CatholicCambodia.org

Return to normal view

Back to the front page Diocese of Kompong Cham - Article #110

ការរស់​ឡើងវិញ​នៃ​ព្រះសហគមន៍​កំពង់ចាម

Posted: 11th November 2004

Bishop André Lesouef and ​Mrs. Bun Nat លោកអភិ. លីស្វែហ្វនិងអ្នកស្រីប៊ុនណា

ក្រោយពី​សង្រ្គាម​បាន​ចប់​ គឺ​នៅឆ្នាំ​១៩៩២ លោក​អភិបាល​អន់ដ្រេ លីស្វែហ្វ ជាអភិបាល​កំពង់ចាម​ពីដើម។ លោក​បានមក​ស្នាក់នៅ​ក្នុង​ផ្ទះ​តូច​មួយ​ ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​កំពង់ចាម។ ក្នុង​កំឡុង​ពេល​ដែល​លោក​ ស្នាក់នៅ​កន្លែង​នោះ​លោក​តែងតែ ចំណាយ​ពេល​វេលា​ទៅ​សួរ​សុខទុក្ខ​បងប្អូន ​ដែល​រស់នៅ​ជិតៗ​នោះ ដើម្បី​ស៊ើបសួរ​ដំណឹង​រក​គ្រួសារ​គ្រីស្តបរិស័ទ​ តែ​លោក​មិនបាន​ជួប​នរណា​ម្នាក់​សោះ។ ក្នុងពេល​ដែល​លោក​រស់នៅ​កន្លែង​នោះ ​លោក​បាន​ស្គាល់​ប្រជាជន​ជាច្រើន។ អស់រយៈពេល​ជាយូរ ​លោក​បាន​ទទួល​សំបុត្រ​ពី​ស្រ្តី​ម្នាក់​ឈ្មោះ ប៊ុនណាត ដែល​លោក​បាន​ជួយ​ឧបត្ថម្ភ​អោយ​រៀនសូត្រ​ពីមុន​មក។ ឥឡូវ​នេះ​នាង​មាន​គ្រួសារ​រស់នៅ​ ពាមជីលាំង។ ក្រោយមក​នាង​បានមក​ជួបសួរ​សុខទុក្ខ​អភិបាល ហើយ​នាងបាន​សូម​អញ្ជើញ​លោក​អភិបាល​អោយទៅ​ស្នាក់នៅ​ផ្ទះ​លោក​ពូ​របស់​នាង​នៅ​ទីនោះ​ ហើយ​ដែល​លោកអភិបាល​បាន​បង្រៀន​អប់រំ​ជំនឿ​ដល់​នាង​អោយ​ស្គាល់​ព្រះសហគមន៍​កាតូលិក។ ព្រោះកាល​ពី​កំឡុង​ឆ្នាំ ១៩៨៨ នាង​បានទទួល​បុណ្យ​ជ្រមុជទឹក​
Baptism in Kampong Cham in 2003
Baptism in Kampong Cham in 2003
នៅ​ព្រះវិហារ​មេតូឌី ខេត្ត​កំពង់ចាម​រួចម្តង​ហើយ​ តែ​ក្រោយមក​នាង​បាន​ទទួល​ការអប់រំ​ជំនឿ​ ហើយ​ធ្វើ​ពិធី​ចូល​ព្រះសហគមន៍​កាតូលិក។ នៅ​ឆ្នាំ ១៩៩៤ កូនស្រី​របស់​នាង​ ក៏​បាន​ទទួល​អគ្គសញ្ញា​ជ្រមុជទឹក​ដែរ។ មិនតែ​ប៉ុណ្ណោះ​ នាង​ក៏បាន​ណែនាំ​ស្រ្តី​ម្នាក់ឈ្មោះ ថារីន អោយ​លោក​អភិបាល​ស្គាល់ ​ក្រោយមក​ទៀត​ មាន​បងប្អូន​របស់​នាង​ថារីន មក​ចូលរួម​ទទួល​អប់រំ​ជំនឿ​ ដើម្បី​ទទួល​ពិធី​ជ្រមុជទឹក​ដែរ។ ចាប់ពី​ពេលនោះ​មក ​នាង​ប៊ុនណាត​ជា​មនុស្ស​ម្នាក់​ដ៏​សំខាន់​ក្នុង​ព្រះសហគមន៍ ព្រោះ​នាង​ជា​គ្រីស្តបរិស័ទ​ដំបូង​ដែល បាន​​ប្រមូល​គ្រីស្តបរិស័ទ ​អោយ​ចូលរួម​ក្នុង​ពិធី​អភិបូជា​និង​រៀបចំ​កម្មវិធី​ផ្សេងៗ​ក្នុង​ព្រះសហគមន៍​កំពង់ចាម។
