|
សម្តេចប៉ាបបេណេឌីកទី១៦
Posted: 22nd April 2005
សម្តេចប៉ាបបេណេឌីកទី១៦
|
ព្រះរាជសន្ទរកថាលើកតំប្ូងរបស់សម្តេចប៉ាបបេណេឌីកទី១៦ ថ្លែងទៅកាន់គ្រិស្តបរិស័ទដែលកំពុងតែឈរនៅទីលានសន្តភីធឺ
"បងប្អូនជាទីស្រឡាញ់បន្ទាប់ពីការចូលទីវង្គត់របស់សម្តេចប៉ាបយ៉ូហានប៉ូលទីពីរដ៏មហាអស្ចារ្យរបស់យើងមកលោកកាឌីណាល់ទាំងអស់បានបោះឆ្នោតជ្រើសតាំងខ្ញុំជាអ្នកបំរើដ៏សុភាពរាបសាសាមញ្ញនៅក្នុងចំការរបស់ព្រះជាម្ចាស់។ជាពិសេសនោះខ្ញុំមានក្តីសង្ឃឹមទំាងស្រុងទៅលើការអធិដ្ឋានរបស់បងប្អូន។ ទោះបជាខ្ញុំមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការណែនាំព្រះសហគមន៍របស់ព្រះអង្គ ក៏ទ្រង់ផ្តល់នូវកំលាំងចិត្តសេចក្តីសង្ឃឹម និងបំភ្លឺផ្លូវខ្ញុំនូវរបៀបបំពេញបេសកកម្មនិងបំរើព្រះសហគមន៍។ ដោយសារតែព្រះជាម្ចាស់មានព្រះជន្មរស់ឡើងវិញយើងមានជំនឿយ៉ាងមុតមាំថា ព្រះជាម្ចាស់នឹងជួយបំភ្លឺផ្លូវនិងគង់នៅជាមួយយើងជានិច្ចដើម្បីឲ្យ យើងអាចដឹកនាំព្រះសហគមន៍ បន្តដំណើរទៅមុខទៀត។ សូមព្រះនាងម៉ារីជាមាតាដ៏ជាទីស្រឡាញ់របស់ព្រះជាម្ចាស់គង់នៅជាមួយយើង។ សូមអរគុណ"។
ជីវប្រវត្តិសម្តេចប៉ាប បេណេឌីកទី១៦
មុនតែងតាំងជាសម្តេចប៉ាបបេណេឌីកទី១៦ លោកកាឌីកាល់យ៉ូសែបរ៉ាតហ្ស៊ីង្គឺមានមុខងារជាប្រធាននៃក្រុមគ្រួសារបុព្វជិតសំរាប់លទ្ធិនៃជំនឿ ជាប្រធានគណកម្មការព្រះគម្ពីរសមណសក្តិ (Pontifical Biblical Commission) និងគណៈកម្មាការទេវវិទ្យាអន្តរជាតិព្រមទាំងព្រឹទ្ធបុរសនៃសាកលវិទ្យាល័យកាឌីណាល់។
- ១៩២៧ លោកយ៉ូសែបរ៉ាតហ្ស៊ីង្គឺ បានប្រសូតនៅតំបន់ Marktl am Inn ក្នុងប្រទេសអាឡឺម៉ង់
- ១៩៤៦-១៩៥១ លោកបានបំពេញការសិក្សានៅសាលាជាន់ខ្ពស់នៅតំបន់ Freising និងបានសិក្សាទស្សនវិទ្យា និងទេវវិទ្យានៅសកលវិទ្យាល័យម៉ូនិច(Munich)។
- ១៩៥១ លោកបានទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ
- ១៩៥៣ លោកបានទទួលសញ្ញប័ត្រថ្នាក់បណ្ឌិតទេវវិទ្យាដោយលោកបានសរសេរនិក្ខេបបទដែលមានចំណងជើងថា៖ "មនុស្សនិងព្រះរាជតំណាក់របស់ព្រះជាម្ចាស់នៅក្នុងទ្រឹស្តីនៃព្រះសហគមន៍របស់សន្ត Augustine អូង្គីស្ទីន"។
- ១៩៥៩-១៩៦៧ លោកបានក្លាយជាសាស្រ្តាចារ្យបង្រៀនទេវវិទ្យាដែលពន្យល់អំពីគោលការណ៍ដ៏សំខាន់នៃគ្រិស្តសាសនា និងប្រវត្តិនៃគោលជំនឿ នាសាកលវិទ្យាល័យ Bonn, Tubinga និង Regensburg។
