|
ការរស់ឡើងវិញនៃព្រះសហគមន៍កំពង់ចាម
Posted: 11th November 2004
លោកអភិ. លីស្វែហ្វនិងអ្នកស្រីប៊ុនណា
|
ក្រោយពីសង្រ្គាមបានចប់ គឺនៅឆ្នាំ១៩៩២ លោកអភិបាលអន់ដ្រេ លីស្វែហ្វ ជាអភិបាលកំពង់ចាមពីដើម។ លោកបានមកស្នាក់នៅក្នុងផ្ទះតូចមួយ ដែលស្ថិតនៅក្នុងខេត្តកំពង់ចាម។ ក្នុងកំឡុងពេលដែលលោក ស្នាក់នៅកន្លែងនោះលោកតែងតែ ចំណាយពេលវេលាទៅសួរសុខទុក្ខបងប្អូន ដែលរស់នៅជិតៗនោះ ដើម្បីស៊ើបសួរដំណឹងរកគ្រួសារគ្រីស្តបរិស័ទ តែលោកមិនបានជួបនរណាម្នាក់សោះ។ ក្នុងពេលដែលលោករស់នៅកន្លែងនោះ លោកបានស្គាល់ប្រជាជនជាច្រើន។ អស់រយៈពេលជាយូរ លោកបានទទួលសំបុត្រពីស្រ្តីម្នាក់ឈ្មោះ ប៊ុនណាត ដែលលោកបានជួយឧបត្ថម្ភអោយរៀនសូត្រពីមុនមក។ ឥឡូវនេះនាងមានគ្រួសាររស់នៅ ពាមជីលាំង។ ក្រោយមកនាងបានមកជួបសួរសុខទុក្ខអភិបាល ហើយនាងបានសូមអញ្ជើញលោកអភិបាលអោយទៅស្នាក់នៅផ្ទះលោកពូរបស់នាងនៅទីនោះ ហើយដែលលោកអភិបាលបានបង្រៀនអប់រំជំនឿដល់នាងអោយស្គាល់ព្រះសហគមន៍កាតូលិក។ ព្រោះកាលពីកំឡុងឆ្នាំ ១៩៨៨ នាងបានទទួលបុណ្យជ្រមុជទឹក Baptism in Kampong Cham in 2003 | នៅព្រះវិហារមេតូឌី ខេត្តកំពង់ចាមរួចម្តងហើយ តែក្រោយមកនាងបានទទួលការអប់រំជំនឿ ហើយធ្វើពិធីចូលព្រះសហគមន៍កាតូលិក។ នៅឆ្នាំ ១៩៩៤ កូនស្រីរបស់នាង ក៏បានទទួលអគ្គសញ្ញាជ្រមុជទឹកដែរ។ មិនតែប៉ុណ្ណោះ នាងក៏បានណែនាំស្រ្តីម្នាក់ឈ្មោះ ថារីន អោយលោកអភិបាលស្គាល់ ក្រោយមកទៀត មានបងប្អូនរបស់នាងថារីន មកចូលរួមទទួលអប់រំជំនឿ ដើម្បីទទួលពិធីជ្រមុជទឹកដែរ។ ចាប់ពីពេលនោះមក នាងប៊ុនណាតជាមនុស្សម្នាក់ដ៏សំខាន់ក្នុងព្រះសហគមន៍ ព្រោះនាងជាគ្រីស្តបរិស័ទដំបូងដែល បានប្រមូលគ្រីស្តបរិស័ទ អោយចូលរួមក្នុងពិធីអភិបូជានិងរៀបចំកម្មវិធីផ្សេងៗក្នុងព្រះសហគមន៍កំពង់ចាម។
បន្ទាប់មកលោកអភិបាលនិងលោកគ្រូអប់រំជំនឿម្នាក់ឈ្មោះ កេង ស៊ីថាបានមកពីជំរំ (ជនភៀសខ្លួន) នៅខៅអ៊ីដាងប្រទេសថៃ។
នៅឆ្នាំ១៩៩៤ លោកឪពុកបានអញ្ជើញបងស្រីពីរនាក់មកពីក្រុម ស្រឡាញ់ព្រះយេស៊ូនៅលើឈើឆ្កាង នៃក្រុងអូប៊ុនប្រទេសថៃ។ ហើយបងស្រីបានរៀនភាសារខ្មែរនៅទីក្រុងភ្នំពេញរយៈពេលប្រាំមួយខែ ហើយបងស្រីទាំងពីរបានមកនៅកំពង់ចាម។ បងស្រីបានបង្រៀនដល់យុវជនយុវនារី ដែលមកពីភូមិផ្សេងៗដូចជាៈ កោះរកា ក្តីបឹង ត្រពាំងកណ្តាល។ល។
ឆ្នាំ ១៩៩៦ មានគ្រូកាត់ដេរម្នាក់មកធ្វើការជាមួយបងស្រីឈ្មោះសង្វាតគាត់បានធ្វើកិច្ចការនេះដោយសេចក្តីស្រឡាញ់និងដោយសេចក្តីរីករាយ។
