|
ម៉ារីណុលចូលរួមចំណែកកសាងជម្រកដល់សហគមន៍អភិវឌ្ឍន៍អន្លង់ក្ងាន
Posted: 9th May 2005
បុគ្គលិកម៉ារីណុលជួយប្រក់ដំបូលផ្ទះ
|
ភ្នំពេញ(C.S.C)៖ សហគមន៍សែនសួស្តី "អន្លង់ក្ងាន" ជាតំបន់អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលស្ថិតនៅសង្កាត់ខ្មួញខ័ណ្ឌឬស្សីកែវចម្ងាយប្រមាណជា១០ គឺឡូម៉ែតពីរាជធារីភ្នំពេញ។ លើផ្ទៃដីស្រែដ៏ធំល្វឹងល្វើយ ដែលមានផ្លូវលំខ្វែងខ្វាត់កាត់វាស្រែឆ្ពោះទៅកាន់ភូមិដ្ឋានមួយមានហេត្ថារចនាសម្ព័ន្ធល្អប្រសើរដែលអ្នកស្រុកហៅឈ្មោះថាអន្លង់ក្ងាន។ ចូលទៅដល់ភូមិដ្ឋាន ដែលសង់ជាជម្រកតូចៗ តម្រៀបជាជួរនៅអមសងខាងផ្លូវសង់ឡើងពីឈើតូចៗប្រក់ស្លឹកបិតបាំងដោយដើមត្រែងរៀបជាជញ្ជាំង មានសភាពរយ៉េរយ៉ៃ។នៅលើផ្ទៃមុខស្រងូតស្រងាត់ស្រ្តីម្នាក់កំពុងអង្គុយ នឹងកៅអីក្នុងខ្ទមរហែករយ៉ៃ បានអោយដឹងថាគាត់ឈ្មោះសុខ អែម ជាជនជាតិ វៀតណាមអាយុ ៥៤ឆ្នាំរស់នៅអន្លង់ក្ងាននេះ។ អ្នកស្រីរូបនេះបានប្រាប់ថា រយៈពេល ៣ឆ្នាំហើយដែល គ្រួសារគាត់បានមករស់នៅទីនេះហើយក៏បានទទួលរងនូវអគ្គីភ័យម្តងទៀត បន្ទាប់ពីមានអគ្គីភ័យនៅបូលឌីញ ក្នុងរាជធានីភ្នំពេញ។ គាត់បានបន្ថែមទៀតថា "សព្វថ្ងៃនេះជីវភាពគ្រួសារគាត់មានការលំបាកណាស់ ណាមួយគ្មានប្លង់ដី ណាមួយត្រូវអាជ្ញាធរ ដេញជាច្រើនសារដោយគេត្រូវលើកជាប្រឡាយទឹក "។ ស្រ្តីចំណាស់រូបនេះក៏បានថ្លែងអំណរគុណចំពោះអង្គការម៉ារីណុលដែលបានជួយជាសម្ភារៈដូចជាជួយ ផ្តល់ឈើផ្តល់ជាស្លឹកសំរាប់បិតបាំងកន្លែងជ្រកកោនរបស់គាត់។
ជាមួយគ្នានេះដែរលោកមេភូមិណុបក្រឿនអាយុ ៦៣ឆ្នាំជាជនជាតិខ្មែរហើយក៏ជាអ្នកមើលការខុសត្រូវបងប្អូនខ្មែរចំនួន៥៨៩ គ្រួសារ។លោកមានប្រសាសន៍ថាជីវភាពអ្នកស្រុកនៅក្នុងសហគមន៍សួស្តីសង្កាត់ខ្មួញខ័ណ្ឌឬស្សីកែវអន្លង់ក្ងាននេះមានជីវភាពយ៉ាប់យ៉ឺនណាស់។មានប្រជាជនខ្មែរចំនួន៣០០ គ្រួសារដែលបានទទួលប្លង់ដីចំណែកប្រជាជនខ្មែរចំនួន ២៨៩ គ្រួសារនៅមិនទាន់បានទទួលប្លង់កម្មសិទ្ធិនៅឡើយសូម្បីលោកមេភូមិក៏នៅមិនទាន់បានទទួលប្លង់ដីដែរ។លោកមេភូមិតែងតែធ្វើការសហការជាមួយអង្គការផ្សេងៗជាពិសេសអង្គការម៉ារីណុលដើម្បីសុំជំនួយសំរាប់ជួយដល់បងប្អូនខ្មែរដែលមានការខ្វះខាត។ ជាមួយគ្នានេះដែលលោកមេភូមិក៏ធ្លាប់បានស្នើទៅក្រសួងរដ្ឋាភិបាលនិងស្នើទៅសហគមន៍នានាដើម្បីអោយគេជួយដោះស្រាយជីវភាពប្រជាជននិងផ្តល់ដីសំរាប់អ្នកដល់មិនទាន់ទទួលដី។ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយតបចំពោះសំណូមពរនេះនៅឡើយទេ។លោកបានបន្ថែមទៀតថា៖តាមគោលការណ៍របស់សាលាក្រុងគេបានអោយប្រជាជននាំគ្នាសន្សំប្រាក់ក្នុង១ខែ១គ្រួសារចំនួន៣០០០រៀលដើម្បីតម្កល់ប្រាក់ទុកសំរាប់ទិញដី។តាមរយៈការសន្សំប្រាក់នេះលោកមេភូមិសង្ឃឹមថាអាជ្ញាធរនិងរដ្ឋាភិបាលនឹងដោះស្រាយបញ្ហានេះជូនប្រជាជនអោយមានកន្លែងស្នាក់នៅត្រឹមត្រូវជាពិសេសបានទទួលប្លង់ដីដែលមានកម្មសិទ្ធច្បាស់លាស់មិនរស់នៅក្នុងភក់ជ្រាំដូចសព្វថ្ងៃនេះ។
បុព្វជិតាកាតូលិកឈ្មោះ ម៉ារីយ៉ា ឡេអូន័រ (Maria Leonor) ជាសមាជិកសមាគមគ្រិស្តបរិស័ទជួយបេសកកម្មម៉ារីណុលនិងជាអ្នកទទួលខុសត្រូវលើគម្រោងអភិវឌ្ឍន៍តំបន់នេះបានមានប្រសាសន៍ថា៖ "អង្គការរបស់យើងបានចូលរួមចំណែកជួយកសាងលំនៅដ្ឋានប្រជាជននៅ ក្នុងសហគមន៍សែនសុខដែលមានជីវភាពគ្រួសារក្រីក្រនិងអ្នកជម្ងឺដោយផ្តល់ជាសម្ភារៈខ្លះៗមានដូចជាផ្តល់ស្លឹកសំរាប់ប្រក់ដំបូលផ្តល់ឈើដែលអាចសង់ជារោងសំរាប់ជ្រកនិងគ្រែដេកមិនតែប៉ុណ្ណោះក៏បានជួយផ្តល់ជាម្ហូបអាហារមុខរបររកស៊ី សេវាសុខភាពនិងសេវាអប់រំថែមទៀតផង។ដូនជីរូបនេះក៏បានគូស បញ្ជាក់ទៀតថា៖ "ខ្ញុំបានសង្កេតឃើញថាប្រសិនបើយើងជួយគេតែមួយជ្រុងនោះឯបញ្ហាផ្សេងទៀតយើងមិនរវីរវល់ តើពួកគេនឹងជួបប្រទះអ្វីខ្លះ?"។អង្គការម៉ារីណុលក៏បានចាប់ផ្តើមទៅកាន់តំបន់អន្លង់ក្ងាននេះដំបូងឡើយនៅឆ្នាំ ២០០១ បន្ទាប់ពីមានការឆេះលំនៅដ្ឋានប្រជាជននៅប្លុកបូលឌីញនិងច្បារអំពៅមក។ដោយសង្កេតឃើញថាមានប្រជាជនខ្មែរនិងវៀតណាមជាច្រើនគ្រួសារបាន រងនូវអគ្គីភ័យដ៏ខ្លោចផ្សារ ចំណែករដ្ឋាភិបាលក៏ជម្រុញអោយពួកគេចាកចេញទៅរស់នៅតំបន់ អន្លង់ក្ងាននោះដោយមិនបានផ្តល់សេវាផ្គត់ផ្គង់ដូចជាទឹក ភ្លើង ចំណីអាហារទុកជាមុន។ ដូច្នេះក្រុមការងាររបស់អង្គការម៉ារីណុលបានធ្វើការសហការជាមួយអង្គការដទៃទៀតដើម្បីជួយជនរងគ្រោះទាំងនោះ។
