Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #116

ព្រះរាជពិធីរាជាភិសេកព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី

Posted: 23rd November 2004

ព្រះបាទព្រះបរមនាថនរោត្តមសីហមុនី

ភ្នំពេញ​-​ព្រះ​រាជា​ណាច​ក្រ​កម្ពុ​ជា​យើង មាន​អំណរ​សប្បាយ​ដោយ​មាន​ព្រះ​មហា​ក្សត្រ​ថ្មី​គឺ​ ព្រះ​ករុ​ណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ​នរោ​ត្តម​សីហ​មុនី ទ្រង់​ឡើង​គ្រោង​រាជ្យ​បន្ត​ពី​ព្រះ​បិតា​របស់​ទ្រង់​ព្រះ​បាទ​សម្តេច​ព្រះ​នរោ​ត្តម​សី​ហ​នុ។​ ព្រះរាជ្យ​​ពិធី​​រាជា​ភិ​សេក​នេះ​បាន​ប្រ​ព្រឹត្ត​ទៅ​រយៈ​ពេល​បីថ្ងៃ ពី​ថ្ងៃ​ព្រហ​ស្បតិ៍​ទី​២៨ ដល់​ថ្ងៃ​សៅរ៍​ទី​៣០ ខែ​តុលា ឆ្នាំ​២០​០៤ ត្រូវ​នឹង​ថ្ងៃ​២រោច​ខែ​អស្សុ​ជ ឆ្នាំ​វក ឆ​ស័ក ព.ស ២៥​៤៨ ប្រ​កប​ទៅ​ដោយ​បរិ​យា​កាស​អធិ​អ​ធម សប្បាយ​រីក​រាយ និង​ជោគ​ជ័យ។

នៅ​ថ្ងៃ​ដំ​បូង​នៃ​ពិធី​រាជា​ភិ​សេក មាន​រៀបចំ​​ពិធី​តាម​រ​បៀប​ប្រពៃ​ណី​ខ្មែរ ដែល​មាន​វង្សា​នុវង្ស​ចូល​រួម។ ដោយ​ឡែក​នៅ​ថ្ងៃទី​២​នៃ​ពិធី​នេះ មាន​ការ​ចូល​រួម​យ៉ាង​កុះ​ក​រ រួម​មាន មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា រាជ​វង្សា​នុ​វង្ស អ្នក​សារ​ព័ត៌​មាន​ជាតិ​ និង​អន្តរ​ជាតិ។ នៅ​ក្នុង​ថ្ងៃ​នោះ​ដែរ យើង​ស​ង្កេត​ឃើញ​មាន​ព្រះ​រាជ្យ​​ពិធី​សំ​ខាន់ៗ​ចំនួន​ពីរ​គឺ ព្រះ​រាជ​ពិធី​ស្រង់​ព្រះ​សុ​គន្ធ​វារី ក្នុង​ព្រះ​រាជ​ពិធី​នេះ​មាន​ប្រារព្ធ​ពិធី​បួង​សួង ​ហើយ​ព្រះ​សង្ឃ​៩អង្គ​ស្វា​ធ្យាយ​ថ្វាយ​ពុទ្ធ​ជ័យ​ដល់​ព្រះ​មហា​ក្សត្រ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ​


នរោ​ត្តម​សីហ​មុនី សម្តេច​ព្រះ​សង្ឃ​រាជ​ទាំង​ពីរ​គណៈ បាន​ប្រ​ទាន​ព្រះ​សុគន្ធ​វារី​ថ្វាយ​ព្រះ​ករុ​ណា​សីហ​មុនី ព្រះវ​ររាជ​បិតា ព្រះ​វររាជ​មាតា​បាន​ថ្វាយ​ព្រះ​សុ​គន្ធ​វារី​ដល់​ព្រះ​ករុ​ណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ សូម​ព្រះ​ករុ​ណា​មាន​ព្រះ​បញ្ញា​ញាណ​ភ្លឺថ្លា ព្រះ​ជន្មា​យុ​យឺន​យូរ ដើម្បី​គង់​ប្រ​ថាប់ ក្នុង​ព្រះ​សិរី​រាជ​សម្បត្តិ​ដ៏​ត្រជាក់​ត្រជំ ដល់​ប្រជា​នុរាស្រ្ត​រួម​រស់​ក្នុង​សុខ​សន្តិ​ភាព និង​ចំរុង​ចំ​រើន​រុង​រឿង។

