|
ប្រវត្តិពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ
Posted: 24th November 2004
ចំលាក់ពីទ័ពជើងទឹកខ្មែរនៅអង្គរ
|
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក សំពះព្រះខែ ជាពិធីបុណ្យប្រពៃណីជាតិមួយដែលត្រូវបានប្រជាជនខ្មែរប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងរយៈពេលបីថ្ងៃ ដោយគិតតាមប្រតិទិនចន្ទគតិ គឺនៅថ្ងៃ១៤កើត១៥កើត និងថ្ងៃ២រោចខែកត្តិក។
ពិធីបុណ្យទាំងនេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងពេលជាមួយគ្នា(ប្រហែលជាដូនតាយើងមិនចង់ចំណាយពេលវេលាច្រើន កុំអោយរំខាន់ដល់កិច្ចការ) ស្ថិតក្នុងវេលាខុសគ្នា ដើម្បីរំលឹកទៅដល់ជ័យជំនះកងទ័ពជើងទឹកខ្មែរពីអតីតកាលដ៏រុងរឿង ជាការធ្វើការរំលឹកគុណដល់ទន្លេមេគង្គ ដែលបានហូរនាំដីល្បាប់ដ៏មានជីជាតិសម្រាប់ការធ្វើស្រែចម្ការរបស់ប្រជាកសិករខ្មែរ ដើម្បីចូលរួមសប្បាយក្នុងជីវភាពរស់នៅ របស់ប្រជាកសិករ និងដើម្បីរំលឹកដល់ព្រះពុទ្ធជាព្រះបរមគ្រូនៃយើង។
ហេតុអ្វីបានជាគេប្រារព្ធធ្វើបុណ្យនេះនៅខែកត្តិក?
ដោយយោងទៅតាមលក្ខខណ្ឌធម្មជាតិនៃអាកាសធាតុ ក៏ដូចជារដូវកាលយើងសង្កេតឃើញថា នាខែកត្តិកនេះគឺ ជាពេលវេលាដែលទឹកទន្លេមេគង្គចាប់ផ្តើមស្រកចុះជាបណ្តើរៗ (រដូវទឹកសម្រក) ដែលបង្កលក្ខណៈងាយស្រួលក្នុងការប្រកួតប្រជែងអុំទូក ចែវទូក យ៉ាងសប្បាយរីករាយរបស់ប្រជាជនខ្មែរយើង។ ម្យ៉ាងវិញទៀតបងប្អូនប្រជាកសិករដែលរស់នៅតាមស្រុកស្រែចម្ការដែលប្រកបរបរកសិកម្មជាវេលាដែលស្រូវកំពុងទុំ(រដូវស្រូវទុំ)។ ដូច្នេះគេក៏នាំគ្នាធ្វើជាអំបុកសម្រាប់បរិភោគលេងនៅពេលទំនេរ ហើយក៏ត្រូវនឹងអត្ថន័យនៃពិធីនេះដែរ។ស្ថិតក្នុងភាពទំនេរពីការធ្វើស្រែ គឺបងប្អូនយើងក៏អាចមកចូលរួមប្រកួតប្រជែងប្រណាំងទូក និងទស្សនាជួយលើកទឹកចិត្តគ្នាទៅតាមតំបន់ស្រុកភូមិនីមួយៗរៀងៗខ្លួន។
ប្រភពនៃពិធីនីមួយៗ
ពិធីអុំទូកៈ
ពិធីប្រណាំងទូកត្រូវបានធ្វើឡើងដើម្បីជានិមិត្តរូបក៏ដូចជាការរំឮកគុណដល់កងទ័ពជើងទឹកខ្មែរដែលធ្លាប់មានមហិទ្ធិប្ញទ្ធិដ៏ខ្លាំងក្លាពូកែក្នុងការការពារបូរណភាពដែនដី ឲ្យរួចផុតពីការឈ្លានពានរបស់សត្រូវ។ មានប្រភពពីរផ្សេងៗគ្នាដែលបញ្ជាក់ពីប្រភពកំណើតនៃពិធីប្រណាំងទូកនេះ៖
