|
ការរស់ឡើងវិញ នៃព្រះសហគមន៍ក្នុងប្រទេសកម្ពុជា
Posted: 29th November 2004
ដូនជីនិងគ្រីស្តបរិស័ទពីដើម
|
នៅឆ្នាំ ១៩៧៩ បន្ទាប់ពីកងរំដោះជាតិពីសង្គមដ៏សែនឃោឃៅ “គឺរួចផុតពីសម័យប៉ុលពត” ប្រជាជនបានត្រឡប់ចូលមករស់នៅតាមភូមិវិញ។ តាំងពីពេលនោះមករដ្ឋាភិបាល ចេះតែរករឿងគ្រីស្តបរិស័ទ។ នៅឆ្នាំ ១៩៨០ មានគ្រីស្តបរិស័ទប្រហែល៦០នាក់ ត្រូវរដ្ឋាភិបាលឃុំខ្លួនគេដោយចោទថាអ្នកទាំងនោះជាប់ទាក់ទងនិងពួកតស៊ូ។ ចំណែកប្រជាជនដែលរស់នៅទីក្រុងក៏បានចូលមកវិញក្រោយគេបង្អស់ នៅពេលនោះរដ្ឋាភិបាលថ្មីបានប្រកាសរកអ្នកចេះដឹងដែលនៅសល់ដើម្បីរៀបចំសង្គម និងរចនាសម្ព័ននៅតាមក្រសួងនិមួយៗ។ ងាយស្រួលដល់ការគ្រប់គ្រង ព្រោះខ្លាចមានអ្នកបន្លំខ្លួនមកពី “ម៉ូលីណាការ” ដឹកនាំដោយសម្តេចសីហនុ។ ពេលនោះមានប្អួនស្រីលោក សាឡាស់ ឈ្មោះ សុភាព ចូលមកដល់ភូមិព្រះមាតា គាត់មានប្រសាសន៍ថាៈ គាត់មិនបានឃើញព្រះវិហារ ហើយក៏មិនបានជួបគ្រីស្តបរិស័ទណាម្នាក់លោះ។ នៅពេលគាត់ទៅដល់ផ្ទះរបស់គាត់ឃើញតែរូបថតលោក សាឡាស់ ២សន្លឹកតែប៉ុណ្ណោះ។ ព្រះសហគមន៍ភ្នំពេញ ក៏ដូចជាព្រះសហគមន៍បាត់ដំបងដែរ ត្រូវបាត់បង់សមាជិកជាច្រើនមានគ្រីស្តបរិស័ទម្នាក់ បានធ្វើការជំរឿនចំនួនគ្រីស្តបរិស័ទនៅសល់តែ ៥៦២១នាក់ មានគ្រីស្តបរិស័ទ ៦៧នាក់នៅប្រទេសថៃ គ្រីស្តបរិស័ទដែលបាត់ខ្លួន ២រឺ៣%។ អ្នកមីងសុភាពបានមានប្រសាសន៍ថាៈ នៅភ្នំពេញគ្រីស្តបរិស័ទមិនបានជួបជុំគ្នាទេ ណាមួយអាជ្ញាធរមិនអនុញ្ញាតិអោយ ហើយទទួលរងនៅការត្មេះតេះដៀលចំពោះសាសនាយើងទៀតផង ។ ដោយសេចក្តីមេត្តាករុណារបស់ព្រះអង្គធ្វើអោយមានសហគមន៍អន្តរជាតិ ជាច្រើនបានចូលមកជួយប្រទេសខ្មែរ។ នៅពេលនោះហើយ ដែលមានអង្គការកាតូលិកបានចូលមកដែរគឺ “គណកម្មាធិការកាតូលិកប្រឆាំងនិងទុរ្ភិក្ស ដើម្បីអភិវឌ្ឍនៈភាពជាដើម។ នៅថ្ងៃទី ៦ មករា ឆ្នាំ១៩៨៣ សម្តេចប៉ាបបានបង្កើត អង្គការទទួលបន្ទុកពង្រឹងនិងពង្រីកការប្រកាសផ្សាយដំណឹងល្អនៅគ្រប់ទីកន្លែងដែលមានប្រជាជនខ្មែររស់នៅ ហើយបានតែងតាំងលោក អ៊ីវរ៉ាមូស ជាអតីតអភិបាលព្រះសហគមន៍ប្រចាំនៅប្រទេសកម្ពុជា ពីដើមទទួលខុសត្រូវលើអង្គការនេះ។