ព្រះ​រាជ​ពិធី​មួយ​ទៀត​នៅ​ពេល​រ​សៀ​ល យើង​ឃើញ​មាន​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​មហា​ក្សត្រ​ឆ្ពោះ​ទៅ​កាន់​ព្រះ​ទី​នាំង​ទេវា​វិនិ​ច្ឆ័យ ដើម្បី​ព្រះ​រាជ​សច្ចា​ប្រណិ​ធាន ហើយ​ស​ម្តេច​ចៅ​ហ្វា​វាំង វរ​រៀង​ជ័យ អធិ​បតី​ស្រឹង្គា​សូត្រ​ព្រះ​សុ​វណ្ណ​ប័ត្រ​ថ្វាយ​ព្រះប​រម​នាថ ថ្វាយ​គ្រឿង​ប​ញ្ចក​កុច​ភ័ណ្ឌ និង​ទូល​ថ្វាយ​ព្រះ​រាជ​សម្ប​ត្តិសួ​យសារ​អា​ករ នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា។ ព្រះ​សង្ឃ​៩​អង្គ​ថ្វាយ​ព្រះ​ពរ​សព្វ​សាធុ​ការ ព្រះ​ពុទ្ធ​ជ័យ​មង្គល។ នៅ​វេលា​ម៉ោង ៦​ល្ងាច ក៏​មាន​បន្លឺ​គង​ស្គរ នៅ​តាម​ទីវ​ត្តអា​រាម​ទូ​ទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា គ្រប់​ស្ថា​នីយ៍​វិទ្យុ និង​ទូរទ​ស្សន៍​ចាប់​ផ្តើម​ផ្សព្វ​ផ្សាយ អុជ​កាំ​ជ្រួច។ តំ​ណាង​ព្រះ​រាជ​វង្សា​នុវ​ង្ស តំ​ណាង​ព្រឹទ្ធ​សភា រដ្ឋា​សភា ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ តុលា​កា​រកំ​ពូល រាជ​រដ្ឋា​ភិ​បាល យាង និង​អញ្ជើញ​ថ្វាយ​ព្រះ​ពរ​ជ័យ។ ព្រះ​មហា​ក្សត្រ​ប្រ​ទាន​ព្រះ​រាជ​ឱង្ការ សូរ​សីហ​នាថ ព្រះ​រាជ​ទាន​សព្វ​សារ​ធុការ​ពរ​ជ័យ​ដល់​ប្រជា​រាស្រ្ត ព្រះ​រាជ​វង្សានុ​វង្ស នា​ម៉ឺន​សព្វ​មុខ​មន្ត្រី។

នៅថ្ងៃទី​បី​នៃ​ព្រះរាជពិធីរាជាភិ​សេក នៅ​ពី​មុខ​ព្រះ​បរម​រាជ​វាំង តាំង​ពី​ព្រ​លឹម​ស្រាងៗ​ឡើង​រហូត​ដល់​ម៉ោង៧​ព្រឹក ​ប្រជា​ពល​រដ្ឋ​​ខ្មែរ​ដែល​ចូល​រួម​មាន​​ទឹក​មុខ​ប្រកប​ដោយ​ស្នាម​ញ​ញឹម កំពុង​ឈរ​យ៉ាង​ត្រៀប​ត្រា​នៅ​អម​សង​ខាង​ផ្លូវ​ក្បែរ​វាល​ព្រះ​មេរុ និង​តាម​ផ្លូវ​ព្រះសី​សុវត្ថិ​ក្បែរ​មាត់​ទន្លេ ដៃ​ម្ខាង​កាន់​បដា​រូបព្រះ​ឆាយា​លក្ខណ៍​ព្រះក​រុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោ​ត្តម​សី​ហនុ និង​ដៃ​ម្ខាង​ទៀត​កាន់​ព្រះឆា​យាល​ក្ខណ៍​ព្រះ​ករុណា​ព្រះ​បាទ​នរោ​ត្តម​សីហ​មុនី។ ចំ​ណែក​យុវ​សិស្ស និង​និស្សិត​ក្នុង​ឯក​ស​ណ្ឋាន​យ៉ាង​សមរ​ម្យ កំពុង​កាន់​ទង់​ជាតិ និង​ព្រះ​រាជ​សង្ហា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ប្រកប​ដោយ​សេ​ចក្តី​អំ​ណររី​ក​រាយ​ជា​ពន់​ពេក រង់​ចាំមើល​ព្រះ​ភ័ក្រ​ព្រះ​មហា​ក្សត្រ​ថ្មី។ កង​យោធ​ពល​ខេម​រភូ​មិន្ទ​ទាំង​ទ័ព​ជើ​ងទឹក និង​ជើងអា​កាស ឈរ​យ៉ាង​ត្រង់​ជួរ​ក្នុង​ឯក​សណ្ឋាន​កង​ទ័ព​សក្តិ​សម​ជា​កុល​បុត្រ​ការ​ពារ​ជាតិ​មាតុ​ភូមិ។ ឯ​ក្រុម​នគរ​បាល​ជាតិ កង​រាជ​អាវុធ​ហត្ថ ក្រុម​ភ្លេង​រ័ត្រ​ឈរ​ជា​ជួរៗ ក្នុង​ទឹក​មុខ​រឹង​មាំ រង់​ចាំ​ស្តាប់​ព្រះ​រាជស​វនា​ការ។ ក្នុង​ប​រិយា​កាស​ដ៏​សែន​ស​ប្បាយ​រីក​រាយ​នេះ មាន​សូរ​ស័ព្ទសំ​លេង​កងរំ​ពង​លាយ​ឡំ​គ្នា​ពី​សំ​ណាក់​មហា​ជន មន្ត្រី​រាជការ និង​សំ​លេង​តន្ត្រី និង​សំ​លេង​ធ្វើ​បទ​អត្ថា​ធិប្បាយ​របស់វិ​ទ្យុ​ជាតិក​ម្ពុជា។

