|
សំណូមពររបស់វិទ្យាល័យនិងបណ្តុះបណ្តាលវិជ្ជាជីវះនៅជនបទមួយ
Posted: 3rd December 2004
លោកច័ន្ទសារុនជាមួយសិស្សានុសិស្ស
|
ត្រាំកក់-តាកែវ៖ អ្នកទទួលខុសត្រូវវិទ្យាល័យនិងបណ្តុះបណ្តាលវិជ្ជាជីវះសន្តហ្រ្វង់ស្វ័របានសំណូមពរឲ្យលោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទជួយអន្តរាគមន៍ទៅក្រសួងអប់រំយុវជន និងកីឡា ដើម្បីឲ្យសាលាបានទទួលនូវការអនុញ្ញាតិមានសិទ្ធិនៅក្នុងការចេញលិខិតបញ្ជាក់ការសិក្សាឬសញ្ញាប័ត្របច្ចេកទេសជូនសិស្សនៃសាលានេះ។
លោកអូលីវីយេ អ្នកសម្របសម្រួលរបស់វិទ្យាល័យ និងបណ្តុះបណ្តាលវិជ្ជាជីវះសន្តហ្វ្រង់ស្វ័របានលើកឡើងកាលពីថ្ងៃអាទិត្យទី២៨វិច្ឆិកា ដោយបង្ហាញអំពីកម្មវិធីសិក្សានិងបណ្តុះបណ្តាលវិជ្ជាជីវះមួយចំនួនដែលសាលានេះបានផ្តល់ជូនដល់សិស្សដែលស្ថិតក្នុងគ្រួសារក្រីក្រ។ លោកបានមានប្រសាសន៍ថាកម្មវិធីសិក្សានៅទីនេះត្រូវបានរៀបចំយ៉ាងត្រឹមត្រូវនិងមានស្តង់ដារផ្លូវការ ប៉ុន្តែសាលាពុំទាន់មានសិទ្ធិអាចចេញនូវលិខិតបញ្ជាក់ការសិក្សា ឬសញ្ញាប័ត្រជូនដល់សិស្សដែលបានសិក្សានៅទីនេះឡើយ ដូចនេះសិស្សដែលបានទទួលការសិក្សាហាក់ដូចពុំមានអ្វីជាទីកក់ក្តៅសម្រាប់ស្វែងរកការងារធ្វើទេ។ លោកបានសំណូមពរឲ្យលោកច័ន្ទសារុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទជួយអន្តរាគមន៍ទៅក្រសួងអប់រំយុវជន និងកីឡា ដើម្បីឲ្យសាលារបស់លោកមានសិទ្ធិអាចចេញសញ្ញាប័ត្រដែលមានការទទួលស្គាល់ជាផ្លូវការ។ វិទ្យាល័យនិងបណ្តុះបណ្តាលវិជ្ជាជីវះសន្តហ្វ្រង់ស្វ័រស្ថិតនៅក្នុង ឃុំគូសស្រុកត្រាំកក់។ សាលានេះបានបង្កើតឡើងកាលពីឆ្នាំ២០០៣ ដោយព្រះសហគមន៍កាតូលិកចម្ការទៀង។ បច្ចុប្បន្នមានសិស្សចំនួន៦៤នាក់ដែលជាសិស្សមកពីគ្រួសារក្រីក្របំផុត ក្រៅពីការបង្ហាត់បង្រៀនមុខវិជ្ជាចំណេះដឹងទូទៅសាលានេះនៅបានបង្រៀនមុខវិជ្ជាជីវះមួយចំនួនដូចជា កុំព្យូទ័រ តម្បាញ ការធ្វើកសិកម្ម ការចិញ្ចឹមសត្វ។ល។
