|
ពិធីសូត្រធម៌ត្រូវធ្វើនៅថ្ងៃព្រហស្បតិ៍ឧទ្ទិសដល់សម្តេចPope John Paul II
Posted: 6th April 2005
ពីមុខព្រះវិហារសន្តយ៉ូសែប
|
ភ្នំពេញ(កំបូដស័រ)៖ពិធីសូត្រធម៌មួយនៅក្នុងវិហារកាតូលិកសាំងហ្សូសេហ្វ(St. Joseph)នៅភ្នំពេញនឹងប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍ដើម្បីគោរពវិញ្ញាណក្ខន្តសម្តេចសង្ឃកាតូលិកប៉ាបហ្សង់ប៉ូលទី២ ដែលបានសោយទីវង្គត់កាលពីថ្ងៃសៅរ៍នៅទីក្រុងរ៉ូម (ប្រទេសអ៊ីតាលី)។ព្រះមហាក្សត្រព្រះបរមនាថសម្តេចនរោត្តមសីហមុនីនិងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបក្នុងគណៈព្រះពុទ្ធសាសនានិងក្រសួងធម្មការនឹងចូលរួមក្នុងពិធីបុណ្យនោះដែរ។ក្នុងសេចក្តីថ្លែងការណ៍មួយចុះផ្សាយកាលពីថ្ងៃម្សិលមិញលោកអភិបាលសំខាន់ៗនៃសាសនាកាតូលិកនៅកម្ពុជាចំនួនបីរូបរួមមានលោកអេមីលដេតម្បអភិបាលភូមិភាគព្រះសហគន៍កាតូលិកប្រចាំទីក្រុងភ្នំពេញលោកអន់តូនីសាមីស៊ូសៃរាជនិងលោកគីកេហ្វីការីដូអភិបាលភូមិភាគព្រះសហគមន៍ប្រចាំខេត្តកំពង់ចាមនិងបាត់ដំបងបានសម្តែង"ការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ពួកគេចំពោះប្រជាជនគ្រប់រូបដែលបានបង្ហាញពីការជួយរំលែកទុក្ខនិងសាមគ្គីភាពក្នុងឱកាស ចូលទីវង្គត់របស់សម្តេចប៉ាបហ្សង់-ប៉ូលទី២ " ។
អភិបាលទាំងបីរូបបានរម្លឹកថាៈ " ក្នុងរយៈពេលកាន់តំណែង ២៦ឆ្នាំកន្លងមកនេះសម្តេចប៉ាបហ្សង់-ប៉ូលទី២ បានធ្វើដំណើរទស្សកិច្ចទៅកាន់ប្រទេសចំនួន ១៣០ នៅលើពិភពលោក ដោយពាំនាំយកទៅផ្សព្វផ្សាយនូវក្តីស្រឡាញ់ ក្តីសង្ឃឹម សេរីភាពសន្តិភាព និងយុត្តិធម៌ដល់មនុស្សម្នារាប់លាននាក់នៅលើសកលលោក"។ ពួកគេបានគូសបញ្ជាក់ផងដែរពីតួនាទីរបស់សម្តេចប៉ាបក្នុងការរំលាយរនាំងកុម្មុយនិស្តនិងកំផែងក្រុងប៊ែរឡាំង។
នៅលើទំព័រអាំងទែរណែតរបស់សហគមន៍កាតូលិកកម្ពុជា លោកអេមីល ដេសតុមប៍រម្លឹកឡើងវិញពីការជួបរបស់លោកពីរលើកជាមួយសម្តេចប៉ាបហ្សង់-ប៉ូលទី២។ ក្នុងជំនួបលើកទីពីរ នាខែកុម្ភៈឆ្នាំ១៩៩៩ (ក្នុងឱកាសជំនួបប្រជុំរវាងលោកអភិបាល កម្ពុជា-ឡាវ នៅអាស៊ី) " យើងបានឃើញច្បាស់ និងកោតសរសើរចំពោះការស្គាល់របស់សម្តេចពីរប្រទេសយើងទាំងពីរយ៉ាងច្បាស់"។ លោកដេសតុមប៍ បានមានប្រសាសន៍បន្តទៀតថាៈ"សម្តេចប៉ាបបានទទួលស្វាគមន៍សម្តេចនរោត្តម សីហនុនៅទីក្រុងរ៉ូម ក្នុងឆ្នាំ១៩៨៥។ សម្តេច ប៉ាបបានរម្លឹកពីជំនួបរបស់ព្រះអង្គ ជាមួយជនភៀសខ្លួនកម្ពុជាមួយក្រុម និងរម្លឹកពីការខ្វាយខ្វល់របស់ទ្រង់ចំពោះទុក្ខសោក និងការឈឺចាប់របស់ប្រជាជនកម្ពុជា។ សម្តេចប៉ាបសម្តែងការព្រួយបារម្ភ ចំពោះជីវភាពរបស់ប្រជាជនកម្ពុជាក្រោយរបបប៉ុល ពត និងពីវិធីប្រើប្រាស់សម្រាប់ការស្ថាបនាប្រទេសឡើងវិញក្រោយពីសោកនាដកម្មនោះ។ក្នុងឱកាសលៀងសាយភោជន៍ដែលយើងប្រាស្រ័យជាមួយទ្រង់សម្តេចប៉ាបបានចោទសំណួរជាច្រើនទាក់ទិននឹងស្ថានភាពប្រទេសកម្ពុជា និងការកកើតឡើងវិញ នៃកាតូលិកកម្ពុជា"។
Article Source: កាសែតកំបូដស័រ-ថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០០៥ ទំ.២
|