បន្ទាប់មក​លោកអភិបាល​និង​លោកគ្រូ​អប់រំ​ជំនឿ​ម្នាក់​ឈ្មោះ កេង ស៊ីថា​បាន​មក​ពី​ជំរំ (ជនភៀសខ្លួន) នៅ​ខៅអ៊ីដាង​ប្រទេស​ថៃ។
នៅ​ឆ្នាំ​១៩៩៤ លោកឪពុក​បាន​អញ្ជើញ​បងស្រី​ពីរ​នាក់​មកពី​ក្រុម ស្រឡាញ់​ព្រះយេស៊ូ​នៅលើ​ឈើឆ្កាង នៃ​ក្រុង​អូប៊ុន​ប្រទេស​ថៃ។ ហើយ​បងស្រី​បាន​រៀន​ភាសារ​ខ្មែរ​នៅ​ទីក្រុង​ភ្នំពេញ​រយៈពេល​ប្រាំមួយ​ខែ​ ហើយ​បងស្រី​ទាំងពីរ​បានមក​នៅ​កំពង់ចាម។ បងស្រី​បាន​បង្រៀន​ដល់​យុវជន​យុវនារី ដែលមក​ពី​ភូមិ​ផ្សេងៗ​ដូចជាៈ កោះរកា ក្តីបឹង ត្រពាំងកណ្តាល។ល។
ឆ្នាំ ១៩៩៦ មាន​គ្រូ​កាត់ដេរ​ម្នាក់​មក​ធ្វើការ​ជាមួយ​បងស្រី​ឈ្មោះ​សង្វាត​គាត់​បាន​ធ្វើ​កិច្ចការ​នេះ​ដោយ​សេចក្តី​ស្រឡាញ់​និង​ដោយ​សេចក្តី​រីករាយ។
Fr Horn teaches Catechism
Fr Horn teaches Catechism
ឆ្នាំ​២០០០ បងស្រី​សង្វាត​និង​បងស្រី​ថារីន​រៀបចំ​ខ្លួន ​ដើម្បី​ធ្វើជា​ដូនជី​ក្នុង​ក្របខណ្ឌ​នៃ​ព្រះសហគមន៍។ ប៉ុន្តែ​ឆ្នាំ​នេះ​លោកអភិបាល​និង​ក្រុម​គ្រួសារ​បងស្រី​ស្រឡាញ់​ព្រះឈើឆ្កាង​បាន​បញ្ជូន​គាត់​ទាំងពីរ​ទៅ​ធ្វើការ​នៅ​ភ្នំពេញ​ ដើម្បី​រិះគិត​ពី​ផ្លូវ​នៃ​ជីវិត​អោយ​បាន​ច្បាស់​លាស់​ មុនពេល​ធ្វើការ​សំរេចចិត្ត​បំពេញ​មុខងារ​ជា​បងស្រី។ ឆ្នាំ​២០០១ មាន​បងស្រី​ថៃ​ពីរ​នាក់​បានជួយ​ដល់​បងស្រី​សង្វាត​និង​បងស្រី​ថារីន ដើម្បី​បន្ត​មុខងារ​របស់​គាត់។
ហើយ​នៅ​ឆ្នាំ ២០០១ ព្រះសហគមន៍​សាងសង់​ផ្ទះ​មួយ​សំរាប់​យុវនារី។ ប៉ុន្តែ​កាល​ពី​ឆ្នាំ ១៩៩៩ ព្រះសហគមន៍​ក៏បាន​កសាង​ផ្ទះ​មួយ​សំរាប់​យុវជន​ ដែល​គ្រប់គ្រង​ដោយ​អ្នក​បំពេញ​បេសកម្ម​ពី​ប្រទេស​បារាំង។ ផ្ទះ​នោះ​សំរាប់​ទទួល​យុវជន​យុវនារី​គ្រួសារ​ក្រីក្រ​ ដែល​គ្មាន​លទ្ធភាព​បន្តការ​សិក្សា​មកពី​ទីកន្លែង​ផ្សេង​ក្នុង​ភូមិភាគ​កំពង់ចាម។ ដោយ​លោក​អន់ដ្រេលឺសែហ្វ​កាន់តែ​មាន​វ័យចំណាស់​ទៅ​ហើយ​ លោក​ត្រូវ​លាលែង​ពី​មុខងារ​របស់​លោក កាលពី​ឆ្នាំ​១៩៩៣ មកម្លេះ ប៉ុន្តែ​លោកអភិបាល​នៅ​ទីក្រុង​រ៉ូម បាន​សុំ​អោយ​លោក​បន្ត​មុខងារ​របស់​លោក​បន្ត​ទៅ​ទៀត។