ក្នុងអំឡុងពេលដ៏សែនលំបាកនេះ គ្រីស្តបរិស័ទកាតូលិកយើងបានរួមគ្នាប្រកាសដំណឹងល្អ។ នៅឆ្នំា១៩៧៩ ក៏មាន សៀង អាង បានបង្កើតក្រុមជំនុំតូចៗ នៅឆ្នាំ ១៩៨០ មានគ្រូគង្វាលម្នាក់មកពី កាល់វុំាង ជនជាតិបារាំងឈ្មោះ យូហាន ក្លាវ៉ូ (Jean clavaub) ធ្លាប់នៅប្រទេសខ្មែរត្រូវបានអង្គការនេះបញ្ចូនអោយមក ហើយលោកបានចាប់អារម្មណ៍ទៅលើជំនឿគ្រីស្តបរិស័ទយ៉ាងខ្លាំង។
នាងសុភាពបានបន្តទៀតថាៈ ក្រៅពីអធិដ្ឋានតាមរបៀបគ្រួសារ មានពេលទំនេរគេតែងតែ ទៅសួរសុខទុក្ខគ្នាទៅវិញទៅមកដោយមិនខ្លាចអ្វីឡើយ ជាពិសេសជាងនេះទៅទៀតរិតតែមានជំនឿរឹងមាំឡើង។ រដ្ឋអំណាចផ្តល់សេរីភាពអោយគ្រីស្តបរិស័ទក្រោយពីការបំផ្លាញ សញ្ញាសំគាល់របស់ព្រះវិហារចោលអស់ ព្រះវិហារមួយចំនួនត្រូវបានរដ្ឋយកទៅកសាងជាអាគារសាធារណៈផ្សេងៗដូចជាៈ ព្រះវិហារសាល វិហារក្រុងភ្នំពេញគេយកទៅកសាងជាស្ថានីយ៍ទូរគមនាគមន៍ផ្កាយរណប ព្រះវិហារព្រះមាតាត្រូវគេសង់ជាមន្ទីពេទ្យ។ល។ ទាំងអស់នេះជាគោលនៃការបំផ្លាញគ្រីស្តបរិស័ទ។ ថ្វីត្បិតតែរដ្ឋធម្មនុញ្ញបានចុះនៅថ្ងៃទី ១ ឧសភា ឆ្នំា១៩៨៩ បានទទួលស្គាល់ពីសេរីភាពខាងសាសនា។ មួយខែក្រោយមកក្រុមប្រឹក្សារដ្ឋមន្ត្រី នៅតែមិនអនុញ្ញាតិអោយប្រកាសផ្សាយដំណឹងល្អឡើយ ឬមិនអនុញ្ញាតិអោយមានការផ្សព្វផ្សាយគ្រីស្តសាសនានៅតាមប្រទេសតាមអង្គការ ដូច្នេះគ្រីស្តបរិស័ទទទួលព្រះគម្ពីរ សម្ភារៈផ្សេងៗតាមរយៈ អង្គការតែប៉ុណ្ណោះ។ នៅខែសីហា ១៩៨៩ រដ្ឋមន្ត្រីទី១ បានឆ្លើយតបជាមួយសំនួរ មួយរបស់មេធាវីម្នាក់មកពីប្រទេសអាមេរិក “រដ្ឋកម្ពុជាគ្មានបំណងអោយជនបរទេសនាំសាសនាផ្សេងចូលប្រទេសកម្ពុជាទេរឺ?” នៅពេលនោះហើយរដ្ឋាភិបាលបានរិះគិតសំណូមពររបស់ប្រជាជនខ្មែរដែលរស់នៅក្នុងប្រទេស។