- ១៩៦២ លោកបានក្លាយទៅជាទីប្រឹក្សារបស់លោកអគ្គអភិបាល Cologne លោកកាឌីណាល់យូស៊ែបហ្រ្វីង
- ១៩៧៧ សម្តេចប៉ាបប៉ូលទី៦ ជ្រើសតាំងគាត់ជាអគ្គអភិបាលប្រចាំក្រុងមុយនិច។
- ១៩៨១ សម្តេចប៉ាបយ៉ូហានប៉ូលទី២ បានតែងតាំងលោកជាប្រធានក្រុមគ្រួសារសំរាប់បុព្វជិកលទ្ធិនៃជំនឿជាប្រធានគណកម្មាការព្រះគម្ពីរសមណសក្តិ និងគណកម្មាការទេវវិទ្យាអន្តរជាតិ។
- ២០០២-២០០៥ លោកត្រូវបានបោះឆ្នោតជ្រើសតាំងជាព្រឹទ្ធបុរសសាកលវិទ្យាល័យ Cardinal កាឌីណាល់។
សម្តេចប៉ាបបេណេឌីកទី១៦ មានព្រះជន្ម៧៨ព្រះវស្សា ជាសម្តេចប៉ាបទី២៦៥។ ព្រះនាម "បេណេឌីក" គឺចេញមកពីពាក្យឡាតាំងប្រែថា "ជូនពរ" ។ ព្រះនាម នេះដាក់បន្តពីសម្តេចប៉ាបបេណេឌីកទី១៥ ដែលបានដឹកនាំព្រះសហគមន៍នៅកំឡុងសង្រ្គាមលោកលើកទី១។ សម្តេចប៉ាបបេណេឌីកទី១៦ ជាអ្នកអភិរក្សនិយម ប្រកាន់ខ្ជាប់ជំនឿយ៉ាងរឹងមាំព្រះអង្គប្រឆាំងនឹងការពន្លូតទារក ការពន្យាកំណើត សម្ព័ន្ធភាពភេទដូចគ្នាអាពាហ៍ពិពាហ៍បុព្វជិត និងបដិសេធបុព្វជិតជាស្រ្តីភេទ។
ចំណាប់អារម្មណ៍របស់បុព្វជិកនៅប្រទេសកម្ពុជា
លោកឪពុកប៉ុងសូ
"ខ្ញុំយល់ថាជាការល្អប្រសើរណាស់ក្នុងការជ្រើសរើសលោកកាឌីកាល់យ៉ូសែបរ៉ាតហ្ស៊ីង្គឺ ជាសម្តេចប៉ាបថ្មី។ ព្រះវិញ្ញាណបានជ្រើសតាំងលោកអោយក្លាយជាអ្នកណែនាំព្រះសហគមន៍ទូទាំងពិភពលោក។សម្តេចប៉ាបបេណេឌីកទី១៦ ជាទេវវិទូដ៏ល្បីល្បាញ និងមានប្រាជ្ញាឈ្លាសវៃ ហើយលោកធ្លាក់មានបទពិសោធន៍ជាទីប្រឹក្សាសម្តេចប៉ាប ជាសាស្ត្រចារ្យសាកលវិទ្យាល័យ។ ទោះបីជាព្រះអង្គប្រកាន់គំនិតអភិរក្សនិយមដូចសម្តេចប៉ាបយ៉ូហានប៉ូលទី២ ក៏ដោយ ខ្ញុំមានជំនឿថា ព្រះអង្គអាចណែនាំ ព្រះសហគមន៍បានល្អនៅក្នុងយុគសម័យសហសវត្យន៍ថ្មីនេះ"។
លោកអភិបាល អេមីលដេតម្ប
"ខ្ញុំមានអំណរសប្បាយចំពោះបេក្ខភាពសម្តេចប៉ាបថ្មី។ ខ្ញុំធ្លាប់បានជួបព្រះអង្គម្តងនៅបុរីវាទីកង់ ព្រះអង្គជាមនុស្សឆ្លាតវាងវៃ និងស្មោះត្រង់។ ខ្ញុំសង្ឃឹមថា សម្តេចប៉ាបបេណេឌីកទី១៦ និងបន្តបេសកកម្មណែនាំព្រះសហគមន៍ដូចសម្តេចប៉ាបយ៉ូហានប៉ូលទី២ ក្នុងការបង្រួបបង្រួមគ្រិស្តសាសនិក ធ្វើកិច្ចសន្ទនាអន្តរសាសនា( inter religious dialog ) និងដើរតួនាទីសំខាន់ក្នុងការស្វែងរកសន្តិភាពជូនពិភពលោក"។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានព្រះសហគមន៍កាតូលិក
|