីនោះ ដែល​ទ្រង់​យាង​មក​តាម​ពេល​កំណត់​ហើយ​ប្រទាន​ព្រះពរ​ដល់​ក្រុម​គ្រួសារ​នោះ។​ចំពោះ​គ្រិស្ត​បរិស័ទ​វិញ​ថ្ងៃ​ចូល​ក្នុង​ឆ្នាំថ្មី​នោះ ហុច​ឱកាស​អោយ​គេ​នឹក​រលឹក​អំពី​ព្រះ​ហប្ញទ័យ​ប្រណី​សន្តោស​របស់​ព្រះ​ជាម្ចាស់​និង​ព្រះ​ឧបការ​គុណ​ព្រះអង្គ​ដែល​ទ្រង់​នៅ​តែ​ប្រោស​ប្រទាន​ព្រះ​ពរ​ដល់​មនុស្ស​លោក​។ ជំនឿ​ចំពោះ​ទេវទូត​រក្សា​ខ្លួន ជា​ជំនឿ​ម្យ៉ាង​រំព្ញក​យើង​អំពី​ព្រះ​ជាម្ចាស់​គង់​នៅ​ជា​មួយ​យើង ថែរក្សា​យើង​និង​ប្រទាន​ពរ​ដល់​យើង​ដោយ​ឥត​ឈប់​ឈរ។ នៅ​ថ្ងៃ​ដើម​ដំបូង​នោះ​យើង​ថ្វាយ​អភិបូជា​នឹក​ដល់​ទេវទូត​ដែល​ថែរក្សា​យើង។ យើង​លាត​ត្រដាង​ពិធី​ថ្វាយ​តង្វាយ​អោយ​បាន​វែងគឺ​យើង​នាំ​គ្នា​ថ្វាយ​ធាតុ​ទាំង​បួន​ដែល​ជា​ប្រភព​នៃ​ជីវិត​គឺ​ទឹក​ដី​ខ្យល់​ភ្លើង​។ យើង​ក៏​យក​ម្ហូប​ផ្សេងៗ​យក​ផ្កាភ្ញី និង​វត្ថុ​ផ្សេងៗ​ជា​តំណាង​អំពី​ការងារ​ដែល​មនុស្ស​ធ្វើ មក​ថ្វាយ​ដែរ។ ពេល​ចុង​ក្រោយ​លោក​បូជា​ចារ្យ​ជូន​ពរ​ទាំង​បីថ្ងៃ​នៃ​ពិធី​ចូល​ឆ្នាំថ្មី។​អាសនៈ​តូច​ដែល​ក្រុម​គ្រួសារ​រៀបចំ​នៅ​មុខ​ផ្ទះ​នីមួយៗ ជួយ​អោយ​ភ្ជាប់​ទាំង​ភ្នែក ទាំង​ចិត្ត​និង​ជំនឿ​នេះ។ គ្រិស្ត​បរិស័ទ​ត្រូវ​បន្ថែម​វត្ថុ​ជា​សញ្ញា​សំគាល់​អំពី​ជំនឿ​របស់​ខ្លួន គឺ​យក​រូប​ឈើ​ឆ្កាង​រូប​ភាព​ផ្សេងៗ មានទៀន។ ល។​មក​តម្កល់។