 Mr Chan Sarun visits Experimental room of Saint Francor School in Tram Kork District | លោករដ្ឋមន្រ្តីច័ន្ទ សារុន បានអញ្ជើញទៅទីនោះកាលពីថ្ងៃទី២៨ខែវិច្ឆិកា ដោយនាំនូវអំណោយជាសៀវភៅចម្រុះចំនួន ៧៣មុខស្មើនឹង៦០០ក្បាលទៅផ្តល់ជូនបណ្ណាល័យនៃវិទ្យាល័យនេះសម្រាប់បម្រើដល់ការសិក្សានិងការស្រាវជ្រាវរបស់សិស្ស។ លោកច័ន្ទ សារុនបានសំដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំសាលាដែលបានខិតខំជួយដល់សិស្សដែលមកពីគ្រួសារក្រីក្រទាំងការផ្តល់នូវចំណេះដឹងទូទៅក៏ដូចជាមុខវិជ្ជាជំនាញមួយចំនួន។ លោកបានគាំទ្រចំពោះសំណូមពររបស់លោកអូលីវីយេក្នុងការធ្វើយ៉ាងណាឲ្យសាលាមានសិទ្ធិចេញនូវសញ្ញាប័ត្រ ឬលិខិតបញ្ជាក់ការសិក្សាដល់សិស្ស។ លោកបញ្ជាក់ថានៅពេលសិស្សរៀនចប់គឺត្រូវតែមានការទទួលស្គាល់ការសិក្សានេះដើម្បីងាយស្រួលក្នុងការស្វែងរកការងារធ្វើនៅពេលចេញពីសាលា។លោកបន្តទៀតថាការផ្តល់នូវចំណេះដឹងខាងកសិកម្មគឺជាការផ្តល់នូវបំណិនជីវិតមួយដែលមានសារសំខាន់សម្រាប់សិស្សនៅជនបទហើយលោកធានាផ្តល់ជូនគ្រូជំនាញកសិកម្មដល់សាលាប្រសិនជាសាលាត្រូវការគ្រូជំនាញដោយឥតគិតលុយ។ លោកគូសបញ្ជាក់ថាលោកត្រៀមខ្លួនជានិច្ចដើម្បីជួយដល់វិទ្យាល័យនៅជនបទមួយនេះ។
វិទ្យាល័យនេះបានសាងសង់ឡើងដោយមានលក្ខណៈល្អនិងទំនើបបង្គួរ។ សម្ភារៈសិក្សាមួយចំនួនដូចជា កុំព្យូទ័រ មន្ទីរពិសោធន៍ សម្ភារៈតម្បាញ ឧបករណ៍បង្ហាញត្រូវបានបំពាក់នៅទីនេះ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ផងដែរថាលោកនឹងខិតខំប្រមែប្រមូលសៀវភៅ និងឯកសារថ្មីៗថែមទៀតដែលសុទ្ធសឹងជាសៀវភៅ និងឯកសារសមស្របក្នុងយុគសកលភាវូបនីយកម្មនេះផ្តល់ជូនសាលា។ លោកក៏បានស្នើសុំឲ្យសាលាបង្កើនម៉ោងសិក្សាដល់សិស្សពីមួយថ្ងៃ៤ម៉ោងទៅ៨ម៉ោងប្រយោជន៍ ដើម្បីឲ្យសិស្សបានទទួលនូវចំណេះដឹងកាន់តែច្រើនថែមទៀត។ លោកបានសំណូមពរឲ្យក្មួយៗជាសិស្សខិតខំសិក្សាគ្រប់មុខវិជ្ជា និងព្រមទាំងការស្រាវជ្រាវផ្សេងៗក្នុងបណ្ណាល័យផងដែរ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន។ លោកបានលើកឡើងនូវប្រសាសន៍មួយឃ្លារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនដែលបានពោលថា៖ "រៀនដើម្បីចេះ មិនមែនរៀនដើម្បីចប់" ទេ។
Article Source: ពីកាសែតរស្មីកម្ពុជា អត្ថបទដោយ៖ បូព៌ព្រឹក្ស
|