 Fr Horn teaches Catechism | ឆ្នាំ២០០០ បងស្រីសង្វាតនិងបងស្រីថារីនរៀបចំខ្លួន ដើម្បីធ្វើជាដូនជីក្នុងក្របខណ្ឌនៃព្រះសហគមន៍។ ប៉ុន្តែឆ្នាំនេះលោកអភិបាលនិងក្រុមគ្រួសារបងស្រីស្រឡាញ់ព្រះឈើឆ្កាងបានបញ្ជូនគាត់ទាំងពីរទៅធ្វើការនៅភ្នំពេញ ដើម្បីរិះគិតពីផ្លូវនៃជីវិតអោយបានច្បាស់លាស់ មុនពេលធ្វើការសំរេចចិត្តបំពេញមុខងារជាបងស្រី។ ឆ្នាំ២០០១ មានបងស្រីថៃពីរនាក់បានជួយដល់បងស្រីសង្វាតនិងបងស្រីថារីន ដើម្បីបន្តមុខងាររបស់គាត់។
ហើយនៅឆ្នាំ ២០០១ ព្រះសហគមន៍សាងសង់ផ្ទះមួយសំរាប់យុវនារី។ ប៉ុន្តែកាលពីឆ្នាំ ១៩៩៩ ព្រះសហគមន៍ក៏បានកសាងផ្ទះមួយសំរាប់យុវជន ដែលគ្រប់គ្រងដោយអ្នកបំពេញបេសកម្មពីប្រទេសបារាំង។ ផ្ទះនោះសំរាប់ទទួលយុវជនយុវនារីគ្រួសារក្រីក្រ ដែលគ្មានលទ្ធភាពបន្តការសិក្សាមកពីទីកន្លែងផ្សេងក្នុងភូមិភាគកំពង់ចាម។ ដោយលោកអន់ដ្រេលឺសែហ្វកាន់តែមានវ័យចំណាស់ទៅហើយ លោកត្រូវលាលែងពីមុខងាររបស់លោក កាលពីឆ្នាំ១៩៩៣ មកម្លេះ ប៉ុន្តែលោកអភិបាលនៅទីក្រុងរ៉ូម បានសុំអោយលោកបន្តមុខងាររបស់លោកបន្តទៅទៀត។
នៅថ្ងៃទី១៦ កក្កដា ឆ្នាំ១៩៩៧ មានលោកឪពុក អង់តូនីសាមី បានមកបន្តមុខងារពីលោកអន់ដ្រេ លឺស្វែហ្វ ជាអភិបាលប្រចាំនៅភូមិភាគកំពង់ចាម។
នៅឆ្នាំ២០០២ នៅកំពង់ចាមមានលោកបូជាចារ្យ ដែលបានមកជួយក្នុងភូមិភាគនេះចំនួន ប្រាំពីរនាក់និងមានមកពីក្រុមបីផ្សេងៗពីគ្នាចំនួនប្រាំបួននាក់ក្រុមទាំងនោះគឺៈ ក្រុមបងស្រីឧបការគុណ ក្រុមបងស្រីស្រឡាញ់ព្រះឈើឆ្កាង និងក្រុមបងស្រីសាសនទូត នៃមេត្តាករុណារបស់ព្រះយេស៊ូ។
 Children in Kampong Cham | ឆ្នាំ២០០២កំពង់ចាមមានគ្រីស្តបរីស័ទមានទាំងអស់មានចំនួន៣០នាក់។ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍ជាងគេនោះ នៅក្នុង ព្រះសហគមន៍កំពង់ចាម មានសភាពសប្បាយរីករាយនិងមានការរីកចំរើនជានិច្ច នេះក៏បណ្តាលមកពីមានការខិតខំប្រឹងប្រែងអស់ពីកំលាំងការចិត្តរបស់គ្រីស្តបរិស័ទ នៅក្នុងព្រះសហគមន៍នេះ។ គ្រីស្តបរិស័ទកំពង់ចាមទើបតែបានទទួលអគ្គសញ្ញាជ្រមុជទឹកថ្មីៗនេះទេ។ កាលឆ្នាំ១៩៩៥ មានលោកឪពុកហ្សេរ៉ាលបានមកបំរើការងារនៅព្រះសហគមន៍កំពង់ចាម លោកជាអ្នករៀបចំការប្រជុំកម្មវិធីថ្វាយអភិបូជានិងចុះទៅតាមភូមិផ្សេងៗទៀត។
សកម្មភាពមួយទៀតដែលទើបតែកើតឡើងនោះ គឺព្រះសហគមន៍កំពង់ចាមបានរួបរួមគ្នាជាមួយនឹងក្រុមជំនុំផ្សេងៗ នៅខេត្តកំពង់ចាម ហើយបានសំរេចផលរួមគ្នាដូចជា ការទិញដីមួយកន្លែងសំរាប់សព និងអធិដ្ឋានរួមគ្នារៀងរាល់មួយខែម្តង។
រហូតមកដល់ពេលបច្ចុប្បន្ននេះ ព្រះសហគមន៍មានការរីកចំរើនជាលំដាប់និងមានគ្រីស្តបរិស័ទកាន់តែច្រើនឡើងជាងមុនទៀត ហើយគេនឹងបន្តធ្វើអោយព្រះសហគមន៍កាន់តែមានការរីកចំរើនថែមទៀត ជាពិសេសគេរួមគ្នាអធិដ្ឋានសូមព្រះជាម្ចាស់ជួយរក្សាការពារព្រះសហគមន៍និងផ្តល់កំលាំងកាយចិត្តដល់គេ ក្នុងការកសាងព្រះសហគមន៍នេះ អោយកាន់តែប្រសើរឡើងជាងមុនថែមទៀត។
Article Source: Catholic Social Communication
|