នៅ​វេលា​ម៉ោង​៨​គត់ ក្បួន​រថ​យន្ត​អត់​ដំបូល​របស់​ព្រះ​ករុណា​ព្រះ​បាទ​សីហ​មុនី បាន​យាត្រា​ជុំវិ​ញ​បរិ​វេណ​សួន​ច្បារ​មុខ​ព្រះ​បរម​រាជ​វាំង ដើម្បី​ឲ្យ​ប្រជា​នុ​រាស្រ្ត​បាន​ឃើញ​ព្រះ​ភ័ក្រ​ព្រះ​អង្គ។ ក្នុង​ព្រះ​រាជ​ពិធី ស​ម្តេច​ជា​ស៊ីម-ប្រ​ធាន​ព្រឹទ្ធ​សភា​ជាតិ ​សម្តេច​ក្រុម​ព្រះ​នរោត្ត​មរណ​ឬទ្ធិ-​ព្រះ​ប្រ​ធាន​រដ្ឋ​សភា​ជាតិ ស​ម្តេច​ហ៊ុន​សែន-​នាយក​រដ្ឋ​មន្ត្រី​នៃ​រាជ​រដ្ឋាភិ​បាល​កម្ពុជា លោក​កែប ជុតិ​មា-អភិ​បាល​រាជ​ធានី​ភ្នំ​ពេញ បាន​ឡើង​ថ្លែង​សន្ទរ​កថា​អប​អរ​សាទរ​ដល់​ព្រះ​មហា​ក្សត្រ​ថ្មី​នា​ឱ​កាស​ព្រះ​រាជ​ពិធីមេ​ទ្ទេញ​នេះ។ ព្រះក​រុណា​ព្រះ​បាទស​ម្តេច​ព្រះប​រម​នាថ​សីហ​មុនី ក៏​បាន​ប្រ​ទាន​ព្រះ​រាជ​ឱង្ការ​លើក​ដំបូង​បំ​ផុត​របស់​ព្រះ​អង្គ​បន្ទាប់​ពី​ក្លាយ​ទៅ​ជា​ព្រះ​មហា​ក្សត្រ​ពេញល​ក្ខណៈ​ច្បាប់។ អ្វី​មួយ​ដែល​ប្រជា​រាស្ត្រ​មាន​ការ​ចាប់​អារ​ម្មណ៍​នោះ​គឺ មិន​នឹក​ស្មាន​សោះ​ថា ព្រះ​អង្គ​បាន​អាន​ខេមរ​ភាសា​យ៉ាង​ច្បាស់​ ខុសពី​ការ​គិត​ថា​ព្រះ​អង្គ​ប្រ​ហែល​ជា​មាន​ព្រះវាជ​ឱង្ការ​លំ​បាក​ដោយ​សារ​តែ​ព្រះ​អង្គ​គង់​នៅ​ក្រៅប្រ​ទេស​ច្រើន​ជាង​ក្នុង​ប្រ​ទេស។