តាម​ធម្មតា​នៅ​ថ្ងៃ​ទីពីរ​ប្រជា​ជន​តែង​តែ​ទៅ​វត្ត​ដើម្បី​ចូល​រួម​ពិធី​ផ្សេងៗ​នៅ​ជុំ​វិញ​ភ្នំ​ខ្សាច់។​ភ្នំ​ដ៏តូច​នោះ​ជា​និមិត្ត​រូប​អំពី​ចេតីយ៍​គេ​ដាក់​ធាតុ​ព្រះ​ពុទ្ធ​ជា​ព្រះ​បរម​គ្រូ​ក្រោយ​ពេល​ព្រះអង្ក​ចូល​បរិនិព្វាន។​អ្នក​ដែល​សង់​ចេតីយ៍​នោះ​ឡើង​វិញ​មាន​បំណង​ចង់​ទទួល​បុណ្យ​ពី​ព្រះសម្មា​សម្ពុទ្ធ​ដើម្បី​ជា​ប្រយោ​ជន៍​ដល់​ខ្លួន​ឯង​ដល់​ក្រុម​គ្រួសារ​ដល់​ភូមិ​ជា​ពិសេស​អោយ​បាន​មគ្គផល​ទាំង​ប្រាំ​ប្រការ គឺ​អាយុ​វណ្ណៈ សុខៈ​ពលៈ​និង​បដិ​ភាណៈ។​គ្រិស្ត​បរិស័ទ​ខ្មែរ​សម្រេច​នឹង​រក្សា​ទុក​ភ្នំ​នោះ ព្រោះ​ភ្នំ​នោះ​ជា​និមិត្ត​រូប​រំឭក​គេ​អំពី​ភ្នំ​លលា​ដ៏ក្បាល ជា​កន្លែង​ព្រះយេស៊ូ​សោយ​ទីវង្គត​និង​ទទួល​ព្រះជន្ម​ថ្មី​ជា​កំពូល​នៃ​ព្រះ​ហប្ញទ័យ​ប្រណី​សន្តោស​របស់​ព្រះ​ជា​ម្ចាស់​និង​ជា​ប្រភព​នៃ​ការ​សង្រ្គោះ។ នៅ​ខាង​ដើម​ពិធី​គ្រិស្ត​បរិស័ទ​ជួប​ជុំគ្នា​នៅ​ខាង​មុខ​ព្រះវិហារ​នៅ​ជុំ​វិញ​កន្លែង​ដែល​គេ​ដោត​ឈើ​ឆ្កាង​បី​ដើម​។​គេ​ដាក់​ទាន​ជ័យ​នៅ​ក្បែរ​កន្លែង​នោះ។​យើង​នាំ​គ្នា​អរ​ព្រះគុណ​ព្រះ​ជាម្ចាស់ ដែល​សង្រ្គោះ​មនុស្ស​លោក​និង​ប្រទាន​ព្រះជន្ម​ផ្ទាល់​របស់​ព្រះអង្គ។ នៅ​ពេល​នោះ​គេ​សូត្រ​ធម៌​លើក​តម្កើង​ព្រះ​ជា​ម្ចាស់​ដោយ​រាយ​ឈ្មោះ​សន្ត​បុគ្គល​សូម​សន្ត​បុគ្គល​និង​ដូន​តា​ជួយ​អង្វរ​អោយ​យើង​ផង។​គ្រិស្ត​បរិស័ទ​ម្នាក់ៗ​មាន​ដោត​ធូប​មួយ​ដើម​ម្នាក់ៗ​ដើម្បី​បញ្ជាក់​ជា​និមិត្ត​រូប​ថា​ខ្លួន​ចូល​រួម​ក្នុង​ព្រះ​សហ​គមន៍​របស់​ជន​ដ៏​វិសុទ្ធ​ដែល​ទទួល​ការ​សង្រ្គោះ។

