សាលាឡាវ៉ាឡាជាមណ្ឌលសំរាប់ក្មេងៗ និងយុវជនអលទ្ធភាពពលកម្ម
ដែលមានទីតាំងនៅក្រុងតាខ្មៅ ទីរួមខេត្តកណ្តាល
សាលាឡាវ៉ាឡា ជាគំរោងការណ៍របស់ ក្រុមគ្រួសារបុព្វជិតបង ប្រុសម៉ារីស្ត (Marist Brothers) មកពីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ សាលាឡាវ៉ាឡាជាមណ្ឌលសំរាប់ក្មេងៗនិងយុវជន ដែលអលទ្ធភាពពលកម្ម។ ពួកគេមានអាយុចាប់ពី11ឆ្នាំ ដល់អាយុ18 ឬ19ឆ្នាំ ពួកគេមកពីគ្រួសារ ដែលក្រីក្រតោកយ៉ាកនានា។ ដោយសារភាពខ្វះខាត និងការពិការ ធ្វើអោយពួកគេមិនអាចមានលទ្ធភាព បន្តការសិក្សារបស់គេបាន ឬក៏ប្រហែលជាពួកគេ បានទៅចូលរៀនហើយ ប៉ុន្តែពុំមានលទ្ធភាព បន្តការសិក្សារបស់គេបាន។ ដោយសារខ្វះមធ្យោបាយធ្វើដំណើរទៅសាលា ក៏មានគំនិតគេចចេញពីសាលា រួមផ្សំនឹងការពិបាកក្នុងការប្រើប្រាស់កាយសម្បទាពេលចូលក្នុងសាលាផង វាក៏ជាបញ្ហាសំរាប់មនុស្សដែលពិការ។
មជ្ឈមណ្ឌលឡាវ៉ាឡា ជាមណ្ឌលដែលបានកសាងឡើងមានលក្ខណ:ពិសេស ធ្វើអោយជនពិការទំាងនោះ មានសុវត្ថភាពខ្ពស់សំរាប់ពួកគេ។ ក្មេងៗ និងយុវជនពិការទាំងនោះចូលរៀនក្នុងសាលានេះអាចធ្វើចលនាដោយសេរីនឹងមានភាពងាយស្រួល
ផងដែរ។ សាលាបានរៀបចំកម្មវិធី បណ្តុះបណ្តាលក្នុងគោលបំណងដើម្បីបំពេញកម្មវិធីសិក្សា សាលាបឋមសិក្សា (ដល់ថ្នាក់ទី៦) តែក្នុងរយ:ពេល3ឆ្នាំ ឬមិនលើសពី4ឆ្នាំឡើយ។ ក្រៅពីមុខវិជ្ជានៃ សាលាបឋមសិក្សា សាលាបានផ្តល់ឧិកាសអោយសិស្សទទួលយកចំណេះដឹងផ្សេងៗទៀត រួមទាំងជំនាញវិជ្ជាជីវ:ច្បាស់លាស់ផងដែរ។
ជាធម្មតាមនុស្សដែលពិការ តែងតែមានសេចក្តីលំបាកយ៉ាងខ្លាំង ក្នុងការស្ែវងរកការងារធ្វើ។ សាលាឡាវ៉ាឡាខំប្រឹងជួយគេដើម្បីសម្របសម្រួលនូវរាល់បញ្ហាទាំងអស់នោះ។ សាលាបានបង្កើននូវការជំរុញលើកទឹកចិត្ត នាំអោយពួកគេ មានទំនុកចិត្តលើខ្លួនឯងបាន។
សិស្សដែលបានបញ្ចប់ថ្នាក់បឋមសិក្សា ពីសាលាឡាវ៉ាឡាហើយ ត្រូវបានជំរុញអោយពួកគេចូលរៀនបន្ត នៅអនុវិទ្យាល័យដែល
នៅជិតផ្ទះរបស់ពួកគេស្រាប់។ បុគ្គលិកឡាវ៉ាឡា ជួយស្វែងរកសាលានានា ដើម្បីអោយពួកគេបានចូលរៀនៅសាលារដ្ឋបន្តទៀត។
គំរោងការណ៍នេះបានចាប់ផ្តើមតាំងពីឆ្នាំ1998 នៅទីក្រុងភ្នំពេញ។ សាលានេះ បានដំណើរការអស់រយ:ពេល២ឆ្នំា កន្លងមកហើយ ដោយការជួលផ្ទះដើម្បីធ្វើជាមណ្ឌលបណ្តោះអាសន្ន។ នៅឆ្នាំ2000 សាលាបានសាងសង់អាគារសិក្សាថ្មីនៅក្រុងតាខ្មៅ ទីរួមខេត្តកណ្តាល។ ហើយសាលាឡាវ៉ាឡាបានប្តូរទីតាំងនៅ ខែតុលា នៅក្នុងឆ្នាំដដែលនោះ។
សាលាឡាវ៉ាឡា ជាមជ្ឈមណ្ឌលសំរាប់សិស្សស្នាក់នៅក្នុងសាលា