ព្រះ​អង្គ​បាន​លើក​យក​ព្រះ​រាជ​ដំបូ​ន្មាន​របស់​ព្រះ​រាជ​បិតា​ដែល​មាន​ព្រះរាជ​ឱង្ការ​ថា៖ “កូន! ការ​ដែល​ត្រូវ​ចង​ចាំ​ដរាប​គឺ ​ការ​ស្នេហា​ជាតិ​ដ៏បរិ​សុទ្ធ។ យើង​ត្រូវ​ជៀស​វាង​ឲ្យ​ផុត​ស្រ​ឡះ​អំពី​អំពើ​ពុក​រលួយ​គ្រប់​យ៉ាង និង​នៅ​គ្រប់​កាលៈ​ទេសៈ។ យើង​អនុ​វត្ត​អ្វីៗ គឺ​សំ​ដៅដ​ល់ការ​ការ​ពារ​ឧត្តម​ប្រយោ​ជន៍​ដែល​ជា​អា​យុជី​វិត​នៃ​ជាតិ​មាតុ​ភូមិ ​និង​ប្រជា​ជន ​ប្រជា​រាស្ត្រ​ខ្មែរ។ យើង​ត្រូវ​ជៀស​វាង​បក្ខា​នុ​គ្រោះ​គឺ ជា​ការ​ផ្តល់អ្វី​ដែល​ជា​ប្រយោ​ជន៍​ផ្ទាល់​ខ្លួន​ដល់​មនុស្ស​ដែល​ចង់​ឲ្យ​យើង​ប្រ​ព្រឹត្ត​អំពើ​អ​យុត្តិ​ធម៌ និង​ត្រូវ​ជៀស​វាង​នូវ​ការផ្តល់​ប្រយោ​ជន៍​ខ្លួន​ជូន​សមា​ជិក សមា​ជិកា​នៃ​ក្រុម​គ្រួសារ​យើង ឬ​មនុស្ស​ដែល​ឡែប​ឡប់​ឡេម​ឡឺម​ពូកែ​តែ​បញ្ចើច​បញ្ចើ បញ្ចោរ​យើង ដើម្បី​បុណ្យ​សក្តិ លុយ​កាក់ ឬ​ប្រយោ​ជន៍​ផ្ទាល់​ខ្លួន​គេ។ បើ​យើង​ត្រូវ​ជួយ​សង្គ្រោះ​ជន​រួម​ជាតិ យើង​ត្រូវ​ជូន​អទិ​ភាព​ទៅ​ជនរួ​ម​ជាតិ​យើង​ដែល​ជា​អ្នក​ក្រីក្រ ​ខ្វះ​ស្បៀង​អាហារ រហេម​រហាម​ពិត​ប្រាកដ ហើយ​ដែល​សម​នឹង​ទទួល​ជំនួយ​សង្គម​កិច្ច និង​មនុស្ស​ធម៌​អំពី​យើង”។