១. នៅសម័យអង្គរ នាគ្រិស្តសតវត្សទី១២ ក្រុងកម្ពុជាមានសេចក្តីសុខក្សេមក្សាន្ត រុងរឿងណាស់ដោយព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ចេញធ្វើសឹកសង្គ្រាមជើងទឹកបង្កា្របពួកចាមដោយកងទ័ពជើងទឹកជាចម្បាំងរំដោះក្រុងកម្ពុជាឲ្យរួចផុតស្រឡះចេញពីខ្មាំងសត្រូវ(គ.ស១១៧៧-១១៨១)។
២. នៅសម័យលង្វែក(គ.ស១៥២៨) ព្រះបាទអង្គច័ន្ទទី១ ទ្រង់តាំងពញាតាត ងារជាសិទ្ធភូបាលជាស្តេចត្រាញ់នៅកម្ពុជាក្រោមស្រុកបាសាក់។ ស្តេចត្រាញ់នេះបានចាត់របៀបរៀបចំការពារស្រុក មានរបៀបចែកចេញជា៣ក្រុម ដោយទូកនីមួយៗមានសណ្ឋានរាងដូចទូកប្រណាំងយើងសព្វថ្ងៃនេះ។
ជាមួយគ្នានេះ ក៏នៅមានជំនឿប្លែកៗជាច្រើនទៀតដែលមានការយល់ផ្សេងៗអំពីបញ្ហាដែលទាក់ទងទៅនឹងពិធីអុំទូកនេះ។
ពិធីបណ្តែតប្រទីបឬលយប្រទីប
ពាក្យ”លយប្រទីប” ជាការផ្សំគ្នារវាងពាក្យលយ និងប្រទីប
- លយៈ គឺមានន័យថា បណ្តែត
- ប្រទីបៈ មានន័យថា គោម ឬចង្កៀង
មានរឿងព្រេងក៏ដូចជាគម្ពីរជាច្រើនផ្សេងៗគ្នាដែលបានពន្យល់ពីទំនៀមទម្លាប់ប្រពៃណីនៃការលយប្រទីបនេះ ក៏ប៉ុន្តែ មានរឿងព្រេងពីរក្នុងចំណោមរឿងព្រេងទាំងនោះត្រូវបានគេដឹងដោយឡែក។
- តាមរយៈរឿងព្រេងមួយបានពណ៌នាថា ពិធីបុណ្យនេះគឺ ដើម្បីគោរពបូជាដល់ចង្កូមកែវរបស់ព្រះអង្គដែលរក្សាទុកដោយស្តេចនាគ។ រីឯតាមគម្ពីរ ទាឋាវង្ស បានចែងថា ព្រះចង្កូមកែវទាំង៤ព្រះនៃព្រះសម្មាសម្ពុទ្ធជាបរមគ្រូប្រតិស្ឋាននៅទីតាំងទាំង៤ គឺត្រៃត្រិង្សសួគ៌ នាគពិភព ស្រុកគន្ធរៈ ទន្តបុរៈកលិង្គរដ្ឋ។
តាមរយៈរឿងព្រេងមួយទៀតបាននិយាយថា ពិធីបុណ្យនេះគឺ ដើម្បីរំឮកដល់អនុស្សាវរីយ៍នៃថ្ងៃមួយដែលតាមការស្នើសុំរបស់នាគ ព្រះពុទ្ធ ទ្រង់បន្សល់ទុកនូវស្នាមព្រះបាទា ដើម្បីឲ្យសត្វដែលរស់នៅក្នុងទឹកទាំងឡាយអាចចូលរួមក្នុងការបូជា។ រីឯគម្ពីរភាណវារៈបាលី បានសរសេរថា ព្រះបាទនៃព្រះសម្មាសម្ពុទ្ធជាបរមគ្រូ ប្រតិស្ថាននៅទីទាំង៥កន្លែង គឺនៅសុវណ្ណមាលិកបពិត សុវណ្ណបពិត សុមនកូដបពិត យោនកបុរីស្នឹងនម្មទា។
នៅសម័យបច្ចុប្បន្ននេះ ការបណ្តែតប្រទីបត្រូវបានធ្វើឡើងដោយមានក្បូនយ៉ាងធំដែលជាតំណាងឲ្យប្រទីបនៃក្រសួងមន្ទីរ ឬស្ថាប័ននីមួយៗ ដោយមានរំលេចនូវក្បូរក្បាច់រចនាលំអរភ្លើងពណ៌ជារូបផ្សេងៗតំណាងឲ្យសមិទ្ធិផល និងសញ្ញាជាសម្គាល់របស់ស្ថាប័នរៀងៗខ្លួន។
ការអកអំបុក-សំពះព្រះខែ
