|
បទយកការណ៍៖ ម៉ារីណុល ជួយអ្នកជំងឺអេដស៏
Posted: 18th April 2005
លោកឪពុក ជីមណូណាន់ ពីក្រុមម៉ារីណុល
|
ភ្នំពេញ(C.S.C)៖ ជាមួយទឹកមុខស្រពាប់ស្រពោន អស់កំលាំងល្ហិតល្ហៃ បុរសនារីដែលផ្ទុកមេរោគហ៊ីវ កំពុងតែឈរកកកុញ តំរង់ជួររង់ចាំការបើកថ្នាំព្យាបាល ជំម្ងឺឱកាសនិយម និងរង់ចាំការពិគ្រោះយោបល់ជាមួយលោកវេជ្ជបណ្ឌិត នៅមុខអាគារមួយដែលមានកំពស់ពីរជាន់។ អាគារនេះមានឈ្មោះថា "ពន្លកនៃក្តីសង្ឃឹម" មានសរសេរជាភាសាអង់គ្លេសថាៈ "Seeding of Hope" ដែលបានបង្កើតឡើងដោយអង្គការម៉ារីណុល មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២ ពីភ្នំពេញទៅខេត្តកណ្តាល។ នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខ័ណ្ឌចំការមន ភ្នំពេញ។
ចូលទៅដល់ក្នុងបន្ទប់តូចមួយដែលព័ន្ធជុំវិញដោយឯកសារគរជាពំនូក បុរសចំណាស់ម្នាក់ក្នុងវ័យជាង ៧០ឆ្នាំជាជនជាតិអាមេរិកកំពុងតែពិគ្រោះយោបល់ជាមួយអ្នកជម្ងឺ។ បុគ្គលិកបំរើការនៅទីនេះហៅឈ្មោះបុរសចំណាស់ម្នាក់នេះថា លោកឪពុក ជីមណូណាន់។ លោកឪពុកជាអ្នកសម្របសម្រួលកម្មវិធីពន្លកនៃក្តីសង្ឃឹម ដែលត្រូវបានប្រសូតឡើងតាំងពីឆ្នាំ ១៩៩៦។ នៅក្នុងទឹកមុខរីករាយរាក់ទាក់ លោកឪពុកបានមានប្រសាសន៍ប្រាប់ថាអង្គការនេះបានធ្វើការជួយដល់អ្នកជម្ងឺដែលមានផ្ទុកមេរោគហ៊ីវ ដោយធ្វើការផ្សព្វផ្សាយដល់អ្នក ជម្ងឺ មានមនុស្សពេញវ័យចំនួន ៩៩៥នាក់ អ្នកមានគ្រួសារចំនួន ១៥២នាក់នឹងអ្នកផ្ទុកមេរោគហ៊ីវចំនួន១៥នាក់ទៀតដែលគ្មានទីពឹងយើងជួយគេដោយផ្តល់ទី ជំរក ផ្តល់ម្ហូប ផ្តល់ថ្នាំព្យាបាល ព្រមទាំងចែកសៀវភៅស្តីពីជម្ងឺអេដស៍អោយពួកគេយកទៅអាននៅផ្ទះ និងធ្វើការពិភាក្សាជាមួយពួកគេ រួចយកទៅពិនិត្យនៅមន្ទីរពេទ្យ។ បើក្នុងករណីមានមេរោគហ៊ីវយើងជួយគេ ដោយផ្តល់អ្វីៗគ្រប់យ៉ាង លើសពីនេះទៅទៀតអង្គការម៉ារីណុល បានបង្កើតមជ្ឈមណ្ឌលកុមារកំព្រាពីរកន្លែងធំៗ ទៀតសំរាប់កុមារដែលផ្ទុកមេរោគអេដស៍និងកុមារដែលឪពុកម្តាយស្លាប់ដោយសារជម្ងឺអេដស៍។ ការបង្កើតមណ្ឌលនេះ ដើម្បីឆ្លើយតបទៅនឹង សំណូមពរ ដ៏ទទូចនិងក្តីព្រួយបារម្ភ អំពីអនាគតរបស់កូនពួកគេ ក្រោយពេលពួកគេស្លាប់ទៅ។ លោកឪពុក ក៏បានគូសបញ្ជាក់ទៀតថា កម្មវិធីពន្លកនៃក្តីង្ឃឹម ក៏បានជួយដល់ស្រ្តីដែលមានផ្ទៃពោះហើយផ្ទុកមេរោគអេដស៍ អោយពួកនាងឆ្លងទន្លេ ដោយសុវត្ថិភាពដើម្បីបង្ការមិនអោយឆ្លងមេរោគនេះដល់ទារក តាមរយៈ ការផ្តល់ថ្នាំឈ្មោះ Nevirapin។ មិនតែប៉ុណ្ណោះអង្គការម៉ារីណុលជួយដល់អ្នកមានមេរោគនេះចំនួន ២០នាក់ទៀតដែលភាគច្រើនជាស្រ្តីហើយនៅមានសុខភាពរឹងមាំ អោយមានវិជ្ជាជីវៈដេរភួយខ្នើយនិងស្រោមខ្នើយ យកទៅលក់នៅទីផ្សារអឺរ៉ុបដើម្បីបានកំរៃខ្លះក្នុងការចិញ្ចឹមជីវិត។ ក្រលែកចុះមកក្រោមតាមបង្អួច ឃើញមានភួយដែលអ្នកជម្ងឺបានដេរដោយផ្ទាល់ដៃ ព្យួរនៅលើជញ្ជាំង ដោយមានរចនាម៉ូដរាងជាផ្ទះនិងរំលេចទៅដោយពណ៌គ្រប់ប្រភេទយ៉ាងស្រស់ស្អាត។ លោកបូជាចារ្យ ជីម បន្តទៀតថារហូតមកដល់សព្វថ្ងៃនេះមានអ្នកដែលផ្ទុកមេរោគហ៊ីវចំនួន ២០០០នាក់ ហើយដែលអង្គការរបស់លោកបានជួយ ហើយពួកគេមកពីខេត្តផ្សេងៗក្នុងប្រទេសខ្មែរ និងវៀតណាមចំនួន ៣០ភាគរយទៀតដោយពួកគេគ្មានអង្គការណាជួយ។ ទន្ទឹមនឹងនោះដែរអង្គការម៉ារីណុលក៏បានធ្វើកិច្ចសហប្រតិបត្តិការណ៍ជាមួយមន្ទីរពេទ្យនានា ក្នុងប្រទេសដើម្បីផ្តល់ថ្នាំពន្យាជីវិតដល់អ្នកជម្ងឺ។ ជាមួយគ្នានេះដែរលោកបូជាចារ្យ ជីមបានសំនូមពរដល់រដ្ឋាភិបាលកម្ពុជាអោយមានមជ្ឈមណ្ឌលមានកន្លែងសម្រាប់ជួយអ្នកមានផ្ទុកមេរោគហ៊ីវ និងសូមអោយមនុស្សទាំងអស់បានយល់ដឹងអោយបានច្រើនពីមេរោគនេះ រីឯសង្គមគ្រួសារវិញអ្វីដែលឪពុកម្តាយត្រូវការវាក៏ជាសេចក្តីត្រូវការរបស់កូនៗដែរ ហើយលោកសំនូមពរអោយមនុស្សដែលមានទំនាក់ទំនងស្នេហានឹងគ្នាហើយចង់រួមភេទត្រូវធ្វើការពិនិត្យឈាមជាមុនសិន។
ជួបជាមួយបុគ្គលិកអង្គការម៉ារីណុលផ្នែកជំនួយការការិយាល័យ ដែលមានទឹកមុខរីករាយ និងមានពាក្យសម្តីម៉ឺងម៉ាត់បានប្រាប់ថា កញ្ញាឈ្មោះហ៊ិនធីរ៉ាន់អាយុ ២៧ឆ្នាំបំរើការនៅអង្គការម៉ារីណុលនេះតាំងពីឆ្នាំ ២០០១ កញ្ញាមានការសប្បាយរីករាយដោយបានបម្រើបងប្អូនដែលមានមេរោគហ៊ីវនេះ ដោយគ្មានការខ្ពើមរអើម និងមិនខ្លាចឆ្លងនូវជម្ងឺនេះមកលើខ្លួនទេ ហើយជាពិសេសមិនប្រកាន់នូវពូជសាសន៍ទោះបីមានអ្នកជម្ងឺជាជនជាតិវៀតណាមក៏ដោយ។ការងារដែលកញ្ញាធ្វើសព្វថ្ងៃនេះគឺមានការលំបាកច្រើនដោយត្រូវធ្វើការដោះស្រាយ ព្រោះអ្នកដែលមកសុំអោយអង្គការនេះជួយភាគច្រើនច្រើនតែកុហកថាគេគ្មានបងប្អូនយើងក៏ជួយពួកគេ ប៉ុន្តែ ពេលដែលអង្គការបានអោយស្នាក់នៅយូរៗទៅយើងសង្កេតឃើញថាមានមនុស្សជាច្រើនមកសួរសុខទុក្ខគេ យើងក៏ចាប់អារម្មណ៍ថាបើគេគ្មានបងប្អូនម្តេចក៏មានមនុស្សជាច្រើនមកលេងនឹងគេរាល់ថ្ងៃ ដូច្នេះយើងអាចដឹងថាគេកុហកយើង។ យើងមិនប្រកាន់ទេក្នុងការជួយ ប៉ុន្តែយើងចង់ជួយអ្នកដែលគ្មានទីពឹងពិតប្រាកដ។ សព្វថ្ងៃនេះអង្គការម៉ារីណុលបានជួល ផ្ទះចំនួន ៧កន្លែងសំរាប់អ្នកជម្ងឺស្នាក់នៅក្នុងសង្កាត់ចាក់អង្រែក្រោម។