ព្រះ​អង្គ​ក៏​បាន​លើក​ព្រះ​រាជ​បណ្តាំ​របស់​ព្រះ​ក​រុណា​ព្រះ​បាទ​នរោ​ត្តម​សី​ហនុ​ទៀត​ថា៖ “បើ​យើង​ចង់​ជូន​ប្រវត្តិ​សាស្រ្ត​សំ​គាល់​ថា​យើង​ជា​មហា​ក្សាត្រ​ធំ​ឧត្តុង្គ​ឧត្តម​ យើង​ត្រូវ​ចេះ​បន្ទាប​ខ្លួន​យើង​ឲ្យ​នៅ​ទាប កុំ​ឲ្យ​ខ្ពស់​ជាង​ប្រជា​រាស្រ្ត​តូច​តាច។ ចូរ​យើង​កុំ​ភ្លេច​ឲ្យ​សោះ​ថា មហា​ក្សត្រ​ពុំមែ​នជា​ចៅ​ហ្វាយ​នៃ​ប្រទេស​ប្រជា​ជាតិ ​ប្រជា​រាស្រ្ត​នោះ​ទេ។ មហា​ក្សត្រ​​ត្រូវ​ទុក​ខ្លួន​ក្នុង​មួយ​ជីវិត និង​គ្រប់​កាលៈ​ទេសៈ គ្រប់​សម័យ​ជា​អ្នក​បំរើ​ជាតិ មាតុ​ភូមិ ប្រជា​ជន ប្រជា​រាស្រ្ត”។ ព្រះ​ប​រម​នាថ​នរោ​ត្តម​សីហ​មុនី ព្រះ​អង្គ​មាន​ព្រះរា​ជប​ន្ទូល​សន្យា​ថា ជា​រៀង​រាល់​ស​ប្តាហ៍​ព្រះ​អង្គ​នឹង​ចំ​ណាយ​ពេល​វេលា​ជា​ច្រើន​ថ្ងៃ ដើម្បី​ទៅ​គោរព និង​បំរើ​ជន​រួម​ជាតិ មា​មីង បង​ប្អូន កូន​ក្មួយ​នៅ​តាម​ខេត្ត​ក្រុង និង​ជន​បទ​ជា​បន្ត​បន្ទាប់។ ប្រជា​រាស្ត្រ​ខ្មែរ​បាន​បង្ហាញ​នូវ​ការអ​បអរ​សាទរ ចំពោះ​ព្រះ​រាជ​ជំហរ​របស់​ព្រះ​អង្គ​ក្នុង​បរម​នាម​ជា​ព្រះ​មហា​ក្សត្រ​នៃ​កម្ពុជា ដោយ​ព្រះ​រាជ​ឱង្ការ​បាន​លើក​ឡើង​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ការ​គោរព​សិទ្ធ​មនុ​ស្ស និង​មិន​ត្រូវ​ការ​ជា​ដាច់​ខាត​នូវ​ជន​ដែល​នាំឲ្យ​ព្រះអង្គ​ប្រព្រឹត្ត​នូវ​អំពើ​អយុ​ត្តិ​ធម៌​ឬ ក្រុម​ជា​ជន​គ្រួសារ ​ឬ​មនុស្ស​ឡេម​ឡឺម ​បញ្ចើច​ប​ញ្ចើ និង​បញ្ជោរ ព្រោះ​តែ​បុណ្យ​សក្តិ ​និង​លុយ​កាក់​ជាដើម​។
Grand Chea Oun from Stoeng Treng has expressed his feeling about the new king
Grand Chea Oun from Stoeng Treng has expressed his feeling about the new king


លោក​តា​ជា អ៊ុន ​អាយុ​៧៩​ឆ្នាំ ជា​ប្រជា​ពល​រដ្ឋ​មក​ពី​ខេត្ត​ស្ទឹង​ត្រែង​បាន​មាន​ប្រសា​សន៍​​ទាំង​ទឹក​ភ្នែក​រលីង​រលោង​ថា៖ “ខ្ញុំ​មាន​អារ​ម្មណ៍​រំភើប​ញាប់​ញ័រ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​បាន​ឃើញ​ព្រះ​មហា​ក្សត្រ​ថ្មី ខ្ញុំ​នឹក​ឃើញ​ពី​សម័យ​សង្គម​រាស្ត្រ​និ​យម​ដែល​ជា​សម័យ​ដ៏​រុង​រឿង​មួយ ​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា​ប្រ​ទេស​យើង​មាន​ស្តេច នឹង​នាំ​មក​នូវ​ភាព​ត្រ​ជាក់​ត្រជុំ​ស​ប្បាយ​រីក​រាយ​ក្រោម​ម្លប់​ព្រះ​បា​រមី​របស់​ព្រះ​អង្គ”​។

យុវ​និ​ស្សិត ​នូវ​ចរិ​យា​មក​ពី​សាក​លវិទ្យា​ល័យ​ភូ​មិន្ទ​កសិ​កម្ម មហាវិ​ទ្យា​ល័យ​ឧស្សា​ហកម្ម​បាន​និ​យាយ​​ដោយ​ទឹក​មុខរី​ក​រាយ និង​ស្រស់​ស្រាយ​ថា៖ “នាង​ខ្ញុំ​ស​ប្បាយ​រីក​រាយ​ណាស់​
The students during King Coronation
The students during King Coronation

