|
ព្រះវិហារកាតូលិកនៅកម្ពុជារៃអង្គាសប្រាក់ សំរាប់ជនរងគ្រោះដោយស៊ូណាមី
Posted: 10th February 2005
លោកបូជាចារ្យបប់ពីសេ, ភ្នំពេញ
|
ភ្នំពេញ(C.S.C)៖នាថ្ងៃទី២ មករា ២០០៥ ព្រះវិហារនៅប្រទេសកម្ពុជាបានប្រារព្ធធ្វើពិធីរៃអង្គាសថវិកា ដើម្បីជួយដល់ជនរងគ្រោះដោយសារព្យុះកំណាចស៊ូណាមី នៅក្នុងតំបន់ភូមិភាគទីក្រុងភ្នំពេញ។
លោកបូជាចារ្យ បប់ពីសេ ជាបូជាចារ្យព្រះវិហារផ្សារតូចបានមានប្រសាសន៍ថាៈ "សកម្មភាពនេះមិនមែនជាសកម្មភាពមួយដ៏ធំដែលព្រះសហគមន៍កាតូលិកកម្ពុជាទើបតែបានធ្វើ នោះទេ គឺព្រះសហគមន៍បានជួយដល់ជនរងគ្រោះជាច្រើនដងណាស់មកហើយ ដូចជាការសាងសង់លំនៅដ្ឋានដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងប្រទេសកម្ពុជា"។ នៅក្នុងសកម្មភាពនោះដែរមានគ្រឹស្តបរិស័ទប្រមាណជា៣០០នាក់បានចូលរួម។ ក្រៅពីការធ្វើអភិបូជាដើម្បីប្រមូលថវិកា ពួកគេក៏មានពិធីអធិដ្ឋានដល់ជនរងគ្រោះទាំងនោះផងដែរ។ លោកបូជាចារ្យក៏បានបន្តទៀតថាៈ៖"ចំពោះថវិកាដែលប្រមូលបានត្រូវធ្វើការបញ្ជូនទៅអោយលោកអភិបាលនៅប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើការចាត់ចែងតាមតំរូវការ។ថវិកាដែលប្រមូលបានប្រហែលជា ៥០០ដុល្លារប៉ុណ្ណោះ។ចំនួននេះវាមានតំលៃតិចតួចមែន ប៉ុន្តែ អ្វីដែលសំខាន់នេះគឺសេចក្តីស្រឡាញ់អាណិត និងទឹកចិត្តចង់ជួយពួកគេ។ លោកបូជាចារ្យក៏បានបង្ហាញពីអារម្មណ៍របស់លោកអោយដឹងផងដែរថា៖ "លោកបូជាចារ្យនិងអ្នករងរបួសដែលបង្កឡើងដោយគ្រោះធម្មជាតិ"។
តាមប្រសាសន៍របស់លោកអភិបាលអេមីល ដេតដ្យនៃភូមិភាគភ្នំពេញបានប្រាប់ C.S.C អោយដឹងថាៈ "ការបង្កើតសកម្មភាពរៃអង្គាសថវិកាសំរាប់ជួយដល់ជនរងគ្រោះដោយ ស៊ូណាមីនេះ មិនមែនជាគំនិតរបស់គាត់អ្នកផ្តើមនោះទេតែគាត់មានការសប្បាយចិត្តយ៉ាងខ្លាំង ដោយសារតែគ្រឹស្តបរិស័ទមានចិត្ត មានគំនិតចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមកនៅពេលមានអាសន្ន"។ កាលដែលពួកគេមានគំណិតដូចនេះ ដោយសារតែពួកគេធ្លាប់ជួបប្រទះនូវទុក្ខលំបាកយ៉ាងខ្លាំងដូចជា មានជួបប្រទះនូវគ្រោះរាំងស្ងួត គ្រោះទុរភិក្ស