និងសំរាប់សិស្សស្នាក់នៅផ្ទះខ្លួនឯង តែងមករៀននៅសាលានេះនៅពេលថ្ងៃផងដែរ។ មកដល់បច្ចុប្បន្ននេះ មានសិស្សជាង50នាក់ដែល
ស្នាក់នៅក្នុងសាលា។ ហើយសិស្ស30នាក់ទៀត មកពីកន្លែងផ្សេងៗ
ភាគច្រើនមកពីទីក្រុងភ្នំពេញ។ សំរាប់សិស្សដែលស្នាក់នៅក្នុងសាលា ភាគច្រើនមកពីទីជនបទដាច់ស្រយាល។
សាលាឡាវ៉ាឡា មានបុគ្គលិកសរុបទាំងអស់ចំនួន21នាក់។ ក្នុងនោះមាន បុគ្គលិកខ្មែរចំនួន19នាក់ និងជនបរទេសចំនួន2នាក់។ ដោយរួមមាន៖ គ្រូបង្រៀនចំនួន7នាក់ អ្នកចំអិនម្ហូបចំនួន4នាក់ អ្នកបើកបរចំនួន3នាក់ រដ្ឋបាល1នាក់ អ្នកគ្រប់គ្រង1នាក់ បុគ្គលិកសំអាត1នាក់ រួមទាំងជនជាតិអូស្រ្តាលីចំនួន2នាក់ ដែល មកពីក្រុមបងប្រុសម៉ារីស្ត(Marist Brothers) ដែលស្នាក់នៅក្នុងសាលានោះផ្ទាល់ និងគ្រប់គ្រងកម្មវិធីនេះ តាំងពីចាប់ផ្តើមគំរោងការណ៍នេះដំបូង។
គំរោងការណ៍នេះ ជាគណ:កម្មាធិការ ដើម្បីបែរឆ្ពោះចំពោះជន
ពិការ(អលទ្ធភាពពលកម្ម) ដោយសារហេតុនេះ ចំពោះអ្វីដែលអ្នកអលទ្ធភាពពលកម្មអាចធ្វើបាន(សមត្ថភាព)និងមានលក្ខណ:សមរម្យ យើងអាចជ្រើសរើសពួកគេក្លាយជាបុគ្គលិករបស់យើង។ បច្ចុប្បន្ននេះ ចំនួនពាក់កណ្តាលនៃចំនួនបុគ្គលិកជាជនពិការ។
គំរោងការណ៍នេះ បានផ្តួចផ្តើមគំនិតឡើង ដោយក្រុមបុព្វជិតបងប្រុសម៉ារីស្ត(MaristBrothers)របស់ព្រះសហគមន៌កាតូលិក
មកពីក្រុងស៊ីដនី នៃប្រទេសអូស្រ្តាលី។ ក្រុមគ្រួសារកាតូលិកនេះ បង្កើតឡើង នៅភាគខាងត្បូង នៃប្រទេសបារាំង នៅឆ្នាំ1817។ សព្វថ្ងៃនេះ បានក្លាយជាក្រុមគ្រួសារបុព្វជិត ដែលផ្សព្វផ្សាយនៅទូទាំង65ប្រទេស នៅលើពិភពលោក។ ដោយមានបេសកម្ម ផ្តោតទៅលើវិស័យអប់រំជាចំនុចចម្បង នៅក្នុងប្រទេសនិមួយៗ។ បងប្រុសបានរស់នៅប្រទេសអូស្រ្តាលីតាំងពីឆ្នាំ1872។ ពួកគេធ្វើ
ការសំខាន់ៗនៅក្នុងសាលារៀន ប៉ុន្តែបានបន្ថែមការងារនៅ
សកលវិទ្យាល័យ ជួយដល់យុវជនដែលអស់សង្ឃឹម នឹងចំពោះគ្រួសារដែលមានបញ្ហា។
ក្នុងតំបន់នៃទីក្រុងស៊ីដនី របស់បងប្រុសម៉ារីស្ត បានជួយវិស័យអប់រំនៅប្រទេស ប៉ាពូញ៉ូវហ្គីនីញ៉ា (Papua New Guinea) និងនៅកោះ សូឡូម៉ុន (Solomon) ។ ចំពោះប្រទេសកម្ពុជាវិញសាលាឡាវ៉ាឡា ត្រូវបានបង្កើតឡើង ជាគំរោងការណ៍ដំបូងបង្អស់នៅអាស៊ី។
សាលាឡាវ៉ាឡា បានសហប្រតិបត្តិការណ៍ជាមួយព្រះសហគមន៍ក្នុងស្រុក ហើយធ្វើការទំនាក់ទំនងជាមួយអង្គការនានា ឬជាមួយភ្នាក់ងារផ្សេងៗ ដែលធ្វើការសំរាប់ជនពិការ ដូចជា៖ អង្គការម៉ារីណុល អង្គការ Jesuit Relief Services រួមទាំងអង្គការកាតូលិកផ្សេងៗទៀត និងមណ្ឌលស្តារលទ្ធភាពពលកម្មនានាជាច្រើនទៀត។
Click
here to send a message to us.