ដែល​បាន​ឃើញ​ព្រះ​ភ័ក្រ​ព្រះ​មហា​ក្សត្រ​ថ្មី ខ្ញុំ​សង្ឃឹម​ថា​ព្រះ​អង្គ​នឹង​គង់​ជា​ម្លប់​ដល់​កូន​ចៅ​ជំ​នាន់​ក្រោយ ​ធា​នា​ឲ្យ​សង្គម​ខ្មែរ​មាន​ការ​គោរព​នូវ​សិទ្ធ ​សេរី​ភាព​គ្នា​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​មាន​សេច​ក្តីស​ង្ឃឹម​លើ​ព្រះ​មហា​ក្សត្រ​ថ្មី ព្រះ​អង្គ​នឹង​បំ​ពេញ​នូវ​កា​តព្វ​កិច្ច តួ​នាទី​ជា​មហា​ក្សត្រ​ដ៏ប្រ​ពៃ ដូច​ដែល​ព្រះ​អង្គ​ទ្រង់​បាន​សន្យា​នៅ​ចំពោះ​មុខ​ប្រជា​រាស្រ្ត​ខ្មែរ​នៅ​ព្រឹក​ថ្ងៃ​នេះ”។

សូម​រំឭក​ដែរ​ថា តាម​ទំនៀម​ទំ​លាប់​នៃ​ការ​រៀប​ចំ​ព្រះ​រាជ​ពិធី​អភិ​សេក​នេះ​គឺ មាន​រយៈ​ពេល​៧​ថ្ងៃ។ ក្នុង​រយៈ​ពេល​៧ថ្ងៃ​នេះ​គឺ បាន​កំ​ណត់​យក​ថ្ងៃ​ក​ណ្តាល​ថា​ជា​ថ្ងៃ​ដែល​ប្រសើរ​ថ្លៃ​ថ្លាបំ​ផុត ដែល​មាន​ឈ្មោះ​ថា​ជា​ថ្ងៃ​សិរី​សួស្តី​មហាវិ​ជ័យ​មង្គល ​មាន​ន័យ​ថា​គឺ​បាន​ប្រារព្ធ​ពិធី​បីថ្ងៃ​មុន និង​បីថ្ងៃ​ក្រោយ​ជា​ថ្ងៃ​សួ​ស្តីម​ហាវិ​ជ័យ​មង្គល។ ដោយ​សារ​តែ​ស្ថាន​ភាព​ប្រទេស​ក​ម្ពុ​ជា​ជួយ​ប្រទះ​នូវ​ការ​ខ្វះ​ខាត​ប្រជា​រាស្ត្រ​រង​ទុ​ក្ខលំ​បាក​វេទ​នា​ដោយ​គ្រោះ​ទុរ​ភិក្ស​នោះ ពិធី​រា​ជាភិ​សេក​នេះ​ត្រូវ​បាន​ស​ង្ខេប​មក​ត្រឹម​តែ​៣ថ្ងៃ​ប៉ុ​ណ្ណោះ។ ក្រ​សួង​ព្រះ​ប​រម​រាជ​វាំង​បាន​អនុវ​ត្ត​ទៅ​តាម​ឯក​សារ​ចំនួ​ន​៤​រួមប​ញ្ចូល​គ្នា​គឺៈ

ទី​មួយ​៖ អ​នុវ​ត្ត​តាម​ឯក​សារ​ដែល​បាន​ថ្វាយ ព្រះ​មហា​ក្សត្រ​នៅ​សម័យ​អង្គរ។
ទី​ពីរ៖​ ឯក​សារ​ដែល​បាន​ថ្វាយ​ព្រះ​មហា​ក្សត្រ​នៅស​ម័យ​ឧដុង្គ
ទីបី​៖ ​ឯក​សារ​ដែល​បាន​ថ្វាយ​ព្រះ​មហា​ក្សត្រ​សុរាម្រិត
ទី​បួន៖ ​ឯកសារ​ដែល​បាន​ថ្វាយ​ព្រះ​មហា​ក្សត្រ​នរោ​ត្តម​សី​ហនុ។

មាត្រា​៧​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា​យើង បានចែងថាៈ “ព្រះមហាក្សត្រ​កម្ពុជា​ទ្រង់​គ្រងរាជសម្បត្តិ ប៉ុន្តែ​ទ្រង់​មិនកាន់អំ​ណាច​ឡើយ។ ព្រះ​មហា​ក្សត្រ​ទ្រង់​ជា​ព្រះ​ប្រ​មុខរ​ដ្ឋ​មួយ​ជីវិត​។ ​អង្គ​ព្រះ​មហា​ក្សត្រ​មិន​អាច​នរ​ណា​រំ​លោភ​បំ​ពាន​បាន​ឡើយ"។

Article Source: C.S.C៖ អ្នកសារពត៌មាន ព្រឹត្តិបត្រអ្នកនាំសារ

Top All Rights Reserved © 2006 Catholic Social Communications - UNICODE