មានសង្រាមដែលធ្វើអោយមនុស្សរាប់លាននាក់ត្រូវបានស្លាប់ និងព្រាត់ប្រាស់គ្រួសារ ប្តីប្រពន្ធ កូន ដោយសេចក្តីលំបាកវេទនាដែលពុំអាចបំភ្លេចបាន។ ដោយហេតុនេះហើយបានជាពួកគេដឹងថា ជនរងគ្រោះដោយសាររលកយក្សនេះគឺមានស្ថានភាពមិនខុសពីអ្វីដែលពួកគេបានជួបប្រទះនាសម័យមុនដែរ។ ការចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក គឺធ្វើអោយចំនងមិត្តភាពរវាងគ្នា និងគ្នាមិនអាចប្រេះស្រាំបានឡើយ។ លោកអភិបាលបានបន្តប្រាប់ដល់ C.S.C ទៀតថា៖ "ទាំងនេះ មិនមែនជាអ្វីដែលរូបខ្ញុំអោយធ្វើនោះទេគឺវាកើតចេញពីគំនិតរបស់ពួកគេផ្ទាល់ គឺអ្វីៗទាំងអស់មិនមែនចាំតែខ្ញុំអោយធ្វើទើបធ្វើនោះទេ។ អ្វីដែលខ្ញុំមានមោទនភាព និងសប្បាយចិត្តនោះគឺគ្រឹស្តបរិស័ទទាំងអស់មានចិត្តមេត្តាករុណាចំពោះអ្នកដទៃ ហើយទោះបីជាវាមានចំនួនតិចតួចក៏ដោយតែនេះ គឺជាអ្វីដែលយើងបានធ្វើតាមលទ្ធភាពរបស់យើង"។ លោកបានបង្ហាញពីអារម្មណ៍របស់លោកថាអ្វីដែលសំខាន់សំរាប់សកម្មភាពនេះ គឺគំនិតដែលផុសចេញពីសង្គម និងពីព្រះសហគមន៍នីមួយៗ ដោយមិនមែនរងចាំតែចេញពីការបង្គាប់របស់អ្នកណាម្នាក់ឡើយ។ លោកក៏បានចូលរួមដាក់វិភាគទានជាមួយនឹងគ្រឹស្តបរិស័ទទាំងអស់គ្នានោះដែរ។
តាមសំដីរបស់លោក ម៉ារីយូ ជាបូជាចារ្យនៃព្រះសហគមន៍បឹងទំពុនដែលបានចូលរួមក្នុងការរៀបចំនូវសកម្មភាពនេះក៏បានអោយដឹងផងដែរថា៖ "សកម្មភាពនេះវាមានសារៈសំខាន់ណាស់ចំពោះព្រះសហគមន៍កម្ពុជាដោយសារតែយើងយល់ឃើញថាព្រះសហគមន៍កាតូលិកកម្ពុជាក៏ចាប់អារម្មណ៍ចំពោះអ្នកដទៃដែរ ទោះបីជាលទ្ធភាពរបស់ព្រះសហគមន៍កម្ពុជាមិនមានច្រើនក៏ដោយ"។ លោកបានបន្តអោយដឹងទៀតថា៖ "វាមានផលប្រយោជន៍ដោយធ្វើអោយគ្រឹស្តបរិស័ទរបស់កម្ពុជាដឹងថាពួកគេក៏អាចជួយដល់ជនរងគ្រោះទាំងនោះបានដែរ"។ ចំពោះការចូលរួមគ្រឹស្តបរិស័ទមានការចាប់អារម្មណ៍ខ្លាំងមែនទែនជាមួយសកម្មភាពជួយនេះ ដោយគ្រាន់តែគាត់លើកសំណើឡើងភ្លាមពួកគេមានការត្រេកអរព្រមទាំងបង្ហាញពីការចង់ជួយដល់អ្នករងគ្រោះទាំងនោះ។ លោកក៏បានលើកពីហេតុផលដែល ព្រះសហគមន៍កាតូលិកកម្ពុជាទើបតែចាប់ផ្តើមធ្វើការប្រមូលថវិកានេះថា៖ "ដោយសារតែពេលនោះ ព្រះសហគមន៍គិតថាយើងមិនមានសមត្ថភាពអាចជួយដល់ពួកគេបានតែក្រោយពីការគិតជាមួយគ្នាមកយើងឃើញថាទោះបីជាយើងមិនមានសមត្ថភាពច្រើនក៏យើងអាចជួយពួកគេតាមអ្វីដែលយើងអាចជួយគេបាន។ទាំងនេះវាបានបង្ហាញពីសញ្ញាមួយយ៉ាងសំខាន់សំរាប់ព្រះសហគមន៍កម្ពុជាយើង"។