បន្តដំណើរទៅកាន់បន្ទប់ក្បែរនោះបុរសម្នាក់ទៀតដែលកំពុងពិនិត្យជម្ងឺបានអោយដឹងថាគាត់ជាវេជ្ជបណ្ឌិតឈ្មោះឡុង សុភាអាយុ ៣០ឆ្នាំជាបុគ្គលិកធ្វើការនៅម៉ារីណុលផ្នែកព្យាបាលអ្នកជម្ងឺ។ លោក សុភាមានការយកចិត្តទុកដាក់ក្នុងការជួយអ្នកជម្ងឺ ហើយលោកក៏មានចិត្តសប្បាយ ដោយអង្គការម៉ារីណុលបានជួយពួកគេដោយផ្តល់អ្វីៗគ្រប់បែបយ៉ាងនិងជួយអ្នកជម្ងឺអេសដ៏ដោយមិនប្រកាន់វណ្ណៈ។ លោកសុភាបានសំនូមពរដល់រដ្ឋាភិបាល អោយយកចិត្តទុកដាក់អោយបានច្រើនដល់អ្នកមានមេរោគអេដស៍និងសុំអោយមនុស្សទូទៅកុំមានការរើសអើងចំពោះអ្នកជម្ងឺនេះអោយសោះត្រូវលើកទឹកចិត្ត ពួកគេជានិច្ច។
ទន្ទឹមនឹងនោះដែរ ស្រ្តីម្នាក់កំពុងអង្គុយនៅខាងក្រៅបន្ទប់ពិនិត្យជម្ងឺភ្នែកបាញ់ឆ្ពោះទៅបន្ទប់ជិតនោះហាក់រង់ចាំនរណាម្នាក់។ និយាយលេងជាមួយគាត់ទើបដឹងថាអ្នកស្រីឈ្មោះជា វាសនា អាយុ ៣២ឆ្នាំរស់នៅខេត្តកំពង់ចាមបានឆ្លងមេរោគពីប្តីក្នុងឆ្នាំ ២០០២ និងមានកូនប្រុសពីរនាក់តែ កូនប្រុសពៅបានស្លាប់ទៅហើយ ចំណែកប្តីក៏ស្លាប់ដែរ។ មុនដំបូងអ្នកស្រីមានការលំបាកចិត្តជាខ្លាំងនៅពេលដឹងថាគាត់បានឆ្លងមេរោគអេដស៍ពីប្តីគាត់គិតតែពីយំដោយមានការអស់សង្ឃឹមជាខ្លាំង។ សព្វថ្ងៃនេះអ្នកស្រីបានអង្គការម៉ារីណុលជួយអោយមានជំនាញក្នុងការដេរភួយធ្វើអោយជីវភាពបានធូរមួយកំរិតដោយក្នុងមួយអាទិត្យរកប្រាក់បាន ៦ម៉ឺនរៀល។ ប៉ុន្តែ នៅថ្ងៃខាងមុខអ្នកស្រីមិនដឹងថាជីវិតគាត់នឹងទៅជាយ៉ាងណាទេ ព្រោះនៅមិនទាន់បានថ្នាំពន្យាជីវិតនៅឡើយ។
គួររំលឹកផងដែរថាតាមការប៉ាន់ប្រមាណរបស់ក្រសួងសុខាភិបាលកម្ពុជាបានអោយដឹងថារហូតមកដល់បច្ចុប្បន្ននេះចំនួនអ្នកផ្ទុកមេរោគអេដស៏ មានប្រមាណជា ១៧ ម៉ឺននាក់។ យោងតាមសេចក្តីប្រកាសព័ត៌មានពីគ្លីនិកប្រយុទ្ធប្រឆាំងនឹងអេដស៍ កាមរោគនិងជំងឺសើស្បែករបស់ក្រសួងសុខាភិបាលបានអោយដឹងថាបើគិតនៅដើមឆ្នាំ ២០០៣ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន ១២៣, ១០០នាក់ក្នុងនោះមានបុរសចំនួន ៦៥, ៦០០ នាក់ស្រ្តី ៥៧,៥០០ នាក់។ នៅចុងឆ្នាំ ២០០៣ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន ២១,៥០០ នាក់ ។
បច្ចុប្បន្ននេះ ចំពោះអ្នកឆ្លងមេរោគហ៊ីវនៅប្រទេសកម្ពុជាមានការថយចុះជាច្រើន ប៉ុន្តែបើប្រៀបធៀបទៅនឹងបណ្តាប្រទេសនៅអាស៊ីវិញប្រទេសកម្ពុជាយើងនៅតែនាំមុខគេជានិច្ច។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានព្រះសហគមន៍កាតូលិក
|