 A house which is built by Maryknoll | គួររំលឹកផងដែរថាប្រជាជនដែលរស់នៅតំបន់អន្លង់ក្ងាននេះមានចំនួន ៣៥០០ គ្រួសារ ចែកជាពីរសហគមន៍ គឺសហគមន៍ខ្មែរ និងវៀតណាម។អង្គការម៉ារីណុលក៏បានជួយផ្តល់ជម្រក ដល់គ្រួសារខ្មែរនិងគ្រួសារវៀតណាមចំនួន៥០គ្រួសារក្នុងឆ្នាំ២០០១។បន្ទាប់ពីមានអគ្គីភ័យម្តងទៀតនៅអន្លង់ក្ងានក្នុងឆ្នាំ ២០០២ អង្គការនេះក៏បានជួយសង់ជម្រកដល់ប្រជាជន៤៥ គ្រួសារទៀត។ ដូនជីអ្នកទទួលខុសត្រូវរូបនេះបានបន្តសំដីទាំងក្រៀមក្រំថា៖ "ជីវភាពប្រជាជននៅទីនេះមានការលំបាកខ្លាំងមែនទែនព្រោះគេមិនដឹងទៅប្រកបរបរអ្វីដូច្នេះហើយជម្រុញអោយគេរត់មកភ្នំពេញវិញ។ ម្យ៉ាងទៀត យើងមានការលំបាកដោយប្រជាជនខ្លះគេកុហក និងបង្កើតរឿងរ៉ាវជាច្រើន ដើម្បីបានទទួលផលប្រយោជន៍ពីអង្គការនានា គ្រួសារខ្លះបានលក់សម្ភារៈដែលយើងផ្តល់ អោយអ្នកខ្លះលក់ប្លង់ដីដែលមានបន្ទាប់មក សុំអោយអាជ្ញាធរ និងអង្គការជួយ ផ្តល់ប្លង់ដីអោយទៀត"។ ជាមួយគ្នានេះដែរ ដូនជីបានសំនូមពរដល់រដ្ឋាភិបាល មុននឹងធ្វើការអភិវឌ្ឍន៍ សូមគិតពីមនុស្សជាមុនសិនបើចង់ប្តូរទីលំនៅអោយប្រជាជនត្រូវរៀបចំកន្លែងថ្មីដើម្បីអោយ ពួកគេងាយ ស្រួសរស់នៅ។
ចំណែកគ្រួសារអ្នកស្រី អង់ចន្នី អាយុ ៥៣ឆ្នាំជាជនជាតិវៀតណាមដែលមានផ្ទះមិនឆ្ងាយប៉ុន្មានកំពុងបុកអំបិលម្ទេសចុចជាមួយស្វាយខ្ចីបាននិយាយថាគាត់មានការរីករាយណាស់ដោយបានអង្គការម៉ារីណុលជួយសង់ផ្ទះ មានទំហំល្មមអាចរស់នៅបានជាមួយកូនៗ ទាំង ៤នាក់។ ដោយពីមុនមកគ្រួសារគាត់គ្មានផ្ទះសមរម្យសំរាប់ស្នាក់នៅមានសភាពលំបាកមែនទែន តែឥឡូវនេះមាន ផ្ទះមួយនេះគាត់គ្មានចង់បានអ្វីទៀតទេគឺគ្រាន់តែសំនូមពរដល់រដ្ឋាភិបាល និងអាជ្ញាធរ សូមជួយផ្តល់ដីមួយប្លង់តែប៉ុណ្ណោះ។
បន្តដំណើរតាមដងផ្លូវលំ តាមច្រកចូលភូមិអ្នកស្រុក ដែលទើបមានភ្លៀងធ្លាក់រួចដីដែលមានសភាពស្អិតពិបាកក្នុងការធ្វើដំណើរ។ នៅអមសងខាងផ្លូវមានផ្ទះខ្ទមស្បូវរាប់រយខ្នងដង្ហែរជាជួរជួបជាមួយស្រ្តីវៀតណាមម្នាក់ទៀត និយាយលេងជាមួយគាត់ទើបដឹងថា គាត់ឈ្មោះ ជុំចាន់ធី អាយុ៥៣ឆ្នាំ ជាប្រធានសហគមន៍កាតូលិក នៅភូមិសែនសុខមួយសង្កាត់ខ្មួញខណ្ឌ័ឬស្សីកែវ អន្លង់ក្ងាន។ គាត់ជាអ្នកមើលការខុសត្រូវលើបងប្អូនវៀតណាមចំនួន ២១៩ គ្រួសារ ដែលទើបតែមករស់នៅទីនេះអស់រយៈពេល ៣ឆ្នាំ បន្ទាប់ពីមានការឆេះ ផ្ទះនៅបូលឌីញ ក្រុងភ្នំពេញកាលពីឆ្នាំ ២០០១។ស្រ្តីរូបនេះបានប្រាប់ទៀតថាបងប្អូនវៀតណាមទាំងអស់បានមករស់នៅអន្លង់ក្ងាននេះថ្ងៃទី១០ ខែធ្នូឆ្នាំ២០០១ ដោយសង់ជាខ្ទមសំរាប់ស្នាក់នៅ ហើយក៏មានបងប្អូនខ្លះបានទទួលជំនួយ ពីសប្បុរសជននានា និងបានទទួលពីអង្គការម៉ារីណុលដែលជួយជាឈើ ជាស្លឹក