ថ្ងៃទីបី​ជាថ្ងៃ​ស្រង់​ព្រះ​និង​លាង​ខ្លួន​ដូនតា។​កាយ​វិការ​នេះ​បញ្ជាក់​ថា​អ្នកជឿ​ហើយ​កូន​ចៅ​ដឹង​គុណ​ព្រះពុទ្ធ​និង​ដូនតា។​ពេល​ធ្វើ​ពិធី​លើក​តម្កើង​ព្រះ​បន្ទូល​ក្នុង​អភិបូជា​យើង​សូត្រ​អត្ថបទ​លូកា​​​ ៧,៣៦-៥០ (ស្រី​ពេស្យា​លាង​ជើង​ព្រះ​យេស៊ូ)​​​ ហើយ​ចាយ​ពេល​វេលា​យ៉ាង​យូរ​មក​លាង​ឈើ​ឆ្កាង​មួយ​ធំ​ដែល​មាន​ឆ្លាក់​រូប​ព្រះ​យេស៊ូ។ ម្នាក់ៗ​មក​លាង​ឈើ​ឆ្កាង​មួយៗ​ទាំង​ថ្នម គឺ​លាង​ឈើ​ឆ្កាង​ដែល​ជា​និមិត្ត​រូប​អំពី​ព្រះ​យេស៊ូ​ដែល​ខ្លួន​ស្រឡាញ់​នោះ។ ពេល​អភិ​បូជា​ចប់​កូនៗ​និង​យុវជន​លាង​ដៃ​ឪពុក​ម្តាយ​និង​បូជា​ចារ្យ។​ពេល​ចេញ​ពី​ព្រះ​វិហារ គេ​ចាក់​ទឹក​ទៅ​វិញ​ទៅ​មក​តាម​ប្រពៃណី​ថ្ងៃ​ទីបី​នៃ​ពិធី​ស្រង់​ព្រះ​នោះ។​ពិធី​នេះ​មិន​គ្រាន់​តែ​ជា​ពិធី​អរ​ព្រះ​គុណ​ប៉ុណ្ណោះ​ទេ​គឺ​បញ្ជាក់​ថា​ព្រះ​កាយ​ព្រះ​គ្រិស្ត​មិន​មែន​ជា​រូប​ធ្វើ​ពី​ឈើ​ប៉ុណ្ណោះ​ទេ​គឺ​ជា​រូប​អ្នក​ក្រីក្រ​វិញ។

នៅ​ថ្ងៃ​ទាំង​បី​ជន​ជាតិ​ខ្មែរ​ក៏​ចូល​ចិត្ត​និង​ពិធី​ប័ង្សុកូល​គឺ​គេ​អង្វរ​ព្រះ​ជា​ម្ចាស់​សម្រាប់​ដូន​តា គ្រូ​បាធ្យាយ​អ្នក​មាន​គុណ​លើ​ខ្លួន និង​ឧទ្ទិស បុណ្យ​កុសល​ដល់​គាត់។ ចំពោះ​យើង​ជា​គ្រិស្ត​បរិស័ទ​វិញ ពិធី​នេះ​ហុច​ឱកាស​អោយ​បញ្ជូន​មរណ​បុគ្គល​ទាំង​នោះ​ទៅ​ព្រះ​ជា​ម្ចាស់​យ៉ាង​ប្រាកដ​ដោយ​ព្រះ​ហប្ញទ័យ​មេត្តា​ករុណា​ព្រម​ទាំង​សូម​អោយ​គាត់​ជួយ​អង្វរ​ព្រះអង្គ​តាម​អោយ​យើង​ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​នា​លោក​នេះ។​ព្រះ​សហ​គមន៍ នៅ​ស្ថាន​បរម​សុខ​និង​ព្រះ​សហ​គមន៍​នៅ​លើ​ផែន​ដី​នេះ​រួប​រួម​គ្នា​ក្នុង​អង្គ​ព្រះ​គ្រិស្ត។​ក្នុង​ពិធី​ដ៏​ខ្លី​នេះ​ធ្វើ​នៅ​ផ្ទះ​លោក​បូជា​ចារ្យ​ប្រោះ​ទឹក​ទាំង​លើ​ផ្ទះ ទាំង​លើ​អ្នក​រស់​នៅ​ក្នុង​ផ្ទះ​នោះ​សូម​ព្រះ​ជា​ម្ចាស់​ប្រទាន​ដល់​មនុស្ស​ម្នាក់ៗ។​

Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក


All Rights Reserved © 2006 Catholic Social Communications