នៅ​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​១៩៩៧ មាន​លោក​ឪពុក​ អង់តូនីសាមី បានមក​បន្ត​មុខងារ​ពី​លោក​អន់ដ្រេ លឺស្វែហ្វ ជា​អភិបាល​ប្រចាំ​នៅ​ភូមិភាគ​កំពង់ចាម។
នៅ​ឆ្នាំ​២០០២ នៅ​កំពង់ចាម​មាន​លោកបូជាចារ្យ​ ដែលបាន​មក​ជួយ​ក្នុង​ភូមិភាគ​នេះ​ចំនួន ប្រាំពីរ​នាក់​និង​មាន​មក​ពី​ក្រុម​បី​ផ្សេងៗ​ពី​គ្នា​ចំនួន​ប្រាំបួន​នាក់​ក្រុម​ទាំងនោះ​គឺៈ ក្រុម​បងស្រី​ឧបការគុណ ក្រុម​បងស្រី​ស្រឡាញ់​ព្រះឈើឆ្កាង និង​ក្រុម​បងស្រី​សាសនទូត​ នៃ​មេត្តាករុណា​របស់​ព្រះយេស៊ូ។
Children in Kampong Cham
Children in Kampong Cham
ឆ្នាំ​២០០២​កំពង់ចាម​មាន​គ្រីស្តបរីស័ទ​មាន​ទាំងអស់​មាន​ចំនួន​៣០​នាក់។ ហើយ​អ្វីដែល​គួរ​អោយ​ចាប់​អារម្មណ៍​ជាងគេ​នោះ​ នៅក្នុង ព្រះសហគមន៍​កំពង់​ចាម​ មាន​សភាព​សប្បាយ​រីករាយ​និង​មាន​ការរីកចំរើន​ជានិច្ច ​នេះ​ក៏​បណ្តាល​មក​ពី​មាន​​ការ​ខិតខំ​ប្រឹងប្រែង​អស់​ពី​កំលាំង​ការចិត្ត​របស់​គ្រីស្តបរិស័ទ នៅក្នុង​ព្រះ​សហ​គមន៍​​នេះ។ គ្រីស្តបរិស័ទ​កំពង់ចាម​ទើបតែ​បានទទួល​អគ្គសញ្ញា​ជ្រមុជទឹក​ថ្មីៗ​នេះ​ទេ។ កាល​ឆ្នាំ​១៩៩៥ មាន​លោកឪពុក​ហ្សេរ៉ាល​បានមក​បំរើ​ការងារ​នៅ​ព្រះ​សហ​គមន៍​​កំពង់ចាម​ លោក​ជា​អ្នក​រៀបចំ​ការប្រជុំ​កម្មវិធី​ថ្វាយ​អភិបូជា​និង​ចុះ​ទៅតាម​ភូមិ​​ផ្សេងៗ​ទៀត។
សកម្មភាព​មួយ​ទៀត​ដែល​ទើបតែ​កើត​ឡើង​នោះ គឺ​ព្រះសហគមន៍​កំពង់​ចាម​​បាន​រួបរួមគ្នា​ជាមួយ​នឹង​ក្រុម​ជំនុំ​ផ្សេង​ៗ​ នៅ​ខេត្ត​កំពង់ចាម ​ហើយ​បាន​សំរេច​ផល​រួមគ្នា​ដូចជា ​ការទិញ​ដី​មួយ​កន្លែង​សំរាប់​សព ​និង​អធិដ្ឋាន​រួមគ្នា​រៀងរាល់​មួយ​ខែ​ម្តង។
រហូតមក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ព្រះសហគមន៍​មាន​ការរីកចំរើន​ជាលំដាប់​និង​មាន​គ្រីស្តបរិស័ទ​កាន់តែ​ច្រើន​ឡើង​ជាងមុន​ទៀត ហើយ​គេ​នឹង​បន្ត​ធ្វើអោយ​ព្រះសហគមន៍​កាន់តែ​មាន​ការរីកចំរើន​ថែម​ទៀត ជាពិសេស​គេ​រួមគ្នា​អធិដ្ឋាន​សូម​ព្រះជាម្ចាស់​ជួយរក្សា​ការពារ​ព្រះសហគមន៍​និង​ផ្តល់​កំលាំង​កាយចិត្ត​ដល់​គេ​ ក្នុង​ការ​កសាង​ព្រះសហគមន៍​នេះ ​អោយកាន់​តែ​ប្រសើរ​ឡើង​ជាងមុន​ថែម​ទៀត។

Article Source: Catholic Social Communication


All Rights Reserved © 2006 Catholic Social Communications