ជាគ្រែនិងសម្ភារៈផ្សេងៗទៀត។អ្នកស្រីបានបន្ថែមទៀតថា បងប្អូនវៀតណាមដែលបានមករស់នៅទីនេះ ក៏បានទទួលរងនូវអគ្គីភ័យមួយលើកទៀត កាលពីខែ៣ ឆ្នាំ ២០០២ អស់ផ្ទះ ចំនួន ៤០ខ្នងដោយការដាំបាយមិនប្រយត្ន័។ មិនតែប៉ុណ្ណោះក៏ទទួលរងនូវការបណ្តេញ ចេញពីសំណាក់អាជ្ញាធរព្រោះគេត្រូវការសាងសង់ជាប្រឡាយទឹក ។ប៉ុន្តែអ្នកភូមិទាំងអស់ខិតខំតស៊ូសុំអង្វរគេអោយទុកដីនេះអោយពួកគាត់បានរស់នៅ។ លើសពីនេះទៅទៀតអ្នកស្រីបានសំនូមពរ ដល់អាជ្ញាធរនិងអង្គការផ្សេងៗ សូមជួយផ្តល់ដីដល់បងប្អូនដែលនៅមិនទាន់មានប្លង់ដីកម្មសិទ្ធិពិតប្រាកដ។
ជួបជាមួយកញ្ញា ហុង ចន្នាអាយុ ២១ឆ្នាំ ជាបុគ្គលិកបំរើការនៅអង្គការម៉ារីណុល ផ្នែកសួរសុខទុក្ខអ្នកជម្ងឺ។ កញ្ញាបានប្រាប់ថាសព្វថ្ងៃនាងមានការលំបាកច្រើន ដោយសាររាល់លើកពេលដែលនាងចុះទៅតាមផ្ទះប្រជាជន ក៏មានអ្នកខ្លះបានត្អូញត្អែរប្រាប់ពីការខ្វះខាត សម្ភារៈដូចជាគ្មានឈើធ្វើផ្ទះ គ្មានស្លឹកប្រក់ផ្ទះ អ្នកខ្លះទៀតគ្មានអ្វីទាំងអស់បានសុំអោយនាងជួយ។ បន្ទាប់ពីបានចុះទៅពិនិត្យវាយតំលៃដល់ទីកន្លែងតាមផ្ទះនីមួយៗ ឃើញថាគេពិតជាមានការខ្វះខាតមែនកញ្ញាក៏បានមកជូនដំណឹងដល់ដូនជីឡែន ដែលជាប្រធាន ដើម្បីអោយគាត់ទៅទិញសម្ភារៈទាំងនោះជួយពួកគេ។ យុវតីស្រស់ស្រាយរូបនេះបាននិយាយបន្តទៀតថា មានបងប្អូនវៀតណាមខ្លះពេលដែលគេបានទទួលសម្ភារៈទាំងនោះហើយ គេក៏យកទៅលក់ម្តង ជាពីរដងបន្ទាប់មកគេមកសុំយើងទៀត ដូច្នេះហើយធ្វើអោយយើងមានការពិបាកក្នុងការជួយពួកគេ។ហើយពេលខ្លះទៀតរូបកញ្ញាផ្ទាល់ត្រូវបានប្រជាជនវៀតណាមផ្សេងទៀត ដែលមិនបានទទួលការឧបត្ថម្ថមានការខឹងសម្បានឹងនាង ដោយចង់វាយធ្វើបាបនាងថែមទៀតដោយនិយាយថាហេតុអ្វីវៀតណាមដូចគ្នាមិនជួយគ្នាបែរជាទៅជួយអ្នកផ្សេងទៅវិញ។ តែទោះជាជួបនូវការគំរាមគំហែងយ៉ាងនេះក្តីក៏នាងនៅតែមានចិត្តរីករាយក្នុងការបំរើបងប្អូនខ្មែរនិងបងប្អូនវៀតណាមអោយ អស់ពីលទ្ធភាព។ ថ្វីបើការចូលរួម ចំណែកកសាងលំនៅដ្ឋាននេះមានសភាពទ្រង់ទ្រាយតូចតាចយ៉ាងណាក៏ដោយនេះគឺជាការចូលរួមចំណែកមួយក្នុងការជួយកាត់បន្ថយភាពក្រីក្រស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នេះបើតាមការអះអាងប្រកបទៅដោយសុទិដ្ឋិនិយមរបស់ដូនជីអ្នកទទួលខុសត្រូវគំរោងនេះ។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក
|