នៅឆ្នាំ ១៩៨០ គ្រីស្តបរិស័ទចាប់ផ្តើមមានសេរីភាព ក្នុងការគោរពកោតសរសើរលើកតំកើងព្រះជាម្ចាស់ ទោះជាមិនទាន់មានព្រះវិហារក៏ដោយ គេបានទៅជួបជុំគ្នានៅតាមផ្ទះដែរ។
នៅឆ្នាំ ១៩៩០ ថ្ងៃទី១៨ ខែមករា តាមរយៈ សូមសំណូមពរលោករដ្ឋទូតប្រទេសហុងគ្រី រដ្ឋាភិបាលភ្នំពេញបានអនុញ្ញាតិអោយសាងសង់ព្រះវិហារមួយសំរាប់គ្រីស្តបរិស័ទទាំងអស់ គឺនៅចំងាយប្រហែល ៦គ.ម ពីទីក្រុងភ្នំពេញ។ រួចបានបង្កើតគណកម្មការចំរុះមួយ ដែលមានការតូលិក និងប្រូតេស្តង់និងមាននិកាយផ្សេងៗទៀត រួមជាមួយគ្នាហើយក៏មានរណៈសិរ្សស្នេហាជាតិ ចូលរួមផងដែរ ដើម្បីគ្រប់គ្រងព្រះវិហារ។ ហើយនៅថ្ងៃទី ១៦ មិថុនា ឆ្នាំ១៩៩០គណកម្មការ ព្រះសហគមន៍កាតូលិក បានសរសេរលិខិតមួយច្បាប់ ដើម្បីសុំការអនុញ្ញាតិធ្វើបុណ្យចូលឆ្នំាខ្មែរ តាមប្រពៃណីគ្រីស្តសាសនា។ នៅពេលនោះលោក ជា ស៊ីម បានយល់ព្រម នៅថ្ងៃទី ៩ មេសា ១៩៩០ តាមលិខិតអនុញ្ញាតិ និងមានផ្សព្វផ្សាយតាមវិទ្យុជាតិ និងទូរទស្សន៍ផងដែរ។ លិខិតនោះបានទទួលស្គាល់នូវវត្តមានរបស់គ្រីស្តបរិស័ទ។ គ្រីស្តបរិស័ទមានអំណរសប្បាយយ៉ាងខ្លាំង ព្រោះ១៨ឆ្នំាហើយ ដែលគ្រីស្តបរិស័ទមិនដែលបានជួបជុំគ្នា ហើយនេះជាលើកទីមួយនៃបុណ្យចំលង។ ថ្ងៃ១៤ មេសា ១៩៩០ គ្រីស្តបរិស័ទទាំងអស់ ទាំងខ្មែរ និងវៀតណាម ព្រមទាំងក្រុមផ្សាយដំណឹងល្អ បានរួមគ្នាចូលអភិបូជា នៅមហោស្រពភ្នំពេញ ”ចេនឡា” ដែលមានគ្រីស្តបរិស័ទជាង ១៥០០នាក់។ ក្រោយមកទៀតមានបាត់ដំបង ចំណោមក៏បានជួបជុំគ្នាផងដែរ។ ទោះបីជា សេរីភាពមិនទាន់គ្រប់គ្រាន់ យ៉ាងណាក៏ដោយ ក៏វាជាផ្លូវនៃសេចក្តីសង្ឃឹមសំរាប់គ្រីស្តបរិស័ទយើងដែរ។ តាំងពីពេលនោះមក ព្រះសហគមន៍យើងមានជីវិតរស់ឡើងវិញ។
Article Source: C.S.C
|