តាមសៀវភៅ “ព្រះរាជពិធីទ្វារទសមាស” បានបង្ហាញនូវប្រភពកំណើតថាៈ ក្នុងដើមភទ្ទកប្បនេះ ព្រះបរមពោធិ៍សាត់នៃយើងទ្រង់ឧប្បត្តិជាសសបណ្ឌិត(ទន្សាយ)។ នៅថ្ងៃពេញបូរមីមួយទ្រង់អធិដ្ឋានឧបោសថសីល ហើយទ្រង់ឧទ្ទិសព្រះមំសៈព្រះអង្គជាទានបរមត្ថបារមីដើម្បីបំពេញព្រះពោធិ៍សម្ភារឲ្យបានត្រាស់ជាព្រះពុទ្ធ។ ព្រះឥន្ទទ្រង់ជ្រាប ទ្រង់កាឡាព្រះអង្គជាព្រាហ្មណ៍ចាស់មកសុំព្រះមំសៈសសបណ្ឌិតជាអាហារ។ ព្រះពោធិ៍សាត់ឲ្យឥន្ទព្រាហ្មណ៍បង្កាត់ភ្លើង ដើម្បីដុតព្រះអង្គលោក។ កាលឥន្ទព្រាហ្មណ៍បង្កាត់ភ្លើងឆេះ ព្រះពោធិ៍សាត់លោតចូលភ្លើងនោះ ភ្លើងពុំឆេះសោះ ឥន្ទព្រាហ្មណ៍ស្ទុះទៅពរព្រះពោធិ៍សាត់ឡើងទៅដល់មណ្ឌលព្រះច័ន្ទ ហើយទ្រង់យកម្នាងសិលាគូសរូបទន្សាយអធិដ្ឋានឲ្យនៅជាប់រហូតដល់ទីបំផុតកប្ប។ ដោយអានុភាពទាន់បរមត្ថបារមីនៃព្រះពោធិ៍សាត់ផងសេចក្តីអធិដ្ឋានរបស់ព្រះឥន្ទផង រូបទន្សាយក៏ឃើញប្រាកដនៅក្នុងច័ន្ទមណ្ឌលដរាបដល់សព្វថ្ងៃ។
ដោយមានជំនឿជឿលើរឿងនេះហើយ ទើបប្រជាជនខ្មែរយើងធ្វើការសំពះព្រះខែជារៀងរាល់ឆ្នាំ ភ្ជាប់ជាមួយនឹងការអកអំបុកជាមួយគ្នាតែម្តងដោយគេមានដាក់សែននូវដូងចេក....ជាមួយគ្នាផងដែរ។
តាមរយៈការប្រារព្ធពិធីបុណ្យនេះ បានបង្ហាញនូវទំនៀមទម្លាប់ប្រពៃណីដ៏ប្រសើរ ថ្លែថ្នូរនៃវប្បធម៌របស់ជនជាតិខ្មែរយើង។ លើសពីនេះទៅទៀតនោះគឺ ពិធីបុណ្យនេះមានប្រភពទាក់ទងទៅនឹងប្រវត្តិសាស្រ្តនៃកម្ពុជាយើងផង ដោយមានកាលបរិច្ឆេទ និងរជ្ជកាលច្បាស់លាស់គឺ ក្នុងសម័យលង្វែក(គ.ស១១៧៧-១១៨១) និងសម័យព្រះបាទអង្គចន្ទទី១ និងទាក់ទងដល់សាសនាព្រះពុទ្ធដ៏ល្អរបស់ខ្មែរយើងផង។
ទោះបីថា ប្រវត្តិនៃប្រភពកំណើតនីមួយៗមានរឿងជាច្រើនប្លែកៗគ្នាក៏ដោយ ប៉ុន្តែ យើងសង្កេតឃើញថា រឿងទាំងនេះស្ថិតនៅក្នុងចំណុចប្រសព្វរួមតែមួយដូចៗគ្នា ហើយយ៉ាងហោចណាស់ក៏ឲ្យយើងបានដឹងថាពិធីទាំងនោះកើតឡើងលើទឹកដីខ្មែរស្ថិតនៅជារបស់ប្រជាជនខ្មែរ និងព្រះពុទ្ធសាសនាពិតៗប្រាកដដែរ។
ពុទ្ធសាសនបណ្ឌិតប្រវត្តិនៃប្រភពកំណើតនីមួយៗមានរឿងជាច្រើនប្លែកៗគ្នាក៏ដោយប៉ុន្តែយើងសង្កេតឃើញថារឿងទាំងនេះស្ថិតក្នុងចំណុចប្រសព្វរួមតែមួយដូចៗគ្នា ហើយយ៉ាងហោចណាស់ក៏ឲ្យយើងបានដឹងថាពិធីទាំងនោះកើតឡើងលើទឹកដីខ្មែរស្ថិតនៅជារបស់ប្រជាជនខ្មែរ និងព្រះពុទ្ធសាសនាពិតៗប្រាកដដែរ៕
Article Source: ពុទ្ធសាសនបណ្ឌិត
|