ការបង្កើតនូវសកម្មភាពទាំងនេះព្រោះព្រះសហ គមន៍យល់ឃើញថាគ្រឹស្តបរិស័ទចាប់អារម្មណ៍នឹងទុក្ខវេទនារបស់មនុស្សក្នុងប្រទេសផ្សេងៗ ដែលទទួលរងនូវរលកយក្សដ៏សាហាវនេះដែលពួកគេបានបាត់បង់អស់នូវផ្ទះក៏ដូចជា ព្រាត់ប្រាស់ក្រុមគ្រួសារបងប្អូន កូនចៅរបស់ពួកគេ។ ដូច្នេះគ្រឹស្តបរិស័ទ ត្រូវធ្វើការចាប់អារម្មណ៍ទៅលើទុក្ខវេទនារបស់អ្នកទាំងនោះ។
ចំពោះអ្នកស្រីផល្លាជាគ្រឹស្តបរិស័ទនៅព្រះវិហារ បឹងទំពុនមួយរូបដែលបានចូលរួមក្នុងពិធីនោះបានអោយដឹងថា៖ គាត់មានចិត្តសប្បាយរីករាយដោយមានការចេះជួយចែករំលែកក្តីទុក្ខលំបាកអោយគ្នាទៅវិញទៅមក។ ហើយគាត់មិនចង់បានអ្វីជាការតបស្នងវិញទេ ព្រោះអ្វី ដែលសំខាន់នោះគឺគាត់ដើរតាមព្រះយេស៊ូជាម្ចាស់។ នៅព្រះវិហារបឹងទំពុនក្រៅពីការប្រមូលថវិកាសំរាប់ជួយដល់ពួកគេនោះគឺមានការប្រមូលផ្តុំគ្នាធ្វើការ អធិដ្ឋានជាធម៌សកលពួកគេផងដែរ។ អ្នកដែលបានចូលរួមទាំងនោះ គឺម្នាក់ៗមានការពេញចិត្តយ៉ាងខ្លាំងក្នុងការចូលរួមធ្វើ។ ម្យ៉ាងទៀតវាជាលើកទីមួយសំរាប់ ព្រះសហគមន៍កាតូលិកកម្ពុជា ដែលបានផ្តល់អំណោយជាថវិកា ទៅដល់ប្រទេសខាងក្រៅ ទោះបីជាវាមានតំលៃស្តួចស្តើងក៏ដោយ។
អ្នកគ្រូកាត់ដេរ ជាសារិននៅព្រះសហគមន៍បឹងទំពុនក៏បានបង្ហាញពីអារម្មណ៍របស់គាត់ដែរថា៖ "ខ្ញុំមានការពេញចិត្ត និងមានសេចក្តីសោមនស្ស រីករាយដោយបានចូលរួមក្នុងការធ្វើការបរិច្ឆាគទានទៅដល់ជនរងគ្រោះដោយសាររលកយក្ស ស៊ូណាមី"។ អ្នកគ្រូបន្ថែមទៀតថា៖ តាមចិត្តរបស់គាត់ គឺគាត់ ចងជួយច្រើនទៅដល់ពួកគេទាំងនោះ ប៉ុន្តែដោយសារតែលទ្ធភាពរបស់គាត់មានត្រឹមតែប៉ុណ្ណោះ។ វាជាមោទនភាពមួយរបស់ប្រទេសកម្ពុជាដែលបានចូលរួម ក្នុងការជួយសង្រ្គោះដល់អ្នករងគ្រោះទាំងនោះ។
Article Source: C.S.C, Reported by Kunthea, Metrey
|